ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​បិទ​បញ្ចប់​ ដោយ​មាន​អត្រា​អ្នក​ទៅ​បោះ​ឆ្នោត​ចំនួន​៩៩,៩៤%

ដោយ អ៊ឹម រចនា
26/05/2019
RFI

media
អង្គ​បោះ​ឆ្នោត ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ឈរ​តម្រង់​ជួរ​រង់​ចាំ​ចូល​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ថ្ងៃ​ទី ២៦ ឧសភា ២០១៩
គ.ជ.ប


ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ បាន​បិទ​បញ្ចប់​ហើយ នៅ​វេលា​ម៉ោង​៣​រសៀល នា​​ថ្ងៃ​អាទិត្យ ទី​២៦​ឧសភា​នេះ​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​វាយ​តម្លៃ​ថា ការ​បោះ​ឆ្នោត​និង​រាប់​សន្លឹក​ឆ្នោត​នា​ថ្ងៃ​អាទិត្យ​នេះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ និង​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ខណៈ​អត្រា​អ្នក​ចូល​រួម​បោះ​ឆ្នោត​មាន​ចំនួន​រហូត​ដល់​ទៅ ៩៩,៩៤ ភាគរយ​។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​​ដែល​រៀបចំ​ធ្វើ​នៅ​ទីស្ដីការ គជប នា​​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ លោក នុត សុខុម អនុប្រធាន គជប បាន​គូស​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ បាន​បិទ​បញ្ចប់​ទៅ​ដោយ​រលូន ពោល​គឺ​មិន​មាន​ភាព​មិន​ប្រក្រតី​ណាមួយ​កើត​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ទេ​។

បើ​តាម​ លោក នុត សុខុម ​​មាន​អង្គ​បោះ​ឆ្នោត​ចំនួន​ ១​១, ៥៦៥​នាក់ បាន​បង្ហាញ​វត្តមាន​សម្រាប់​​ការ​បោះ​ឆ្នោត​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​ចំនួន​២០៣​មណ្ឌល នៅ​ទូទាំង​ប្រទេស​ ខណៈ​អង្គ​បោះ​ឆ្នោត​ចំនួន​៦​នាក់​អវត្តមាន និង​ម្នាក់​ទៀត​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់​បាត់​បង់​ជីវិត​ពេល​ធ្វើ​ដំណើរ​ទៅ​បោះ​ឆ្នោត​។ សម្រាប់អនុប្រធាន គជប ការ​ចូល​រួម​ពី​អង្គ​បោះ​ឆ្នោត​ក្នុង​អត្រា​ច្រើន​លើស​លុបរហូត​ដល់​ទៅ ៩៩,៩៤​ភាគរយ ដូច្នេះ គឺ​ជា​ការ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ នៃ​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​អាទិត្យ​នេះ​។

ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង ស្រុក ខណ្ឌ គឺ​ជា​ការ​បោះ​ឆ្នោត​អសកល​។ នៅ​ក្នុង​អាណត្តិ​ទី​៣​នេះ មាន​គណបក្ស​នយោបាយ​ចំនួន​៧​ចូល​រួម​ប្រកួត​ប្រជែង ដើម្បី​ដណ្ដើម​តំណែង​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ចំនួន ៥៥៩ អាសនៈ និង​តំណែង​ក្រុម​ប្រឹក្សា​ក្រុង ស្រុក ខណ្ឌ ចំនួន ៣, ៥៥៥​អាសនៈ​។

ពី​ក្រៅ​ប្រទេស លោក សម រង្ស៊ី ប្រធាន​ស្ដី​ទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​បរិហារ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​នេះ​ថា ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​លើក​ទី​៣ ខណៈ​អង្គបោះ​ឆ្នោត​ភាគ​ច្រើន​លើស​លុប​បំផុត គឺ​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​។ សម្រាប់​លោក សម រង្ស៊ី ការ​បោះ​ឆ្នោត​នេះ នឹង​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ទទួល​បាន​កៅអី ១០០ ភាគរយ នៅ​គ្រប់​ស្ថាប័ន​រដ្ឋ ចាប់​ពី​ថ្នាក់​ជាតិ ដល់​ថ្នាក់​មូលដ្ឋាន បន្ទាប់​ពី​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧​។

គួរ​ជម្រាប​ជូន​ដែរ​ថា ការ​ប្រកាស​លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​៣​នេះ នឹង​ធ្វើ​ឡើង​ជា​៣​ដំណាក់​កាល​៖ ក្នុង​នោះ​​លទ្ធផល​បឋម ត្រូវ​ប្រកាស​នៅ​វេលា​ម៉ោង​៧​យប់ ថ្ងៃ​អាទិត្យ​ ទី​២៦ ឧសភា​​។ ចំណែក លទ្ធផល​បណ្ដោះ​អាសន្ន ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​៣១ឧសភា និង​ចុង​ក្រោយ លទ្ធផល​ផ្លូវ​ការ គជប នឹង​ប្រកាស​នៅ​ថ្ងៃ​ទី០៨ មិថុនា ខាង​មុខ​​។ លទ្ធផល​បោះ​ឆ្នោត នឹង​ប្រកាស​​តាម​រយៈវិទ្យុ​និង​ទូរទស្សន៍ជាតិ​កម្ពុជា​ក៏​ដូច​ជា​បិទ​ផ្សាយ​នៅ​តាម​លេខាធិការដ្ឋាន​រាជធានី​ខេត្ត​រៀបចំ​ការ​បោះឆ្នោត​៕

What Next?

Recent Articles