យុវជន កែម ឡី និយម​ទទូច​ឱ្យ​តុលាការ​បង្ហាញ​លទ្ធផល​ស៊ើបអង្កេត​បន្ថែម​លើ​សំណុំរឿង

ដោយ ជុន ច័ន្ទបុត្រ
2019-05-25
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក មួង សូនី ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ជា​សមាជិក​ក្រុម​ចងក្រង​សៀវភៅ​ស្ដីពី​ទស្សនៈ​បណ្ឌិត កែម ឡី ថ្លែង​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦។ RFA
លោក មួង សូនី ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ជា​សមាជិក​ក្រុម​ចងក្រង​សៀវភៅ​ស្ដីពី​ទស្សនៈ​បណ្ឌិត កែម ឡី ថ្លែង​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦។ RFA


អស់​រយៈពេល​ជិត ៣​ឆ្នាំ​មក​ហើយ ដែល​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ ក្នុង​រាជធានី​ភ្នំពេញ។ មន្ត្រី​តុលាការ​បាន​ប្រកាស​ថា សំណុំរឿង​ឃាតកម្ម​នេះ តុលាការ​កំពុង​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​មក​កាត់ទោស ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ ករណី​នេះ​ហាក់​គ្មាន​ការ​ជឿនលឿន​ទៅមុខ​ឡើយ។ យុវជន​ដែល​ធ្លាប់​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ពី​បណ្ឌិត កែម ឡី កាល​លោក​នៅ​មាន​ជីវិត ស្នើ​យ៉ាង​ទទូច​ដល់​តុលាការ ឱ្យ​ពន្លឿន​ការស្វែងរក​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​ក្នុង​សំណុំរឿង​ឃាតកម្ម​នេះ យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

ពលរដ្ឋ​ខ្មែរ​អ្នក​ស្រឡាញ់ និង​គោរព​វីរភាព​បណ្ឌិត កែម ឡី ទំនងជា​មិន​អាច​បំភ្លេច​បាន​ឡើយ​អំពី​ហេតុការណ៍​សោកនាដកម្ម​ដ៏​រន្ធត់ ដែល​កើត​ឡើងលើ​វីរជន​របស់​ពួកគេ កាលពី​ជិត ៣ ឆ្នាំមុន​នោះ​។ រឿង​ដែល​ធ្វើ​ឱ្យ​ពួកគាត់​កាន់តែ​មិន​អស់ចិត្ត​ទៀត​នោះ គឺ​ដំណើរ​ការ​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ព្រោះ​មកដល់ពេលនេះ មាន​មនុស្ស​តែ​ម្នាក់​គត់​ដែល​ត្រូវ​បាន​តុលាការ​នាំ​យក​មក​ផ្ដន្ទាទោស។

ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី ថ្លែង​ថា លោក​គ្មាន​ជំនឿ​លើ​តុលាការ​ថា នឹង​អាច​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី បាន​ឡើយ ពីព្រោះ​ជាច្រើន​ឆ្នាំ​មកនេះ សំណុំ​រឿង​នេះ​គ្មាន​អ្វី​វិវឌ្ឍ​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ​។ ម្យ៉ាងវិញទៀត លោក​ថា រឿង​ក្តី​នេះ​មាន​ចំណុច​មន្ទិលសង្ស័យ​ជាច្រើន ប៉ុន្តែ​តុលាការ​បែរជា​វិនិច្ឆ័យ​រឿង​ក្តី​ដោយ​មើល​រំលង​ចំណុច​ទាំងនោះ​ទៅវិញ។ លោក​ជឿជាក់​ថា រឿងក្តី​ឃាតកម្ម​នេះ​អាច​មាន​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយខ្នង ហើយ​ជន​នោះ​ទំនងជា​បាន​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​លើ​តុលាការ ទើប​ស្ថាប័ន​យុត្តិធម៌​មួយ​នេះ មិន​អាច​សម្រេច​ក្តី​ដោយ​ឯករាជ្យ និង​យុត្តិធម៌​បាន៖ «ការដែល​លោកគ្រូ កែម ឡី គាត់​វិភាគ​កន្លង​មក ច្រើនតែ​ប៉ះពាល់​ដល់​ទៅ​នឹង​ការដឹកនាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន គឺថា​គាត់​និយាយ​ចំៗ អំពី​ការដឹកនាំ​បច្ចុប្បន្ន​មិនល្អ គាត់​ឱ្យ​យោបល់​។ អ៊ីចឹង​វា​ច្បាស់​ជា​ប៉ះពាល់​ទៅដល់​អ្នកធំ​មានអំណាច ឬក៏​អ្នកណា​ដែល​មាន​លុយកាក់​ច្រើន​ក្នុង​ការ​រកស៊ី​នៅ​ស្រុក​ខ្មែរ​យើង ហើយ​ការ​ប៉ះពាល់​ធ្វើ​ឱ្យ​គេ​មិន​សប្បាយចិត្ត​។ នៅ​ពេល​ដែល​មាន​រឿងរ៉ាវ ក៏​យើង​មិន​ដឹង​យ៉ាងម៉េច​ដែរ»

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ឯ​ស្ដារ​ម៉ាត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់តិច (Caltex)​។ អំពើ​ឃាតកម្ម​នេះ​បាន​កើតឡើង​រយៈពេល​២ ថ្ងៃ ក្រោយពី​លោក​បាន​ចូលរួម​ធ្វើជា​វាគ្មិន​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្តាប់​អាស៊ីសេរី ដើម្បី​ជជែក​ពិភាក្សា​អំពី​រឿង​ការ​ក្ដោបក្ដាប់​ជំនួញ​របស់​ក្រុម​គ្រួសារ​លោក ហ៊ុន សែន នៅ​កម្ពុជា។

បុគ្គល អឿត អាង ដែល​ជាប់​សង្ស័យ​ថា ជា​ជន​ដៃដល់ ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ​បាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត។ ដំបូង​ឡើយ អឿត អាង បាន​សុខចិត្ត​ទទួលយក​សាលក្រម​ផ្ដន្ទាទោស​នេះ ក៏ប៉ុន្តែ​ក្រោយមក​បាន​ប្ដឹង​សាទុក្ខ​សុំ​ឱ្យ​តុលាការ​ជាន់ខ្ពស់​បន្ធូរបន្ថយ​ទោស​រូបគេ​ទៅវិញ​។ ទោះជា​យ៉ាងណា ទាំង​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល មិនបាន​កែប្រែ​សេចក្ដី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ឡើយ ពោល​គឺ​សម្រេច​ឱ្យ អឿត អាង ត្រូវ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​ដដែល។

ថ្វីត្បិតតែ​ជនសង្ស័យ​រូប​នេះ​ត្រូវ​បាន​កាត់ទោស​ដល់​កម្រិត​ធ្ងន់ធ្ងរ​បំផុត​មែន ក៏​សាធារជន​នៅតែ​មិន​អស់ចិត្ត​នៅឡើយ ព្រោះ​សំណុំ​រឿង​នេះ​មាន​ភាព​មិន​ស៊ី​សង្វាក់​គ្នា​ជាច្រើន​ចំណុច ជុំវិញ​មូលហេតុ​នៃ​អំពើ​ឃាតកម្ម​។ ទំនងជា​ដើម្បី​បញ្ចៀស​ការរិះគន់ តុលាការ​ក្រុង​ភ្នំពេញ​បានសម្រេច​បំបែក​សំណុំរឿង​នេះ​ជា​ពីរ ដើម្បី​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត យក​មក​កាត់ទោស​។ ការ​ស៊ើបអង្កេត​បន្ត​នោះ គឺ​ដើម្បី​រក​អ្នកលក់​កាំភ្លើង​ឱ្យ ជួប សម្លាប់ អ្នក​ទទួល​ឱ្យ ជួប សម្លាប់ ស្នាក់​នៅ​ក្នុង​ក្រុងភ្នំពេញ និង​អ្នក​នៅ​ពីក្រោយ​ខ្នង ជួប សម្លាប់ ក៏ប៉ុន្តែ​តុលាការ​ខកខាន​មិនបាន​ផ្តល់​ព័ត៌មាន​ស្ដីពី​ការ​វិវឌ្ឍ​នៃ​សំណុំរឿង​ទី​ពីរ​នេះ​ឡើយ​រហូត​មក​ដល់​ពេល​នេះ​។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បកស្រាយ​ថា សំណុំរឿង​ទី​ពីរ​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ​នៅឡើយ ហើយ​ផ្អែកលើ​គោលការណ៍​ច្បាប់ លោក​ថា តុលាការ​មិន​អាច​បញ្ចេញ​ព័ត៌មាន​បាន​ឡើយ​នៅ​ក្នុង​ដំណាក់កាល​នេះ ចៀសវាង​ប៉ះពាល់​ដល់​ដំណើរការ​ស៊ើប​ក្ដី៖ «សំណុំ​រឿង​មួយទៀត​ដែល​ត្រូវ​បំបែក​ចេញ ដោយសារតែ​វា​មាន​ភាព​ស្មុគស្មាញ ហើយ​ត្រូវការ​ពេល​ដើម្បី​ស្វែងរក​ភាគី​ពាក់ព័ន្ធ និង​អ្នក​ដែល​ផ្ដល់​អាវុធ អ៊ីចឹង​បានជា​គេ​បំបែក​វា​ជា​ពីរ​ពី​គ្នា​។ ហើយ​ចំពោះ​ដំណើរការ​នេះ គឺ​មាន​ភាព​សម្ងាត់​ដែល​មិន​អាច​ធ្វើការ​ផ្សព្វផ្សាយ​បាន​។ បើ​ផ្សព្វផ្សាយ វា​អាច​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការស៊ើបអង្កេត​របស់​តុលាការ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច»

ទោះជា​យ៉ាងណា យុវជន កែម ឡី និយម ថ្លែង​ថា តុលាការ​មិន​អាច​យោង​លើ​ហេតុផល​នេះ ដើម្បី​អូស​បន្លាយ​សំណុំរឿង ឬ​ជា​លេស​ដោះសា​យករួចខ្លួន​នោះ​ឡើយ ព្រោះ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ សុទ្ធតែ​រង់ចាំ​មើល​ដំណើរការ​ក្តី​នេះ។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង កញ្ញា លី ស្រីស្រស់ យល់ឃើញ​ថា តុលាការ​ហាក់​ដូច​ជា​មាន​ចេតនា​បំភ័ន្ត​សាធារណជន​ឱ្យ​ចាប់អារម្មណ៍​តែ​ទៅលើ​ជនសង្ស័យ អឿត អាង តាមរយៈ​ការ​ផ្តន្ទាទោស​ជន​នេះ​ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត ខណៈ​ដែល​អ្នកបញ្ជា​ពីក្រោយ​ខ្នង​ជន​នេះ មិន​ត្រូវ​បាន​តុលាការ​ដុតដៃដុតជើង​តាម​ស៊ើបអង្កេត​ឡើយ។ កញ្ញា​ជឿជាក់​ថា សំណុំរឿង​ឃាតកម្ម​នេះ​ប្រាកដ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ព្រោះ​បើ​ពុំ​ដូច្នេះ​ទេ រឿង​ក្តី​នេះ​មិន​អាច​អូស​បន្លាយ​មកដល់ពេលនេះ​ឡើយ ព្រោះ​រឿង​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​រដ្ឋាភិបាល៖ «ក្រៅពី​អូស​ក​អ្នក​ដែល​សម្លាប់​ផ្ទាល់ តុលាការ​គួរតែ​ពិចារណា​ទៅលើ​ការ​អូស​មុខ​អ្នក​ដែល​នៅ​ពីក្រោយ​សំណុំ​រឿង​នេះ​។ យើង​ចង់​ឱ្យ​មាន​ការអនុវត្ត​ទោស​មួយ ឬក៏​ការ​កាត់ក្ដី​មួយ​ប្រកបដោយ​យុត្តិធម៌ ដែល​អាច​រក​យុត្តិធម៌​ជូន​ជន​ដែល​ហ៊ាន​លះបង់​ជីវិត​សម្រាប់​ការ​ជជែក​ពិភាក្សា និយាយ​ការពិត​អំពី​បញ្ហា​សង្គម​។ អាហ្នឹង​គឺជា​អ្វី​ដែល​យើង​ចង់បាន ប៉ុន្តែ​ខ្ញុំ​ក៏​មិន​ហ៊ាន​ប្រាកដ​ខ្លួនឯង​ថា តុលាការ​ហ៊ាន​ធ្វើ​បែបនេះ​ទេ»

គេ​នៅ​ចាំ​បាន​ថា ក្រោយ​ឃាតកម្ម​នេះ​បាន​មួយថ្ងៃ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ចេញមុខ​ថ្កោលទោស​រឿង​នេះ និង​បាន​ចេញ​បញ្ជា​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្វែងរក​ជន​ដៃដល់ និង​អ្នក​ពាក់ព័ន្ធ​ទាំងឡាយ យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​។ លោក​បាន​ទទួលស្គាល់​ថា អំពើ​ឃាត​កម្ម​នេះ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​មុខមាត់​របប​របស់​លោក៖ «រាជរដ្ឋាភិបាល គឺ​ពិតជា​ទទួលរង​នូវ​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​មុខ​មាត់​អំពី​ម្ខាង​គឺ​អសមត្ថភាព​នៃ​ការ​ការពារ​សន្តិសុខ​សម្រាប់ តែ​ម្ខាង​ទៀត​ត្រូវ​បាន​គេ​លាប​ពណ៌​ភ្លាមៗ​អំពី​បញ្ហា​នេះ ដែល​មាន​ចរិត​ជា​បញ្ហា​ខាង​នយោបាយ​។ ដូច្នេះ​សង្ឃឹមថា​ប្រជាពលរដ្ឋ​របស់​យើង​នឹង​ទុក​លទ្ធភាព​ឱ្យ​ក្រសួង និង​ស្ថាប័ន​មាន​សមត្ថកិច្ច ធ្វើ​កិច្ចការ​របស់​គេ​ដោយ​ត្រឹមត្រូវ​ម៉ត់ចត់»

ទោះជា​យ៉ាងណា បទបញ្ជា​នេះ​ហាក់​មាន​ភាព​ម៉ឺងម៉ាត់​តែ​នៅ​លើ​វេទិកា​ប៉ុណ្ណោះ ប៉ុន្តែ​លទ្ធផល​ជាក់ស្ដែង​វិញ គឺ​មិនបាន​លេចចេញ​ជា​រូបរាង​ឡើយ។

តុលាការ​គ្រប់​ជាន់ថ្នាក់​នៃ​របប​របស់​លោក សុទ្ធតែ​បាន​ចាត់ការ​រឿង​ក្តី​នេះ ក្នុង​របៀប​តែមួយ គឺ​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​ទៅលើ​ចម្លើយ​សារភាព​របស់​បុគ្គល អឿត អាង ដែល​តែងតែ​ឆ្លើយ​ដាក់​បន្ទុក​ខ្លួនឯង​ថា ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី តែម្នាក់​ឯង មិន​ជាប់​ពាក់ព័ន្ធ​នឹង​បុគ្គល​ណា​ផ្សេង​ទៀត​ឡើយ ស្រប​ពេល​ដែល​មជ្ឈដ្ឋាន​នានា​សុទ្ធតែ​ជឿ​ថា អឿត អាង មិន​អាច​ធ្វើ​រឿង​នេះ​បានតែ​ម្នាក់ឯង​នោះ​ឡើយ។

ការរិះគន់ និង​ការចោទប្រកាន់​នានា​លើ​របប​លោក ហ៊ុន សែន បាន​អូសបន្លាយ​មកទល់​នឹង​ពេល​បច្ចុប្បន្ន ពីព្រោះ​របប​នេះ​នៅ​មិនទាន់​អាច​វែកមុខ​ចាប់​អ្នកបញ្ជា​ពីក្រោយ​ខ្នង យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​នៅឡើយ​។ អ្នក​តាមដាន​សង្គម​យល់ថា ប្រសិនបើ​របប​ក្រុងភ្នំពេញ​ចង់​លុបបំបាត់​ការ​ចោទប្រកាន់​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី របប​នេះ​ត្រូវតែ​ហ៊ាន​នាំ​ខ្លួន​អ្នក​ពាក់ព័ន្ធ​ទាំងអស់​មក​ជំនុំជម្រះ និង​ផ្ដន្ទាទោស ដើម្បី​ផ្ដល់​យុត្តិធម៌​ពិតប្រាកដ​ជូន​ជនរងគ្រោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles