ក្រសួង​ព័ត៌មាន​កំពុង​ចាត់វិធានការ​លើ​មន្ត្រី​ដែល​មិន​ទៅ​ធ្វើការ​ប៉ុន្តែ​ចាំ​បើក​ប្រាក់ខែ

ដោយ អាស៊ីសេរី
2019-05-26

លោក ខៀវ កាញារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន (រូប៖ ក្រសួងព័ត៌មាន)
លោក ខៀវ កាញារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន (រូប៖ ក្រសួងព័ត៌មាន)


មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ព័ត៌មាន​អះអាង ក្រសួង​កំពុង​ចាត់វិធានការ​ដោយសារ​ស្រាវជ្រាវ​ឈ្មោះ​មន្ត្រី​អសកម្ម​មួយ​ចំនួន​ដែល​មិន​មក​ធ្វើ​ការងារ ប៉ុន្តែ​មាន​វត្តមាន​ពេល​បើក​ប្រាក់ខែ​។ អ្នកវិភាគ​យល់ថា ចំណាត់ការ​របស់​ក្រសួង​ព័ត៌មាន ប្រហែល​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ។

អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លោក មាស សុភ័ណ្ឌ ឱ្យ​ដឹង​ថា ពេលនេះ ស្ថាប័ន​របស់​លោក កំពុង​ពិនិត្យ​រកមើល​មន្ត្រី​ដែល​មក​បំពេញការងារ​ប្រចាំថ្ងៃ និង​មន្ត្រី​អសកម្ម​។ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ព័ត៌មាន​រូប​នេះ​ថា ក្រសួង​មិន​ទទួល​បាន​ប្រមូល​បាន​ឈ្មោះ​មន្ត្រី​អសកម្ម​ទូទាំង​ក្រសួង​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​ថា មន្ត្រី​អសកម្ម​នៅ​ក្រសួង​ព័ត៌មាន​មិន​សូវ​មាន​ច្រើន​នោះ​ទេ៖ «ដោយសារ​មន្ត្រី​ក្រសួង​ព័ត៌មាន​យើង​ខ្លះ​ទៅ​បំពេញ​ការងារ​នៅ​គោលដៅ​ទៅ​យក​ព័ត៌មាន​អីចឹង​ទៅ​បាន​ជា​មាន​ទស្សនៈ​មួយ​ចំនួន​ថា មន្ត្រី​មួយ​ចំនួន​មិន​បាន​មក​បំពេញ​ការងារ ប៉ុន្តែ​ដូច​ឯកឧត្ដម​រដ្ឋមន្ត្រី​លោក​បាន​បញ្ជាក់​អ៊ីចឹង តម្រូវ​ឱ្យ​អគ្គនាយកដ្ឋាន​មួយៗ​ពិនិត្យ និង​បញ្ជូន​ឈ្មោះ​មន្ត្រី​ទាំងអស់​ហ្នឹង»

ចំណាត់​ការ​របស់​ក្រសួង​ព័ត៌មាន​នេះ ក្រោយ​ពេល លោក ខៀវ កាញារីទ្ធ ដែល​ជា​រដ្ឋមន្ត្រី នៃ​ក្រសួង​នេះ សរសេរ​ត្អូញត្អែរ និង​ព្រមាន​ទៅ​មន្ត្រី​អសកម្ម​នៅ​ក្នុង​ក្រសួង​របស់​លោក​ថា នឹង​បង្ហោះ​រូបថត​អ្នក​ទាំងនោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ លោក ខៀវ កាញារីទ្ធ បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក កាលពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ដោយ​ព្រមាន​បង្ហោះ​រូប​មន្ត្រី​គេចវេះ​ពី​ការងារ។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​យល់ថា លោក ព្រាប កុល សង្កេត​ឃើញ​ថា មន្ត្រី​ក្នុង​ក្រសួង​មួយ​ចំនួន​នៅ​ក្នុង​ក្រសួង​ស្ថាប័ន​របស់​រដ្ឋ​មានតែ​ឈ្មោះ​ចាំ​បើកប្រាក់​ខែ​ទៀត​ទាត់ ប៉ុន្តែ បំពេញ​ធ្វើ​ការងារ​មិនបាន​ពេញលេញ​ទេ​។ ជុំវិញ​ការព្រមាន​របស់ លោក ខៀវ កាញារីទ្ធ ថា នឹង​បង្ហោះ​រូប​មន្ត្រី​គេចវេះ​ពី​ការងារ​លើ​បណ្ដាញ​សង្គម​នោះ លោក ព្រាប កុល យល់ថា មិនមែន​ជា​មធ្យោបាយ​ដែល​មាន​វិជ្ជាជីវៈ​នោះ​ទេ៖ «ការ​បង្ហោះ​រូប​បុគ្គលិក​តាម​ហ្វេសប៊ុក​ហ្នឹង​ជា​ការ​ធ្វើ​ឱ្យ​គាត់​មាន​ភាព​អាម៉ាស់​ធ្វើ​ឱ្យ​គាត់​ឧស្សាហ៍​មក​ធ្វើការ​ឡើងវិញ​ជា​មធ្យោបាយ​មិន​គ្រប់គ្រាន់ និង​មិន​ប្រកប​វិជ្ជាជីវៈ​ទេ»

ចំណែក អ្នកវិភាគ​នយោបាយ លោក គឹម សុខ ដែល​ធ្លាប់​ធ្វើជា​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ចន្លោះ​ពី​ឆ្នាំ ២០០៩ ដល់​ឆ្នាំ​២០១៣ មកពី​កូតា​ក្រុម​យុវជន​នៃ​រណសិរ្ស​ប្រជាធិបតេយ្យ​និស្សិត​បញ្ញវន្ត​ខ្មែរ របស់​លោក ស៊ុត ឌីណា ឱ្យ​អាស៊ីសេរី​ដឹង​ថា កាល​ពី​អំឡុង​លោក​បំពេញការងារ​នៅ​ក្រសួង​នេះ ក្នុង​នាយកដ្ឋាន​មួយ ឬ​ការិយាល័យ​មួយ មាន​មន្ត្រី​មក​ធ្វើ​ប្រហែល​ប្រាំ​នាក់​ប៉ុណ្ណោះ។ លោក​ថា មន្ត្រី​មួយ​ចំនួន​ធំ​ដែល​ជាប់សែ​ស្រឡាយ​មន្ត្រី​ធំ មានតែ​ឈ្មោះ​ចាំ​បើក​ប្រាក់ខែ ហើយ​មន្ត្រី​ខ្លះ​ទៀត​មក​ក្រសួង​បង្ហាញមុខ​រួច​ហើយក៏​នាំគ្នា​ទៅ​ផឹក​កាហ្វេ​អស់។ លោក គឹម សុខ កោតសរសើរ​លោក ខៀវ កាញារីទ្ធ ដែលមាន​ចិត្ត​ក្លាហាន​បញ្ចេញ​ព័ត៌មាន​នេះ​ឱ្យ​សាធារណជន​បាន​ដឹង ប៉ុន្តែ លោក​យល់​ថា លទ្ធផល​ទំនងជា​គ្មាន​ប្រសិទ្ធភាព៖ «ដោយសារ​រដ្ឋាភិបាល​របស់​យើង​អត់​មាន​ប្រព័ន្ធ​បែងចែក​ការងារ​ឱ្យ​ប្រាកដ​ប្រជា និង​លើកទឹកចិត្ត​ឱ្យ​មនុស្ស​ធ្វើ​ការងារ ព្រមទាំង​ប្រាក់​បៀវត្សរ៍​ឱ្យ​សមរម្យ​ផង ម្ល៉ោះហើយ មនុស្ស​ចេះតែ​រយាល​ណាស់​ជា​កំហុស​ធំ​ដែល​បង្កើត​ពី​ប្រព័ន្ធ​ដឹកនាំ​មិន​យុត្តិធម៌​បក្សពួកនិយម​ពុករលួយ​របស់​លោក ហ៊ុន សែន»

ការព្រមាន​មន្ត្រី​អសកម្ម​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​នៅ​ពេលនេះ ខណៈ លោក ហ៊ុន សែន មេដឹកនាំ​នៃ​របប​ក្រុងភ្នំពេញ ចេញ​អភិក្រម​ទាំង​៥ រួមមាន​៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល វះកាត់​ដើម្បី​ឱ្យ​មន្ត្រី​លោក​សកម្ម​នឹង​ការងារ។ លោក ព្រាប កុល យល់​ថា ក្រសួង​គួរ​ប្រើ​យន្ត​ការណ៍​ត្រួតពិនិត្យ​ការងារ​ដោយ​ផ្អែកលើ​លទ្ធផល និង​ការ​ពង្រឹង​ការងារ និង​ក្រមសីលធម៌​ដែល​ជា​មធ្យោបាយ​ប្រកបដោយ​វិជ្ជាជីវៈ ជាង​ការ​បង្ហោះ​រូប​មន្ត្រី​អសកម្ម​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles