មន្ត្រី​គយ​របប​ភ្នំពេញ​ថា ក្រុមហ៊ុន​ចិន​នៅ​ពី​ក្រោយ​ការ​នាំ​ចូល​កាក​សំណល់​សំរាម​ប្លាស្ទិក

ដោយ មាន ឫទ្ធិ
2019-07-21
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កាកសំណល់​ពី​បរទេស​ចំនួន ៨៣​កុងតឺន័រ ទម្ងន់​ប្រមាណ ១.៦០០​តោន ចូល​មក​កំពង់ផែ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃទី១៦ កក្កដា ២០១៩។ រូប​ពី​ហ្វេសប៊ុក​ក្រសួង​បរិស្ថាន
កាកសំណល់​ពី​បរទេស​ចំនួន ៨៣​កុងតឺន័រ ទម្ងន់​ប្រមាណ ១.៦០០​តោន ចូល​មក​កំពង់ផែ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃទី១៦ កក្កដា ២០១៩។ រូប​ពី​ហ្វេសប៊ុក​ក្រសួង​បរិស្ថាន


អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី​១៨ កក្កដា ថា ក្រុមហ៊ុន​ឈ្មោះ ចុង យាន មាន​បុគ្គលិក​ជា​ជនជាតិ​ចិន ជា​អ្នក​នៅ​ពីក្រោយ​ការ​នាំ​ចូល​កាកសំណល់​សំរាម​ប្លាស្ទិក ១.៦០០​តោន ឬ​ស្មើនឹង ៨៣ កុងតឺន័រ មក​កាន់​កម្ពុជា​។ លោក​បដិសេធ​ផ្ដល់​ព័ត៌មាន​លម្អិត​ពី​អត្តសញ្ញាណ​ម្ចាស់​ក្រុមហ៊ុន​នេះ ដោយសារ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​នៅឡើយ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ លោក គុន ញឹម បញ្ជាក់​ថា មានតែ​ក្រុមហ៊ុន​មួយ​គត់​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​នាំចូល​កាកសំណល់ សំរាម​ប្លាស្ទិករ​ហូត​មក​ទល់​ពេល​នេះ។ លោក​បន្ត​ថា អាជ្ញាធរ​កំពុង​ស្រាវជ្រាវ​បន្ត ហើយ​នឹង​បិទ​បញ្ចប់​ការស្រាវជ្រាវ​នេះ នៅ​ដើម​សប្ដាហ៍​ក្រោយ​។ តែ​លោក​មិនទាន់​អាច​បញ្ជាក់​ទេ​ថា តើ​ជន​ជាតិ​ចិន ដែល​មាន​ឈ្មោះ​ក្នុង​ក្រុមហ៊ុន​នេះ ជា​ម្ចាស់​ភាគហ៊ុន​ក្រុមហ៊ុន ឬក៏​ជា​បុគ្គលិក​ធម្មតា​នោះ៖ «ក្រុមហ៊ុន​ហ្នឹង​ឈ្មោះ​ក្រុមហ៊ុន ចុង​យាន ជា​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​ត្រឹមត្រូវ ហើយ​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​ហ្នឹង ម្ចាស់​ក្រុមហ៊ុន​ជា​ជនជាតិ​ខ្មែរ​ទេ​។ ប៉ុន្តែ​នៅ​ក្នុង​ក្រុមហ៊ុន​ហ្នឹង យើង​ស្រាវជ្រាវ​មកដល់​ម៉ោង​នេះ គឺ​មាន​ជនជាតិ​ចិន​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​ហ្នឹង​។ មិនទាន់​អាច​បញ្ជាក់​បានទេ​ថា​តើ​ជនជាតិ​ចិន​ទាំងនោះ ជា​ម្ចាស់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​នេះ ឬ​គ្រាន់តែ​ជា​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​យ៉ាងណា​នោះ​ទេ​។ មិនទាន់​ច្បាស់ ហើយ​យើង​ក៏​មិន​ទាន់​បាន​ទំនាក់ទំនង​ទៅ​ស្ថានទូត​ចិន​ដែរ»

យ៉ាងណាក៏ដោយ លោក គន់ ញឹម បញ្ជាក់​ថា ក្រុមហ៊ុន​នេះ អាច​នឹង​រង​ពិន័យ​រដ្ឋបាល ហើយ​ចំពោះ​បញ្ហា​ទោស​ទណ្ឌ​បែប​ព្រហ្មទណ្ឌ​យ៉ាងណា​នោះ អាជ្ញាធរ​នឹង​សម្រេច​ក្រោយ​បិទ​បញ្ចប់​ការ​ស្រាវជ្រាវ។

លោក គន់ ញឹម មិនទាន់​អាច​បញ្ជាក់​ពី​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ដឹកជញ្ជូន ឬ​នាំ​ចេញពី​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា​នៅឡើយ​ទេ រួម​ទាំង ឈ្មោះ​កំពង់ផែ​ផ្ទុក​ទំនិញ​នាំចេញ និង​កំពង់ផែ​ឆ្លងកាត់​នានា មុននឹង​ចូល​មកដល់​កម្ពុជា​នោះ។ លោក​ថា អាជ្ញាធរ​របស់​លោក​កំពុង​ពិនិត្យមើល ផ្ទៀងផ្ទាត់​ឯកសារ​ដឹកជញ្ជូន​ទាំងអស់​នេះ ដោយសារ​តែ​មាន​ការ​ដឹក​ជញ្ជូន​នាំចេញ​កុងតឺន័រទាំង​នោះ ធ្វើឡើង​ជាច្រើន​ដំណាក់កាល។

ពាក់ព័ន្ធ​នឹង​ការ​អះអាង​របស់​អាជ្ញាធរ​កម្ពុជា​ថា កាកសំណល់​នេះ​មាន​ប្រភព​ដើម​មកពី​សហរដ្ឋអាមេរិក និង​កាណាដា​នោះ មន្ត្រី​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោកស្រី អេមីលី ហ្ស៊ីបឺក ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​កាលពី​ថ្ងៃ​ទី​១៨ កក្កដា ថា ស្ថានទូត​កំពុង​ស្នើសុំ​ព័ត៌មាន​បន្ថែម​ពី​ភាគី​កម្ពុជា ហើយ​ថា សហរដ្ឋអាមេរិក​កំពុង​តាមដាន​បញ្ហា​នេះ​យ៉ាង​យកចិត្តទុកដាក់​បំផុត​។ លោកស្រី​ថា ស្ថានទូត​ត្រៀមខ្លួន​ជួយ​កម្ពុជា ក្នុង​ការ​កំណត់​រក​ប្រភព​ដើម ស្ថាប័ន ឬ​ក្រុមហ៊ុន​ពាក់ព័ន្ធ នឹង​ការ​ដឹកជញ្ជូន​កាកសំណល់​សំរាម​ទាំងនេះ​មក​កម្ពុជា។

ជុំវិញ​ការ​ស្នើសុំ​ជួយ និង​ព័ត៌មាន​បន្ថែម​ពី​ស្ថានទូត​អាមេរិក​នេះ លោក គន់ ញឹម ថា លោក​ទទួល​បាន​លិខិត​នោះ​ហើយ ទាំង​ពីរ​ភាគី​អាមេរិក និង​កាណាដា​។ លោក​ថា កម្ពុជា​បើក​ចំហ​ចំពោះ​ករណី​នេះ ក៏ប៉ុន្តែ លោក​នៅ​មិនទាន់​ឆ្លើយតប​ជា​ផ្លូវការ​នៅឡើយ​ទេ​ទៅ​ភាគី​អាមេរិក និង​កាណាដា​នោះ៖ «ខ្ញុំ​មែនទែន​ទៅ បាន​ទទួល​លិខិត​ថា គាត់​នឹង​ចូលរួម​។ ពី​ស្ថានទូត​អាមេរិក​គាត់​ថា គាត់​នឹង​ចូលរួម​សហការ​ក្នុង​ការ​ស្រាវជ្រាវ​ករណី​ហ្នឹង​។ ជា​គោលជំហរ​ជា​រួម​គឺ​យើង​បើក​ចំហ​ជារួម គឺ​យើង​បើក​ចំហ ពីព្រោះ​ប្រទេស​នាំចេញ​គឺ​សហរដ្ឋអាមេរិក ហើយ​ក្រុមហ៊ុន​នាំចេញ ក៏​ជា​ក្រុមហ៊ុន​របស់​សហរដ្ឋអាមេរិក​ដែរ​។ ដូច្នេះ វា​មាន​ពីរ​ភាគី មួយ​ក្រុមហ៊ុន​នាំ​ចេញ គឺ​នៅ​សហរដ្ឋអាមេរិក ហើយ​មួយទៀត​គឺ​ក្រុមហ៊ុន​នាំចូល ជុងយាន នៅ​ប្រទេស​កម្ពុជា​ហ្នឹង​។ សមត្ថកិច្ច​របស់​យើង នឹង​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ហើយ​ចំពោះ​ការស្រាវជ្រាវ​ទៅ​លើ​ក្រុមហ៊ុន នៅ​សហរដ្ឋអាមេរិក គឺ​ស្ថិត​ក្នុង​យុត្តាធិការ​ច្បាប់​សហរដ្ឋអាមេរិក»

មន្ត្រី​ព័ត៌មាន​ស្ថានទូត​សហរដ្ឋអាមេរិក អ្នកស្រី អេមីលី ហ្សីបឺក បដិសេធ​ផ្តល់​ព័ត៌មាន​បន្ថែម​ដល់​អាស៊ីសេរី ជុំវិញ​ដំណើរ​វិវត្ត​ចុង​ក្រោយនេះ​។ អាស៊ីសេរី​ក៏បាន​ព្យាយាម​ទាក់ទង​សុំ​ប្រតិកម្ម​ពី​ស្ថានទូត​កាណាដា​ប្រចាំ​កម្ពុជា​ដែរ​ជុំវិញ​បញ្ហា​នេះ តែ​មិនទាន់​ទទួល​បាន​ការ​ឆ្លើយតប​ណាមួយ​នៅ​ឡើយ​ទេ។

ជុំវិញ​ថា​តើ​អាច​មាន​ពាក់ព័ន្ធ​នឹង​ភាព​មិនប្រក្រតី ឬ​អំពើពុករលួយ​ណាមួយ ក្នុងការ​នាំចូល​កាកសំណល់​សំរាម​នេះ ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​កម្ពុជា រួមមាន​ខាង​អាជ្ញាធរ​​​ក្រុងព្រះសីហនុ ដែល​បណ្ដាល​ឱ្យ​ផ្ទុក​កុងតឺន័រ​នៅ​កំពង់ផែ​របស់​ខ្លួន​អស់​រយៈពេល​យ៉ាង​យូរ​ចាប់​តាំង​ពី​ពេល​កុងតឺន័រ​មកដល់​កំពង់ផែ​ដំបូង​កាលពី​ខែ​តុលា ឆ្នាំ​២០១៨​នោះ លោក គន់ ញឹម ព្យាយាម​ថ្លែង​ការពារ ដោយ​អះអាង​ថា រឿង​នេះ​កើតមានឡើង​ជាទូទៅ​នៅ​តាម​កំពង់ផែ​ប្រទេស​ដទៃ​។ លោក​ថា តាម​គោលការណ៍​នៅ​ក្នុង​ទីលាន​កំពង់ផែ កុងតឺន័រ​ទម្លាក់​ពី​កប៉ាល់​មក អាច​សំចត​បាន​បណ្ដោះអាសន្ន រង់ចាំ​ការ​បំពេញ​បែបបទ​ពី​គយ​។ លោក​ថា ខាង​សមត្ថកិច្ច ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទុក​ពេល​៤៥ ថ្ងៃ ឱ្យ​ម្ចាស់​ទំនិញ ត្រូវ​នាំ​ទំនិញ​ចេញពី​កំពង់ផែ​។ លើស​ពី​រយៈពេល​កំណត់​នេះ ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​ត្រូវ​រង​ពិន័យ ចំពោះ​ការ​ស្តុក​ទំនិញ​លើស​កាលកំណត់។

គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង​ខាង​អាជ្ញាធរ​គ្រប់គ្រង​កំពង់ផែ​ក្រុងព្រះសីហនុ​បាន​នៅឡើយ​ទេ ដើម្បី​សុំ​ការ​ឆ្លើយ​បំភ្លឺ​បន្ថែម​ជុំវិញ​ការអនុញ្ញាត​ឱ្យ​មានការ ផ្ទុក​កុងតឺន័រ​យូរ ហួស​ពី​កាលកំណត់​នេះ ទើប​មានការ​ស្រាវជ្រាវ​ការពិត​នោះ។

សកម្មជន​បរិស្ថាន​លោក ថុន រដ្ឋា ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី​១៩ កក្កដា ថា ជា​រឿង​អាម៉ាស់​សម្រាប់​កម្ពុជា ដែល​បាន​បណ្ដែតបណ្ដោយ​ឱ្យ​កើតមាន​ករណី​នេះ​ឡើង​។ លោក​ពុំ​មាន​ជំនឿ​ចំពោះ​ការស៊ើបអង្កេត​នេះ​ឡើយ ព្រោះ​លោក​យល់ថា អាជ្ញាធរ​របប​លោក ហ៊ុន សែន ព្យាយាម​បិទបាំង​ព័ត៌មាន​នេះ៖ «មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​អាច ថា​ជា​អ្នក​ដែល​កំពុងតែ​ជា​បក្ខពួក​ខ្លួន ឬ​ជា​សែស្រឡាយ​ខ្លួន​អី​ជាដើម ដែល​មិន​អាច​ធ្វើ​ឱ្យ​មានការ​ចាត់វិធានការ​​ភ្លាមៗ​ទេ​។ គឺ​ត្រូវតែ​មាន​ការ​ជជែក​ជាមួយ​មេ ឬក៏​ព្យាយាម​រកហេតុ​ផល​ដែល​ជា​លេស​ណាមួយ​ធ្វើ​ម៉េច ពេល​ដែល​បញ្ចេញ​ឈ្មោះ​ទៅ មិនសូវ​ប៉ះពាល់​ធ្ងន់ធ្ងរ​មកកាន់​របប​សព្វ​ថ្ងៃ»

នេះ​មិនមែន​ជា​លើកទីមួយ​ទេ ដែល​កម្ពុជា​ទទួលរង​ការ​នាំ​ចូល​កាកសំណល់​សំរាម​បែបនេះ​។ កាលពី​ឆ្នាំ​១៩៩៨ របប​ក្រុងភ្នំពេញ​បាន​រក​ឃើញ​កាកសំណល់​ផ្ទុក​សារធាតុពុល​ប្រមាណ​ជិត ៣​ពាន់​តោន​បាន​ដឹក​តាម​នាវា​របស់​ក្រុមហ៊ុន​ចិន​តៃវ៉ាន់​មួយ​មក​ចាក់​ចោល​នៅ​ក្រុងព្រះសីហនុ​អស់​រយៈពេល​ជាច្រើន​ខែ ទើប​របប​ក្រុងភ្នំពេញ​សម្រេច​ដឹកជញ្ជូន​ចេញ​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​ក្រោយពី​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ដែល​ភ័យខ្លាច​ពី​ផល​ប៉ះពាល់​ដល់​សុខភាព ដែល​ភាយ​ចេញពី​កាកសំណល់​ជាតិពុល​ទាំងនោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles