មនុស្ស​ជិត​២០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​បទ​ល្មើស​ព្រៃ​ឈើ ​ខណៈ​សកម្ម​ជន​ជំរុញ​ឲ្យ​បិទ​កន្លែង​កែ​ច្នៃ​ឈើ​បន្ថែម​

ដោយ អ៊ឹង ប៊ុនថន
16/08/2019
RFI

media
ទីកន្លែងបទល្មើសព្រៃឈើ ក្នុងព្រៃឡង់ (រូបភាពឯកសារ)
@FB


យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​១៩នាក់​ហើយ ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​រាប់​ទាំង​ឧកញ៉ា​ចំនួន​២នាក់​ផង ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅក្នុង​យុទ្ធនាការ​បង្រ្កាប​បទ​ល្មើស​ព្រៃ​ឈើ​ចាប់ពី​ដើម​ខែ​កក្កដា​មក​ទល់​នឹង​ពេល​នេះ​។ បើ​ទោះ​បី​ជា​ជន​សង្ស័យ​ជា​ឈ្មួញ​ឈើ​គ្រាក់ៗ ​ត្រូវ​បាន​ចាប់​ខ្លួន​ក៏​ដោយ ​ប៉ុន្តែ​ជាមួយ​នឹងការ​សាទរ សកម្មជន​ព្រៃឡង់​បានជំរុញឲ្យ​គណៈកម្មការ​ជាតិទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ​បិទរោង​ម៉ាស៊ីន កែច្នៃ​ឈើ​របស់​ក្រុម​ហ៊ុន ស៊ីង បាយ អូថេក នៅខេត្ត​ក្រចេះ ថែម​ទៀត​។

រាប់​ទាំង​ការ​ចាប់ខ្លួន ឧកញ៉ា គង់ គ្រឹង និង​កូន​ប្រសារ​របស់​គាត់ ឈ្មោះ ម៉ាត់ ណាស៊ាត កាលពី​ថ្ងៃទី១៥​ខែសីហា​នោះ គឺជា​តុល្យការ​ មាន​ជន​សង្ស័យ​ជាប់​ពាក់​ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ចំនួន​១៩​នាក់​ហើយ ​ត្រូវ​បាន​ចាប់​ខ្លួន ចាប់​តាំង​ពី​ការ​បើក​យុទ្ធនាការ​បង្រ្កាប​ បទ​ល្មើស​ព្រៃ​ឈើ ទ្រង់​ទ្រាយធំ ​កាលពីដើមខែ​កក្កដា​មក​ទល់​នឹង​ពេល​នេះ​។

បើ​តាម​គណៈ​កម្មការ​ជាតិ​ដើម្បី​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្មជាតិ ឧកញ៉ា គង់ គ្រឹង មាន​ទីលំនៅ​ភូមិ​ដីច្រាប​ថ្មី ឃុំ២ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ គឺ​ជា​ម្ចាស់​រោង​សិប្បកម្ម ម៉ាត់ ណាស៊ាត​។

ការ​ចាប់​ខ្លួន ឧកញ៉ា គង់ គ្រឹង និង​កូន​ប្រសារ គឺ​ក្រោយ​ពី​ លោក សៅ សុខា ដឹកនាំ​សមត្ថកិច្ច​ចម្រុះ​ចុះ​ទៅ​ត្រួត​ពិនិត្យ​កន្លែង​កែ​ច្នៃឈើ​នៅ​ខេត្ត​ក្រចេះ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​។

មុន​ពេល​ចាប់​ខ្លួន ឧកញ៉ា គង់ គ្រឹង ថ្មីៗនេះ ក៏​មាន​ការ​ចាប់ខ្លួន ឧកញ៉ា សឹង សំអុល និង​បក្ស​ពួក​មួយ​ចំនួន​ផង​ដែរ កាល​ពី​ក្នុង​ខែ​កក្កដា គឺក្នុងចំណោម​ជនសង្ស័យ មាន​ទាំង​ជន​ជាតិ​ចិន​ និង​ជនជាតិ​វៀតណាម​។

យ៉ាង​ណា​ក៏​ដោយ ជាមួយ​នឹង​ការ​សារទ សកម្មជន​ការពារ​ព្រៃឡង់បានជំរុញឲ្យ​គណៈកម្មការ​ជាតិ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ​បិទរោង​ម៉ាស៊ីន កែច្នៃ​ឈើ ​របស់​ក្រុម​ហ៊ុន ស៊ីង បាយ អូថេក នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ​ថែម​ទៀត​។​ នេះ​ដោយ​យោង​តាម​សេចក្តី​ថ្លែងការណ៍ ​របស់​កម្មជន​ព្រៃឡង់​នៅ​ខេត្ត​ក្រចេះ ស្ទឹង​ត្រែង កំពង់ធំ និង​ព្រះ​វិហារ​។

បើតាម​សកម្មជន​ព្រៃឡង់ សកម្មភាព​បង្រ្កាប​បទ​ល្មើស​ព្រៃ​ឈើ​របស់​សមត្ថកិច្ច​នៅពេល​នេះ​ គឺជាការ​ការ​ពារ​ព្រៃ​ឈើ​ដែល​នៅសេសសល់ ខណៈ​អ្នកនាំពាក្យ​គណៈកម្មការជាតិ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើអះអាងថា ​យុទ្ធនាការដ៏​ក្តៅគគុក​នេះ ​នឹង​បន្ត​ធ្វើ​នៅ​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​ ដោយ​ម៉ឺងម៉ាត់​បំផុត​៕

What Next?

Recent Articles