ILO ថា​ការ​បាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ ជា​សារ​ដាស់តឿន​កែ​លម្អ​សុវត្ថិភាព​កម្មករ​ជា​បន្ទាន់

ដោយ ទីន ហ្សាការីយ៉ា
2019-06-26
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មភាព​រុករក​ជន​រងគ្រោះ​ក្នុង​អាគារ​រលំ​បាក់​នា​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី២៣ មិថុនា​២០១៩។ Photo courtesy of Royal du Cambodge's Facebook Page
សកម្មភាព​រុករក​ជន​រងគ្រោះ​ក្នុង​អាគារ​រលំ​បាក់​នា​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី២៣ មិថុនា​២០១៩។ Photo courtesy of Royal du Cambodge’s Facebook Page


អង្គការ​អន្តរជាតិ​ខាង ការងារ (ILO) ថា គ្រោះថ្នាក់​បាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ ជា​សារ​ដាស់​តឿន​ ឲ្យ​ចាត់​វិធានការ​បន្ទាន់ ដើម្បី​កែ​លម្អ​សុវត្ថិភាព និង​សុខភាព​កម្មករ​នៅ​កន្លែង​ធ្វើ​ការ។

ជុំវិញ​គ្រោះថ្នាក់​ដល់​កម្មករ នៅ​កន្លែង​ការងារ​នេះ អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ថា គ្រោះថ្នាក់​រលំ​បាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ គឺ​ជា​សារ​ដាស់​តឿន​មួយ ឲ្យ​ចាត់​វិធានការ​ជា​បន្ទាន់ ដើម្បី​យក​ចិត្ត​ទុក​ដាក់ កែ​លម្អ​បញ្ហា​សុវត្ថិភាព និង​សុខុមាលភាព​របស់​កម្មករ នៅ​កន្លែង​ធ្វើ​ការ។

ការិយាល័យ​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ ប្រចាំ​ប្រទេស​ថៃ កម្ពុជា និង ឡាវ ស្នើ​ឲ្យ​​របប​លោក ហ៊ុន សែន យកចិត្ត​ទុក​ដាក់​ខ្ពស់​លើ​បញ្ហា​សុខ​ទុក្ខ​កម្មករ នៅ​កន្លែង​ធ្វើ​ការ ព្រោះ​ការ​បាត់បង់ជីវិត​មនុស្ស​នៅ​ក្នុង​គំនរ​បាក់​បែក នៃ​អគារ​រលំ​បាក់ នៅ​ខេត្ត​ព្រះសីហនុ​នោះ ស​បញ្ជាក់​ឲ្យ​ឃើញ​ថា កម្មករ​រាប់​ពាន់​នាក់ កំពុង​ប្រឈម​គ្រោះថ្នាក់​រាល់​ថ្ងៃ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន នៅ​ថ្ងៃ​ទី២៥ ខែ​មិថុនា អង្គការ​អន្តរជាតិ​ដដែល​នេះ លើក​ឡើង​ថា បញ្ហា​គ្រោះថ្នាក់​នេះ អាច​ទប់ស្កាត់​បាន​ភ្លាមៗ ប្រសិន​បើ​អាជ្ញាធរ និង​ភាគី​ពាក់ព័ន្ធ សហការ​គ្នា​ដាក់​ចេញ​នូវ​វិធានការ​ចាំបាច់ និង​ជាក់​ស្ដែង​មួយ​ចំនួន ដូច​ជា ការ​ពិនិត្យ​ឡើង​វិញ​លើ​បទប្បញ្ញត្តិ និង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ផ្នែក​វិស័យ​សំណង់។ ការ​អនុវត្ត​បទដ្ឋាន​សុវត្ថិភាព និង​សុខុមាលភាព​ការងារ និង​បទដ្ឋាន​សុវត្ថិភាព​នៃ​ការ​សាងសង់​អគារ ការ​ចុះ​ធ្វើ​អធិការកិច្ច​ញឹក​ញាប់ និង​ជា​ប្រចាំ​ដល់​ការដ្ឋាន​សំណង់ និង​យុទ្ធនាការ​បំបាត់​គ្រោះថ្នាក់​នៅ​កន្លែង​ការងារ គឺ​សុទ្ធតែ​ជា​វិធានការ​ចាំបាច់ ដែល​ត្រូវ​យក​មក​អនុវត្ត ដើម្បី​បង្ការ​គ្រោះថ្នាក់​ទាំង​នេះ។

តាម​របាយការណ៍​ឆ្នាំ២០១៨ របស់​ក្រសួង​ការងារ និង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម គ្រោះថ្នាក់​នៅ​កន្លែង​ការងារ​ កើត​ឡើង​ក្នុង​ឆ្នាំ២០១៨ មាន ២៥.២០៦ករណី ក្នុង​នោះ មាន​កម្មករ ២០០នាក់​បាត់បង់​ជីវិត និង​របួស​ធ្ងន់ ២.៧១១​នាក់ ដោយសារ​តែ​គ្រោះថ្នាក់ និង​ជំងឺ​ពាក់ព័ន្ធ​នឹង​ការងារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles