អាជ្ញាធរ​ប្រកាស​រក​សាច់ញាតិ​ដើម្បី​មក​ទទួល​សាកសព​ម្នាក់​ដែល​មិន​ស្គាល់​អត្តសញ្ញាណ

ដោយ ហេង រស្មី
2019-06-26
RFA

សកម្មភាព​សមត្ថកិច្ច​រុករក​ជនរងគ្រោះ​ដែល​ក្នុង​អគារ​ដួល​រលំ​នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី២៣ មិថុនា ២០១៩។ Photo courtesy of Royal Du Cambodge's Facebook Page
សកម្មភាព​សមត្ថកិច្ច​រុករក​ជនរងគ្រោះ​ដែល​ក្នុង​អគារ​ដួល​រលំ​នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី២៣ មិថុនា ២០១៩។ Photo courtesy of Royal Du Cambodge’s Facebook Page


អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ប្រកាស​ស្វែងរក​ក្រុម​គ្រួសារ​សាច់ញាតិ​ឱ្យ​មក​ទទួលយក​សាកសព​ម្នាក់​បន្ទាប់ពី​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​កាយ​ចេញពី​គំនរ​ឥដ្ឋ​បាក់បែក​នៃ​ការ​បាក់​រលំ​អគារ ៧​ជាន់​នៅ​​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​ទី​២២ មិថុនា។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​២៥ មិថុនា​ថា សាកសព​ចុងក្រោយ​គេ​ដែល​ក្រុម​អ្នក​ជួយសង្គ្រោះ​រក​ឃើញ​មាន​សភាព​ហើម ពិបាក​ក្នុង​ការកំណត់​អត្តសញ្ញាណ ហើយ​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ក្រុម​គ្រួសារ​សាច់ញាតិ​ណាមួយ​ទទួលយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឡើយ។

លោក​បញ្ជាក់​ថា ខាង​វេជ្ជបណ្ឌិត​គ្រាន់តែ​បាន​កំណត់​ថា ជន​រងគ្រោះ ភេទ​ប្រុស ហើយក៏ មិន​អាច​ដឹង​ថា ជា​កម្មករ​ខ្មែរ ឬ​ជនជាតិ​ចិន​ទេ ហើយ​សមត្ថកិច្ច​បាន​តម្កល់ទុក​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួល។

លោក​បញ្ជាក់​ថា ក្រុម​សមត្ថកិច្ច​បាន​ទទួល​ទូរស័ព្ទ​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ​ជាច្រើន ដើម្បី​ស្វែងរក​អ្នក​ដែល​បាន​បាត់​ខ្លួន​នៅ​ក្នុង​គំនរ​អគារ​បាក់បែក ប៉ុន្តែ​មិន​មាន​ជនរងគ្រោះ​ណា​ម្នាក់​នៅ​បាត់​ខ្លួន​ទេ គឺ​ដោយសារតែ​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​បិទ​បញ្ចប់​សកម្មភាព​រុករក​អ្នក​ដែល​នៅ​រស់រាន​មាន​ជីវិត​ជា​ស្ថាពរ​ហើយ​កាលពី​ថ្ងៃ​ទី​២៥ មិថុនា។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​លោក ឃាង ភារម្យ បញ្ជាក់​ថា អាជ្ញាធរ​រង់ចាំ​ការវាយតម្លៃ​ពី​គណៈកម្មការ​ស្រាវជ្រាវ​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ជាមុន​សិន មុននឹង​ប្រកាស​ជា​សាធារណៈ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles