សហជីព​និង​មន្ត្រី​សិទ្ធិមនុស្ស​ថា ការ​កោះ​ហៅ​មន្ត្រី​បក្ស​ប្រឆាំង​កាន់តែ​ប៉ះពាល់​ខ្លាំង​ដល់ EBA

ដោយ យន់ សាមៀន
2019-05-25
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​ រ៉ុង ឈុន​ ប្រធាន​សហភាពសហជីពកម្ពុជា (រូប៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ)
លោក​ រ៉ុង ឈុន​ ប្រធាន​សហភាពសហជីពកម្ពុជា (រូប៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ)


ថ្នាក់ដឹកនាំ​សហជីព និង​អ្នកការពារ​សិទ្ធិមនុស្ស​ថ្លែង​ថា ចំណាត់ការ​របស់​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ទៅលើ​មន្ត្រី និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​ថ្មីៗ​នេះ កំពុង​ធ្វើ​ឱ្យ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់តែ​ធ្លាក់​ចុះ​ដុនដាប ហើយ​រឿង​នេះ​នឹង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​វិបត្តិ EBA​។ មន្ត្រី​របប​ក្រុងភ្នំពេញ​ថា របប​នេះ​មាន​ជំហរ​ច្បាស់លាស់​រឿង EBA ហើយ​ថា ការ​កោះ​ហៅ​មន្ត្រី​បក្ស​ប្រឆាំង​ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​ជា​បន្តបន្ទាប់​នោះ គឺជា​ការអនុវត្ត​ច្បាប់។

សហជីព​ឯករាជ្យ និង​មន្ត្រី​សិទ្ធិមនុស្ស​យល់ឃើញ​ស្របគ្នា​ថា អ្វី​ដែល​របប​លោក ហ៊ុន សែន ត្រូវ​ធ្វើ​នៅ​ពេល​បច្ចុប្បន្ន​នេះ គឺ​ការ​ស្តារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ មិនមែន​រឹតត្បិត​កាន់តែ​ខ្លាំង​លើ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ​។ ប្រតិកម្ម​របស់​សហជីព និង​អ្នកការពារ​សិទ្ធិមនុស្ស​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បាន​កោះហៅ​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​ជាង​១០០ នាក់ ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​រឿង​បំពាន​សាលដីកា​តុលាការ​កំពូល​រឿង​រំលាយ​គណបក្ស​សង្គ្រោះជាតិ។

ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​អតីត​សមាជិក គ​.​ជ​.​ប លោក រ៉ុង ឈុន ថ្លែង​ថា ការ​កោះហៅ​នេះ​គឺជា​រូបភាព​ថ្មី​មួយទៀត​នៃ​ការ​តាម​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​បក្ស​ប្រឆាំង ក្រោយ​ពេល​ដែល​បក្ស​នេះ​ត្រូវ​បាន​របប​ក្រុងភ្នំពេញ​រំលាយ​ចោល កាលពី​ចុង​ឆ្នាំ​២០១៧ កន្លង​ទៅ។ លោក​បន្ថែម​ថា ចំណាត់​ការ​នេះ មិន​ផ្ដល់​ផល​ចំណេញ​អ្វី​ឡើយ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឡើយ ជាពិសេស​នៅ​ចំ​ពេល​ដែល​កម្ពុជា​ត្រូវ​ដោះស្រាយ​វិបត្តិ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី “​ទំនិញ​គ្រប់មុខ​លើកលែង​គ្រឿង​សព្វាវុធ ឬ EBA” ពី​ទីផ្សារ​អឺរ៉ុប​បន្ត​ទៅ​ទៀត​៖ «យើង​មើល​ឃើញ​បញ្ហា​នេះ វា​បច្ច័យ​អាក្រក់​សម្រាប់​ករណី EBA ហ្នឹង មាន​ន័យថា រដ្ឋាភិបាល​ហ្នឹង​មិនបាន​កែ​លម្អ​ស្ថានភាព​ការ​គោរព​សិទ្ធិមនុស្ស ការ​ត្បិតត្បៀត​សេរីភាព​។ មិន​ត្រឹមតែ​មិនបាន​កែ​ទេ បែរជា​រឹត​បន្តឹង​ថែមទៀត»

សហភាព​អឺរ៉ុប​បាន​ប្រកាស​ពី​ដំណើរការ​ពិចារណា​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA រួចហើយ កាលពី​ខែ​កុម្ភៈ​កន្លងទៅ បន្ទាប់ពី​ពិនិត្យ​ឃើញ​ថា គ្មាន​ការ​វិវឌ្ឍ​វិជ្ជមាន​ណាមួយ ទាក់ទង​នឹង​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ចាប់​ខែ​ពី​ខែ​សីហា​ខាងមុខនេះ រហូតដល់​ដល់​ខែ មករា ឆ្នាំ​២០២០ សហភាព​អឺរ៉ុប​នឹង​ចាប់ផ្ដើម​ដំណាក់កាល​ធ្វើការ​សម្រេចចិត្ត ថា​តើ​ត្រូវ​រក្សា ឬ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​។ បើ​នៅ​ខែ មករា ឆ្នាំ​២០២០ សហភាព​អឺរ៉ុប សម្រេច​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ​មែន នោះ​សហភាព​អឺរ៉ុប នឹង​ទុក​ពេល​ឱ្យ​របប​ក្រុងភ្នំពេញ​៦ ខែ​ទៀត ដើម្បី​ត្រៀមខ្លួន មុននឹង​សេចក្ដី​សម្រេច​នេះ ចូល​ជា​ធរមាន នៅ​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ ២០២០ ខាងមុខ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ កត់សម្គាល់​ថា ស្ថានភាព​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​នៅ​កម្ពុជា មិនទាន់​ប្រែប្រួល​ទៅ​រក​ភាព​ប្រសើរ​ឡើង ដូច​អ្វី​ដែល​រដ្ឋាភិបាល​ធ្លាប់​បាន​សន្យា​ជាមួយ​ភាគី​អន្តរជាតិ​នោះ​ឡើយ​។ លោក​បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា និង​សហភាព​អឺរ៉ុប នៅ​តែ​មាន​ជំហរ​ខ្វែង​គ្នា​នៅឡើយ​ក្នុង​ការ​រក​ដំណោះស្រាយ​បញ្ហា EBA ដែល​នេះ​គឺជា​ក្តី​កង្វល់​ដ៏​ធំ​របស់​ក្រុម​សហជីព និង​កម្មករ​រោងចក្រ៖ «មិន​ថា​សហជីព មិន​ថា​កម្មករ​ទេ រាល់ថ្ងៃ​ហ្នឹង​គឺ​យើង​រង់ចាំ​តែ​អ៊ុត​មើល​នៅ​ក្នុង​ការសម្រេចចិត្ត​ហ្នឹងឯង​។ បើ​ការសម្រេចចិត្ត​បាត់បង់ គឺថា​យើង​មានការ​បារម្ភ​ហើយ ប៉ុន្តែ​បើ​ការសម្រេចចិត្ត​ហ្នឹង​គេ​ទុក​រយៈពេល​ផ្សេងៗ​ទៀត អាហ្នឹង​គឺ​យើង​គិត​ថា វា​ល្អ»

សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា មានតែ​ការ​គោរព​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​ប៉ុណ្ណោះ ទើប​ជា​លក្ខខណ្ឌ​ចាំបាច់​នៃ​នយោបាយ​ពាណិជ្ជកម្ម និង​ជា​មូលដ្ឋាន​ច្បាប់ ឈាន​ទៅ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ពី​ទីផ្សារ​ដ៏​ធំ​មួយ​នេះ។

ទោះជា​យ៉ាងណា របប​លោក ហ៊ុន សែន មិន​ត្រឹមតែ​មិនបាន​ស្ដារ​ស្ថានការណ៍​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើងវិញ​នោះ​ឡើយ ប៉ុន្តែ​ថែមទាំង​បាន​កោះហៅ​មន្ត្រី និង​សកម្មជន​បក្ស​សង្គ្រោះជាតិ​ជា​ទៅ​បំភ្លឺ​ជា​បន្តបន្ទាប់ ដោយ​សង្ស័យ​ថា ពួកគេ​បាន​បំពាន​ច្បាប់ មិន​អនុវត្ត​តាម​សាលដីកា​តុលាការ​កំពូល​ទៅវិញ​។ ទាំង​ឃ្លាំមើល​ជាតិ និង​អន្តរជាតិ ព្រមទាំង​អង្គការ​សហប្រជាជាតិ​ផង សុទ្ធតែ​បាន​បញ្ចេញ​ប្រតិកម្ម​មិន​គាំទ្រ​ចំណាត់ការ​នេះ​ឡើយ​។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​របស់​រដ្ឋាភិបាល លោក ជិន ម៉ាលីន ថ្លែងថា ការ​កោះ​ហៅ​មន្ត្រី​បក្ស​ប្រឆាំង​នេះ មិនមែន​ជា​រឿង​នយោបាយ​ឡើយ ប៉ុន្តែ​គឺ​ដោយសារ​ពួកគេ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​គាំទ្រ​ចលនា​ខុសច្បាប់។ លោក​បន្ត​ថា បន្ទាប់ពី​ការសាកសួរ​នេះ ការសម្រេច​ចោទប្រកាន់ ឬ​មិន​ចោទប្រកាន់ គឺជា​សិទ្ធិ​សម្រេច​របស់​តំណាង​អយ្យការ។ លោក​បន្ថែម​ថា ការ​ភ្ជាប់​រឿង​កោះហៅ​មន្ត្រី​បក្ស​ប្រឆាំង​នេះ ទៅ​នឹង​រឿង​សិទ្ធិមនុស្ស និង​បញ្ហា EBA នោះ គឺជា​រឿង​នយោបាយ ដែល​មិន​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់​ទាល់តែសោះ៖ «កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ក៏​យើង​ត្រូវការ ជំនួយ​បរទេស​ក៏​យើង​ត្រូវការ ចំណែក​យន្តការ​ផ្លូវច្បាប់​ក៏​ត្រូវ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​ក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យ​។ អ៊ីចឹង​សំខាន់​ជន​ណា​ក៏​ដោយ មិន​ថា​សកម្មជន​បក្ស​ប្រឆាំង ឬក៏​សង្គម​ជន​សង្គម​ស៊ីវិល​ទេ ឱ្យ​តែ​បំពាន​ទៅលើ​ច្បាប់ ដែល​មាន​ជា​ធរមាន​នៅ​កម្ពុជា ត្រូវតែ​ទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់​។ អ៊ីចឹង​ក្នុងនាម​ជា​រដ្ឋ​ឯករាជ្យ គឺ​យើង​ប្រកាន់​ជំហរ​នេះ​ច្បាស់លាស់​ណាស់​តាំង​ពី​ដើម​មក»

ផ្ទុយ​ពី​ការ​អះអាង​នេះ សហជីព និង​អ្នកការពារ​សិទ្ធិមនុស្ស សុទ្ធតែ​មើល​ឃើញ​ថា ចំណាត់​ការ​កោះហៅ​មន្ត្រី​បក្ស​ប្រឆាំង​ជាច្រើន​នាក់​ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​នេះ ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ ជា​ជាង​រឿង​ផ្លូវច្បាប់។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ព្រួយបារម្ភ​ថា ចំណាត់ការ​នេះ​អាច​នឹង​បន្ថែម​បន្ទុក​លើ​ការសម្រេចចិត្ត​របស់​សហភាព​អឺរ៉ុប ក្នុង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​។ លោក​បន្ត​ថា ចំណាត់ការ​នេះ​នឹង​មិន​ផ្ដល់​ផល​ចំណេញ​អ្វី​ឡើយ​ដល់​កម្ពុជា ផ្ទុយទៅវិញ​មានតែ​ការខាតបង់ និង​បែកបាក់​ជាតិ​ប៉ុណ្ណោះ។ លោក​សង្ឃឹមថា រដ្ឋាភិបាល​នឹង​ពិចារណា​ឱ្យ​បាន​ច្បាស់លាស់​លើ​ផលប្រយោជន៍​ជាតិ មុននឹង​ដាក់​ចេញ​នូវ​ចំណាត់ការ​ណាមួយ​ដែល​មាន​ចរិត​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ៖ «លក្ខខណ្ឌ​ដែល​គេ​ដាក់​ឱ្យ វា​ល្មម​នឹង​រដ្ឋាភិបាល​ពិចារណា​ក្នុង​ការ​កែ​លម្អ​អំពី​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ទី​មួយ យើង​អាច​មិន​បាត់ EBA​។ ទី​ពីរ ប្រទេស​កម្ពុជា​អាច​នឹង​ឈរ​លើ​ឆាក​អន្តរជាតិ​ដ៏​ល្អ ដែល​ជា​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស»

តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA កម្ពុជា​បាន​រួច​ផុត​ពី​កាតព្វកិច្ច​ពន្ធ​ជិត ៧០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ពី​ការ​នាំ​ទំនិញ​ទៅ​លក់​នៅ​ទីផ្សារ​សហភាព​អឺរ៉ុប​។ ទោះជា​យ៉ាងណា កម្ពុជា​អាច​នឹង​បាត់បង់​ប្រយោជន៍​ដ៏​ធំ​នេះ​ក្នុង​រយៈពេល​ជាច្រើន​ខែ​មុខ​ទៀត​នេះ ប្រសិនបើ​ស្ថានភាព​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ នៅតែ​យ៉ាប់យ៉ឺន​ដូច​ពេល​បច្ចុប្បន្ន។

ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ បាន​ព្រមាន​របប​លោក ហ៊ុន សែន ចំៗ​ថា ស្ថានភាព​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ កំពុង​រុញច្រាន​កម្ពុជា ឱ្យ​ជួបប្រទះ​នឹង​ហានិភ័យ​នៃ​ការបាត់បង់​ផលប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​ពី​ទីផ្សារ​អន្តរជាតិ​។ ជាពិសេស​ពួកគេ​សង្កត់ធ្ងន់​ថា ប្រសិនបើ​របប​ក្រុងភ្នំពេញ​ចង់​រក្សា​ទំនុក​ចិត្ត​ឱ្យ​ពួកគេ​បន្ត​រកស៊ី​នៅ​កម្ពុជា​តទៅទៀត របប​នេះ​ត្រូវតែ​គោរព​ឱ្យ​បាន​នូវ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ។

សហជីព និង​អ្នកការពារ​សិទ្ធិមនុស្ស​មើលឃើញ​ថា របប​ក្រុងភ្នំពេញ​នៅ​មាន​ឱកាស​កែប្រែ​ខ្លួន​នៅឡើយ ដោយ​របប​នេះ​ត្រូវ​អនុវត្ត​តាម​លក្ខខណ្ឌ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ដែល​សហភាព​អឺរ៉ុប​បាន​ស្នើ​ឡើង និង​បញ្ឈប់​រាល់​ទម្រង់​នៃ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សំឡេង​ប្រឆាំង និង​សំឡេង​ឯករាជ្យ​តទៅទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment