អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ចុះ​បិទ​ទីតាំង​មជ្ឈមណ្ឌល​កម្សាន្ត​ចិន ជីន​ទីង នៅ​លើ​កោះ​រ៉ុង​សន្លឹម

ដោយ សុ ជីវី
2019-05-25
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ ចុះ​បិទ​ទីតាំង​មជ្ឈមណ្ឌល​កម្សាន្ត​ចិន​យីហោ ជីនទីង (Jingding) នៅ​លើ​កោះរ៉ុង​សន្លឹម នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩។ រូប​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ
សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ ចុះ​បិទ​ទីតាំង​មជ្ឈមណ្ឌល​កម្សាន្ត​ចិន​យីហោ ជីនទីង (Jingding) នៅ​លើ​កោះរ៉ុង​សន្លឹម នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩។ រូប​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ


សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ ក្រោម​កិច្ច​សម្របសម្រួល​ពី​តំណាង​អយ្យការ​ខេត្ត ចុះ​បិទ​ទីតាំង​មជ្ឈមណ្ឌល​កម្សាន្ត​ចិន​យីហោ ជីនទីង (Jingding) នៅ​លើ​កោះរ៉ុង​សន្លឹម នៅ​ថ្ងៃ​ទី​២៤ ឧសភា​នេះ។ សកម្មជន​បរិស្ថាន​សាទរ​ចំពោះ​ចំណាត់​ការ​នេះ ក៏ប៉ុន្តែ​ថា​នឹង​បន្ត​ឃ្លាំមើល​តទៅទៀត ដើម្បី​ចង់​ដឹង​ពី​ប្រសិទ្ធភាព​នៃ​បទបញ្ជា​របស់​អាជ្ញាធរ។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ ឃាង ភារម្យ ឱ្យ​អាស៊ីសេរី​ដឹង​ថា អាជ្ញាធរ​ខេត្ត​បាន​ឱ្យ​ម្ចាស់​ទីតាំង​សណ្ឋាគារ និង​កាស៊ីណូ​ចិន ជីនទីង ធ្វើ​កិច្ចសន្យា​បញ្ឈប់​អាជីវកម្ម​របស់​ខ្លួន​ជា​ស្ថាពរ។ លោក​ថា ប្រសិនបើ​មាន​ករណី​លួច​បើក​ដំណើរការ​ទៀត នោះ​អាជ្ញាធរ​នឹង​កសាង​សំណុំ​រឿង​នេះ​បញ្ជូន​ទៅ​តុលាការ​។ លោក​បន្ថែម​ថា មជ្ឈមណ្ឌល​កម្សាន្ត ជីនទីង នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ជាថ្មី​នៅ​លើ​ទីតាំង​បច្ចុប្បន្ន​នេះ​ឡើយ ហើយ​អាជ្ញាធរ​នឹង​ចុះ​រុះរើ​សំណង់​ខុសច្បាប់​នោះ​ចេញ នៅ​ពេល​ឆាប់ៗ​ខាងមុខ៖ «ប្រសិនបើ​គាត់​អត់​អនុវត្ត មានន័យថា បណ្ដឹង​ហ្នឹង​គឺ​ទៅ​ស្វ័យប្រវត្តិ​ហើយ គឺ​នឹង​អនុវត្ត​ទៅ​តាម​ផ្លូវ​តុលាការ​ហើយ​។ ហើយ​ដូច​ថ្ងៃនេះ​ជាក់ស្ដែង មានន័យថា ការ​ចុះ​ទៅ​នេះ​ក៏​វា​មាន​តំណាង​ស្ថាប័ន​តុលាការ​ចូលរួម​ជាមួយ​ដែរ អ៊ីចឹង​កាស៊ីណូ​នេះ​បើ​នៅតែ​បន្ត មានន័យថា គាត់​ប្រឈម​ផ្លូវច្បាប់​ខ្លាំង»

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​រក​ឃើញ​ថា មជ្ឈមណ្ឌល​កម្សាន្ត ជីន ទីង បាន​ប្រព្រឹត្ត​ខុសច្បាប់​ជាច្រើន​ចំណុច ដែល​តម្រូវ​ឱ្យ​មានការ​បិទ​អាវជីកម្ម​នោះ​ជាបន្ទាន់​។ សកម្មភាព​ល្មើសច្បាប់​ទាំងនោះ រួមមាន ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​សមុទ្រ​ដោយ​មិនបាន​ឆ្លងកាត់​ការ​ចម្រោះ ការសាងសង់​ទីតាំង​កាស៊ីណូ​រំលោភ​លើ​ដី​ឆ្នេរសមុទ្រ ការ​ដាក់​ម៉ាស៊ីនភ្លើង​នៅ​លើ​ផែ​ធ្វើ​ឱ្យ​មាន​ប្រេង​ហូរ​ចូល​សមុទ្រ​ប៉ះពាល់​ដល់​បរិស្ថាន និង​ការ​ចាក់​ធុងបាស​ខ្លាំង​បង្ក​ការ​រំខាន​ដល់​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ។

ម្យ៉ាងវិញទៀត មជ្ឈមណ្ឌល​កម្សាន្ត​ចិន​មួយ​នេះ បាន​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ល្បែងភ្នាល់​អនឡាញ​ដែល​ហួស​សុពលភាព និង​មាន​ករណី​បាញ់​បោះ​ហិង្សា ប្រព្រឹត្ត​ដោយ​អ្នកគ្រប់គ្រង​សន្តិសុខ​នៅ​ទីនោះ​ទៀត​ផង។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​ជូនដំណឹង​ដល់​ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត ជីនទីង ឱ្យ​បិទ​ទីតាំង​អាជីវកម្ម​របស់​ខ្លួន តាំងតែ​ពី​ចុងខែ​មីនា​មក​ម្ល៉េះ​។ ក៏ប៉ុន្តែ​ម្ចាស់​អាជីវកម្ម​មិនបាន​អនុវត្ត​តាម​សេចក្តី​ជូនដំណឹង​នេះ​ឡើយ ផ្ទុយទៅវិញ​ពួកគេ​នៅតែ​បើក​ដំណើរការ​ដូច​ធម្មតា​ដដែល រហូត​ទាល់តែ​អាជ្ញាធរ​ចុះទៅ​បិទ​ទីតាំង​នោះ​ដោយ​ផ្ទាល់ នៅ​ពេល​នេះ​តែម្ដង។

ទោះជា​យ៉ាងណា សកម្មជន​បរិស្ថាន​យល់ថា អាជ្ញាធរ​ទំនងជា​មិន​ចង់​បិទ​មជ្ឈមណ្ឌល​កម្សាន្ត​ចិន​មួយ​នេះ​ឡើយ ប៉ុន្តែ​ចំណាត់ការ​នេះ​កើតឡើង ប្រហែលជា​ដោយសារតែ​វីដេអូ​របស់​សកម្មជន ដែល​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ស្ដីពី​ការ​នៅ​បើក​ដំណើរការ​របស់​មជ្ឈមណ្ឌល​កម្សាន្ត​ជីនទីង និង​ភាព​ទន់ខ្សោយ​នៃ​ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ទៅលើ​ភាគី​ក្រុមហ៊ុន។

សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា សាទរ​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បើ​ទោះ​ជា​សកម្មភាព​នេះ​ហាក់​មាន​ភាព​យឺតយ៉ាវ​បន្តិច​ក្ដី។ លោក​សង្ឃឹមថា មជ្ឈមណ្ឌល​កម្សាន្ត​ចិន​នេះ នឹង​ត្រូវ​បិទ​ជា​រៀង​រហូត ពោល​គឺ​មិនមែន​បិទ​តែមួយ​រយៈពេល​ខ្លី រួច​ក៏​អាច​បើក​ដំណើរការ​បាន​វិញ​នោះ​ឡើយ៖ «យើង​នៅតែ​មិនទាន់​ជឿ​បាន​ទាំងស្រុង​ទេ​ថា តើ​ជា​ការ​អនុវត្ត​ពិតមែន ឬ​អត់​? អាច​ថា បិទ​ថ្ងៃ​ហ្នឹង​ធ្វើ​ឱ្យ​សាធារណជន​ស្ងប់ចិត្ត គិត​ថា ប្រហែលជា​បិទ​មែន ស្រាប់តែ​មួយ​ខែ ឬក៏​ពីរ​ខែ​ទៀត បើក​ឡើងវិញ​។ អ៊ីចឹង​យើង​នៅតែ​បន្ត​តាមដាន​ជានិច្ច​។ ប្រសិនបើ​មានការ​បើក​ឡើង​វិញទៀត យើង​នឹង​ព្យាយាម​ស្វែងរក​ព័ត៌មាន​ហ្នឹង​ដើម្បី​ផ្សាយ​ជូន​សាធារណជន​បន្ត​ទៀត»

សកម្មជន​បរិស្ថាន​រូប​នេះ ចង់​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​មាន​ចំណាត់ការ​តាម​ផ្លូវ​ច្បាប់​ទៅលើ​ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​ចិន​មួយ​នេះ ព្រោះ​ពួកគេ​បាន​អនុវត្ត​បំពាន​ច្បាប់​កម្ពុជា ដែល​មិន​គួរ​មានការ​លើកលែង​ឡើយ។ ម្យ៉ាងវិញទៀត លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត​បើក​ការស៊ើបអង្កេត និង​រក​មុខ​មន្ត្រី​របស់​ខ្លួន​ដែល​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បើក​ដំណើរការ​ទីតាំង​កម្សាន្ត​ខុសច្បាប់​មួយ​កន្លែង​នេះ ដើម្បី​ដាក់​ពិន័យ​ពួកគេ​ឱ្យ​រាងចាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles