តុលាការ​​ខេត្ត​ព្រះសីហនុ​ចោទ​ប្រកាន់​​ជនជាតិ​ចិន ៤នាក់ ពាក់ព័ន្ធ​នឹង​ការ​​បាក់​អគារ​ស្លាប់​​មនុស្ស​ជា​ច្រើន​នាក់​

ដោយ សុ ជីវី
2019-06-25
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​អ្នក​សង្គ្រោះ​កំពុង​សែង​ជន​រងគ្រោះ​ចេញ​ពី​គំនរ​ឥដ្ឋ និង​ឆ្អឹង​ដែក នៃ​អគារ​ ៧ជាន់ ដែល​បាក់រលំ​សង្កត់​កម្មករ​ស្លាប់ និង​របួស​ជាង ៥០នាក់ កាល​ពី​ព្រលឹម​ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក
ក្រុម​អ្នក​សង្គ្រោះ​កំពុង​សែង​ជន​រងគ្រោះ​ចេញ​ពី​គំនរ​ឥដ្ឋ និង​ឆ្អឹង​ដែក នៃ​អគារ​ ៧ជាន់ ដែល​បាក់រលំ​សង្កត់​កម្មករ​ស្លាប់ និង​របួស​ជាង ៥០នាក់ កាល​ពី​ព្រលឹម​ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក


តុលាការចោទប្រកាន់មនុស្ស៧នាក់ រឿងបាក់អាគារសម្លាប់មនុស្សជិត៣០នាក់


សាលាដំបូងខេត្ត​ព្រះ​សីហនុ សម្រេច​​ចោទ​ប្រកាន់​ជនជាតិ​ចិន ៤នាក់ ពាក់ព័ន្ធ​នឹង​ការ​​បាក់​អគារ​កម្ពស់ ៧ជាន់​បណ្ដាល​ឲ្យ​កម្មករ​សំណង់ខ្មែរជាច្រើននាក់ស្លាប់ និង​របួស។ សង្គម​ស៊ីវិល ជំរុញ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ពាក់ព័ន្ធ​ទាំង​អស់​ឲ្យ​បាន​ធ្ងន់ធ្ងរ​តាម​​ច្បាប់។

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុលោក សុក ហេង បានចេញដីកាបង្គាប់​ឲ្យឃុំ​ខ្លួនជនជាតិ​ចិន​ចំនួន ៤នាក់ ក្រោយចោទប្រកាន់ផ្សេងៗ គ្នា បន្ទាប់ពីពួកគេបានសាងសង់​អាគារកម្ពស់ ៧ជាន់ ដោយគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរកម្ពុជា និង​សាងសង់ខុសបច្ចេកទេស បណ្តាល​ឲ្យ​រលំ​បាក់ អគារ​សង្កត់​សម្លាប់​កម្មករ​ខ្មែរ​ដែលស៊ីឈ្នួលធ្វើការសំណង់នៅទីនោះ​ស្លាប់​ចំនួន ២៨នាក់ និង​របួស​ធ្ងន់​ស្រាល​ចំនួន ២៦នាក់។

ចៅក្រមស៊ើបសួរ ចោទប្រកាន់ម្ចាស់ការដ្ឋានសំណង់​ឈ្មោះ ជីង គុន (Cheng Kun) អាយុ ៣៩ឆ្នាំ និង​ម្ចាស់​ក្រុមហ៊ុន​ម៉ៅ​ការ​សំណង់​ ស៊ីកាំង ថុង កុង ជី ហៃសោវ (Gang Tang Gong Gou Ji Haisao) គឺលោក ដេង ហ្ស៊ីន ហ្គុល (Deng Xin Gul) វ័យ ៤៨ឆ្នាំ ពីបទមនុស្សឃាតដោយអចេតនាបង្កឲ្យមាន​របួស​ដោយ​អចេតនា និង​​ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​​ចេតនា​​មាន​​ស្ថាន​ទម្ងន់​ទោស ដោយសារ​បង្ក​របួស​​ស្នាម​​ដល់​​អ្នក​​ដទៃ។ ចំណែកជាងសំណង់ឈ្មោះ ហ្គៅ យុ (Gao Yu) និង​​ស្ត្រី​​មើល​​ការងារ​​ក្នុង​ការដ្ឋាន ឈ្មោះ ហ្ស៊ី យ៉ា ភីង (Xie Ya Ping) ត្រូវ​​បាន​​ចោទ​​ប្រកាន់​​ពី​​បទ​​សម​​គំនិត​​ក្នុង​​អំពើ​​មនុស្ស​ឃាត​​ដោយ​​អចេតនា​ សម​គំនិត​ក្នុង​អំពើ​​បង្ក​ឱ្យ​មាន​របួស​ដោយ​អចេតនា និង​សម​គំនិត​ក្នុង​អំពើ​ធ្វើ​ឱ្យ​ខូច​ដោយ​ចេតនា មាន​​ស្ថាន​​ទម្ងន់​​ទោស ដោយ​សារ​​បង្ក​​របួស​​ស្នាម​​ដល់​​អ្នក​​ដទៃ តាម​មាត្រ២៩ មាត្រា ២០៧ មាត្រា២៣៦ និង​មាត្រា៤១៤ នៃ​​ក្រម​ព្រហ្មទណ្ឌ។

នៅ​ថ្ងៃ​​ទី២៥ មិថុនា​ដដែល តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ​ចោទ​ប្រកាន់​​មនុស្ស ៣នាក់​​បន្ថែម​​ទៀត ប៉ុន្តែ​​មិន​​បង្ហាញ​អត្តសញ្ញាណ​​ទេ គ្រាន់​​តែ​​ប្រាប់​​ថា មនុស្ស ៣នាក់​នោះ គឺ​​មាន​ជន​​ជាតិ​​ខ្មែរ និង​​ជន​​ជាតិ​​ចិន។

អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែម​ពីអ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ លោក ហួត វិចិត្រ បាន​ទេ ដោយ​ទូរស័ព្ទ​ចូល ប៉ុន្តែ​បាន​បិទ​ទៅ​វិញ។ រី​ឯ​​ទូរស័ព្ទ​អ្នក​នាំពាក្យសាលាដំបូងខេត្តព្រះសីហនុ​មួយ​រូប​ទៀត គឺ​លោក លឹម ប៊ុនហេង ហៅ​ចូល ពុំ​មាន​អ្នក​ទទួល។ ប៉ុន្តែ​លោក លឹម ប៊ុនហេង បាន​​ប្រាប់​ប្រព័ន្ធ​ឃោសនា​ដែល​ស្និទ្ធ​របប​ក្រុង​ភ្នំពេញ​ថា ពិត​ជា​មាន​មនុស្ស ៣នាក់​បន្ថែម​ទៀត​មែន ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ និង​បញ្ជូន​សំណុំ​រឿង​ទៅ​កាន់​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។ ពួក​គេ​ទាំង ៣នាក់​នេះ ត្រូវ​បាន​ចោទ​ប្រកាន់ ពី​បទ​សម​គំនិត​ក្នុង​អំពើ​មនុស្សឃាត​ដោយ​អចេតនា​សម​គំនិត​ក្នុង​អំពើ​បង្ក​ឲ្យ​មាន​របួស​ដោយ​អចេតនា និង​សម​គំនិត​ក្នុង​អំពើ​ធ្វើ​ឲ្យ​ខូច​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​សារ​បង្ក​របួស​ស្នាម​ដល់​អ្នក​ដទៃ

អាគារដែលបាក់រលំ​សង្កត់​កម្មករសំណង់ស្លាប់ និងរបួសច្រើននេះ មានកំពស់ ៧ជាន់ សង់​ពី​គ្រោង​ដែក មាន​បណ្តោយ ៣០ម៉ែត្រ និង​ទទឹង ១៥ម៉ែត្រ។ វា​ជា​អគារ​ថ្មី​កំពុង​សាងសង់ និង វិនិយោគ​ដោយ​ជនជាតិចិន។ អាគារ​នេះ មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ៣ សង្កាត់៤ ខេត្ត​ព្រះសីហនុ បាន​រលំ​ដួល​កាលកាលពីម៉ោង ៤ទៀបភ្លឺ ថ្ងៃទី២២ ខែមិថុនា។ អាជ្ញាធរខេត្តព្រះសីហនុ និងក្រសួង​ដែន​ដី​បញ្ជាក់​ថា​ អាគារ​នេះ សង់​ឡើង​ដោយ​គ្មានច្បាប់អនុញ្ញាត និងខុសបច្ចេកទេស ហើយ​អាជ្ញាធរ​បាន​ហាម​ឃាត់ ២ដងហើយ ប៉ុន្តែជនជាតិចិន ដែល​ជាម្ចាស់ការដ្ឋានមិនចូលរួមសហការ។

មន្ត្រីសប្របសម្រួលសមាគម អាដហុក ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី លើក​ឡើង​ថា ការ​ចោទ​ប្រកាន់​ជន​ជាតិ​ចិន​​ទាំង ៤នាក់ ពី​បទ​មនុស្ស​ដោយ​អចេតនា និង​ចោទ​ពី​បទ​សម​គំនិត​ក្នុង​អំពើ មនុស្ស​ឃាត​អចេតនា​នេះ គឺ​ហាក់​ដូច​ជា​នៅ​ស្រាល មិន​សាកសម​នឹង​អំពើ​របស់​ពួក​គេ​នោះ​ទេ។ លោក​ស្រី​ជំរុញ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ជនជាតិ​ដែល​បំពាន​ច្បាប់​កម្ពុជានេះឲ្យបានធ្ងន់ធ្ងរ៖ «»

ទន្ទឹមគ្នានេះ អ្នកស្រី​ជំរុញឲ្យរដ្ឋាភិបាល ជាពិសេសគណៈកម្មការដែលបង្កើតឡើងដើម្បីស្រាវជ្រាវ រក​មូលហេតុ​នៃ​ការ​បាក់​រលំ​អគារ​នេះ ត្រូវពន្លឿនការងាររបស់ខ្លួនដោយឯករាជ្យនិងត្រឹមត្រូវដើម្បី លាត​ត្រដាង​ការ​ពិត និង​នាំ​ខ្លួន​អ្នក​ពាក់ព័ន្ធ ឬ​មន្ត្រី​ខិល​ខូច​​មួយ​ចំនួន ដែល​បណ្តោយ​ឲ្យ​សំណង់​អាគារ កម្ពស់ ៧ជាន់​របស់​ជន​ជាតិ​ចិន បន្ត​សាងសង់​ស្ទើរ​រួចរាល់​ទាំង​គ្មាន​ច្បាប់​អនុញ្ញាត៖ «»

អ្នក​ជំនាញ​ផ្នែក​ច្បាប់ លោក​មេធាវី សុក សំអឿន មានប្រសាសន៍ថា លោក មិន​ដឹង​ថា តុលាការ​មាន​ភស្តុតាង​​អ្វី​​ខ្លះ​ក្នុង​ការ​ចោទ​ប្រកាន់​ជន​ជាតិ​ចិន​ទាំង ៤នាក់​នោះ​ទេ ប៉ុន្តែ​ប្រសិន​បើ​ជន​ជាតិចិន ដែល​ម្ចាស់​ការដ្ឋាន​សំណង់ និង​ក្រុមហ៊ុន​ម៉ៅ​ការ​សំណង់ ដឹង​ថា ការសាងសង់របស់ពួកគាត់ខុសបច្ចេកទេស និង​គ្មាន​ច្បាប់​អនុញ្ញាត ហើយ​នៅ​តែ​បំពាន​ទៀត គឺ​ត្រូវ​មាន​ទោស​ធ្ងន់ធ្ងរ ព្រោះបណ្តាលឲ្យ មនុស្ស​ស្លាប់ និង​របួស​ច្រើន​នាក់។ លោក​ពន្យល់​ទៀត​ថា អាជ្ញាធរ​ពាក់ព័ទ្ធ​របស់​រដ្ឋាភិបាល​ក៏​ប្រឈម ចំពោះ​​មុខ​​ច្បាប់​​ដែរ ប្រសិន​បើ​រក​ឃើញ​ថា ដើម​ហេតុ​ដួល​រលំ​អគារ​នេះ វា​កើត​ឡើង​ពី​ការ​ធ្វេស​​ប្រហែស ឬ​​ទទួល​ផល​ណា​មួយ ជា​ថ្នូរ​នឹង​មិន​ចាត់​វិធានការ​ច្បាប់៖ «»

ទាក់ទិននឹងការបាក់រលំអាគារនេះ លោក ហ៊ុន សែន បានសម្រេចផ្ទេរភារកិច្ចអភិបាលខេត្តព្រះសី ហនុ​លោក យន្ត មីន ឲ្យទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃវិញ ក្រោយពីលោក យន្ត មីន ទទួល​ស្គាល់​កំហុសនិងសុំលាលែងពីដំណែង។ បន្ទាប់មក លោក ហ៊ុន សែន ក៏បានដក​លោក ញឹម វណ្ណដា ចេញពី​តំណែង​ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១​គណៈកម្មកា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះ មហន្តរាយ​ដោយសារ «ខ្វះ​ទំនួល​ខុសត្រូវ​និង​ភូតភរ» ក្នុង​ការដឹកនាំ​ប្រតិបត្តិ​ការ​ជួយ​សង្គ្រោះ​ជន រង​គ្រោះ។ ប៉ុន្តែ​បន្តិច​ក្រោយ​មក លោក ហ៊ុន សែន ស្នើសុំ​តែងតាំង​ជា​ទីប្រឹក្សា​រដ្ឋាភិបាល មាន​ឋានៈ ស្មើ​ទេសរដ្ឋមន្ត្រី​ដដែល។

អ្នកតាមដានព្រឹត្តិការណ៍នេះ ចាត់ទុកថា លោក ហ៊ុន សែន គ្រាន់តែប្រើល្បិចដើម្បីរម្ងាប់អារម្មរណ៍ ប្រជាជន​ប៉ុណ្ណោះ។

អ្នកស្រី ជៀប សុធារី លើកឡើងថា ការផ្ទេរភារកិច្ចមន្ត្រីចុះឡើងបែបនេះ ប្រហែលជាមិនអាចដោះ ស្រាយបញ្ហាក្នុងខេត្តព្រះសីហនុ និងរម្ងាប់អារម្មរណ៍ប្រជាជនបាននោះទេ។ អ្នកស្រី បន្ថែមថា នៅ ពេល​ឃើញសំណង់អាគារ ដែល​សាងសង់​ពី​គ្រោង​ដែក​ដួល​រលំ​បែប​នេះ ធ្វើឲ្យអ្នកស្រីនិងពលរដ្ឋ មួយ​ចំនួន កាន់តែមានការព្រួយរម្ភព្រោះសំណង់អាគារ នៅក្នុងខេត្តព្រះសីហនុដែលវិនិយោគ ដោយ​ជន​ជាតិ​ចិន​ប្រមាណ ៧០ ទៅ ៨០ ភាគ​រយ​សាងសង់​ដោយគ្រោងដែកទាំងអស់៖ «»

ក្រោយការបាក់រលំអាគារកម្ពស់ ៧ជាន់នេះ របបក្រុងភ្នំពេញ បានសម្រេចបង្កើតគណៈកម្មការត្រួត ពិនិត្យគុណភាពសំណង់ និងលក្ខណៈសម្បត្តិរបស់ក្រុមហ៊ុនម៉ៅការសាងសង់នៅខេត្តព្រះសីហនុ ឡើងវិញ។ចំណែកក្រសួងរៀបចំដែនដី ក៏​បាន​ចេញ​សេចក្តីប្រកាសណែនាំឲ្យរដ្ឋបាលខេត្តព្រះសី ហនុ​បញ្ឈប់ផ្តល់គោលការណ៍ឲ្យដំណើការសាងសង់ មុនទទួលបានលិខិតអនុញ្ញាតសាងសង់។ សេចក្តីប្រកាសបញ្ជាក់ថា ការដ្ឋាន​សំណង់​ជា​ច្រើន​ក្នុង​ខេត្ត​ព្រះសីហនុ​កំពុង​ដំណើរ​ការ​សាងសង់​ខ្លះ ជិត​រួចរាល់ស្ទើទាំងស្រុងដោយពុំមានលិខិតអនុញ្ញាតឲ្យសាងសង់នោះទេ។

អ្នក​នាំពាក្យសាលាខេត្តព្រះសីហនុ មិនទាន់អាចបញ្ជាក់បានទេ អំពីលទ្ធផលត្រួតពិនិត្យគុណភាព សំណង់​នៅក្នុងខេត្តព្រះសីហនុ ព្រោះក្រុមការងារកំពុងបន្តស្រាវជ្រាវនៅឡើយ។

កម្មករ​សំណង់​ដែល​នៅរស់រានមានជីវិតម្នាក់ គឺលោក អ៊ឹម ចំរើន រៀបរាប់​ថា លោក​មាន​ស្រុក​កំណើត​នៅ​ខេត្តពោធិ៍សាត់ ហើយទើបតែចូលធ្វើការទីនោះបាន២ថ្ងៃប៉ុណ្ណោះ។ លោក​បន្ត​ថា នៅ​ពេល​ទៅ​ដល់​ការដ្ឋានសំណង់ថ្ងៃដំបូងនោះ ក្រុម​ការងារ​របស់​លោក បាននិយាយថា គ្រោងដែក​អាគារ​​នេះ ហាក់​មិនសូវមាំទាំនោះទេ។ លោកបន្ថែមទៀតថា ដែក និងឥដ្ឋ រួមទាំងសម្ភារៈសាងសង់​​ទាំង​អស់ គឺសុទ្ធតែនាំចូលពីប្រទេសចិន ដែលមើលទៅហាក់មិនសូវមាំទាំ​នោះ​ទេ។ លើស​ពី​នេះ ស្ទើរ​តែ​គ្រប់​ការដ្ឋានសំណង់របស់ជនជាតិចិន មិន​បាន​ខ្វាយខ្វល់​ផ្ដល់​សម្ភារៈ និង​ឧបករណ៍​ការពារ សុវត្ថិភាព​ដល់​កម្មករ​ខ្មែរ ដូចជា កម្មករ​ជនជាតិ​ចិន​នោះ​ទេ៖ «»

ទោះ​បី​ជា​យ៉ាង​ណា​ក្តី មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន ថ្លែង​ការពារ​អ្នក​វិនិយោគ​ចិន ហើយ​ថ្កោលទោស​អ្នក​រិះគន់​ការ​វិនិយោគ​របស់​ចិន​ថា ជា​ក្រុម​ប្រឆាំង។ ថ្លែង​ក្នុង​ពេល​បិទ​បញ្ចប់ការ​រុក​រក​ជន​រង​គ្រោះ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ទី២៥​មិថុនា លោក ហ៊ុន សែន លើក​ឡើង​ថា គ្រោះថ្នាក់​អាច​កើត​មាន​ឡើង​គ្រប់​ពេល​ដែល​មិន​ថា ​ជនជាតិ​ណា​ជា​អ្នក​បង្ក​ទេ ​ប៉ុន្តែ​កត្តា​សំខាន់​ត្រូវ​គិត​ពី​ប្រយោជន៍​ជាតិ​និង​ពលរដ្ឋ។ លោក​អះអាង​ថា ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​កំពុងតែ​ទទួល​បាន​ផល​ពី​ការ​វិនិយោគ​ទុន​របស់​ចិន។ ក្នុងពេលនោះ លោក ហ៊ុន សែន ក៏បានប្រកាសយកថវិកាជាតិ​បូករួម ជា​មួយ​ថវិកា​សប្បុរស​ជនជូនគ្រួសាររបស់អ្នកស្លាប់ម្នាក់ៗទទួលបាន៧ម៉ឺនដុល្លារ ហើយ​អ្នក​រង​របួស ទទួល​បាន ១ម៉ឺនដុល្លារ។ចំណែក​ជន​រង​គ្រោះ ២នាក់ ដែល​នៅ​មាន​ជីវិត​ក្រោយ​កប់ក្រោមគំនរបាក់​បែក​របស់​សំណង់​រយៈពេល ២យប់ ៣ថ្ងៃ និងត្រូវបានជួយសង្គ្រោះចុងក្រោយគេនោះ គឺទទួលបាន ៣ម៉ឺន​ដុល្លារ។ បន្ថែម​ពី​នេះ លោក ហ៊ុន សែន អះអាងថា ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​សាងសង់​សំណង់​នេះ គឺ​​មិន​​បញ្ចប់​ឡើយ ដើម្បី​ស្វែង​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាក់​អគារ​នេះ​បន្ថែម​ទៀត។

ដោយឡែក ប្រធាន​ស្តីទី​គណបក្ស សង្គ្រោះ​​ជាតិ លោក​ សម រង្ស៊ី​ រួម​ទាំង​សង្គម​ស៊ីវិល និង​ប្រជា​ពលរដ្ឋ​មួយ​ចំនួន ​បាន​ភ្ជាប់​ការ​ដួល​រលំ​អគារ​នេះ​ទៅ​នឹង​អំពើ​ពុករលួយ ​ការ​ព្រងើយ​កន្តើយ ​និង​ស្មារតី​មិន​ទទួល​ខុស​ត្រូវ​របស់​ថ្នាក់​ដឹក​នាំ​ប្រទេស។​ លោក​ សម រង្ស៊ី​ បាន​សរសេរ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ថា នេះ​គ្រាន់តែ​ជា​សញ្ញា​មួយ ដែល​យើង​ទើបតែ​មើល​ឃើញ​ទាំង​អស់​គ្នា​ តែ​មិន​ដឹង​ថា​ តើ​មាន​អគារ​បែប​នេះ ​ប៉ុន្មាន​ខ្នង​ទៀត ​ដែល​កំពុង​តែ​សាងសង់​ដែរ​ ឬ​ក៏​ត្រូវ​បាន​​សង់​រួច​ហើយ ដោយ​មិន​មាន​​លិខិត​អនុញ្ញាត​ ហើយ​ដោយ​មិន​បាន​ទទួល​ការ​ត្រួត​ពិនិត្យ​អ្វី​ឡើយ ​ចំពោះ​ស្តង់ដារ​បច្ចេកទេស​ និង​សុវត្ថិភាព។ នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ ​មនុស្ស​ខិលខូច​​ចង់​ធ្វើ​អ្វី​ក៏​បាន​ដែរ​ ឲ្យ​តែ​មាន​លុយ។ លោក​ថា របប​ពុករលួយ ​ដឹកនាំ​ដោយ ហ៊ុន សែន គឺ​​ជា​​គ្រោះថ្នាក់​សាធារណៈ ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles