ប្រធានាធិបតី​អាមេរិក​សម្រេច​តែងតាំង​លោក ប៉ាទ្រីក ម័រហ្វី ជា​ឯកអគ្គរដ្ឋទូត​នៅ​កម្ពុជា

ដោយ អាស៊ីសេរី
2019-08-15
RFA

លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ជា​ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​​ប្រចាំ​កម្ពុជា​។ Photo courtesy of US Embassy in Phnom Penh
លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ជា​ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​​ប្រចាំ​កម្ពុជា​។ Photo courtesy of US Embassy in Phnom Penh


ប្រធានាធិបតី​សហរដ្ឋអាមេរិក​សម្រេច​តែងតាំង​លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ជា​ឯកអគ្គរដ្ឋទូត​នៅ​កម្ពុជា​ហើយ។ ហ្វេសប៊ុក (Facebook) ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា​នេះ លោក ប៉ាទ្រីក ម័រហ្វី នឹង​មក​បំពេញការងារ​នៅ​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ។

ហ្វេសប៊ុក​ស្ថានទូត​អាមេរិក​ដដែល​សរសេរ​យ៉ាង​ដូច្នេះ​ថា៖ «សូម​អបអរសាទរ​ចំពោះ​លោក​ឯកអគ្គរដ្ឋទូត Patrick Murphy ដែល​បាន​ទទួល​ការ​អនុម័ត ពី​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក និង​ការតែងតាំង​ពី​លោក​ប្រធានាធិបតី​! យើង​រង់ចាំ​ស្វាគមន៍ ការ​មក​ដល់​របស់​លោក និង​ក្រុម​គ្រួសារ នៅ​រាជធានី​ភ្នំពេញ ក្នុង​ពេល​ឆាប់ៗ​នេះ»

កាលពី​ថ្ងៃ​ទី​១ ខែ​សីហា កន្លង​ទៅ ព្រឹទ្ធសភា​អាមេរិក​បាន​អនុម័ត​ជា​ផ្លូវការ​យល់ព្រម​តែងតាំង​លោក ប៉ាទ្រីក ម័រហ្វី ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា ក្រោយ​ពេល​តំណែង​នេះ​ត្រូវ​ទុក​ឱ្យ​ទំនេរ​ជាង​កន្លះ​ឆ្នាំ។

មុន​ពេល​ទទួល​បាន​កា​រតែង​តាំង​ជា​ឯកអគ្គរដ្ឋទូត លោក ប៉ាទ្រីក ម័រហ្វី គឺជា​ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ទទួលបន្ទុក​តំបន់​អាស៊ីអាគ្នេយ៍។ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​រូប​នេះ មានការ​យល់ដឹង​ខ្ពស់​ពី​បញ្ហា​នយោបាយ​នៃ​បណ្ដា​ប្រទេស​ក្បែរ​ខាង​កម្ពុជា និង​នយោបាយ​នៅ​កម្ពុជា ជាច្រើន​ឆ្នាំ​មក​ហើយ។

លោក ប៉ាទ្រីក ម័រហ្វី បាន​ថ្លែង​នៅ​ចំពោះ​មុខ​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា កាលពី​ថ្ងៃ​ទី​១ ខែ​សីហា ថា​នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សភាតំណាងរាស្ត្រ​អាមេរិក ដើម្បី​ជំរុញ​ផលប្រយោជន៍​សហរដ្ឋអាមេរិក​នៅ​កម្ពុជា លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន ដោយ​ផ្អែកលើ​ការ​គាំទ្រ​ខ្លាំង​របស់​សហរដ្ឋអាមេរិក ដែល​ទទួល​បាន​ពី​ក្នុង​ចំណោម​សាធារណជន​កម្ពុជា​។ លោក​ថា លោក​នឹង​តស៊ូ​មតិ​ឱ្យ​មានការ​ផ្សះផ្សា​រវាង គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។

រីឯ​មន្ត្រី​បក្ស​ប្រឆាំង អ្នកវិភាគ និង​សង្គម​ស៊ីវិល​ថា ក៏​យល់ឃើញ​ស្រដៀង​គ្នា​នេះ​ដែរ ពួកគេ​រំពឹង​ថា វត្តមាន​លោក ប៉ាទ្រីក ម័រហ្វី ជា​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​កម្ពុជា នឹង​អាច​ជួយ​កែប្រែ​ស្ថាន​នយោបាយ​ដែល​កំពុង​អាប់អួ​ក្នុង​ពេលនេះ​បាន​ខ្លះ​។ ចំណែក​មន្ត្រី គណបក្ស​កាន់អំណាច ក៏​រំពឹង​ថា​លោក ប៉ាទ្រីក ម័រហ្វី នឹង​អាច​ជំរុញ​ចំណង​ការទូត​នៃ​ប្រទេស​ទាំងពីរ កាន់​តែ​មាន​ទំនាក់ទំនង​ល្អ​ប្រសើរ​ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles