“​ភាសា​បារាំង​នៅ​តែ​ដើរ​តួនាទី​សំខាន់​ក្នុ​ង​វិស័យ​សុខា​ភិបាល​កម្ពុជា​”​

ដោយ សឿង ភារៈ
25/06/2019
RFI

media
ភាសាបារាំងនៅតែដើរតួនាទីសំខាន់ក្នុងវិស័យសុខាភិបាលកម្ពុជា
@សហការី


ភាសា​បារាំង​នៅ​តែដើរ​តួនាទី​សំខាន់​ក្នុង​ការ​អប់រំ​លើ​ផ្នែក​សុខាភិបាល​នៅ​កម្ពុជា​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិ​បាល ក្នុង​ឱកាស​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ទី​តាំង​ផ្តល់​ព័ត៌មាន​ Espace France ក្នុង​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​នា​ថ្ងៃ​នេះ​។

រដ្ឋលេខាធិការ​នៃ​ក្រសួង​សុខាភិបាល លោក ហេង តៃគ្រី បាន​លើក​ឡើង​ថា ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ភាសា​បារាំង​នៅ​តែ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បណ្តុះ​បណ្តាល​ផ្នែក​សុខាភិបាល​ក្នុង​ប្រទេស​កម្ពុជា​។ ជាក់​ស្តែង​ក្នុង​ចំណោម​ដៃ​គូសហ​ប្រតិបត្តិការ​របស់​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ទាំង​៩០​ស្ថាប័ន មាន​ដៃគូចំនួន​១៩​ស្ថិត​នៅ​ក្នុង​ប្រទេស​បារាំង ដែល​ជា​ចំនួន​មួយ​ច្រើន​ជាង​គេ​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​ផ្សេង​ទៀត​។

លោក ហេង តៃគ្រី បញ្ជាក់​ថា ទីតាំង​ផ្តល់​ព័ត៌មាន Espace France នឹង​ចូលរួម​ចំណែក​បង្កើន​ការ​ផ្សព្វផ្សាយ​ជាភាសា​បារាំង និង​បង្កើន​ចំនួន​និស្សិត ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​បារាំង និង​ទៅ​តាម​បណ្តា​ប្រទេស ដែល​ប្រើប្រាស់​ភាសា​បារាំង​ផ្សេង​ទៀត​។

លោក​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​បារាំង ជួយ​ផ្តល់​ការ​គាំទ្រ​តាម​រយៈការ​បណ្តុះ​បណ្តាល​ផ្នែក​ភាសា​បារាំង​ និង​បង្កើន​ចំនួន​អាហារូបករណ៍​ដល់​និស្សិត​ពេទ្យ​កម្ពុជា ដើម្បី​បាន​សិក្សា​ក្នុង​ប្រទេស​បារាំង​។

លោក​ស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គ​រដ្ឋទូត​បារាំង​ប្រចាំ​ប្រទេស​កម្ពុជា​ថ្លែង​នាព្រឹក​ថ្ងៃទី២៥ ខែ​មិថុនា ថា ទីតាំង​ផ្តល់​ព័ត៌មាន Espace France នឹង​ពង្រឹង​ទំនាក់​ទំនង ដែល​ធ្លាប់​មាន​រាប់​ឆ្នាំ​មក​ហើយ​រវាង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​កម្ពុជា ជា​មួយ​វប្បធម៌​បារាំង​។ លោក​ស្រីលើក​ឡើង​ថា ភាសា​បារាំង និង​ការ​រៀន​ផ្នែក​សុខាភិបាល​គឺ​ជា​គូនឹង​គ្នា​ក្នុង​ប្រទេស​កម្ពុជា​។

សាកល​វិទ្យាធិការនៃ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ​លោក សាផុន វឌ្ឍនៈ បាន​លើក​ឡើង​ថាគោល​បំណង​នៃ​ការ​រៀប​ចំ​ទីតាំង​ផ្តល់​ព័ត៌មាន​នេះ គឺ​សម្រាប់​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្សេងៗ​ទាក់​ទង​នឹង​ការ​សិក្សា​ភាសា​បារាំង អាហារូបករណ៍​ផ្សេងៗ​នៃ​បណ្តា​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង និង​អាច​ផ្តល់​ឱកាស​ឲ្យ​និស្សិត​សាកល​វិទ្យាល័យ​វិទ្យាសាស្រ្តសុខាភិបាល​សិក្សា​ជា​លក្ខណៈ​ក្រុម​តូច (Atelier) លើ​ប្រធាន​បទ​សំខាន់ៗ​មួយ​ចំនួន​៕

What Next?

Recent Articles

Leave a Reply

Submit Comment