តម្លាភាព​អាជីវកម្ម និង​ផល​ប៉ះពាល់​បរិស្ថាន​នៃ​គម្រោង​បូម​ខ្សាច់​ក្រុមហ៊ុន ទ្រី ភាព

ដោយ មួង ណារ៉េត
2019-05-25
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​ឧកញ៉ា ទ្រី ភាព។ Photo/Global Witness
លោក​ឧកញ៉ា ទ្រី ភាព។ Photo/Global Witness


សកម្មជន​បរិស្ថាន និង​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​គម្រោង​ស្នើសុំ​សិក្សា បូម​ខ្សាច់ និង​ស្ដារ​ទន្លេ ដែល​ជា​គម្រោង​យុទ្ធសាស្ត្រ​ទន្លេ​ចិញ្ចឹម​ទន្លេ មាន​ប្រវែង ៣៦០ គីឡួម៉ែត្រ របស់​ក្រុមហ៊ុន ទ្រី ភាព ពុំ​មែន​ជា​តម្រូវការ​អាទិភាព និង​ចាំបាច់​ដែល​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល និង​ពលរដ្ឋ​នោះ​ទេ​។ រីឯ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថ្លែង​ថា មក​ទល់​ពេល​នេះ​សំណើ​របស់​ក្រុមហ៊ុន ទ្រី ភាព ឋិត​ក្នុង​លក្ខខណ្ឌ​ពិចារណា​នៅ​ឡើយ។

សកម្មជន​បរិស្ថាន និង​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការ​ដោះស្រាយ​បញ្ហា​បរិស្ថាន និង​ការ​បូម​ស្ដារ​ទន្លេ គួរតែ​ជា​វិធានការ​ផុស​ចេញពី​រដ្ឋាភិបាល ដែល​ស្នើសុំ​ឱ្យ​អ្នកម៉ៅការ​ណាមួយ រួមចំណែក​អភិវឌ្ឍន៍​ច្រាំងទន្លេ​ក្នុង​ក្របខ័ណ្ឌ​តម្លាភាព និង​តុល្យភាព​បរិស្ថាន។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា លោក សន ជ័យ យល់ថា យុទ្ធសាស្ត្រ​ចិញ្ចឹម​ទន្លេ របស់​ក្រុមហ៊ុន​ឯកជន ដែល​មាន​ការរិះគន់​ច្រើន​ពី​មហាជន​កន្លងមក​ថា បង្ក​ឱ្យ​បាត់បង់​ព្រៃឈើ​ធំធេង គឺ​ពុំ​មែន​ជា​តម្រូវ​ការចាំបាច់​ដែរ​រដ្ឋាភិបាល ត្រូវ​ស្នើសុំ​ក្រុមហ៊ុន​ ទ្រី ភាព​ទេ។ លោក​បញ្ជាក់​ថា ពលរដ្ឋ​នៅ​មិនទាន់​ឃើញ តម្រូវការ​របស់​ជាតិ​ចាំបាច់ និង​អាទិភាព​ណាមួយ ដែល​ត្រូវតែ​ស្ដារ​ទន្លេ និង​បូម​ខ្សាច់ ក្នុង​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ​នេះ​ទេ ៖ «ការដែល​ក្រុមហ៊ុន ទ្រី ភាព ស្នើសុំ​ទៅ​រដ្ឋាភិបាល វា​មិនមែន​ជា​អ្វី​ដែល​ជា​តម្រូវការ​របស់​ប្រជាពលរដ្ឋ តម្រូវការ​របស់​ជាតិ​ដែល​ត្រូវ​ការ​រង​អ្នក​ផ្តល់​សេវា ឬក៏​ធ្វើ​កិច្ច​ការងារ​នេះ​ទេ វា​បែរ​ជា​ប្រភេទ​វិនិយោគ​មួយ ដែល​ស្នើសុំ​ពី​វិស័យ​ឯកជន​។ ខ្ញុំ​មើល​មិន​ឃើញ ពី​ភាព​ចាំបាច់​ដែល​ត្រូវការ​ឱ្យ​អ្នក​វិនិយោគ​បូម សំអាត​មាត់ច្រាំង​ទន្លេ​ហ្នឹង​ទេ​។ វា​ជា​បញ្ហា​ប្រឈម និង​ជា​កង្វល់​របស់​ជាតិ របស់​ពលរដ្ឋ វិធី​ធ្វើ​គេ​អាច​ធ្វើ ក្នុង​ទម្រង់​ប្រកាស​ឱ្យ​មានការ​ដេញថ្លៃ តើ​អ្នក​នរណា​ដែល​អាច​មាន​សមត្ថភាព​ក្នុង​ការ​អភិវឌ្ឍ»

កាលពី​ថ្ងៃ​ទី​៧ ឧសភា កន្លងទៅ ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​សរសេរ​លិខិត ស្នើសុំ​គោលការណ៍​ទៅ​ក្រសួង​ធនធាន​ទឹក បំណង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន ទ្រី ភាព ចុះ​សិក្សា​បូម​ស្ដារ និង​ធ្វើ​ច្រាំងទន្លេ​មេគង្គ ចាប់ពី​ចំណុច​ច្រក​ព្រំដែន​កម្ពុជា​-​វៀតណាម រហូតដល់​ភូមិសាស្ត្រ​ព្រំប្រទល់​ទន្លេ​មេគង្គ ខេត្ត​កំពង់ចាម ខេត្ត​ក្រចេះ និង​ទន្លេបាសាក់ ដោយ​ផ្អែក​តាម​យុទ្ធសាស្ត្រ​ទន្លេ​ចិញ្ចឹម​ទន្លេ។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការអនុញ្ញាត​ក្រុមហ៊ុន​ឯកជន​សិក្សា​ស្តារ​ទន្លេ​នេះ ពុំ​មែនមាន​មានន័យថា រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នោះ​ទេ​។ លោក​បញ្ជាក់​ថា ក្នុង​លក្ខខណ្ឌ​ដែល​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​សិក្សា បូម​ស្ដារ​ទន្លេ​បាន លុះត្រាតែ​សុំ​គោលការណ៍​អនុញ្ញាត​ពី​អន្តរក្រសួង​ជា​មុន​សិន​។ លើស​ពី​នេះ ក្រោយពី​ក្រសួង​អនុញ្ញាត​ឱ្យ​សិក្សា​រួចរាល់ ជា​គោលការណ៍​រដ្ឋាភិបាល​ត្រូវ​បើក​ជំហរ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ផ្សេងៗ​ដេញថ្លៃ ដើម្បី​សុំ​ការ​អនុវត្ត​អាជីវកម្ម​ណាមួយ​បាន​៖ «បន្ទាប់ពី​បាន​គោលការណ៍​របស់​រដ្ឋាភិបាល យល់ព្រម​ឱ្យ​ធ្វើការ​សិក្សា ត្រូវតែ​សុំ​ការអនុញ្ញាត​ពី​ក្រសួង​ពាក់ព័ន្ធ ត្បិត​ក្រសួង​ពាក់ព័ន្ធ​មាន​គោលការណ៍​និង​លក្ខខណ្ឌ​ធ្វើការ​សិក្សា បន្ទាប់ពី​ការសិក្សា​ដែល​ក្រសួង​ទទួល​បាន​លទ្ធផល​នៃ​ការសិក្សា ជា​គោលការណ៍​ត្រូវតែ​ដេញថ្លៃ​ដើម្បី​សុំ​ការអនុវត្ត​អាជីវកម្ម​ណាមួយ»

អ្នក​ជំនាញ​បរិស្ថាន ឱ្យ​ដឹង​ថា គម្រោង​ស្នើសុំ​សិក្សា​បូម​ខ្សាច់ ស្ដារ​ទន្លេ និង​អភិវឌ្ឍន៍​ច្រាំងទន្លេ​នេះ ក្រសួង​ចំនួន ៣​រួមមាន ក្រសួង​ធនធាន​ទឹក ក្រសួង​រ៉ែ និង ថាមពល និង​ក្រសួងបរិស្ថាន នឹង​ជជែក​ពិភាក្សា​វាយតម្លៃ​សំណើ​នេះ មុននឹង​ឆ្លង​ទីស្តីការ​គណៈរដ្ឋមន្ត្រី​សម្រេច​ចុងក្រោយ។ រីឯ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​ទន្លេ​មេគង្គ និង​ក្រសួងកសិកម្ម​ក៏​រួមចំណែក​សម្រេចចិត្ត​លើ​គម្រោង​វិនិយោគ​ខ្នាត​ធំ​នេះ​ដែរ​។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក យស មុនីរ៉ាត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក ទ្រី ភាព បាន​ស្នើ​ទៅ​រាជរដ្ឋាភិបាល ហើយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ឱ្យ​លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ពេលនេះ​ក្រសួង​រ៉ែ និង​ថាមពល មិន​ទាន់​មាន​គោលជំហរ​អ្វី​នោះ​ទេ ដោយ​ត្រូវ​រង់ចាំ​ការសិក្សា​វាយតម្លៃ​ជាមុន​សិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles