មេឃុំ​បក្ស​ប្រឆាំង​ជាប់ឆ្នោត​មួយ​រូប​នៅ​ស្ទឹងត្រែង​​សុខចិត្ត​ដើរ​រើស​ខ្យង​លក់​ក៏​មិន​ចុះចូល ​CPP

ដោយ សេក បណ្ឌិត
2019-06-23
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦។ RFA
មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦។ RFA


មេឃុំ​ស្រែគរ​ជាប់ឆ្នោត កូតា​ពី​គណបក្ស​សង្គ្រោះជាតិ នៅ​ខេត្ត​ស្ទឹងត្រែង បាន​ជ្រើសរើស​មុខ​របរ ដើរ​រក​ខ្យង​តាម​បឹង និង​ត្រពាំង ដើម្បី​លក់​ចិញ្ចឹម​ជីវិត ក្រោយ​ពី​បាត់បង់​ដំណែង ដោយ​មិន​ចុះចូល​បម្រើ​គណបក្ស​កាន់អំណាច​នោះ​ទេ បើទោះបី​ជា​មានការ​គំរាម និង​អូសទាញ​លោក​យ៉ាងណាក៏ដោយ។មេឃុំ​ស្រែគរ ស្រុក​សេសាន លោក សៀក មេគង្គ ដែល​របប​ក្រុងភ្នំពេញ​ដក​ពី​តំណែង ជាប់ឆ្នោត​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ស្រែគរ ពីរ​អាណត្តិ​មក​ហើយ។

មេឃុំ​ស្រែគរ​ជាប់ឆ្នោត មកពី​គណបក្ស​សង្គ្រោះជាតិ លោក សៀក មេគង្គ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី ២៣ មិថុនា​ថា ក្រោយពី​របប​ក្រុងភ្នំពេញ ដក​លោក​ពី​តំណែង យ៉ាង​អយុត្តិធម៌ គ្រួសារ​លោក​សម្រេច​ចិត្ត ដើរ​រើស​ខ្យង​តាម​បឹង អូរ និង​ត្រពាំង​លក់​រក​ប្រាក់​ចិញ្ចឹមជីវិត និង​ដោះ​បំណុល​គេ។

ក្នុង​មួយថ្ងៃ​លោក​អាច​រើស​ខ្យង​បាន ចាប់ពី ១០​គីឡូក្រាម ដល់ ២០​គីឡូក្រាម ហើយ​ក្នុង​មួយ​គីឡូក្រាម​លក់​បាន​ប្រាក់ ៥​ពាន់​រៀល​។ លោក​ថា លុយ​ដែរ​រក​បាន សម្រាប់​សងបំណុល​ធនាគារ និង​ផ្គត់ផ្គង់​កូន​រៀន ៣​នាក់ ។ លោក​ចាំ​ថា កន្លងទៅ​មាន​មន្ត្រី​បក្ស​កាន់អំណាច មក​លួងលោម​ឱ្យ​លោក ចុះចូល​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​ដែរ ដោយ​សន្យា​រក្សា​តំណែង តែ​លោក​បាន​បដិសេធ ដោយ​សុខចិត្ត​ដើរ​រើស​ខ្យង​លក់​ចិញ្ចឹមជីវិត​៖ «មុខរបរ​នៅ​ឃុំ​ស្រែគរ សុទ្ធតែ​បទល្មើស​ព្រៃឈើ ដូច្នេះ​យើង​គិត​ថា មិន​ឱ្យ​មាន​បញ្ហា​ប្រឈម​សុខចិត្ត​ដាក់ខ្លួន ដាក់​កាយ ដាក់មង​ផង និង​ដើរ​រើស​ខ្យង​ផង និង​កៀរគរ​ម៉ូយ ម៉ូយ​នៅ​គេ​ជួយ​ទិញ នៅ​ភ្នំពេញ និង​នៅ​រតនគិរី​ខ្លះ»

លោក សៀក មេគង្គ បន្ថែម​ថា លោក​នៅតែ​ស្រមៃ​ថា ថ្ងៃ​ណាមួយ នឹង​មាន​ឱកាស​ធ្វើជា​មេឃុំ​បម្រើ​ពលរដ្ឋ​ដោយ​ស្មោះ​ត្រង់ និង​អភិវឌ្ឍន៍​ឃុំ​ស្រែគរ​ឱ្យ​រីកចម្រើន៖ «ខ្ញុំ​ឈ្នះ​ឆ្នោត​ដោយ​ស្របច្បាប់ ដល់ពេល​រំលាយ​អ៊ីចឹង​ទៅ​មានន័យថា មិន​ទទួលស្គាល់​សន្លឹកឆ្នោត​ដែរ​យើង បាត់បង់​ទៀត​។ ខ្ញុំ​ថា មិន​អាច​ទៅ​ណា​បានទេ លេប​ថ្ម​លេប​គ្រួស​ទៅ ទ្រាំ​ឈឺចិត្ត​ទៅ វា​អយុត្តិធម៌​ពេក​យើង​សុខចិត្ត​នៅ​ធ្វើស្រែ​ធម្មតា ប្រកប​របរ​ដើរ​ទិញ​ខ្យង​ផង និង​ដើរ​រើស​ខ្យង​ចិញ្ចឹម​ប្រពន្ធ​កូន​ទៅ»

