សង្គម​ស៊ីវិល៖ របប​ភ្នំពេញ​ត្រូវ​ប្រញាប់​ធ្វើ​តាម​អឺរ៉ុប​ក្នុង​ពេល​២​ខែ​ទៀត​មុន​ឱសានវាទ ​EBA​ មក​ដល់

ដោយ សុ ជីវី
2019-06-13
RFA

តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​ស្នងការ​អឺរ៉ុប អ្នកស្រី ហ្វេដេរីកា ម៉ូហ្គែរីនី (Federica Mogherini) និង​សហការី (ស្ដាំ) ជួប​​គណៈប្រតិភូ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នា​ទីក្រុង​ប្រ៊ុចសែល កាល​ពី​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០១៨។ Photo courtesy of Hun Sen facebook page (Photo: RFA)
តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​ស្នងការ​អឺរ៉ុប អ្នកស្រី ហ្វេដេរីកា ម៉ូហ្គែរីនី (Federica Mogherini) និង​សហការី (ស្ដាំ) ជួប​​គណៈប្រតិភូ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នា​ទីក្រុង​ប្រ៊ុចសែល កាល​ពី​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០១៨។ Photo courtesy of Hun Sen facebook page (Photo: RFA)


សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​ការងារ និង​សិទ្ធិ​នយោបាយ​នៅតែ​មើល​ឃើញ​ថា របប​ដឹកនាំ​របស់​លោក ហ៊ុន សែន ពុំបាន​ធ្វើ​អ្វី​ជា​ដុំកំភួន ដើម្បី​ស្ដារ​ស្ថានភាព​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ទៅតាម​លក្ខខណ្ឌ របស់​សហភាព​អឺរ៉ុប​នៅឡើយ​ទេ នៅ​ពេល​ដែល​ឱសានវាទ​នៃ​ការសម្រេច​ជា​ចុងក្រោយ​ថា ត្រូវ​ដកហូត ឬ​បន្ត​ EBA កាន់តែ​ខិត​ជិត​មកដល់​។ ផ្ទុយ​ពី​នេះ​មន្ត្រី​បក្ស​កាន់អំណាច​ថា​រដ្ឋាភិបាល​បាន​ធ្វើ​ការងារ​ជាច្រើន​សន្ធឹកសន្ធាប់​ណាស់ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ជា​លក្ខខណ្ឌ​របស់​គណៈកម្មការ​អឺរ៉ុប រឿង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។

សង្គម​ស៊ីវិល​ថា​របប​ក្រុងភ្នំពេញ​ត្រូវ​ប្រញាប់​កែប្រែ​តាម​លក្ខខណ្ឌ​របស់​គណៈកម្មការ​សហភាព​អឺរ៉ុប ឬ​ EU ក្នុង​ពេល​២​ខែ ត​ទៅ​មុខ​ទៀត​នេះ គឺ​នៅមុន​ពេល​ដែល​រយៈពេល​កំណត់​ជា​ឱសានវាទ​នៃ​ការ​សម្រេច​ថា EBA​ មកដល់ ប្រសិនបើ​របប​នេះ​ពិតជា​ចង់​រក្សា​ប្រព័ន្ធ​អនុគ្រោះ​នេះ​មែន​នោះ។

នាយក​អង្គការ​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅថា​សង់ត្រាល់ (CENTRAL) លោក មឿន តុលា មានប្រសាសន៍ ប្រាប់​អាស៊ីសេរី​កាលពី​យប់​ថ្ងៃទី១១ ខែ​មិថុនា​ថា ដំណើរ​ស្វែងរក​ការពិត​របស់​ប្រតិភូ​អឺរ៉ុប​មក​កម្ពុជា ក្នុង​សប្ដាហ៍​កន្លង​ទៅ​នេះ​គឺជា​បេសកកម្ម​ចុងក្រោយ។ លោក​ថា​ចាប់​ពី​ពេលនេះ​ទៅ​កម្ពុជា​មាន​ពេល​២​ខែ​ទៀត ដើម្បី​កែសម្រួល​ស្ថានភាព​នៅមុន​ពេល​ប្រតិភូ​អឺរ៉ុប​ដាក់​របាយការណ៍​ចុងក្រោយ៖ «ក្នុង​ខែ​៨​ខាងមុខនេះ​គេ​នឹង​បូកសរុប​របាយការណ៍​នៃ​ការ​ចុះ​ស៊ើបអង្កេត​ទាំង​២​លើក​ហ្នឹង ហើយ​នៅ​ខែ​១១​ខាង​ប្រតិភូ​នឹង​ដាក់​របាយការណ៍​ទៅ​ខាង​គណៈកម្មការ រីឯ​នៅ​ខែ​២ គេ​នឹង​ជូនដំណឹង​ម៉ោង​ប្រទេស​កម្ពុជា​យើង​ថា​តើ​គេ​ព្យួរ ឬ​មិន​ព្យួរ ហេតុដូច្នេះ​នៅ​ក្នុង​ចន្លោះ​ពី​ខែ​៦ រហូតដល់​ខែ​៨​នេះ​យើង​ប្រទេស​កម្ពុជា​នៅ​មាន​ឱកាស​ក្នុង​ការ​បញ្ជូន​នូវ​របាយការណ៍​មួយ​ចំនួន​ទៀត ដែល​ខ្លួន​គិត​ថា ខ្លួន​បាន​ធ្វើ​ឱ្យ​មានការ​រីក​ចម្រើន​ជា​វិជ្ជមាន»

បើ​តាម​លោក មឿន តុលា ចំណុច​សំខាន់​បួន​ធំៗ ដែល​សហភាព​អឺរ៉ុប​ត្រូវ​ពិនិត្យ​តាមដាន​នោះ​គឺ​សិទ្ធិ​នយោបាយ លំហ​សម្រាប់​សង្គម​ស៊ីវិល និង​សារព័ត៌មាន​ឯករាជ្យ សេរីភាព​សហជីព និង​សិទ្ធិ​ដីធ្លី​។ លោក មឿន តុលា បន្ត​ថា​ក្នុង​ផ្នែក​សេរីភាព​សហជីព​មានការ​ផ្លាស់ប្ដូរ​តិចតួច​បំផុត​គឺ​មាន​ការ​បើក​ឱកាស​ឱ្យ​មាន​ការ​ជជែក​ពី​ច្បាប់ ដែល​ត្រូវ​ចាត់ទុកថា​ជា​រឹតត្បិត​សេរីភាព​សហជីព និង​ការ​ទម្លាក់​ចោទ​ការចោទប្រកាន់​មេដឹកនាំ​សហជីព​ចំនួន​៦​នាក់​ជាដើម​។

ប្រធាន​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា មើលឃើញ​ថា របប​ក្រុងភ្នំពេញ​ហាក់​ឆ្លើយតប​ទៅ​លក្ខខណ្ឌ​ទាមទារ​របស់​សហភាព​អឺរ៉ុប​តាម​រូប​ភាពជា​វោហារស័ព្ទ គឺ​ពុំ​ឃើញ​មាន​ផែនការ​ជាក់លាក់​នៅឡើយ​ទេ រួម​ទាំង​ការធានា​សិទ្ធិ​នយោបាយ​ផង​ដែរ៖ «ឱ្យ​ចេញ​ជា​ជាក់ស្ដែង​ហ្នឹង​គឺ​ទាក់ទិន​នឹង​ការ​ដោះលែង​ប្រធាន​គណបក្សប្រឆាំង​លោក កឹម សុខា រឿង​មួយទៀត​ហ្នឹង​គឺ ការណ៍​ដែល​ធ្វើ​ម៉េច​ឱ្យ​ក្រុមប្រឹក្សា ឃុំ សង្កាត់ របស់​គណបក្សប្រឆាំង​ហ្នឹង​មាន​តួនាទី​ឡើងវិញ ដក​នូវ​ការចោទប្រកាន់​នានា ទៅលើ​អ្នកនយោបាយ​នានា ដែល​នាំ​ឱ្យ​មានការ​ភ័យខ្លាច»

សហភាព​អឺរ៉ុប បាន​ចាប់ផ្ដើម​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA កាលពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ដោយ​ទុក​ពេល​១២​ខែ ឱ្យ​របប​លោក ហ៊ុន សែន ដើម្បី​ស្ដារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ​។ ត្រឹម​ខែ កុម្ភៈ ឆ្នាំ ២០២០ គណៈកម្មការ​អឺរ៉ុប នឹង​ចេញ​សេចក្ដី​សម្រេច​ស្ថាពរ​មួយ ដោយ​សម្រេច​ថា​ព្យួរ ឬ​មិន​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ​។ បើ​សហភាព​អឺរ៉ុប​សម្រេច ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ​មែន សហភាព​អឺរ៉ុប​នឹង ទុក​ពេល​ឱ្យ​កម្ពុជា​៦​ខែ​ទៀត ដើម្បី​ត្រៀមខ្លួន បន្ទាប់​ពី​នោះ សហភាព​អឺរ៉ុប​នឹង​យកពន្ធ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា ចាប់ពី​ខែ​សីហា ឆ្នាំ​២០២០ តទៅ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើក​ឡើងថា​រដ្ឋាភិបាល​បាន​ធ្វើ​ការងារ​ជាច្រើន​សន្ធឹកសន្ធាប់​ណាស់ ដើម្បី​កំណែទម្រង់​។ លោក សុខ ឥសាន ច្រានចោល​ការចោទប្រកាន់​ថា​កូន​សោ​ដោះស្រាយ​បញ្ហា​EBA ស្ថិត​នៅ​លើ​លោក ហ៊ុន សែន ហើយ​របប​ក្រុងភ្នំពេញ​មិនបាន​រម្លាយ​គណបក្ស​សង្គ្រោះជាតិ ឬ​រឹតត្បិត​សេរីភាព​ផ្នែក​នយោបាយ​អ្វី​ទេ​។ លោក​បាន​សូត្រ​ឡើងវិញ​នូវ​ឃ្លា​ដែល​លោក​បាន​ចាំ​ស្ទាត់​មាត់​នោះ​គឺ​គណបក្សប្រឆាំង ដែល​មាន​លោក កឹម សុខា ជា​ប្រធាន​នោះ​បាន​ធ្វើ​ខុសច្បាប់ ឬ​បាន​រួមគ្នា​ក្បត់ជាតិ៖ «ក៏ប៉ុន្តែ​យើង​ដឹង​ហើយ​ថា EBA នេះ​វា​មិនមែន​ស្ថិត​នៅ​លើ​រដ្ឋាភិបាល​របស់​យើង​ទេ ស្ថិត​នៅ​លើ​អ្នកទិញ​ទំនិញ​របស់​យើង​។ ប្រសិន​ណា​ជា​គេ​មិន​ឱ្យ​គឺ​គេ​កាត់ គឺ​យើង​ទៅតាម​ដំណើរ​ហ្នឹង​ទៅ ធ្វើ​ម៉េច​? ហ្នឹង​វា​ហាក់ដូចជា​ទណ្ឌកម្ម​សេដ្ឋកិច្ច​មួយ​ដែរ ជា​ភាព​នៃ​ទណ្ឌកម្ម។ សម្ដេច ហ៊ុនសែន ណា​មានគំនិត​ទៅ​រម្លាយ​គណ​បក្ស​ប្រឆាំង​នោះ អត់​ទេ​! ការ​រម្លាយ​គណបក្សប្រឆាំង​គឺ​អនុវត្ត​ទៅតាម​នីតិវិធី​របស់​តុលាការ​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា»

របប​លោក ហ៊ុន សែន ធ្លាប់​បាន​ដាក់​ចេញ​នូវ​កំណែទម្រង់​មួយ​ចំនួន ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ឱ្យ​បន្ត​រកស៊ី​នៅ​កម្ពុជា​តទៅទៀត ទោះជា​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក៏ដោយ​។ ដំណោះស្រាយ​ទាំងនោះ​មាន​ជាអាទិ៍​នយោបាយ​អនុគ្រោះ​ពន្ធ ការ​បន្ថយ​ថ្លៃដើម​សេវា ការសម្រួល​មិន​ឱ្យ​មាន​ភាព​សាំញ៉ាំ​លើ​ការ​ផ្តល់​សេវា សម្រួលការ​ដឹកជញ្ជូន បញ្ចុះតម្លៃ​ផ្ទុក និង​លើកដាក់​កុងតឺន័រ ព្រមទាំង​ការ​បញ្ចុះ​តម្លៃ​អគ្គិសនី ជាដើម​។ លើស​ពី​នេះ​ប្រទេស​ចិន​សន្យា​ជួយ​របប​លោក ហ៊ុន សែន ដោះស្រាយ​គ្រប់​បញ្ហា​ទាំងអស់ ដែល​ក្នុង​នោះ​ក៏​រួមមាន​ទាំង​រឿង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ​ផង​ដែរ។

ទាំង​សហជីព​ឯករាជ្យ និង​អ្នកឃ្លាំមើល​សង្គម​ថ្លែង​ថា របប​ក្រុងភ្នំពេញ​មិន​គួរ​ជ្រើស​រើស​យក​មធ្យោបាយ​នេះ ដើម្បី​ឆ្លើយតប​ទៅ​នឹង​សម្ពាធ​របស់​សហភាព​អឺរ៉ុប​នោះ​ទេ ព្រោះ​កម្ពុជា​នៅ​ត្រូវការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ទីផ្សារ​សហភាព​អឺរ៉ុប​នៅឡើយ ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​របស់​ខ្លួន​។ ពួកគេ​ទទូច​ឱ្យ​របប​នេះ ព្យាយាម​រក​ដំណោះស្រាយ​យ៉ាងណា ឱ្យ​កម្ពុជា​នៅតែ​ទទួល​បាន​ផលប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ បន្ត​ទៅ​ទៀត​។ អ្នកសេដ្ឋកិច្ច​ភាគច្រើន​ព្រួយបារម្ភ​ថា បើ​ទីបំផុត​ទៅ សហភាព​អឺរ៉ុប​ព្យួរ​ប្រពន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​មែន​នោះ កម្ពុជា​អាច​នឹង​មាន​វិបត្តិ ដ្បិត​អ្នក​វិនិយោគទុន អាច​នឹង​ងាក​ទៅ​រក​ស៊ី​នៅ​ក្នុង​ប្រទេស​ដែល​ទទួល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​វិញ ហើយ​កម្មករ កម្មការិនី ជិត​មួយ​លាន​នាក់ អាច​បាត់បង់​ការងារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles