ស្រូវ​រាប់ពាន់​ហិកតារ​នៅ​ខេត្ត​បន្ទាយមានជ័យ​ក្រៀម​ស្វិត​ដោយសារ​គ្មាន​ទឹក​ស្រោចស្រព

ដោយ យន់ សាមៀន
2019-07-21
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទិដ្ឋភាព​ដំណាំ​ស្រូវ​របស់​កសិករ​នៅ​ឃុំ​ស្រះរាំង ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ  ជួប​គ្រោះ​រាំង​ស្ងួត​ខ្វះ​ទឹក​ស្រោចស្រព។ រូប​ថត កាល​ពី​ថ្ងៃទី២០ កក្កដា ២០១៩។ photo provided
ទិដ្ឋភាព​ដំណាំ​ស្រូវ​របស់​កសិករ​នៅ​ឃុំ​ស្រះរាំង ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ ជួប​គ្រោះ​រាំង​ស្ងួត​ខ្វះ​ទឹក​ស្រោចស្រព។ រូប​ថត កាល​ពី​ថ្ងៃទី២០ កក្កដា ២០១៩។ photo provided


កសិករ​នៅ​ខេត្ត​ជាប់​ខេត្ត​បាត់ដំបង ដែល​កំពុង​មាន​វិបត្តិ​ទឹក និង​ខូច​ដំណាំ​នោះ ក៏​កំពុង​បារម្ភ​នឹង​ដំណាំ​ស្រូវ​របស់​ពួកគេ​ដែរ។ ប្រជាកសិករ​រាប់ពាន់​ហិកតារ​នៅ​ខេត្ត​បន្ទាយមានជ័យ ដើម​ស្រូវ​ឡើង​ក្រហម​ក្រៀម​ស្វិត​រក​ងាប់​បណ្ដើរៗ ដោយសារ​គ្រោះ​រាំងស្ងួត​ជាច្រើន​ខែ និង​គ្មាន​ទឹក​ស្រោចស្រព។កសិករ​ទាំងនោះ​កំពុង​ព្រួយបារម្ភ​ខ្លាច​ស្រូវ​របស់​ពួកគាត់​ខូច​អស់​មិនបាន​ប្រមូល​ផល ហើយ​ខាតបង់​ដើមទុន​ធ្វើ​ឱ្យ​មិន​មាន​ប្រាក់​សង​ធនាគារ​ដែល​បាន​ខ្ចី​ធ្វើ​ដើម​ដាំ​ដុះ​កាលពី​ដើម​រដូវ។

ប្រជាកសិករ​ខេត្ត​បន្ទាយមានជ័យ​លើកឡើង​ថា ដំណាំ​ស្រូវ​របស់​ពួកគាត់​ប្រឈម​ការខូចខាត​យ៉ាង​យូរ ២​សប្ដាហ៍​ទៀត ប្រសិនបើ​នៅតែ​គ្មាន​ភ្លៀង​ធ្លាក់​ធំ និង​គ្មាន​ទឹក​ស្រោចស្រព​ដូច​សព្វថ្ងៃ​។​

កសិករ​ម្នាក់​រស់នៅ​ភូមិ​បត់ត្រង់ ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ លោក យិន លាងសេង ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​២០ កក្កដា ថា ដំណាំ​របស់​លោក​ចំនួន ២​ហិកតារ​កន្លះ បាន​ដាំ​ដុះ​ប្រមាណ​២​ខែ​មក​ហើយ តែ​មិន​សង្ឃឹម​បាន​ប្រមូល​ផល​នោះ​ទេ។ លោក​បន្ថែម​ថា សព្វថ្ងៃ​ដើម​ស្រូវ​ឡើង​ក្រហម​ក្រៀម​ស្វិត​រង​ងាប់​បណ្ដើរ​ហើយ ព្រោះ​ចាប់ពី​ដាំ​ដុះ​មក​មិន​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ម្ដងណា​ទេ។ «»

កសិករ​រូប​នេះ​បន្ត​ទៀត​ថា អ្នកភូមិ​នៅ​តំបន់​ពួកគាត់​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង អំពី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​នៅ​ពេល​ខាងមុខ ព្រោះ​រស់នៅ​អាស្រ័យ​លើ​របរ​ធ្វើស្រែ​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព ប៉ុន្តែ​ដំណាំ​ស្រូវ​ឆ្នាំនេះ​ជួប​គ្រោះ​រាំងស្ងួត​ខូច​អស់ ហើយ​គ្មាន​ប្រាក់​សង​ធនាគារ​នោះ​ទេ​។​

កសិករ​ម្នាក់ទៀត​រស់នៅ ស្រុក​មង្គលបូរី លោក ទូត រតនា មាន​ប្រសាសន៍ថា ដំណាំ​ស្រូវ​របស់​កសិករ​ស្រុក​របស់​លោក ដែល​ប្រឈម​ការខូចខាត មាន​ដូចជា​ក្នុង​ឃុំ​គយម៉ែង ស្រះ​រាំង តាឡំ គោក​បល្ល័ង្ក និង​ឃុំ​សំបួរ ដែល​មាន​ផ្ទៃដី​រាប់ពាន់​ហិកតារ កំពុង​ខ្វះ​ទឹក​ស្រោចស្រព។ លោក​បន្ត​ថា ស្រូវ​ខ្លះ​ចាប់ផ្ដើម​ធ្វើខ្លួន​ចេញ​ផ្លែ និង​ខ្លះ​ទៀត​គ្រប់​អាយុ​ចេញ​ផ្លែ​ហើយ ក៏​ជួប​គ្រោះ​រាំងស្ងួត​ចេញ​ផ្លែ​មិន​រួច។ «»

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បន្ទាយមានជ័យ លោក ប៉ាង វណ្ណសេដ្ឋ ប្រាប់​អាស៊ីសេរី​ថា ដំណាំ​ស្រូវ​របស់​កសិករ​ទាំងនោះ​មិន​អាច​ជួយសង្គ្រោះ​ពួកគាត់​បានទេ ដោយសារ​ជា​តំបន់​គ្មាន​ប្រភព​ទឹក ធ្វើ​ឱ្យ​ពិបាក​រក​ទឹក​បូម​បញ្ចូល​ស្រែ​បាន។ ប៉ុន្តែ​លោក​អះអាង​ថា ស្រូវ​ភាគច្រើន​ទាន់​ខូចខាត​នៅឡើយ​ទេ ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​ប្រមាណ ១​សប្ដាហ៍​ខាងមុខ ហើយ​ស្រូវ​នឹង​លូតលាស់​ល្អ​ឡើងវិញ ហើយ​អាច​ប្រមូល​ផល​បានជា​ធម្មតា។ «»

លោក​បន្ត​ថា​នៅ​ថ្ងៃ​សៅរ៍​ទី​ថ្ងៃ​២០ ខែ​កក្កដា មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្ត​បន្ទាយមានជ័យ បាន​ដាក់​ម៉ាស៊ីន​ជាច្រើន​គ្រឿង​បូម​ទឹក​សង្គ្រោះ​ស្រូវប្រាំង​ចំនួន ២៣៥​ហិកតារ ដែល​ដើម​ស្រូវ​ក្រហម​ស្វិត​នៅ​ឃុំ​ព្រះពន្លា សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​។ លោក​ឱ្យ​ដឹង​ទៀត​ថា ដំណាំ​ស្រូវ​ដែល​ប្រឈម​ការខូចខាត​ដោយសារ​គ្មាន​ទឹក​ស្រោចស្រព​នៅ​ខេត្ត​បន្ទាយមានជ័យ មាន​ប្រហែល​៤​ពាន់​ហិកតារ​(.០០០) ប្រសិនបើ​គ្មាន​ភ្លៀង​ធ្លាក់​ប្រមាណ​២​សប្ដាហ៍​ខាងមុខ។ ប៉ុន្តែ​ប្រជាកសិករ​លើកឡើង​ថា ដំណាំ​ស្រូវ​ខ្វះ​ទឹក​ស្រោចស្រព​នៅ​ក្នុង​ខេត្ត​មួយ​នេះ មាន​ដល់​ទៅ​រាប់​ម៉ឺន​ហិកតារ​ឯណោះ ជាពិសេស​នៅ​ស្រុក​ព្រះនេត្រព្រះ និង​ស្រុក​មង្គល​បូរី ដោយសារ​ស្រូវ​កាន់តែ​ចាស់​ដើម​គ្មាន​ទឹក​ស្រោចស្រព​។ កសិករ​និង​អ្នកនេសាទ​នៅ​ខេត្ត បាត់ដំបង​ក៏​កំពុង​រងគ្រោះ​ដោយសារតែ គ្រោះ​រាំងស្ងួត ដែល​បាន​បំផ្លាញ​ដំណាំ​ស្រូវ និង បណ្ដាល​ឱ្យ​រីង​ទឹក​ដៃ​បឹង​ទន្លេសាប​ដែរ​។ ដាំណាំ​រាប់ពាន់​ហិកតារ​នៅ​ខេត្ត បាត់ដំបង នឹង​ខូចខាត​ទាំងស្រុង ប្រសិនបើ​រដ្ឋាភិបាល​មិន​ជួយ​ដោះស្រាយ និង​ចំណែក​ពលករ​អ្នកនេសាទ​ក៏​កំពុង​ខ្វះខាត​ថវិកា​ទិញ​អង្ករ​ច្រក​ឆ្នាំង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles