មន្ត្រី​សហភាព​សហជីព​កម្ពុជា​ស្នើសុំ​តុលាការ​ទាំង​ពីរ​ថ្នាក់​ដើម្បី​សួរ​សុខ​ទុក្ខ​អ្នក​ កែម ឡី​ និយម​ នៅ​ក្នុង​ពន្ធនាគារ

ដោយ ហេង រស្មី
2019-08-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក រ៉ុង ឈុន (ឆ្វេង)​ ប្រធាន​សហភាព​សហជីព​កម្ពុជា និង​លោក ​ រ៉ាត់ រត្នមុនី (ស្ដាំលើ) លោក សួង នាគព័ន្ធ (ឆ្វេង​ក្រោម) និង​លោក គង់ រ៉ៃយ៉ា យុវជន កែម ឡីនិយម (រូប៖ ហ្វេសប៊ុក)
លោក រ៉ុង ឈុន (ឆ្វេង)​ ប្រធាន​សហភាព​សហជីព​កម្ពុជា និង​លោក ​ រ៉ាត់ រត្នមុនី (ស្ដាំលើ) លោក សួង នាគព័ន្ធ (ឆ្វេង​ក្រោម) និង​លោក គង់ រ៉ៃយ៉ា យុវជន កែម ឡីនិយម (រូប៖ ហ្វេសប៊ុក)


មន្ត្រី​សហភាព​សហជីព​ចំនួន​៦​ នាក់​ដឹក​នាំ​ដោយ​លោក​ រ៉ុង ឈុន​ បាន​សរសេរ​លិខិត​ពីរ​ដាច់​ដោយឡែក​ៗពី​គ្នា​ទៅ​កាន់​សាលា​ដំបូង​ ក្រុង​ភ្នំពេញ​ និង​ សាលា​ឧទ្ធរណ៍ ដើម្បី​សួរសុខទុក្ខ​សកម្មជន​សហជីព​ និង​អ្នក​កែម ឡី​និយម​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស​ដែល ​​​មេធាវី​ការពារ​របស់​ពួក​គេ​គ្រោង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​កំពូល​នៅ​ថ្ងៃ​ទី១៦ ខែ​សីហា​ ខាង​មុខ​ ដើម្បី​ស្នើសុំ​ដោះលែង​កូន​ក្តី​របស់​ខ្លួន ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន។

នៅ​ក្នុង​លិខិត​ដាច់​ដោយ​ឡែកៗ ពី​គ្នា​របស់​សហភាព​សហជីព​កម្ពុជា​ដែល​បាន​ដាក់​ជូន​តុលាការ​ក្រុង​ភ្នំពេញ​ និង​សាលា​ឧទ្ធរណ៍​បាន​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ទី២២ ខែ​សីហា​ខាង​មុខ​ យ៉ាង​តិច​មាន​មន្ត្រី​សហភាព​សហជីព​ចំនួន​៦នាក់​ មាន​បំណង​ស្នើសុំ​​សួរ​សុខទុក្ខ និង​ចង់​ទៅ​ពិនិត្យ​មើល​ស្ថានភាព​ លោក​ រ៉ាត់ រត្នមុន្នី​ លោក​ គង់ រ៉ៃយ៉ា និង​ លោក​ សួង នាគព័ន្ធ​ ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃស។

លោក​ រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​ ប្រាប់​អាស៊ី​សេរី​ថា​ លោក​មើល​ឃើញ​ករណី​ទាំងអស់​នេះ​ថា គឺ​ជា​រឿង​អយុត្តិធម៌​ចំពោះ​ជន​ជាប់​ចោទ​ទាំង​បី​នាក់​ដែល​របប​ក្រុង​ភ្នំពេញ​បាន​ចាប់​​ដាក់​ក្នុង​មន្ទីរ​ឃុំ​ឃាំង។​ លោក​បញ្ជាក់​ថា​ លោក​ រ៉ាត់ រត្នមុន្នី​ គ្រាន់​ជា​អ្នក​បកប្រែ​តែប៉ុណ្ណោះ​ តុលាការ​មិន​អាច​កាត់​ទោស​អោយ​ជាប់​ពន្ធនាគារ​បាន​ទេ។​ ចំណែក​ឯ​យុវជន​គង់ រ៉ៃយ៉ា​ និង​ លោក​ សួង នាគព័ន្ធ​ វិញ​ ការ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នេះ​ធ្វើ​ឡើង​ទាំង​បំពានច្បាប់៖ «យើង​មើល​ឃើញ​ករណី​ទាំង​អស់នេះ​ គឺ​ជា​រឿង​អយុត្តិធម៌​ ចំពោះ​គាត់​ទាំង​បី​នាក់​ ក្នុង​ការ​បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុកដាក់​ការ​ឈឺ​ឆ្អាល​ ជុំវិញ​ការ​ឃុំ​ខ្លួន​ ការ​ចាប់​ខ្លួន​ ហើយ​ក៏​ដូច​ជា​ការ​កាត់​ទោស​លោក​ រ៉ាត់ រ័ត្នមុន្នី​ ឲ្យ​ជាប់​ពន្ធនាគារ​ យើង​ឃើញ​ថា​ វា​ជា​រឿង​អយុត្តិធម៌​ដូច្នេះ​ ខ្ញុំ​ក៏​សម្រេច​ចិត្ត​រួម​ជា​មួយ​សហការី​ សុំ​សួរ​សុខ​ទុក្ខ​ក្នុង​ការ​លើក​ទឹក​ចិត្ត​ដល់​ពួក​គាត់​ផង»

សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ​នេះ បាន​​ផ្ដន្ទាទោស​ លោក រ៉ាត់ រត្នមុនី ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២ ឆ្នាំ ពី​បទ​ “ញុះញង់​ឱ្យ​មាន​ការ​រើសអើង” ។តុលាការ​ក្រុង​ភ្នំពេញ​ក៏បាន​បង្គាប់​ឱ្យ​លោក រ៉ាត់ រត្នមុនី បង់​សំណង​​ទៅ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន ៧០លាន​រៀល ឬ​ស្មើនឹង​ជិត ២ម៉ឺន​ដុល្លារ​អាមេរិក​ទៀត​ថែម​ទៀត​ផង។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក​ រ៉ាត់ រត្នមុនី ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន បន្ទាប់​ពី​លោក​បាន​ជួយ​ផលិត​ភាពយន្ត​ឯកសារ​ស្តីពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា ក្រោម​ចំណង​ជើង​ថា “ម្តាយ​ខ្ញុំ លក់​ខ្ញុំ” ឱ្យ​សារព័ត៌មាន​ RT (Russia Today) របស់​រុស្ស៊ី ។

ដោយឡែក​ ចំពោះ​សំណុំ​រឿង​អ្នក​កែម ឡី​និយម​វិញ​ សាលាឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី១៣ សីហា​បាន​ ​សម្រេច​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់ គឺ​លោក​ គង់ ​រ៉ៃយ៉ា ​និង ​លោក ​សួង ​នាគព័ន្ធ ​​ដោយ​សម្រេច​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ទុកជា​បាន​ការ​ដដែល។

លោក​ស្រី​ សុខ ស្រីនិច​ ភរិយា​លោក​ គង់ រ៉ៃយ៉ា​ បញ្ជាក់​ថា​លោក​ស្រី​ចង់​ឱ្យ​មេ​ដឹក​នាំ​សហជីព​ធ្វើ​យ៉ាងណា​ដើម្បី​ទាមទារ​ឲ្យ​តុលាការ​របប​ក្រុង​ភ្នំពេញ​បាន​ដោះលែង​ស្វាមី​ឱ្យ​បាន​​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​ ​ពីព្រោះ​ស្ថានភាព​នៅ​ក្នុង​ពន្ធនាគារ​បាន​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​យ៉ាង​ខ្លាំង​ដល់​លោក​គង់ រ៉ៃយ៉ា៖ «ពេល​ដែល​ទៅ​សួរសុខទុក្ខ​ស្វាមី​ខ្ញុំ​ហ្នឹង​សូម​ឲ្យ​គាត់​និយាយ​លើក​ទឹក​ចិត្ត​ដល់​ពួកគាត់​ហ្នឹង​ហើយ​បើ​គាត់​មាន​ឧកាស​សុំ​ឲ្យ​ជួយ​ប្ដី​ខ្ញុំ​អ៊ីចឹង​ តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ សុំ​ឲ្យ​គាត់​ជួយ​ផ្សព្វផ្សាយ​អំពី​បញ្ហា​ប្ដី​ខ្ញុំ​បន្ថែម​ទៀត​ និង​ បញ្ហា​បង​ប្រុស​ សួង នាគ ព័ន្ធ អំពី​រឿង​រ៉ាវ​របស់​គាត់​អ៊ីចឹង​បង»

មេធាវី​ការពារ​ក្តី ​នៅ​ក្នុង​សំណុំ​រឿង​យុវជន កែម ឡីនិយម​ ធ្លាប់​បាន​លើក​ឡើង​ថា ​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ និង​ សាលា​ឧទ្ធរណ៍​កន្លង​មក​នេះ គឺ​ជា​រឿង​អយុត្តិធម៌ ដែល​មិន​អាច​ទទួល​យក​បាន។

លោក​ សំ សុគង់​ មេធាវី​ការពារ​ក្តី​ឲ្យ​លោក គង់ រ៉ៃយ៉ា​ និង​ លោក​ សួង នាគព័ន្ធ​ ប្រាប់​អាស៊ី​សេរី​ថា​ លោក​បាន​ពិភាក្សា​ជាមួយ​កូន​ក្តី​កាល​ពី​ថ្ងៃ​ទី១៣​ សីហា នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង។ លោក​និយាយ​ថា អ្នក​ទាំង​ពី​រ​សម្រេច​ថា នៅ​ថ្ងៃ​ទី១៦​​ខែ សីហា នឹង​ប្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​ដើម្បី​ទាមទារ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​ដោយ​មាន​ការ​បង់​ប្រាក់​ធានា៖ «គោល​បំណង​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​ចំពោះ​ករណី​យុវជន​ គង់ រ៉ៃយ៉ា​ និង​លោក​ សួង នាគព័ន្ធ​ហ្នឹង​ទី​១​គឺ​ចង់​ឲ្យ​តុលាការ​កំពូល​ហ្នឹង​ពិនិត្យ​ឡើងវិញ​អំពី​អង្គច្បាប់​ក៏​ដូច​ជា​នីតិវិធី​ច្បាប់​ដែល​តុលាការ​ក្រុង​ភ្នំពេញ​ក៏​ដូច​ជា​សាលា​ឧទ្ធរណ៍​ហ្នឹង​បាន​សម្រេច​ឃុំ​ខ្លួន​កូន​ក្តី​របស់​ខ្ញុំ​ទាំង​ពីរ​នៅ​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​ ហើយ​ទី​ពីរ​ គឺ​ស្នើ​សុំ​ទៅ​តុលាការ​កំពូល​ហ្នឹង​ដើម្បី​សម្រេច​ឲ្យ​កូន​ក្តី​ខ្ញុំ​ទាំង​ពីរ​រូប​ហ្នឹង​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​ដើម្បី​ឲ្យ​ពួក​គាត់​មាន​ឧកាស​ដើម្បី​បាន​ចូល​ទៅ​រៀន​សូត្រ​និង​ដើម្បី​មាន​សេរីភាព​ដើម្បី​រក​ចិញ្ចឹមជីវិត​ និង​ ដើម្បី​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​របស់​គាត់​ហ្នឹង»

លោក គុជ គឹមឡុង​ អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​មិន​អាច​ស្នើសុំ​ដើម្បី​សេចក្ដី​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ថ្ងៃ​ទី១៤ សីហា។

សមត្ថកិច្ច​របប​ក្រុង​ភ្នំពេញ​បាន​ចាប់​ខ្លួន​លោក​ គង់​ រ៉ៃយ៉ា អាយុ​ ២៨ឆ្នាំ​កាល​ពី​ថ្ងៃ​ទី៩ ខែ​កក្កដា​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ តាម​មាត្រា៤៩៤ និង​ ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​ ក្រោយ​​ពេល​លោក​ផ្សព្វផ្សាយ​លក់​អាវយឺត​មាន​រូប​ និង​ទស្សនៈ​បណ្ឌិត​ កែម​ ឡី​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក (Facebook) សម្រាប់​ខួប​ ៣​ឆ្នាំ ​នៃ​អំពើ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី។ មួយថ្ងៃ​បន្ទាប់មក​ សមត្ថកិច្ច​​បាន​ចាប់ខ្លួន​លោក ​សួង​ នាគព័ន្ធ​ ដោយ​ចោទប្រកាន់​ដូច​លោក ​គង់​ រ៉ៃ​យ៉ា ​ដែរ​ដោយសារ​លោក​ចែក​ខិត្តប័ណ្ណ​មាន​សារ​អំពាវនាវ​កុំ​ឱ្យ​សម្លាប់​មនុស្សក្រៅ​ប្រព័ន្ធ​ច្បាប់ ​​ក្នុង​ពេល​ដែល​លោក​ចូលរួម​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ​ឡី​ នៅ​បរិវេណ​ស្ថានីយ​ប្រេងឥន្ធនៈ​កាល​តិច​ស្តុប​បូកគោ​ជា​កន្លែង​ដែល​ឃាតក​បាញ់​សម្លាប់​លោក​ កែម ឡី។​

គិត​មកដល់​ថ្ងៃ​ទី១៥ សីហា​ នេះ​ រ៉ាត់ រត្នមុន្នី​ បាន​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង​អស់​រយៈ​ពេល​ជាង ៣ខែ​មក​ហើយ​ ខណៈ​លោក​ គង់ រ៉ៃយ៉ា និង​ លោក​ សួង នាគព័ន្ធ បាន​ជាប់​ឃុំ​អស់​រយៈ​ពេល​ជាង ១ខែ។ ក្រុម​សហជីព​និយាយ​ថា លិខិត​សុំ​សួរ​សុខ​ទុក្ខ​​ក្នុង​ពន្ធនាគារ​នេះ​គឺ​ដើម្បី​ចង់​ពិនិត្យ​មើល​ស្ថានភាព​ដោយ​ផ្ទាល់​ថា​ តើ​ការ​រស់នៅ​របស់​ពួកគេ​មាន​ស្ថានភាព​បែប​ណា។ លោក​ រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា សង្ឃឹម​ថា តុលាការ​ក្រុង​ភ្នំពេញ នឹង​អនុញ្ញាត​ឱ្យ​លោក​ចូល​ជួប​អ្នកជាប់ឃុំ​ទាំង​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "មន្ត្រី​សហភាព​សហជីព​កម្ពុជា​ស្នើសុំ​តុលាការ​ទាំង​ពីរ​ថ្នាក់​ដើម្បី​សួរ​សុខ​ទុក្ខ​អ្នក​ កែម ឡី​ និយម​ នៅ​ក្នុង​ពន្ធនាគារ"

  1. so socheath says:

    ចម្រៀងបទ: កុហក
    ***
    l-កុហកៗ កុហករកគ្មាន បោកប្រាសបំពាន គឺសមរង្ស៊ី
    កុហកបោកប្រាស អត់មានពេលល្ហែ បោកស៊ីដាក់ខែ ប្រើពាក្យកុហក ។
    ll- កុហក ឆ្ងាញ់ណាស់កុហក បោកប្រាសវីវក់ ប្រើសន្យា
    សន្យាខ្យល់ខ្ចប់ បោកយកលាភា បោកប្រាសគ្រប់គ្នា អ្នកជឿកុហក ។
    R-ឆ្ងាញ់ណាស់ បោកប្រាស ប្រើពាក្យកុហក ភូតភរវីវក់ បោកប្រាសយកស៊ី
    លុយព្រះអាទឹត្យ ទូរទស្សន៍មាត់ឆ្កែ បាត់សូន្យទទេ ប្រាកដកុហក ។
    lll- កុហក ជឿពាក្យកុហក ច្បាស់ជាជួបទុក្ខ មិនសុខសាន្តទេ ជឿសមរង្ស៊ី
    ហាក់ដូចជឿឆ្កែ អត់បានការទេ ត្បឹតវាកុហក៕

    ចម្រៀងបទ : ស្អែកសន្យា !
    I- ស្អែកហើយស្អែកទៀត ស្អែកមិនចេះចប់ ស្អែកបោកយកទ្រព្យ ចែកចាយគ្នាស៊ី
    ស្អែកយប់ស្អែកព្រឹកស្អែកចាលពន្លឺ សម្លេងបន្លឺថាចាំស្អែកទៀត ។
    II-រង់ចាំថ្ងៃស្អែក ៗមិនចេះចប់ ស្អែកជាពាក្យគាប់ ពេលស្រែកបន្លឺ
    ស្អែកចាំៗចាំស្អែក ពាក្យមិនបែកគ្នា យើងនឹងជួបគ្នាវេលាថ្ងៃស្អែក ។
    R- ឈប់បោកប្រាសទៅសមរង្ស៊ីអើយ ស្អែកមិនឈប់ឡើយ ស្អែកមានគ្រប់គ្រា
    ស្អែកអួតវិលវិញចេះថាគ្រប់គ្នា ស្អែកជាវេលា ព្រោះមានថ្ងៃស្អែក ។
    III-ឈប់បោកប្រាសទៅ កុំនៅស្រែកស្អែក ស្អែកមិនចម្លែក មានតគ្រប់គ្រា
    បោកយកលុយចាយប្រើស្អែកសន្យា មិនស្មើឆ្កែឆ្មា ឈប់សន្យាទៅ ៕