ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​-ក្រុង​ស្រុក​ខណ្ឌ​​ចាប់​ផ្តើម​ ​ដោយ​បក្ស​កាន់​អំណាច​រំពឹង​ថា​​នឹង​ឈ្នះ​អាសនៈ​ស្ទើរ​ទាំងអស់

ការ​បោះឆ្នោត​​នៅ​កម្ពុជា


កម្រង​រូបភាព៖ ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​-ក្រុង​ស្រុក​ខណ្ឌ​​ចាប់​ផ្តើម​ ​ដោយ​បក្ស​កាន់​អំណាច​រំពឹង​ថា​​នឹង​ឈ្នះ​អាសនៈ​ស្ទើរ​ទាំងអស់

កម្រង​រូបភាព៖ ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​-ក្រុង​ស្រុក​ខណ្ឌ​​ចាប់​ផ្តើម​ ​ដោយ​បក្ស​កាន់​អំណាច​រំពឹង​ថា​​នឹង​ឈ្នះ​អាសនៈ​ស្ទើរ​ទាំងអស់


26 ឧសភា 2019
ហ៊ុល រស្មី
វីអូអេខ្មែរ

គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ត្រូវ​អ្នក​ឃ្លាំមើល​នយោបាយ​កម្ពុជា​ មើល​ដឹង​ជា​មុនថា​ នឹង​ក្តោប​យក​អាសនៈ​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ ស្រុក ខណ្ឌ​ ជាង​៤០០​ស្ទើរ​តែ​ទាំង​អស់។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ​មួយ​ ​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​អាទិត្យ​ ទី២៦ ខែ​ឧសភា​នេះ​ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​កាន់​អំណាច​ ត្រូវ​គេ​រំពឹង​ទុក​ជា​មុន​ថា​ នឹង​ឈ្នះ​បាន​អាសនៈ​ភាគ​ច្រើន​ បើ​ពិនិត្យ​លើ​អង្គ​បោះ​ឆ្នោត ​ដែល​មាន​សមាសភាព​ពីប្រធាន​ក្រុម​ប្រឹក្សា​ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់នានា​នៅ​ទូទាំង​ប្រទេស។

នេះ​ជា​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត ក្រុង​ ស្រុក​ ខណ្ឌ​ សម្រាប់​អាណត្តិ​ទី​៣​ ដែល​មាន​គណបក្ស​នយោបាយ​៧​ចូល​រួម ប៉ុន្តែ​មាន​តែគណបក្សប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ទេ​ ដែល​មាន​អង្គបោះឆ្នោត​ច្រើន​ជាង​គេ​បំផុត​ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ កាល​ពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៧។

ចុច​ស្តាប់​សេចក្តី​រាយការណ៍​នេះជា​សំឡេង៖


លោក​ ឌឹម សុវណ្ណារុំ​ អ្នក​នាំ​ពាក្យ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ហៅ​កាត់​ថា​ (គ.ជ.ប)​ មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅសាលា​បឋម​សិក្សា​ទួលគោល​ រាជធានី​ភ្នំពេញ​ ​ថា​ ការ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ​ បាន​ដំណើរការ​ទៅ​ដោយ​រលូន​នៅ​រាជធានី​ភ្នំពេញ​ដែល​មាន​ការិយាល័យបោះឆ្នោត​សរុប​ចំនួន​១៤។

មន្ត្រី​អ្នក​នាំ​ពាក្យ​រូប​នេះ​ ​បានបញ្ជាក់​ VOA​ ថា គណបក្ស​នយោបាយ​តូចៗ​ ដែល​គ្មាន​អង្គ​បោះឆ្នោត​នៅ​តែ​អាច​ចូលរួម​ការ​បោះឆ្នោត​បាន​ ដោយ​គ្មាន​ឧបសគ្គ​ ​ព្រោះ​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោតបើក​ផ្លូវ​ឲ្យ​គណបក្ស​តូចៗ​នេះ​ មាន​សិទ្ធិ​ចូល​រួម​បាន​ ប្រសិន​បើ​គណបក្ស​នោះ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ​ ស្រប​តាមច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ និង​បាន​ដាក់​ពាក្យសុំ​ចូល​រួម​បោះឆ្នោតពី​គ.ជ.ប។

លោក ​ឌឹម សុវណ្ណារុំ​ បញ្ជាក់​ថា៖ «អ៊ីចឹង​អត់​មាន​លក្ខខណ្ឌ​ថា​អ្ហេ៎ គណបក្ស​នយោបាយ​តូច​ ឬធំ​ ទាល់​តែ​មាន​អង្គបោះឆ្នោត​ ទើប​ គ.ជ.ប​ ចុះបញ្ជី​ អត់​មាន​ជា​លក្ខខណ្ឌ​ហ្នឹង​ទេ»។

តាម​ច្បាប់​បោះឆ្នោត​កម្ពុជា​ អាសនៈ​ចំនួន​៤.១១៤​ សម្រាប់​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុងស្រុក​ខណ្ឌ​ នៅ​ក្នុង​ខេត្តនិង​រាជធានី​ចំនួន​២៥​ មិន​ត្រូវ​បាន​ជ្រើសរើស​ដោយ​សាធារណជន​នោះ​ទេ​ ប៉ុន្តែ​អ្នក​ដែល​អាច​ជ្រើសរើស​បាន​នោះ​ មាន​តែ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​១១.៥៧២​នាក់​ ដែល​ភាគ​ច្រើន​មក​ពី​គណបក្ស​កាន់​អំណាច។

ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ជា​ច្រើន​នាក់​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ដោយ​ផ្ទាល់​ពី​សាធារណជន​ ប៉ុន្តែ​កាល​ពី​ចុង​ឆ្នាំ​២០១៧​ រដ្ឋាភិបាល​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង។ គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បែក​ចែក​បំណែក​៤៥​ភាគ​រយ​នៃ​ចំនួន​ក្រុម​ប្រឹក្សា​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាន់​កាប់​ដោយ​គណបក្ស​សង្គ្រោះជាតិ​ ទៅ​ឲ្យ​គណបក្ស​តូចៗ​ជា​ច្រើន​ទៀត​ ខណៈដែល​បក្ស​កាន់​អំណាច​បាន​យក​តំណែង​ជា​មេ​ឃុំ ចៅសង្កាត់​ប្រមាណ​៤៨៩​ពី​បក្ស​ប្រឆាំង​ដោយ​ការ​ចុះចូល​ ឬក៏​តាម​មធ្យោបាយ​ច្បាប់។

ក្នុង​ចំណោម​គណបក្ស​តូចៗ​ ដែល​មាន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ គឺ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក ​ញឹក ​ប៊ុនឆៃ​ បាន​រក្សា​តំណែង​ក្រុមប្រឹក្សា​ឃុំ​របស់​ខ្លួន​ នៅ​ឃុំ​ថ្មពួក​ ខេត្ត​បន្ទាយមានជ័យ។

អវត្តមាន​របស់​គណបក្ស​ប្រឆាំង​ក្នុង​ការ​បោះឆ្នោត​អសកល​មិន​បាន​បង្អាក់​ដំណើរការ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ និង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​នោះទេ។ នេះ​បើ​តាម​ការ​អះអាង​របស់​អង្គ​បោះឆ្នោត​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ក្នុង​រាជធានី​ភ្នំពេញ។

អ្នកស្រី​ កែវ រិន្ទ​ វ័យ​៦៥​ឆ្នាំ ​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​បឹងសាឡាង​ ខណ្ឌទួលគោក មាន​ប្រសាសន៍​ថា ​ ដំណើរការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​នៅ​តែ​វិល​ទៅ​មុខ​ដដែល ​ទោះបី​គ្មាន​គណបក្ស​ប្រឆាំង​ចូលរួម​ ក៏​ដូច​ការ​អភិវឌ្ឍ​ប្រទេស​ដូច្នោះ​ដែរ​ គឺ​ការ​អភិវឌ្ឍ​នឹង​បន្ត​ទៅ​ជា​ធម្មតា​ ទោះ​មិន​មាន​ការ​ចូល​រួម​ពី​ក្រុម​មន្ត្រី​របស់​គណបក្ស​ប្រឆាំង៖

«ការ​បោះឆ្នោតហ្នឹង​អត់​មាន​គណបក្ស​សង្គ្រោះជាតិ​ ក៏​វា​អាច​ដំណើរការ​ទៅ​បាន​ ដោយសារ​អា​នេះ​ វា​ជា​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ ហើយ​យើង​មើល​ឃើញ​ពី​សកម្មភាព​ក្នុង​ការ​ដំណើរការដើម្បី​អភិវឌ្ឍន​ប្រទេស… [អត់]ពួក​គាត់​ក៏​ប្រទេស​នៅ​តែ​ទៅ​មុខ​រហូតច៎ា»។

តាម​សេចក្តី​ប្រកាស​របស់ ​គ.ជ.ប​ ចេញ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​បាន​ឲ្យ​ដឹង​ថា​ ដំណើរការបោះឆ្នោត​នៅ​តាម​ការិយាល័យ​ទូទាំង​ប្រទេស​សរុប​២០៣​ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ គ្មាន​ការ​រាំងស្ទះ​ និង​គ្មាន​អំពើ​ហិង្សា។ ប៉ុន្តែជា​អកុសល្យ​ មាន​អង្គ​បោះឆ្នោត​មួយ​រូប បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ក្នុង​ឃុំ​ក្រែក​ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ហើយ​អង្គ​បោះឆ្នោត៦​រូប​ផ្សេង​ទៀត​មិន​បាន​ចូល​រួម​ដោយ​មូលហេតុ​ផ្សេងៗ។

លទ្ធផលបឋម​នឹង​ត្រូវ ​គ.ជ.ប ផ្សាយនៅយប់​ថ្ងៃ​អាទិត្យ​នេះ លទ្ធផល​បណ្តោះអាសន្ន​នឹង​ត្រូវ​ផ្សាយ​នៅ​ថ្ងៃ ទី​៣១ ខែ​ឧសភា​ ហើយ​លទ្ធផល​ជា​ផ្លូវការ​នឹង​មិន​ត្រូវ​បាន​គេ​ដឹង​ទេ ​រហូត​ដល់ការ​ប្រកាស​នៅ​ថ្ងៃ​ទី​ ៨ ខែ​មិថុនា​ខាង​មុខ។ នេះ​បើ​តាម​ការ​បញ្ចាក់​របស់​គ.ជ.​ប.​នៅ​ក្នុង​សន្និសីទ​ព័ត៌មាននៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​អាទិត្យ​នេះ៕

What Next?

Recent Articles