លោក សៀក មេគង្គ ជាប់ឆ្នោត​ជា​មេឃុំ​ចំនួន ២​អាណត្តិ​ជាប់​គ្នា គឺ​ក្នុង​អាណត្តិ​ទី៣ លោក​ឈរ​ឈ្មោះ​កូតា​ពី​គណបក្ស សម រង្ស៊ី ជា​លទ្ធផល​លោក​ទទួល​បាន ៣​អាសន្ន ក្នុងចំណោម ៥​អាសន្ន​។ កាលពី​អាណត្តិ​ទី ៤ លោក​បាន​ឈរ​ឈ្មោះ​បេក្ខភាព​មេឃុំ កូតា​ពី​គណបក្ស​សង្គ្រោះជាតិ ហើយ​បាន​ជាប់ឆ្នោត​ជា​មេឃុំ ដោយ​ទទួល​បាន ៣​អាសនៈ ក្នុងចំណោម ៥​អាសនៈ​ដូចគ្នា​។​

ពលរដ្ឋ​រស់នៅ​ភូមិ​ស្រែគរ១ ក្នុង​ឃុំ​ស្រែគរ លោក ភ័ក្ត្រ សារិទ្ធ សម្ដែង​ការ​សោកស្តាយ ដែល​របប​ក្រុងភ្នំពេញ​ដក លោក សៀក មេគង្គ ពី​តំណែង​យ៉ាង​យុត្តិធម៌ ខណៈ​ដែល​ជំហរ​របស់​ពលរដ្ឋ​ភាគច្រើន គាំទ្រ​លោក​ធ្វើជា​មេឃុំ ព្រោះ​មេឃុំ​រូប​នេះ​ជា​មនុស្ស​ស្មោះត្រង់ មាន​សមត្ថភាព និង​ឆន្ទៈ​នយោបាយ ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ពលរដ្ឋ​ក្រីក្រ​ដោយ​យកចិត្តទុកដាក់ ផ្ទុយគ្នា​ស្រឡះ និង​មេឃុំ​ស្រែគរ​ថ្មី ដែល​របប​ក្រុងភ្នំពេញ លើក​បន្តុក គឺ​លោក ហ្វឿន ជឿន៖ «មេឃុំ​សៀក មេគង្គ មាន​បញ្ហា​អី​ជួយ​ដោះស្រាយ​យើង​បាន មេឃុំ​ថ្មី ហ្វឿន ជឿន គាត់​រអាក់រអួល​ណាស់ មេឃុំ​ថ្មី​វា​ខុសគ្នា​ឆ្ងាយ មួយ​ចេះ​ដោះស្រាយ និង​មួយទៀត​អត់​ចេះ​ដោះស្រាយ​។ យើង​មាន​បញ្ហា​អី អត់​មាន​ខ្វល់​ការងារ​អី​ទេ»

កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ ២០១៧ តុលាការ​កំពូល​បានសម្រេច រំសាយ​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា និង​បាន​រំលាយ​អាសនៈ​សមាជិក​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ជាង ៥​ពាន់ នាក់​( ៥០០៧)។ គណបក្ស​ជំទាស់ និង​ពលរដ្ឋ​មួយ​ចំនួន ចាត់​ទុក​សេចក្ដី​សម្រេច​នេះ មើលងាយ​ឆន្ទៈ​រាស្ត្រ និង​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​អាស៊ីសេរី​ថា នឹង​គ្មាន​ការចរចា​ណា​មួយ​រវាង​គណបក្ស​កាន់អំណាច និង​គណបក្ស​ជំទាស់​ទេ ដោយសារ​វប្បធម៌​សន្ទនា​បាន​ស្លាប់​បាត់​ទៅ​ហើយ។ លោក​បញ្ជាក់​ថា នៅ​គ្រា​ដែល​គណបក្សប្រឆាំង​ត្រូវ​បាន​រំលាយ​ហើយ អាសនៈ​សមាជិក​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ទាំងអស់ ក៏​រលាយ​ដោយ​ស្វ័យប្រវត្តិ​ដែរ៖ «មូលហេតុ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ងាប់​បាត់​ទៅ​ហើយ ទី​២ វប្បធម៌​សន្ទនា​ស្លាប់​បាត់​ទៅ​ហើយ តាំងពី​សម័យ​ទណ្ឌិត​សម រង្ស៊ី​ត្រូវ​បាន​បំផ្លាញ​ចោល ដល់​ចុង​ក្រោយនេះ ទណ្ឌិត​សម រង្ស៊ី ទុក​ឱ្យ លោក ហ៊ុន សែន ចរចា​ជាមួយ​អន្តរជាតិ​។ អ៊ីចឹង​បាន​សេចក្ដី​ថា វា​គ្មាន​តម្រុយ​ណាមួយ​រវាង​គណបក្ស​កាន់អំណាច និង​ខ្មោច​គណបក្ស​សង្គ្រោះ​ជាតិ​ទេ»

ទោះយ៉ាងណា ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង យល់ថា ការរំសាយ​គណបក្ស​សង្គ្រោះជាតិ បង្ក​ប៉ះពាល់​ធំធេង​ដល់​ជីវភាព​ប្រជាជន​ដោយ​ផ្ទាល់ និង​ប្រយោល ជាពិសេស​ប៉ះពាល់​ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច​ប្រជាជន​កម្ពុជា​ធំធេង​។ លោក​ថា គណបក្ស​កាន់អំណាច និង​គណបក្សប្រឆាំង​គួរតែ​ចរចា​គ្នា ដោះស្រាយ​បញ្ហា​ជាតិ មិន​គួរ​អូស​បន្លាយ​ដល់​ពេល​នោះ​ទេ ដែល​លោក​ចាត់ទុកថា ជា​ឧបសគ្គ​រាំងស្ទះ​ដល់​អ្នក​វិនិយោគ​អន្តរជាតិ និង​អ្នក​ទេសចរណ៍​មកពី​ប្រទេស​លោក​សេរី​៖ «យើង​ចង់​ឱ្យ​មាន​ការចរចា​ដោះស្រាយ បញ្ហា​ជាតិ​ឱ្យ​បាន​ឆាប់ ដើម្បី​កុំ​ឱ្យ​មាន​អសកម្ម​មួយ​ចំនួន​បន្ត​ទៀត ប៉ះពាល់​ជីវភាព​រស់នៅ និង​បញ្ហា​ប្រឈម​ប្រជាពលរដ្ឋ និង​ប្រទេស​លោក​ខាងលិច ដែល​គេ​ចង់​វិនិយោគ​នៅ​ប្រទេស​កម្ពុជា នេះ​ជាទូទៅ គេ​តែងតែ​សម្លឹង​មើល​បញ្ហា​នយោបាយ និង​បញ្ជា​ការរំលោភ​សិទ្ធិមនុស្ស​ជាដើម»

ឃុំ​ស្រែគរ មាន​ពីរ​ភូមិ គឺ​ភូមិ​ស្រែគរ​១ និង​ភូមិ​ស្រែគរ​២ និង​មាន​ប្រជាជន​រស់នៅ​ជាង ២​ពាន់ ៥​រយ នាក់ (២៥០០) ស្មើ និង​ជិត​១​ពាន់​គ្រួសារ​។ ឃុំ​នេះ​ឋិត​ក្នុង​ផ្ទៃ​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ហើយ​ត្រូវ​បាន​ជម្លៀស​ប្ដូរ​មក​ទីតាំង​ថ្មី ឆ្ងាយ​ពី​ភូមិ​ចាស់​ជាង ១០​គីឡូម៉ែត្រ នៅ​គ្រា​ដែល​មាន​វត្តមាន​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ចុះ​សិក្សា និង​សាងសង់​ទំនប់ កាលពី​ឆ្នាំ​២០១២។ ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ​ភាគច្រើន​ជា​ជន​ដើម​ភាគតិច​ឡាវ និយាយ​ភាសា​ឡាវ ទំនាក់ទំនង​ក្នុង​តំបន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

3 Responses to "មេឃុំ​បក្ស​ប្រឆាំង​ជាប់ឆ្នោត​មួយ​រូប​នៅ​ស្ទឹងត្រែង​​សុខចិត្ត​ដើរ​រើស​ខ្យង​លក់​ក៏​មិន​ចុះចូល ​CPP"

  1. Anonymous says:

    Bravo’ we really appreciated your conscience ‘ you are the real khmer love nation ‘GOD bless you&family’ wish you successful in the future’

  2. so socheath says:

    ហាស ! ហាស
    ឲ្យតម្លៃខ្លួនអ្ហែងខ្ពង់ពេកទេដឹង ?
    និយាយត្រង់ចុះ សមត្ថភាពពួកអាពូជឆ្កែបក្សសង្គ្រោះផេះ ជួលវ៉ាមកឲ្យបាយឆ្កែនៅផ្ទះខ្ញុំ មិនជួលផង !
    ខ្លាចឆ្កែខ្ញុំដាច់បាយងាប់ ដោយសារ ភាពល្ងង់ខ្លៅនឹងខ្ជិលច្រអូសរបស់វាណាស់ ។

  3. Anonymous says:

    according to these two comments about any human being can judge one of it should not be a human being. we already knew it is SO SOCHEATH according to the meaning of it. we also knew that this guy is an old guy around 60 his identity is not clear rather he is a Vietnamese or a Cambodian gangster’s killer . the reason why we knew this guy was a rough human being it is because of his words. the ideological study said the person that not enough educated always lifting himself so high. it is very dangerous if this kind of guy can make his way to be a responsible for any nation. every one knew the high educated person always not talking too much and also not using some kind of animal words. I’m sorry it was so shameful to be a Cambodian’s born.