ដោយ ថន ថារ៉ូ
2019-05-26
RFA
ប្រធានក្រុមហ៊ុន ហេង អភិវឌ្ឍន៍ អ្នកស្រី សៀង ចាន់ហេង (ឆ្វេង) ប្រគេនស្បែកជើងមាស ដល់មន្ត្រីសង្ឃជាន់ខ្ពស់ ព្រះតេជព្រះគុណ ដួង ផង់។ រូបហ្វេសប៊ុក
មន្ត្រីក្រសួងធម្មការ និងសាសនាអះអាងថា ប្រធានក្រុមហ៊ុន ហេង អភិវឌ្ឍន៍ អ្នកស្រី សៀង ចាន់ហេង បានធ្វើស្បែកជើងមាសមួយគូ ទម្ងន់មួយគីឡូកន្លះដើម្បីប្រគេនដល់មន្ត្រីជាន់ខ្ពស់សង្ឃ។ ព្រះសង្ឃឯករាជ្យ និងពលរដ្ឋរិះគន់ថា ការផ្ដល់ស្បែកជើងមាសនេះ នេះជាទង្វើដែលមិនសមស្របតាមធម៌វិន័យព្រះពុទ្ធសាសនា និងមិនបានជួយលើកកម្ពស់វិស័យសាសនា និងសង្គមនោះទេ។
អ្នកស្រីឧកញ៉ា សៀង ចាន់ហេង ដែលគេស្គាល់ថាជាឧកញ៉ាដែលមានទ្រព្យធន និងធ្លាប់មានជម្លោះដីធ្លីកន្លងមកជាមួយប្រជាពលរដ្ឋផងដែរនោះ ប្រាប់អាស៊ីសេរីថា ស្បែកជើងមាសមួយគូនេះ ធ្វើអំពីមាសទឹកដប់សុទ្ធ ហើយបាតស្បែកជើងផលិតនៅប្រទេសជប៉ុន។ ស្បែកជើងមួយគូនោះ ត្រូវបានប្រគេនដល់សម្ដេចព្រះឧត្តមបញ្ញា ដួង ផង់ ព្រះសង្ឃគណៈមហានិកាយ និងជាព្រះចៅអធិការ វត្តព្រែកប្រាំង ស្ថិតក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល។ អ្នកស្រីបញ្ជាក់ថា ការប្រគេនស្បែកជើងមាសនេះ គឺចង់លើកតម្កើងដល់ឋានៈ និងងាររបស់សម្ដេច ដែលស័ក្ដិសមនឹងទទួលបាននូវស្បែកជើងមាស។ អ្នកស្រីបញ្ជាក់បន្ថែមទៀតថា វាស្រេចតែទឹកចិត្តនិងសទ្ធាជ្រះថ្លារបស់បុគ្គលម្នាក់ៗប៉ុណ្ណោះក្នុងការធ្វើអ្វីមួយប្រគេនដល់ព្រះសង្ឃ ហើយព្រះសង្ឃក៏មិនបានបញ្ជាថា ឱ្យប្រគេនវត្ថុនេះ ឬវត្ថុនោះដែរ៖ «ចា! ស្បែកជើងមាសហ្នឹង បើខ្ញុំប្រាប់ថា ខ្ញុំមិនមែនជាអ្នកធ្វើ ក៏អ្នកទាំងអស់គ្នាមិនជឿដែរ ព្រោះឃើញខ្ញុំថ្វាយបង្គំសម្ដេច។ តាមពិតស្បែកជើងហ្នឹងធ្វើអំពីមាសសុទ្ធ ទម្ងន់មួយគីឡូកន្លះ ហើយបាតវាមកពីប្រទេសជប៉ុន។ ហើយអ្នកដែលធ្វើស្បែកជើងថ្វាយព្រះសង្ឃរាជហ្នឹងគឺតំណាង គឺថាចង់រំលើកពីស្ដេច ពីសម្ដេច គឺថាស្រុកខ្មែរយើងឱ្យតែសម្ដេចគឺមានស្បែកជើងមាសពាក់អ៊ីចឹង។ សទ្ធាជ្រះថ្លានៃពុទ្ធបរិស័ទ បើសិនមានសទ្ធាទៅ អ្នកខ្លះគេទិញឡានប្រគេនលោកអ៊ីចឹងទៅ ខ្លះគេមានសទ្ធាគេទិញអីប្រគេនលោកអ៊ីចឹងទៅ ខ្លះគេមានសទ្ធាគេកសាងកុដិ មហាកុដិអីប្រគេនលោកអ៊ីចឹងទៅ នេះវាតាមសទ្ធាចិត្ត បើថាឱ្យលោកកុម្ម៉ង់ ឬមួយក៏សម្ដេចសង្ឃ ឬមួយព្រះសង្ឃដទៃទៀតថា នែត្រូវតែធ្វើស្បែកជើង ត្រូវតែធ្វើកុដិប្រគេនអាត្មា អានេះវាអត់មានទេ សំខាន់លើសទ្ធាចិត្តនៃអ្នកមានសទ្ធា»។
ការប្រគេនស្បែកជើងមាសជូនព្រះសង្ឃដែលមិនធ្លាប់កើតមានក្នុងប្រវត្តិសាស្ត្រកម្ពុជានេះ បានបណ្ដាលឱ្យមានប្រតិកម្មជាច្រើនពីសំណាក់ព្រះសង្ឃនិងពលរដ្ឋទូទៅ។
ព្រះតេជព្រះគុណ ឃោសកោវិសិទិ្ធ យៀង សុចិត្រា ព្រះចៅអធិការវត្តមណ្ឌលពុទ្ធសាសនា ក្នុងទីក្រុងប្រូវីឌែន (Providence) រដ្ឋរូឌអាលែន (Rhode Island) មានថេរដីកាឱ្យអាស៊ីសេរីដឹងថា ការប្រគេនស្បែកជើងមាសដល់ព្រះសង្ឃ ជាទង្វើពុំត្រឹមត្រូវនិងប្រាសចាកនូវគុណធម៌របស់ព្រះសង្ឃ។ ព្រះអង្គលើកឡើងថា ក្នុងគម្ពីរព្រះពុទ្ធសាសនា មិនអនុញ្ញាតឱ្យភិក្ខុសង្ឃ ណាមួយដែលបួសក្នុងព្រះពុទ្ធសាសនា ហើយប្រើទ្រនាប់ជើងដែលធ្វើអំពីមាស និងរបស់មានតម្លៃផ្សេងមួយចំនួនទៀត ហើយព្រះសង្ឃដែលប្រើប្រាស់នូវរបស់ដែលបានហាមឃាត់ទាំងនោះ អាចនឹងត្រូវដាច់អាបត្តិ ព្រោះនេះជាទង្វើមួយមិនសមរម្យនិងប្រាសចាកពីគោលការណ៍ព្រះពុទ្ធសាសនា៖ «អាត្មាយល់ថា មិនគួរទេ ពីព្រោះថាក្នុងគម្ពីរព្រះពុទ្ធសាសនា ព្រះពុទ្ធមានពុទ្ធដីកានៅក្នុងព្រះត្រៃបិដកខ្មែរ ភាគទី៧ ទំព័រ១៩១ ដល់១៩២ មិនអនុញ្ញាតឱ្យភិក្ខុសង្ឃអង្គណាមួយដែលបួសក្នុងព្រះព្រះពុទ្ធសាសនា ហើយប្រើទ្រនាប់ជើងដែលធ្វើអំពីមាស ដែលធ្វើអំពីប្រាក់ ដែលធ្វើអំពីសម្រិត ដែលធ្វើអំពីកែវមុន្នី ដែលធ្វើអំពីកែវពិទូ ដែលធ្វើអំពីកែវផ្លេកៗ ដែលធ្វើអំពីកែវកញ្ចក់ ធ្វើអំពីសំណប៉ាហាំង បើភិក្ខុអង្គណាមួយប្រើនូវទ្រនាប់ជើងទាំងនោះ ភិក្ខុ អង្គនោះនឹងត្រូវដាច់អាបត្តិ»។
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានលើកឡើងថា វាពិតជារឿងដ៏មហាអស្ចារ្យ ដែលមានការប្រគេនស្បែកជើងមាសដល់ព្រះសង្ឃ ខណៈស្ថានភាពសេដ្ឋកិច្ចជាតិ នៅមានកម្រិតនៅឡើយ។ អ្នករិះគន់នៅលើបណ្ដាញសង្គមហ្វេសប៊ុកក៏បានលើកជាយោបល់ថា ប្រសិនបើយកថវិកាពីការធ្វើស្បែកជើងមាសនេះ ទៅជួយដល់កិច្ចការសង្គម ផ្សេងៗ ដូចជាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាជាដើម ទើបប្រសើរជាង។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការនិងសាសនា លោក សេង សុមុន្នី បានប្រាប់អាស៊ីសេរីតាមទូរស័ព្ទថា ការប្រគេនស្បែកជើងមាសមួយគេនេះដល់ព្រះសង្ឃ និងការប្រគេនវត្ថុផ្សេងៗ មិនមានអ្វីខុសឆ្គងនោះទេ ព្រោះជាសទ្ធាជ្រះថ្លា របស់ពុទ្ធបរិស័ទទូទៅ ហើយមិនបានប៉ះពាល់ដល់ធម៌វិន័យរបស់ព្រះសង្ឃនោះទេ។ លោកក៏លើកសរសើរដល់សកម្មភាពរបស់អ្នកស្រី សៀង ចាន់ហេង ដែលកន្លងមកតែងបរិច្ចាគនូវទ្រព្យធនក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម ក៏ដូចជាលើកស្ទួយក្នុងវិស័យព្រះពុទ្ធសាសនាជាដើម។ លោកថា នេះជារឿងអស្ចារ្យដែលពុទ្ធបរិស័ទខ្មែរយើង បានប្រគេនស្បែកជើងមាសដល់ព្រះសង្ឃ ដែលនេះមិនដែលកើតមានក្នុងសង្គមខ្មែរក្នុងពេលកន្លងមក។ លោកបញ្ជាក់ថា ពុំមានឯកសារណាមួយបញ្ជាក់ថា ការប្រគេនស្បែកជើងមាស ឬរបស់មានតម្លៃផ្សេងៗទៀតដូចជាឡានទំនើបៗ និងប្រាក់កាសជាដើមនោះ មានភាពខុសឆ្គងនិងធម៌វិន័យព្រះសម្មាសម្ពុទ្ធ ព្រោះវាអាស្រ័យទៅលើសទ្ធារបស់បុគ្គលម្នាក់ៗប៉ុណ្ណោះ៖ «គាត់ប្រគេនយូរហើយ ប៉ុន្តែប្រហែលទើបហ្វេសប៊ុក (Alert) ឡើងវិញ។ បញ្ហាសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទទេ មិនជាប៉ះពាល់អីដល់ធម៌វិន័យអីទេ អាស្រ័យព្រះអង្គយកទៅប្រើប្រាស់ ដើម្បីកុំឱ្យវាខុសឆ្គងនិងធម៌វិន័យអីទៅ វាអត់អីទេ។ ខ្ញុំឃើញគាត់មានការបរិច្ចាគច្រើន ចំពោះពុទ្ធសាសនាហ្នឹង។ អស្ចារ្យដែរសម្រាប់ពុទ្ធបរិស័ទខ្មែរយើង ដែលមានសទ្ធាជ្រះធ្លារហូតដល់ប្រគេនស្បែកជើងមាសព្រះសង្ឃអីចឹង ជារឿងអស្ចារ្យ ជារឿងដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រខ្មែរ។ សម័យពុទ្ធកាលក៏មានបូជាច្រើនយ៉ាងណាស់ ដូចជាមានធ្វើជាកម្រាលមាស។ យើងមើលឃើញថា ដូចមិនមានខុសអីនៅក្នុងព្រះពុទ្ធសាសនាទេ នេះគឺជាសទ្ធាជ្រះថ្លា»។
ព្រះតេជព្រះគុណឃោសកោវិសិទ្ធ យៀង សុចិត្រា មានថេរដីកាថា ប្រសិនបើទ្រព្យដែលប្រគេននេះ ត្រូវយកទៅប្រើប្រាស់ក្នុងការលើកស្ទួយព្រះពុទ្ធសាសនាឬក៏សម្រាប់កសាងផ្សេងៗ ដូចជាការកសាងព្រះវិហារ មន្ទីរពេទ្យ កុដិ សាលា ឬរបងវត្តជាដើម នោះមិនមានខុសទាស់អ្វីទេ ប៉ុន្តែបើប្រគេនឱ្យភិក្ខុសង្ឃអង្គណាមួយ ប្រើប្រាស់ដើម្បីលំអរាងកាយ ដើម្បីឱ្យមនុស្សទាំងផងស្ងើចសរសើរថាអស្ចារ្យនោះ វាជាទង្វើដែលខុសឆ្គង ព្រោះវាបានធ្វើឱ្យប៉ះពាល់ដល់ធម៌វិន័យរបស់ព្រះសង្ឃ។ ព្រះអង្គបន្តថា អ្នកបួសក្នុងព្រះពុទ្ធសាសនា មិនត្រូវប្រាថ្នាចង់បានអ្វីឡើយ ហើយត្រូវលះបង់នូវលោភៈទោសៈចេញពីចិត្ត ហើយការបួសជាព្រះសង្ឃមិនមែនដើម្បីសន្សំមាស សន្សំប្រាក់ និងដើម្បីឱ្យគេកោតស្ងើចសរសើរថាខ្លួនហ្នឹងអស្ចារ្យនោះទេ៖ «បើប្រគេនដើម្បីឱ្យព្រះសង្ឃណាមួយ ប្រើប្រាស់ដើម្បីលម្អរាងកាយ ឱ្យមនុស្សទាំងឡាយទាំងពួងហ្នឹងគេស្ងើចសរសើរថាខ្លួនហ្នឹងអស្ចារ្យ ដែលមានរបស់តម្លៃប្រើប្រាស់ មិនគួរប្រគេនដល់ភិក្ខុសង្ឃអង្គណាមួយទេ ដូចមានពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធមួយឃ្លាពោលចំពោះអ្នកបួសថា សព្វទុក្ខ និស្សរណៈ និព្វាន ថាបួសហ្នឹងប្រាថ្នាតែម្យ៉ាងទេ គឺប្រាថ្នាដើម្បីឱ្យរួចចាកទុក្ខទៅកាន់ព្រះនិព្វាន មិនមែនបួសដើម្បីសន្សំមាសសន្សំប្រាក់ ដើម្បីឱ្យគេស្ងើចសរសើរថាខ្លួនហ្នឹងអស្ចារ្យនោះទេ»។
ស្រដៀងគ្នានេះដែរ ព្រះតេជព្រះគុណ ភិក្ខុថិតធម្មោ រស់ ប៊ុនថន ព្រះចៅអធិការវត្តធម្មរង្សីក្នុងទីក្រុងប៉ារីសប្រទេសបារាំងមានថេរដីកាថា ធម៌របស់ព្រះពុទ្ធបានប្រៀនប្រដៅឱ្យមានការលះបង់ និងមិនត្រូវការសម្ភារៈនិយម ហើយការប្រើប្រាស់នូវសម្ភារទាំងឡាយ គឺដើម្បីសម្រួលនូវជីវិតរស់នៅប្រចាំថ្ងៃ ដែលការរស់នៅប្រចាំថ្ងៃនេះ មិនតម្រូវឱ្យមានការប្រើប្រាស់ស្បែងជើងមាសនោះទេ ដែលនេះជាការដែលមិនអាចអនុវត្តបាននៅក្នុងជីវិតជាក់ស្ដែងរបស់បុគ្គលម្នាក់ៗ។ ព្រះអង្គបន្តទៀតថាវារិតតែមិនសមទៅទៀត នៅពេលដែលសង្គមជាតិកម្ពុជា កំពុងតែក្រខ្សត់ ការប្រគេនស្បែកជើងមាសដល់ព្រះសង្ឃជាការខុសឆ្គងយ៉ាងខ្លាំង។ ព្រះអង្គបន្តទៀតថា ការប្រគេនស្អែកជើងមាសនេះ មិនអាចយកប្រើទៅប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃបាន ហើយម្យ៉ាងទៀតបើរបស់ដែលប្រគេននោះបានមកដោយសារអំពើពុករលួយ ការកេងប្រវ័ញ្ចពីអ្នកដ៏ទៃនោះ វាហ្នឹងធ្វើឱ្យមានអំពើបាបទៅវិញទេ៖ «ទានហ្នឹងមិនអាចយកទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃបានទេ! ពរ។ ហើយបើសិនជាទានរបស់យើង ឬក៏ទ្រព្យហ្នឹងដែរបានមកមិនប្រកបដោយធម៌ បានមកដោយអំពើពុករលួយ បានមកដោយការកេងប្រវ័ញ្ច រំលោភបំពានគេ ហើយយកមកធ្វើរឿងអស់ហ្នឹង វារឹតតែមិនបានផលទៀត។ ប្រសិនបើព្រះសង្ឃដឹងថា ទេយ្យទាន ឬក៏របស់របរដែលបានមកដោយកាយទុច្ចរិត មិនប្រកបដោយធម៌ ហើយលោកនៅតែទទួល នឹងក៏ជាការរួមចំណែកឃុបឃិត ឬក៏លើកទឹកចិត្តបុគ្គលហ្នឹងដែរ។ ហ្នឹងអាត្មាមិនហ៊ាននិយាយថា គេបានទេយ្យទាន គេបានលុយហ្នឹងពីណាមកទេ។ បើកីឡាករបាល់ទាត់គេបានស្បែកជើង វាជាសមត្ថភាពនៃកិច្ចប្រឹងប្រែងរបស់គេ តែយើងជាលោកសង្ឃយើងមានទៅទាត់ស្អី»។
អាស៊ីសេរីនៅមិនទាន់អាចទាក់ទងព្រះតេជព្រះគុណ ដួង ផង់ បាននៅឡើយទេ រហូតមកដល់ម៉ោងផ្សាយនេះ ដើម្បីឱ្យព្រះអង្គបញ្ជាក់ពីរឿងស្បែកជើងមាសមួយគូនេះ។
ជាទូទៅមហាជនសង្កេតឃើញថា វត្តដែលមានមន្ត្រីធំៗរបស់គណបក្សកាន់អំណាច មន្ត្រីរដ្ឋាភិបាល ឧកញ៉ា ឬអ្នកមានទ្រព្យធនលុយកាក់ចេញចូលធ្វើបុណ្យទានញឹកញាប់ វត្តនោះតែងមានការរីកចំរើន ហើយថ្នាក់ដឹកនាំព្រះសង្ឃក្នុងវត្តទាំងនោះតែងមានរថយន្តទំនើបៗប្រើប្រាស់ មានអ្នកបើកបររថយន្ត និងពេលខ្លះរហូតដល់មានអង្គរក្សសម្រាប់ការពារទៀតផង។ ចំណែកវត្តដែលមិនមានមន្ត្រីធំ ឬអ្នកមានអំណាចទាំងនោះចេញចូលញឹកញាប់ទេ វត្តទាំងនោះតែងមានភាពអត្តខាត់ មិនមានការរីកចំរើន ហើយពេលខ្លះព្រះសង្ឃគង់នៅទីនោះអាចប្រឈមនឹងការដាច់ចង្ហាន់ម្ដងម្កាលផងក៏ថាបាន៕