អ្នកច្បាប់ និង​សង្គម​ស៊ីវិល​សាទរ​អភិបាល​ខែត្រ​ព្រះសីហនុ​លា​លែង​ពី​តំណែង និង​ដក​តួនាទី​លោក ញឹម វណ្ណដា

ដោយ ទីន ហ្សាការីយ៉ា
2019-06-25
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

​លោក ញឹម វណ្ណដា (ឆ្វេង)អនុ​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​លោក យន្ត មីន អភិបាល​ខែត្រ​ព្រះសីហនុ និងដែល​​ទើប​តែ​ត្រូវ​បាន​បញ្ចប់​តំណែង។ រូប៖ ហ្វេសប៊ុក​លោក ញឹម វណ្ណដា និង​ហ្វេសប៊ុក​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ
​លោក ញឹម វណ្ណដា (ឆ្វេង)អនុ​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​លោក យន្ត មីន អភិបាល​ខែត្រ​ព្រះសីហនុ និងដែល​​ទើប​តែ​ត្រូវ​បាន​បញ្ចប់​តំណែង។ រូប៖ ហ្វេសប៊ុក​លោក ញឹម វណ្ណដា និង​ហ្វេសប៊ុក​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ


អ្នកច្បាប់ និង​មន្ត្រី​សង្គម​ស៊ីវិល​សាទរ​ចំពោះ​ការ​បង្ហាញ​ការ​ទទួល​ខុស​ត្រូវ​របស់​អភិបាល​ខែត្រ​ព្រះសីហនុ លោក យន្ត មីន ដែល​ប្រកាស​លា​លែង​ពី​តំណែង​ដ៏​កម្រ​មួយ​នៅ​ក្នុង​សម័យ​លោក ហ៊ុន សែន និង​ការ​ដក​តួនាទី អនុ​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នោះ ប៉ុន្តែ​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​សំណុំរឿង​នេះ មិន​មែន​មាន​តែ​មនុស្ស​តែ​ពីរ​នាក់​នេះ​ទេ គឺ​មាន​មន្ត្រី​ជា​ច្រើន​ទៀត រួម​ទាំង​ភាគី​ចិន​ផង ត្រូវ​មក​ទទួល​ខុស​ត្រូវ​លើ​រឿង​បាក់​អគារ​នេះ។

អ្នកច្បាប់ និងមន្រ្តី​សង្គម​ស៊ីវិល អះអាង​ថា ការ​បញ្ចប់​មុខ​តំណែង​លោក ញឹម វណ្ណដា និង​ការ​ប្រកាស​លា​លែង​ពី​អភិបាល​ខែត្រ​របស់​លោក យន្ត មីន នោះ មិន​មែន​ជា​រឿង​ទទួល​ខុស​ត្រូវ ហើយ​បញ្ចប់​បញ្ហា​ពលរដ្ឋ​ស្លាប់ និង​របួស​ជា​ច្រើន​នាក់​ដោយ​សំណង់​អាគារ​របស់​ចិន​រលំ​បាក់​សង្កត់​លើ​នោះ​ឡើយ។

ពួក​គាត់​យល់​ថា នៅ​មាន​មន្ត្រី​ជា​ច្រើន​ទៀត ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ផ្លូវ​ច្បាប់ និង​ពិន័យ​រដ្ឋបាល ទើ​បង្ហាញ​ថា រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​ខ្ពស់ និង ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ។

ប្រធាន​ប្រធាន​អង្គការ​សម្ពន្ធភាព​ការងារ​កម្ពុជា ហៅ​កាត់​ថា Central លោក មឿន តុលា មាន​ប្រសាសន៍​ថា ការ​លា​លែង​ពី​តំណែង​របស់​អភិបាល​ខែត្រ​ព្រះសីហនុ និង​ការ​ដក​តួនាទី​របស់​លោក ញឹម វណ្ណដា ជា​រឿង​ល្អ​ហើយ តែ​បញ្ហា​នៅ​ត្រង់​ថា តើ​អ្នក​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​សាង​សង់​អគារ​គ្មាន​គុណភាព និង​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ជិត ៦០នាក់​នេះ ហើយ​ត្រូវ​មក​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់៖ «»

ការ​លើក​ឡើង​របស់​អ្នក​ច្បាប់ និង​សង្គម​ស៊ីវិល​នេះ នៅ​ស្រប​ពេល​លោក ហ៊ុន សែន ប្រកាស​ពី​មោទនភាព និង​ការ​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​លោក​ក្នុង​នាម​ជា​មេ​ដឹក​នាំ​ប្រទេស។ លោក ហ៊ុន សែន បាន​ធ្វើ​សន្និសីទ​កាសែត​ភ្លាមៗ ក្រោយ​ពី​លោក​បាន​ចូលរួម​ត្រួត​ពិនិត្យ​កម្លាំង​សមត្ថកិច្ច​កាយ​គំនរ​អគារ​បាក់​បែក​យក​ជន​រង​គ្រោះ កាល​ពី​ថ្ងៃ​ទី២៤ មិថុនា ដោយ​លោក​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ដក​តួនាទី​អនុប្រធាន​ទី១ របស់​លោក គឺ លោក ញឹម វណ្ណដា នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ដោយ​លោក ហ៊ុន សែន ផ្ដល់​ហេតុផល​យ៉ាង​ខ្លី​ថា លោក​ ញឹម វណ្ណដា «​ខ្វះ​ការទទួលខុសត្រូវ និង ភូតភរ។ លោក ហ៊ុន សែន ក៏​ប្រកាស​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ដក​មន្រ្តី​ផ្សេង​ទៀត បើ​លោក​រក​ឃើញ​ថា មាន​មន្ត្រី​ផ្សេង​ទៀត​ជាប់​ពាក់ព័ន្ធ​នឹង​អគារ​ដួល​រលំ​នេះ៖ «»

ទោះ​បី​ជា​លោក ហ៊ុន សែន ប្រកាស​ពី​ការ​ព្រមាន​មន្ត្រី​របស់​លោក​បែប​នេះ​ក្ដី ក៏​លោក​មិន​អាច​បញ្ចប់​ការ​រិះគន់​ពី​សាធារណជន​បាន​ឡើយ។ ក្រុម​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ហ្វេសប៊ុក លើក​ឡើង​ថា អ្នក​ដែល​ត្រូវ​ចេញ​មុខ​ទទួល​ខុស​ត្រូវ​មុន​គេ​នោះ គឺ​លោក ហ៊ុន សែន ខ្លួន​ឯង​តែ​ម្ដង ពី​ព្រោះ​ថា លោក​មាន​តួនាទី​ខ្ពស់​ជាង​គេ ហើយ​ត្រូវ​ទទួល​ខុស​ត្រូវ​ខ្ពស់​ជាង។ ម្យ៉ាង​ទៀត ការ​ដឹក​នាំ​របស់​លោក​ក្នុង​រយៈ​ពេល ៤០ឆ្នាំ​មក​នេះ មាន​អំពើ​អយុត្តិធម៌ និង​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ជា​ច្រើន ដូច​ជា ការ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ជាង ៣០០នាក់​នៅ​ស្ពាន​ពេជ្រ​កាល​ពី​ឆ្នាំ២០១០ ជា​ដើម។

ចំពោះ​លោក យន្ត មីន​ អភិបាល​ខែត្រ​ព្រះសីហនុ​វិញ បាន​ឲ្យ​អាស៊ី​សេរី​ដឹង​នៅ​រាត្រី​ថ្ងៃ​ទី២៤ មិថុនា បន្ទាប់​ពី​លោក ហ៊ុន សែន ប្រកាស​បញ្ចប់​មុខ​តំណែង​របស់​លោក​បញ្ជាក់​ពី​ថា មូលហេតុ​ដែល​លោក លាលែង​ពី​តំណែង​នេះ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​លោក និង​ជា​ការ​ទទួល​កំហុស៖ «»

លោក យន្ត មីន ក៏​ធ្លាប់​អះអាង​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី២ មិថុនា ក្រោយ​ពី អគារ​បាក់​ដួល​រលំ​ភ្លាមៗ ថា អគាររបស់ចិនកម្ពស់៧ជាន់នេះ គឺ​ជា​សំណង់​គ្មាន​ច្បាប់​អនុញ្ញាត ហើយ​លោក​បាន​ចុះ​ទៅ​ឃាត់​ពីរ​ដង​ដែរ តែ​ថៅកែ​ចិន​នោះ​មិន​ស្ដាប់​ ហើយ​លោក​ក៏​មិន​ដឹង​ធ្វើ​ដូច​ម្ដេច​ដែរ។

មេធាវី​នៃ​ក្រុម​អ្នក​ច្បាប់​សិលា លោក ជូង ជូងី ​ថា ​ការ​សម្រេច​លាឈប់​ពី​តំណែង​នេះ អាច​បង្ហាញ​ថា​លោក យន្ត មីន មាន​ការ​ទទួលខុស​ត្រូវ​ខ្ពស់​ក្នុង​តួនាទី​របស់​ខ្លួន ​ជា​អភិបាលខេត្ត​ព្រះសីហនុ ប៉ុន្តែ​លោក​ថា ​សោកនាដកម្ម​បាន​កើតឡើង​រួច​ទៅ​ហើយ។ លោក ជូង ជូងី យល់​ថា រឿង​ហេតុ​នេះ គឺ​មក​ពី​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ​ពិត​ប្រាកដ​ ប្រសិន​បើ​អាជ្ញាធរ​រក​ឲ្យ​ឃើញ​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​សាង​សង់​អគារ និង​អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​សាងសង់​តាំង​ដើម​ដំបូង នោះ​ហេតុការណ៍​បាក់​រលំ​អគារ ក៏​មិន​កើត​ឡើង​មាន​ដែរ៖ «ដោយ​សារ​តែ​គ្មាន​អ្នក​ទទួល​ខុស​ទាំង​អ្នក​បច្ចេកទេស​របស់​ក្រុមហ៊ុន និង​ខាង​រដ្ឋ ពាក់ព័ន្ធ​នឹង​សំណង់ និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ​បច្ចេកទេស​ពី​អ្នក​នយោបាយ​ដែល​មាន​អំណាច​លើ​អ្នក​បច្ចេកទេស​ហ្នឹង ទើប​បណ្ដាល​ឲ្យ​សោកនាដកម្ម​ហ្នឹង​កើត​ឡើង។ អ៊ីចឹង! ការ​លាលែង​តំណែង​របស់​អភិបាល​ខេត្ត​អត់​បាន​ស្ដារ​នូវ​ស្ថានការណ៍​ហ្នឹង​ឡើង​ទេ គឺ​វា​បាន​កើតឡើង​រួច​ទៅ​ហើយ។ ប្រសិន​ការ​លា​លែង​តំណែង​របស់​គាត់​ហ្នឹង ស្ដារ​ស្ថានការណ៍​ហ្នឹង​បាន នោះ​គឺ​រួច​អ្វីៗ ទាំង​អស់»

លោក ជូង ជូងី លើក​ឡើង​ថា ស្ថាប័ន​អយ្យការ​គឺ​ដើរ​តួនាទី​សំខាន់​ក្នុង​រឿង​នេះ ដើម្បី​រក​ឲ្យ​ឃើញ​ថា​មូល​ហេតុ​ពិត​ប្រាកដ ដែល​នាំ​ឲ្យ​រលំ​បាក់​អគារ​នេះ ​ហើយ​ជន​ណា​ខ្លះ ដែល​ពាក់​ព័ន្ធ​នឹង​រឿង​នេះ៖ «សោកនាដកម្ម​កើត​ឡើង​រួច​ទៅ​ហើយ មាន​មនុស្ស​ស្លាប់​ច្រើន ដូច្នេះ​ផ្លូវ​ច្បាប់​អត់​បាន​រួចផុត​ពី​ការ​ទទួល​ខុស​ត្រូវ​ទេ ត្រូវ​មាន​ការ​ស៊ើប​អង្កេត​ពី​សមត្ថកិច្ច។ ជាពិសេស​ព្រះ​រាជអាជ្ញា ត្រូវ​ដើរ​តួ​ជា​តំណាង​រដ្ឋ អនុវត្ត​អំណាច​អាជ្ញា ត្រូវ​ស៊ើប​អង្កេត​ថា​តើ នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ដែល​បណ្ដាល​ឲ្យ​បាក់​រលំ​អគារ​ស្លាប់​មនុស្ស​បែប​នេះ។ អ៊ីចឹង! ត្រូវ​យក​អ្នក​នោះ​មក​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់។ ហើយ​ចំណែក​ ប្រជា​ពលរដ្ឋ​ដែល​គាត់​រងគ្រោះ មាន​សិទ្ធិ​ទាមទារ​សំណង​ទៅ​តាម​ទឹក​ចិត្ត​របស់​គាត់​ ដែល​គាត់​យល់​ឃើញ​ថា​ បាត់បង់​សាច់ញាតិ​គាត់ ឬ​សាច់​ញាតិ​គាត់​គ្រោះ​ថ្នាក់ គាត់​ត្រូវ​ទទួល​សំណង​ប៉ុន្មាន។ អ៊ីចឹង! អ្នក​ទទួល​ខុស​ត្រូវ​ហ្នឹង ត្រូវ​ទទួល​ខុស​ព្រហ្មទណ្ឌ​ផង និង​ទទួល​ខុស​ត្រូវ​សំណង​ដល់​សាច់ញាតិ​អ្នក​ស្លាប់​ហ្នឹង​ផង»

ការ​បាក់​អគារ​របស់​ចិន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ២៨នាក់ និង​របួស ២៦នាក់​នេះ មិន​មែន​ត្រឹម​ត្រូវ​តែ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ព្រាត់​ប្រាស់​ក្រុម​គ្រួសារ និង​ធ្វើ​ឲ្យ​កូន​ចៅ​របស់​ពួក​គាត់​ក្លាយ​ជា​កូន​កំព្រា​ប៉ុណ្ណោះ​ទេ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ក្រុម​គ្រួសារ​ក្រីក្រ​របស់​កម្មករ​សំណង់​ទាំង​នេះ ទៅលើ​បញ្ហា​ជីវភាព​គ្រួសារ​នៅ​ពេល​អនាគត​ថែម​ទៀត។

គ្រួសារ​ជន​រង​គ្រោះ​ម្នាក់ ​នៅ​ខេត្ត​ព្រៃវែង ​គឺ​លោកស្រី​ ឃឹម​ សា​ខន​ រៀប​រាប់​ថា គាត់​មាន​សមាជិក​គ្រួសារ និង​សាច់​ញាតិ​សម្លាប់ និង​របួស​នៅ​ក្នុង​អគារ​នេះ គឺ​ប្ដី​របស់​ លោកស្រី​និង ​ក្មួយប្រុស​ម្នាក់ បាន​ស្លាប់​ ចំណែក​កូនប្រុស​ម្នាក់​និង​ក្មួយប្រុស​ម្នាក់ទៀត​រង​របួស​។ លោកស្រី​រន្ធត់ចិត្ត​ក្រៃលែង​នៅ​ពេល​ឃើញ​គេ​ទាញ​យក​សាកសព​ប្ដី ដែល​កប់​នៅ​ក្រោម​គំនរ​សំណង់​បាក់បែក​នោះ៖ «ខ្ញុំ​ពិបាក​ខ្លាំង​ណាស់​អាណិត​ប្ដី​ណាស់​ព្រោះ​បាត់បង់​ គ្រួសារ​របស់ខ្ញុំ​ដែល​ស្លាប់​ទៅ​ហើយ​កូនៗ កំព្រា​ បាត់បង់​ឪពុក។ បាត់​បង់​ប្ដី​អ៊ីចឹង​ទៅ​គឺ​ដូចជា​បាត់បង់​ដៃ​ម្ខាង​ហើយ​នៅសល់​តែ​ម្ខាង​ហើយ​ចំណូល​ពីមុន​ដែល​មាន១០ភាគរយ​ឥលូវ​នេះ​នៅសល់៥ភាគរយ​ឬ៣​ភាគ​រយ​អ៊ីចឹង​ណ៎ា។ យើង​ពឹង​កូន​ក៏​មិន​ដូច​ប្ដី​ដែរ»

គ្រួសារ​ជនរងគ្រោះ​មួយទៀត​នៅ​ខេត្ត​ក្រចេះ​ វិញ គឺ​លោក​ ឈុំ ​ចិន្តា​ រៀបរាប់​ថា​ ឪពុក​និង​ម្ដាយ​របស់​លោក​បាន​ស្លាប់​ ចំណែក​ប្អូនស្រី​របស់​លោក​របួសធ្ងន់ ​ក្រោយ​ជាប់​ក្នុង​គំនរ​សំណង់​បាក់​បែង​ជាង២០ម៉ោង។ យុវជន​រូប​នេះ​រៀបរាប់​ទាំង​ក្ដុកក្ដួល​ថា ​គ្រួសារ​របស់​លោក​ទើបតែ​ចំណាកស្រុក​ពី​ស្រុក​សម្បូរ​ ខេត្ត​ក្រចេះ​ ដើម្បី​ធ្វើការ​សំណង់​ក្នុង​ខេត្ត​ព្រះសីហនុ​កាលពីមុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ​ព្រោះតែ​បញ្ហា​ជីវភាព​ក្រីក្រ​ និង​ជំពាក់​បំណុល​ធនាគារ។ ឪពុក​ម្ដាយ​និង​ប្អូនស្រី​បាន​ធ្វើការ​ជាមួយគ្នា​ក្នុង​អាគារ​សំណង់​ដែល​ដួល​រលំ​នេះ​ ហើយ​លោក​នៅ​រស់​រាន​មាន​ជីវិត​នេះ ដោយសារតែ​លោក​ធ្វើ​សំណង់​នៅកន្លែង​ផ្សេង៖ «ខ្ញុំ​ធ្វើ​ការ​ឆ្ងាយ​ពី​គ្នា​ប្រហែល​ជា ៣ ទៅ ៤គីឡូ​ហើយ​ខ្ញុំ​មិន​នឹកស្មាន​ថា​ជា​កន្លែង​ឪពុក​ម្ដាយ​ខ្ញុំ​ធ្វើការ​ទេ​ ប៉ុន្តែ​ខល​ទៅ​គាត់​អត់​ចូល​ ហើយ​សង្ស័យ​ទើប​ខ្ញុំ​ទៅ​មើល​ទីនោះ។ ទៅ​ខ្ញុំ​ឃើញ​ប៉ា​ម៉ាក់​ខ្ញុំ​ស្លាប់​ស្ទើរ​គាំង​បេះ​ដួង​ហើយ​ពេលនោះ​ខ្ញុំ​នៅតែ​ម្នាក់ឯង​គ្មាន​សាច់ញាតិ​បងប្អូន​ទៀត។ រី​ឯ​ប្អូន​ស្រី​ខ្ញុំ​នៅ​ជាប់​គាំង​ទីនោះ​រហូតដល់​ម៉ោង ១១យប់​ទើប​គេ​កាយ​រក​ឃើញ។ ប្អូន​ខ្ញុំ​ពិបាក​ណាស់​ ស្រែក​ឱ្យ​គេ​ជួយ​រហូត​តែ​អត់​មាន​អ្នក​ឮ​ទេ​ ហើយ​គាត់​បាន​កូកាកូឡា​ និង​ទឹក​ដែល​ទិញ​ទុក​ពី​យប់​ ទុក​គ្រាន់​ផឹក»

ទាក់ទង និង​បញ្ហា​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍នៅថ្ងៃទី២៤មិថុនា សំដែង​ក្ដី​តក់​ស្លុត និង​សូម​រួម​រំលែក​ទុក​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ។​ ក្រៅ​ពី​ចូល​រួម​រំលែក​ទុក្ខ​នេះ គណបក្ស​សង្គ្រោះ​ជាតិ ​ថ្កោលទោស ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ដែល​ ធ្វេស​ប្រហែស​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​គ្រប់គ្រង​ ត្រួតពិនិត្យ​ និង​ ការ​សាង​សង់​សំណង់​គ្មាន​គុណភាព ព្រមទាំង​គ្មាន​លិខិត​អនុញ្ញាត​សាង​សង់​តាម​ច្បាប់​បែប​នេះ។ គណបក្ស​ប្រឆាំង​ទាមទារ​អោយ​របប​ក្រុង​ភ្នំពេញ​ចាត់​វិធាន​ការ​ និង​អនុវត្ត​ច្បាប់​អោយ​បាន​ត្រឹមត្រូវ​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​ ជាពិសេស​អគារ​សំណង់​ទាំងអស់​របស់​ជន​ជាតិ​ចិន ឬ​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគ​ចិន​នៅ​លើ​ទឹក​ដី​កម្ពុជា។

នៅ​ទន្ទឹម​នឹង​នេះ ស្ថានទូត​របស់​ប្រទេស​មួយ​ចំនួន​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ បាន​ចេញ​សារ​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ មានខ្លឹមសារ​ប្រហាក់ប្រហែល​គ្នា ដោយ​សំដែង​ការ​សោក​ស្ដាយ ចំពោះ​ការ​បាក់​រលំ​អគារ​សង្កត់​លើ​ពលរដ្ឋ​ខ្មែរ​បែប​នេះ។ ស្ថានទូត​ទំាង​នោះ​មាន​ដូច​ជា ទូត​សហរដ្ឋ​អាមេរិក ជប៉ុន បារាំង អូស្ត្រាលី​ជា​ដើម។ ដោយ​ឡែក​ស្ថានទូត សាធារណរដ្ឋ​ប្រជាមានិត​ចិន​វិញ ដែល​ជា​ម្ចាស់​អគារ​ពលរដ្ឋ​របស់​ខ្លួន​នោះ បាន​ចេញ​សារ​រំលែក​ទុក្ខ ស្ថានទូត​ចិន​មាន​អារម្មណ៍​ក្ដុកក្ដួល​ជា​ខ្លាំង ដែល​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់ និង​របួស​ជា​ច្រើន​នាក់​បែប​នេះ។

ទោះ​បី​ជា​បែប​នេះ​ក្ដី អ្នក​ច្បាប់ និង​ក្រុម​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល លើក​ឡើង​ថា ស្ថានទូត​ចេញ​សារ​រំលែក​ទុក្ខ​នេះ មិន​មែន​ជា​កាយវិការ​ទទួល​ខុស​ត្រូវ​ឡើយ គឺ​ទូត​ចិន ឬ​រដ្ឋាភិបាល​ចិន ត្រូវ​តែ​ចូល​រួម​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្ដល់​សំណង​រដ្ឋប្បវេណី និង​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​កម្ពុជា ដែល​បណ្ដែត​បណ្ដោយ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​មក​វិនិយោគ​នៅ​កម្ពុជា​ទាំង​ធ្វេស​ប្រហែស​បែប​នេះ ពី​ព្រោះ​ថា ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​នេះ គឺ​ធ្វើ​ឲ្យ​ចិន​ទទួល​បាន​ផល​ចំណេញ រីឯ​ពលរដ្ឋ​ខ្មែរ​ក្លាយ​ជា​ជន​រងគ្រោះ ឬ​ស្លាប់​ដូច​ករណី​នៅ​ខែត្រ​ព្រះ​សីហនុ​នេះ​ជា​ដើម។ អង្គការ​សង់ត្រាល់ ដែល​តាម​ដាន​សកម្មជន​កម្លាំង​សមត្ថកិច្ច​ជួយ​សង្គ្រោះ​កម្មករ​ចេញ​ពី​អគារ​បាក់​បែក​នោះ អ្នកដែលស្លាប់២៨នាក់ និងរបួស២៦នាក់នោះ គឺ​គ្មាន​ជន​ជាតិ​ចិន​ម្នាក់​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles