កងរាជអាវុធហត្ថ​បន្ត​ឃុំខ្លួន​ពលរដ្ឋ និង​អ្នក​កាសែត​ករណី​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ

ដោយ ថន ថារ៉ូ
2019-07-20
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បន្ត​សាកសួរ និង​ឃុំខ្លួន​ពលរដ្ឋ ៥​នាក់ និង​អ្នកកាសែត ២​នាក់ ពាក់ព័ន្ធ​ករណី​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​កន្លែង នៅ​ខេត្ត​ព្រះសីហនុ ក្រោយ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ពួកគេ កាលពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា។ មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាមដាន​ដំណើរ​រឿង​នេះ​ស្នើ​ទៅ​សមត្ថកិច្ច​ដោះលែង​អ្នក​ទាំងនោះ​ឱ្យ​សេរីភាព​វិញ និង​ត្រូវ​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ដី​ធ្លី​មួយ​នេះ។

មន្ត្រី​សង្គមស៊ីវិល​ហៅ​ការ​ចាប់ខ្លួន​នេះ​ថា ជា​ការ​បំភិតបំភ័យ គំរាមកំហែង និង​បំបិទ​សិទ្ធិ​សេរីភាព ប្រជាពលរដ្ឋ ខណៈ​បញ្ហា​របស់​ពួកគេ​បាន​អូស​បន្លាយ​ជាច្រើន​ឆ្នាំ​ដោយ​គ្មាន​ដំណោះស្រាយ​។ មន្ត្រី​សង្គម​ស៊ីវិល រំលឹក​ទៅ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ថា ការ​ចាប់ខ្លួន​ពលរដ្ឋ ពេលនេះ គឺ​ជា​ការ​បំពាន​ទៅ​នឹង​បទបញ្ជា​របស់​លោក ហ៊ុន សែន ដែល​បាន​ណែនាំ​អាជ្ញាធរ​មិន​ឱ្យ​ចាប់ខ្លួន​ពលរដ្ឋ​ក្នុង​ករណី​ជម្លោះ​ដីធ្លី។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ លោកស្រី ជៀប សុធារី ដែល​តាមដាន​ដំណើរ​រឿង​នេះ​យល់ថា នេះ​ជា​រឿង​អា​យុត្តិធម៌​ចំពោះ​ពលរដ្ឋ ព្រោះ​ពួកគេ​បាន​រងគ្រោះ​ពី​ជម្លោះ​ដីធ្លី​ជាង ២០​ឆ្នាំ ដោយ​មិនទាន់​ទទួល​បាន​ដំណោះស្រាយ ហើយ​ពេលនេះ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ថែមទៀត​។ អ្នកស្រី​ស្នើ​ទៅ​តុលាការ​ខេត្ត​ព្រះសីហនុ​ថា គួរ​ពន្លឿន​សំណុំ​រឿង​នេះ ដើម្បី​ដោះស្រាយ​ជូន​ពលរដ្ឋ ជាង​ជាង​ការ​ចាប់ខ្លួន​ពលរដ្ឋ​បែបនេះ​៖ «ចង់​និយាយ​ថា មិន​ចង់​ឱ្យ​មានការ​ចាប់ខ្លួន​ពលរដ្ឋ​ដោយសារ​វិវាទ​ដីធ្លី​ទេ ព្រោះ​អ្វី​ដែល​ពួកគាត់​ទាមទារ​ឱ្យ​មានការ​ដោះស្រាយ​ការ​ខាត​ប្រយោជន៍​ពួកគាត់ បើ​និយាយ​ទៅ​ដី​នោះ​ពួកគាត់​ចូល​មក​កាន់កាប់​មុន​ក្រុមហ៊ុន​ចូល​មក​ទៀត»

កាលពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា កម្លាំង​កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​នេះ លោក ហេង ប៊ុនទី បាន​បញ្ជា​កម្លាំង​ចាប់​ពលរដ្ឋ​ប្រាំ​នាក់ ក្នុង​នោះ​ស្រី​បួន​នាក់ និង​ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ លោក ហ៊ុន សុខា និង​ចាងហ្វាង​កាសែត TN លោក កែវ រតនា ក្នុង​ករណី​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ ដែល​មាន​ទីតាំង​នៅ​ក្នុង​សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ។

ការ​ចាប់ខ្លួន​ពលរដ្ឋ និង​អ្នកកាសែត​នេះ បាន​កើត​ឡើង​ក្នុង​ខណៈ​ដែល​ក្រុម​ពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ចិន​ដាក់​បារ៉ាស់​កុងត្រូល បិទ​ផ្លូវ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ដើរចេញ​-​ចូល ទៅ​លំនៅឋាន​ពួកគេ នៅ​ក្នុង​តំបន់​ដី​មាន​ជម្លោះ​នោះ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ លោកស្រី ជៀប សុធារី ប្រាប់​ថា ជម្លោះ​ដីធ្លី​នេះ​ពលរដ្ឋ​មាន​បញ្ហា​ដំបូង​ជាមួយ​ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង របស់​ឧកញ៉ា ថេង ប៊ុនម៉ា តាំងពី​អំឡុង​ឆ្នាំ​១៩៩៦ មក​ម្ល៉េះ ប៉ុន្តែ​ក្រោយពី​លោក ថេង ប៊ុនម៉ា ទទួល​មរណភាព សាច់ញាតិ​ឧកញ៉ា​រូប​នេះ ដែល​មាន​ងារ​ជា​ឧកញ៉ា​ដែរ​គ្រប់គ្រង​ជំនួស ហើយ​ពួកគេ​បាន​ក៏បាន​ជួល​ដី​នោះ​ឱ្យ​ក្រុមហ៊ុន​ចិន​ធ្វើការ​វិនិយោគ។

ជុំវិញ​ការ​ចាប់​ខ្លួន​នេះ អាស៊ីសេរី​បាន​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ថ្ងៃ​ទី​២០ ខែ​កក្កដា​ដែរ ប៉ុន្តែ​លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ហើយ​លោក​បញ្ជាក់​ថា ករណី​នេះ គឺ​ស្ថិត​ក្នុង​ចំណាត់ការ​របស់​កងរាជអាវុធហត្ថ និង​ស្ថាប័ន​តុលាការ។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ប្រាប់​អាស៊ីសេរី​ថា វិធានការ​នេះ គឺ​អាវុធហត្ថ​ធ្វើតាម​បញ្ជា​របស់​ព្រះរាជអាជ្ញា​ខេត្ត​ព្រះសីហនុ ដែល​ជា​អ្នកដឹកនាំ​ការ​ចាប់ខ្លួន​នេះ​។ លោក​បញ្ជាក់​ថា ពេលនេះ​សមត្ថកិច្ច​កំពុង​សាកសួរ​បន្ត​លើ​ជន​ទាំង ៧​នាក់​នោះ អ្វី​លើស ពី​នេះ​លោក អេង ហ៊ី ថា ជា​សមត្ថកិច្ច​របស់​តុលាការ៖ «បាទ​រឿង​ហ្នឹង​យើង​ធ្វើ​ក្រោម​ការ​បញ្ជា ក្រោម​ដឹកនាំ ឬក៏​សម្របសម្រួល​របស់​ព្រះរាជអាជ្ញា អ៊ីចឹង​សូម​សួរ​ទៅ​ខាង​ព្រះរាជអាជ្ញា»

អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​អ្នក​ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក ហួត វិចិត្រ ប៉ុន្តែ​មិន​អាច​សុំ​ការ​បំភ្លឺ​បានទេ ដោយសារ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ហៅ​ចូល​បាន។

សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​បាន​ស្រង់​សំដី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ មក​ចុះផ្សាយ​ថា ការ​ចាប់ខ្លួន​ពលរដ្ឋ និង​អ្នក​កាសែត​នេះ គឺ​ពាក់ព័ន្ធ​បទល្មើស​ហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles