មេដឹកនាំ​ព្រះសង្ឃ​ខ្មែរ​ជួបជុំ​គ្នា​នៅ​វត្ដ​មុនីសុតារាម​ដេីម្បី​រកវិធី​លេីក​ស្ទួយ​ពុទ្ធ​សាសនា

ខ្មែរ​នៅ​អាមេរិក


ព្រះសង្ឃនិងពុទ្ធបរិស័ទ ជួបជុំក្នុងពិធីបិទមហាសន្និបាតពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាមេរិក ក្នុងវត្តមុនីសុតារាម រដ្ឋមីនីសូតា សហរដ្ឋអាមេរិក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)


25 ឧសភា 2019
សុខ ខេមរា
សាយ មុន្នី
វីអូអេខ្មែរ

ព្រះ​តេជគុណ​បណ្ឌិត​ ហុក​ សាវណ្ណ​ ព្រះ​គ្រូចៅ​អធិការ​មួយ​អង្គ​នៃ​ទីក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា​ បាន​បញ្ជាក់ពី​ការ​ប្រឹងប្រែង​បង្កេីត​សមាគម​ដែល​ជា​ប្រយោជន៍​ដល់​វិស័យ​ពុទ្ធសាសនា និង​រៀចំ​ពិធី​បុណ្យ​សាសនា​ធំៗ​បី​ក្នុង​ពេលតែ​មួយ។

ព្រះសង្ឃខ្មែរ​និង​ពុទ្ធបរិស័ទ្ធ​ខ្មែរ​មកពី​ប្រទេស​មួយ​ចំនួន និង តាម​បណ្តា​រដ្ឋ​នានា​ក្នុង​សហរដ្ឋ​អាមេរិក បាន​បញ្ចប់​មហា​សន្និបាត​សង្ឃ​លើកដំបូង​នៅ​វត្ត​មុនីសុតារាម​រដ្ឋ​មីនីសូតា កាលពី​ថ្ងៃ​សុក្រ​ ដើម្បី​រកវិធី​ធ្វើ​កិច្ចការ​ពង្រឹង​ពុទ្ធ​សាសនា​ និង​ជួយ​សហគមន៍​រួមគ្នា ជាពិសេស​ការ​ប្រកាស​បង្កេីត​ពុទ្ធិកសមាគម​ព្រះសង្ឃ​ខ្មែរ​សហរដ្ឋ​អាមេរិក​និង​រចនា​សម្ព័ន​ដឹកនាំ​ព្រះសង្ឃ។

នៅក្នុង​ព្រះសន្ទរកថា​ទៅកាន់​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ្ធ​ក្រោយ​ការ​ជ្រេីសតាំង​ជា​ប្រធាន​ពុទ្ធិក​សមាគម​ ព្រះតេជគុណ​ភិក្ខុ​ ម៉ឹង​ សាង​ ព្រះគ្រូចៅ​អធិការ​វត្តមុនីសុតារាម​ រដ្ឋ​មីនីសុតា​ មាន​សង្ឃដីកា​ទៅកាន់​ព្រះសង្ឃ​ខ្មែរ និង​ពុទ្ធបរិស័ទ្ធ​និង​អ្នក​ចូលរួម​ជាមួយនឹង​ការ​ប្តេជ្ញា​ជាច្រេីន ក្នុងការ​ធ្វេីឲ្យ​វិស័យ​ពុទ្ធសាសនា​មានការ​រីក​ចម្រេីន​លូតលាស់​ដេីម្បី​កូនចៅ​ជំនាន់​ក្រោយ។

«បេសកកម្ម​របស់​យេីង​ផ្តោត​ទៅលេី​ការអប់រំ​អំពី​សីល​ ​សមាធិ​ បញ្ញា។ ក្នុងផ្ទៃ​សមាគម​ យេីង​មាន​វិន័យ​សម្រាប់​ប្រកាន់​ខ្ជាប់​ដេីម្បី​ស្តារ​ឡេីងវិញ ​ដេីម្បី​រក្សា​ និង​ដេីម្បី​ធ្វេីឲ្យ​កាន់តែ​ប្រសេីរ​ឡេីង​នូវ​កិត្យានុភាព​ល្បីល្បាញ​នៃ​ព្រះសង្ឃ​ខ្មែរ ដែល​ជនានុជន​ទូទៅ​តែងតែ​គោរព​យ៉ាង​ខ្ពង់ខ្ពស់ តាំងពី​មុនមក​នៅក្នុង​សង្គម​យេីង»។

ព្រះឥន្ធិមុនី ម៉ឹង សាង ព្រះគ្រូចៅ​អធិការ​វត្តមុនីសុតារាម និង​បរធាន​ថ្មី​នៃ​សមាគម ថត​នៅ​ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)

ព្រះឥន្ធិមុនី ម៉ឹង សាង ព្រះគ្រូចៅ​អធិការ​វត្តមុនីសុតារាម និង​បរធាន​ថ្មី​នៃ​សមាគម ថត​នៅ​ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)


ព្រះតេជ​គុណភិក្ខុ​ ម៉ឹង​ សាង​ មាន​ដេីម​កំណេីត​នៅ​ទឹកដី​កម្ពុជា​ក្រោម បាន​ទទួល​ពីធី​ស្រោច​ប្រោះព្រំ​ព្រះសុគន្ធវារី​ ជាមួយ​អនុប្រធាន​ទាំងពីរ​ហេីយនិង​ពិធី​ដង្ហែ​ប្រទក្សិន​ជុំវិញ​ព្រះវិហារ នាពេល​រសៀល​បាន​បញ្ជាក់​ដោយ​ថេរដីកា​ថា សមាគម​ថ្មីមួយ​នេះ​ នឹង​យក​គតិ​សុចរិត​យុត្តិធម៌​ជា​គោលការណ៍​ គោរព​គ្នា​ទៅវិញ​ទៅមក​ ដោះស្រាយ​បញ្ហា​ព្រះសង្ឃ ​និង​ពុទ្ធសាសនា​ប្រកាន់​តាម​លក្ខន្តិក:​ ហេីយនិង​មិន​បម្រើ​ផល​ប្រយោជន៍​គណបក្យ​នយោបាយ​ណាមួយ​ តែ​សហការ​ជាមួយ​គ្រប់​រដ្ឋាភិបាល​ ស្ថាប័ន​ពុទ្ធសាសនា​នៅទូទាំង​ពិភពលោក ​ដោយ​ឈរ​លេី​ឯករាជ្យភាព។

ព្រះ​តេជគុណ​បណ្ឌិត​ ហុក​ សាវណ្ណ​ ព្រះ​គ្រូចៅ​អធិការ​មួយ​អង្គ​នៃ​ទីក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា​ បាន​បញ្ជាក់ពី​ការ​ប្រឹងប្រែង​បង្កេីត​សមាគម​ដែល​ជា​ប្រយោជន៍​ដល់​វិស័យ​ពុទ្ធសាសនា និង​រៀចំ​ពិធី​បុណ្យ​សាសនា​ធំៗ​បី​ក្នុង​ពេលតែ​មួយ។

«ថ្ងៃនេះ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ»។

ព្រះ​តេជគុណ​បណ្ឌិត ​ហុក​ សាវណ្ណ​ ព្រះ​គ្រូចៅ​អធិការ​មួយ​អង្គ​នៃ​ទីក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា​ ថ្លែងក្នុងមហាសន្និបាតពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាមេរិក ក្នុងវត្តមុនីសុតារាម រដ្ឋមីនីសូតា សហរដ្ឋអាមេរិក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។ (សុខ ខេមរា/VOA)

ព្រះ​តេជគុណ​បណ្ឌិត ​ហុក​ សាវណ្ណ​ ព្រះ​គ្រូចៅ​អធិការ​មួយ​អង្គ​នៃ​ទីក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា​ ថ្លែងក្នុងមហាសន្និបាតពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាមេរិក ក្នុងវត្តមុនីសុតារាម រដ្ឋមីនីសូតា សហរដ្ឋអាមេរិក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។ (សុខ ខេមរា/VOA)


ព្រះតេជគុណ​បណ្ឌិត​ ហុក​ សាវណ្ណ ​មាន​សង្ឃដីកា​បន្ត​ថា​ ការ​ប៉ុនប៉ង​បង្កេីត​ពុទ្ធិក​សមាគម​នេះ​ពីរដង មុន​មិនបាន​សម្រេច​ឡេីយ​ ដោយសារ​មិនទាន់​មាន​ការ​មូល​មតិគ្នា​ខ្លាំង​ដូច​ពេលនេះ។ ម្យ៉ាង​ទៀត ព្រះតេជគុណ​បណ្ឌិត​ ហុក​ សាវណ្ណ ចាត់​ទុកថា​នេះ​ជា​លេីក​ដំបូង​ហេីយ​ដែល​មាន​ការ​ធ្វេី​ពីធី​សាសនា​ធំៗ​ដល់​ទៅបី​គឺ​ការ​បង្កេីត​ពុទ្ធិក​សមាគម​ព្រះសង្ឃ​ខ្មែរ​សហរដ្ឋ​អាមេរិក​ ការ​ធ្វេី​បុណ្យ​វិសាកបូជា​ ការ​ធ្វេី​ពិធី​សូត្រ​ព្រះ​ត្រៃបិតក​ ក្នុង​ពេល​តែមួយ​និង​នៅ​កន្លែង​តែមួយ​ ដោយ​មិន​ធ្វេី​នៅ​វត្តរៀងៗ​ខ្លួន។

លោក​បណ្ឌិត ​ទន់​ សុវណ្ណ​ ដែល​ជា​អតីតប្រធាន​ពុទ្ធិក​សមាគម​ខ្មែរ​នៃ​វត្ត​ពុទ្ធិការ៉ាម នៅ​ក្នុង​រដ្ឋ ម៉ារីលែន​ សហរដ្ឋ​អាមេរិក​ បាន​ថ្លែង​ពី​ភាព​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​បុណ្យ​សាសនា​ធំៗ​ នៅ​ក្នុងរដ្ឋ​មុនីសុតារាម។

លោក​បាន​បង្ហាញ​ពី​ក្តីសង្ឃឹម និង​ការ​ជឿជាក់​លេី​ការ​ដឹកនាំ​របស់​ពុទ្ធិក​សមាគម​ព្រះ​សង្ឃខ្មែរ​សហរដ្ឋអាមេរិក ដែល​មាន​ការ​ចូលរួម​ពី​បណ្តា​ព្រះសង្ឃ​ដែល​មាន​សមត្ថភាព​ជាច្រេីន​ រួមទាំង​ព្រះតេជគុណភិក្ខុ ម៉ឹង​ សាង។​

ព្រះ​តេជគុណ ជុំ វិចិត្រ ដែល​គង់​នៅវត្ត​មុនីសុតារាម និង​ជា​អ្នក​រៀបចំ​ខាង​ការ ទទួល​ភ្ញៀវ​មាន​សង្ឃ​ដីកាប្រាប់ VOA ថា ការ​ជួបជុំ​ព្រះសង្ឃ​នេះ​នឹង​មាន​ភាព​អធឹកអធម​ដោយ​សារ​ជា ពិធី​បុណ្យ​សាសនា​ធំដំបូង ដែល​មាន​ការ​និមន្ត​និង​អញ្ជេីញ​ព្រះសង្ឃ​ខ្មែរ​និង​ពុទ្ធបរិស័ទ្ធ​មកពី​វត្ត​ចំនួន​១៤០​ ក្នុង​រដ្ឋ​ជាច្រេីន​ពាសពេញ​សហរដ្ឋ​អាមេរិក​ កាណាដា​ ដែនដី​កម្ពុជា​ក្រោម​ និង​ប្រទេសកម្ពុជា​ផង ​បាន​ចូលរួម​ក្នុង​ពិធី​បុណ្យ​នៅ​វត្ត​មុនីសុតារាម ​រដ្ឋ​មីនីសូតា​នេះ៕

What Next?

Recent Articles

Leave a Reply

Submit Comment