មេធាវី​បន្ត​ដាក់​បណ្ដឹង​ស្នើ​លោក គង់ រ៉ៃយ៉ា និង លោក សួង នាគព័ន្ធ​ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន

ដោយ សេក បណ្ឌិត
2019-08-21
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

យុវជន​គង់ រ៉ៃយ៉ា (ស្ដាំ) ពេល​សមត្ថកិច្ច​បញ្ជូនមក​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី១១ កក្កដា ២០១៩ និង​លោក សួង នាគព័ន្ធ (ឆ្វេង) ពេល​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន នៅ​ការាស់សាំងកាល់តិច​ កាល​ពី​ថ្ងៃ​ទី១០ កក្កដា ២០១៩។ Photo courtesy
យុវជន​គង់ រ៉ៃយ៉ា (ស្ដាំ) ពេល​សមត្ថកិច្ច​បញ្ជូនមក​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី១១ កក្កដា ២០១៩ និង​លោក សួង នាគព័ន្ធ (ឆ្វេង) ពេល​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន នៅ​ការាស់សាំងកាល់តិច​ កាល​ពី​ថ្ងៃ​ទី១០ កក្កដា ២០១៩។ Photo courtesy


មេធាវី​ការពារ​ក្ដី​បន្ត​ដាក់​បណ្ដឹង​ទៅ​តុលាការ​កំពូល ស្នើសុំ​ឱ្យ​យុវជន កែម ឡី និយម​ពីរ​នាក់​គឺ លោក គង់ រ៉ៃយ៉ា និង លោក សួង នាគព័ន្ធ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ ការ​ដាក់​បណ្ដឹង​នេះ បន្ទាប់​ពី​សាលាឧទ្ធរណ៍ បដិសេធ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​យុវជន​ទាំងពីរ កាលពី​ថ្ងៃ​ទី​១៣ ខែ​សីហា។

មេធាវី​ការពារ​ក្តី​ឱ្យ​យុវជន​ទាំងពីរ​នាក់ គឺ​លោក សំ សុគង់ ប្រាប់​អាស៊ីសេរី​ថា បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ របស់​យុវជន​ទាំងពីរ ត្រូវ​បាន​ដាក់​ចូល​ក្នុង​តុលាការ​កំពូល កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែ​សីហា ប៉ុន្តែ មិនទាន់​ទទួល​ដំណឹង​ត្រឡប់​មក​វិញ​ថា តុលាការ នឹង​បើកសវនាការ​ថ្ងៃ​ណា​នៅឡើយ​ទេ។

លោក​មេធាវី សំ សុគង់ ឱ្យ​ដឹង​ថា កូន​ក្តី​របស់​លោក មិន​ពេញចិត្ត​ចំពោះ​សេចក្ដី​សម្រេច​របស់​សាលា ឧទ្ធរណ៍​នោះ​ទេ និង​បាន​ពឹង​ពាក់​ឱ្យ​លោក​ដាក់​បណ្តឹង​សាទុក្ខ​ប្រឆាំង​សាលដីកា​របស់​សាលា ឧទ្ធរណ៍ បន្ទាប់​ពី​លោក បាន​ចូល​ជួប​ជាមួយ​កូន​ក្តី​ទាំងពីរ​នាក់ ដើម្បី​ពន្យល់​អំពី​ច្បាប់​និង​សិទ្ធិ​ដែល ពួកគាត់​មាន៖ «ពួកគាត់​សង្ឃឹមថា នៅ​ពេល​មាន​សវនាការ​នៅ​តុលាការ​កំពូល គឺ​ពួកគាត់​ទាំងពីរ​នាក់​នឹង​បាន​ចូលរួម​សវនាការ​ដើម្បី​ប្រាប់​ទៅ​តុលាការ​កំពូល​អំពី​ភាព​គ្មាន​កំហុស របស់​ខ្លួន​ហើយ​ស្នើសុំ​ឱ្យ​តុលាការ​កំពូល​សម្រេច​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ ពួកគាត់​សង្ឃឹមថា តុលាការ​កំពូល​នឹង​ពិចារណា​ឈរ​នៅ​លើ​អង្គហេតុ​អង្គច្បាប់​ដើម្បី​ធ្វើ​ឱ្យ​ពួកគាត់​ទទួល បាន​នូវ​សេចក្តី​សម្រេច​មួយ​ដែល​មាន​យុត្តិធម៌​គឺ​ការ​ដោះលែង​នៅ​ក្រៅ​ឃុំ»

កាលពី​ថ្ងៃ​ទី​១៣ ខែ​សីហា សាលាឧទ្ធរណ៍ បានសម្រេច​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​យុវជន កែម ឡី និយម​ពីររូប ដោយ​លើក​ហេតុផល​ថា សំណុំរឿង​របស់​យុវជន​ទាំងពីរ ទើបតែ​បើក​ការស៊ើបអង្កេត​ថ្មីៗ និង​ខ្លាច​ពេល​ដោះលែង​ទៅ គឺ យុវជន​ទាំងពីរ​ត្រូវរ៉ូវ​គ្នា​ជាមួយ​អ្នក ដទៃ​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នេះ ព្រមទាំង​ខ្លាច​យុវជន​ទាំងពីរ​ធ្វើ​ឱ្យ​ប៉ះពាល់​របៀបរៀបរយ​សង្គម។

អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា លើកឡើង​ថា ប្រសិន​បើ​តុលាការ អនុវត្ត​ច្បាប់​ដោយ​វិជ្ជាជីវៈ​ត្រឹមត្រូវ និង​ឯករាជ្យ​នោះ គួរតែ​ដោះលែង​ពួកគាត់​ឱ្យ​មាន​សេរីភាព​វិញ ព្រោះ​សកម្មភាព​ពួកគាត់​គ្មាន​ចំណុច​ណា​ដែល​ល្មើស​នឹង​ច្បាប់​នោះ​ទេ បើ​គ្រាន់តែ​អំពាវនាវ​លក់​អាវ​មាន​រូប​បណ្ឌិត កែម ឡី និង​អំពាវនាវ​កុំ​ឱ្យ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់ ។ ផ្ទុយទៅវិញ​ពួកគាត់​គឺជា ពលរដ្ឋ​សកម្ម​ដែល​ខ្វាយខ្វល់​និង​ឈឺឆ្អាល​ពី​រឿង​សង្គមជាតិ និង​យុត្តិធម៌​សង្គម។ លោក​បន្ត​ថា តុលាការ មិន​អាច​ចេះតែ​ឃុំខ្លួន​តាម​ទំនើងចិត្ត​នោះ​ទេ ព្រោះ​ខុស​ពី​គោលការណ៍​ច្បាប់​ជាតិ​និង អន្តរជាតិ​។ លោក ពន្យល់​ថា ការ​ឃុំខ្លួន លុះត្រាតែ​ជា​ជម្រើស​ចុងក្រោយ និង​ជា​បទល្មើស​ឬ​ជា ឧក្រិដ្ឋកម្ម​ដ៏​ធ្ងន់ធ្ងរ​បំផុត៖ «ករណី​នេះ​វា​មិនមែន​ជា​ករណី​នៃ​ការប្រព្រឹត្ត​បទល្មើស​របស់​យុវជន​ទាំងពីរ​រូប​នេះ​ទេ ។​ខ្ញុំ​យល់ថា វា​ជា​រឿង​នយោបាយ​ច្រើនជាង ក្នុង​ការ​ចាត់​វិធានការ​នេះ ដើម្បី​ទប់ស្កាត់​ការ​គាំទ្រ​ទៅលើ​សកម្មភាព​ក្នុង​ការ​ជួបជុំ​ប្រជុំ​ការ​ទាមទារ និង​ការ​បញ្ចេញ​មតិ​អី​នេះឯង ដែល​រដ្ឋាភិបាល​តែងតែ​ធ្វើការ​រឹតត្បិត​ជា​បន្តបន្ទាប់​នេះ»

សមត្ថកិច្ច​របប​ក្រុងភ្នំពេញ​បាន​ចាប់ខ្លួន​លោក គង់ រ៉ៃយ៉ា អាយុ ២៨​ឆ្នាំ កាលពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ចោទ ប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៤​និង ៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ​ដោយសារ​ផ្សព្វផ្សាយ​លក់​អាវយឺត​មាន​រូប​និង​ទស្សនៈ​បណ្ឌិត កែម ឡី នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) សម្រាប់​ខួប​បី​ឆ្នាំ​នៃ​អំពើ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កណ្ដាល​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ។ មួយថ្ងៃ​បន្ទាប់​មក​សមត្ថកិច្ច បាន​ចាប់ខ្លួន​លោក សួង នាគព័ន្ធ ដោយ​ចោទប្រកាន់​ដូច​លោក គង់ រ៉ៃយ៉ា ដែរ​ដោយសារ​លោក​ចូលរួម​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី និង​ចែក​ខិត្តប័ណ្ណ​អំពាវនាវ​កុំ​ឱ្យ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់ នៅ​បរិវេណ​ស្ថានីយប្រេងឥន្ធនៈ​កាល់តិច ស្តុប​បូកគោ ដែល​ជា​ទីតាំង​ឃាតកម្ម​បណ្ឌិត កែម ឡី។

អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ផ្សេងទៀត បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​ជា​បន្តបន្ទាប់​ថា ចំណាត់​ការ​របស់​អាជ្ញាធរ​របប​នេះ​ថា កំពុង​មាន​គោលដៅ​ធ្វើទុក្ខបុកម្នេញ​អ្នក​ដែល​ហ៊ាន​បញ្ចេញមតិ​និង​ការ​ជួប​ប្រជុំគ្នា​ដោយ​សន្តិវិធី។ ពួកគេ អំពាវនាវ​ឱ្យ​របប​ក្រុងភ្នំពេញ​ដោះលែង​យុវជន​ទាំងពីរ​នាក់​និង​បញ្ឈប់​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ដូច្នេះ​តទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment