ក្រុម​អ្នក​ជំនួញ​អង្ករ​កម្ពុជា​ស្នើ​អឺរ៉ុប​កុំ​​ព្យួរ​ EBA

សេដ្ឋកិច្ច


រូប​ឯកសារ៖ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុខ ពុទ្ធិវុធ ពន្យល់​អំពី​យន្តការ​ដោះស្រាយ​បញ្ហា​ស្រូវ​អង្ករ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីអំពី​យុទ្ធនាការ «ទិញ​ស្រូវ​អង្ករ​កម្ពុជា​ ជួយ​កសិករ​កម្ពុជា» នៅ​ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៦។ (អ៊ិត សូធឿត/VOA)


22 សីហា 2019
កាន់ វិច្ឆិកា
វីអូអេខ្មែរ

យោង​តាម​សហព័ន្ធ​​ស្រូវ​អង្ករ​កម្ពុជា​ ​ការ​នាំ​អង្ករ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទ្វីប​អឺរ៉ុប​​ក្នុង​ឆមា​ស​ទី​១​ឆ្នាំ​២០១៩​​ត្រឹម​តែ​ជិត​៩៣.០០០​តោន​តែ​ប៉ុណ្ណោះ​​ពោល​គឺ​ធ្លាក់​ចុះ​ពាក់​កណ្តាល​បើ​ធៀប​​នឹង​រយៈ​ពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៨។ ​មូល​ហេតុ​គឺ​ដោយ​សារ​ការ​កំណត់​យក​ពន្ធ​លើ​ការ​នាំ​អង្ករ​កម្ពុជា​ចូល​​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ស្នើ​ដល់​សហគមន៍​អឺរ៉ុប​រក្សា​ទុក​ EBA ​សម្រាប់កម្ពុជា​ដោយ​លើក​ពី​ផល​ប៉ះពាល់​ដល់​ប្រជា​កសិករ​កម្ពុជា​ជាច្រើន​ ប្រសិន​បើ​កម្ពុជា​បាត់​បង់​ EBA ​នេះ។​ ប៉ុន្តែ​ដំណាល​គ្នា​នេះ​ ​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​បាន​អះអាង​ជា​ថ្មី​ម្តង​ទៀត​ថា ​កម្ពុជា​បាន​ត្រៀម​លក្ខណៈ​រួច​ជាស្រេច​ក្នុង​ការ​ទទួល​យក​ការ​សម្រេច​របស់​សហភាព​អឺរ៉ុប​អំពី​ការ​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​នេះ។​

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ដែល​ប្រមូល​ផ្តុំ​ដោយ​ក្រុម​អ្នក​ជំនួញ​ផ្នែក​នាំ​អង្ករ​ចេញ​ ស្នើ​សហគមន៍​អឺរ៉ុប​រក្សា​ទុក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​«អ្វី​គ្រប់​យ៉ាង​លើកលែង​តែ​សព្វាវុធ»​ហៅ​កាត់​ថា ​EBA ​ដើម្បី​ជួយ​លើក​កម្ពស់​ជីវភាព​កសិករ​កម្ពុជា​ជាង​៥០​ម៉ឺនគ្រួសារ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​លើក​ឡើង​ថា ​«បើ​គ្មាន ​EBA ​នោះ​ការប្រឹង​ប្រែង​ទាំង​ប៉ុន្មាន​ក្លាយ​ជា​អសារ​បង់។ ​ហេតុ​នេះ ​សហព័ន្ធ​ស្រូវ​អង្ករ​សូម​ទទូច​ស្នើ​សុំ​ដល់​សហគមន៍​អឺរ៉ុប​ឲ្យ​ជួយ​លើក​កម្ពស់​ជីវភាព​ប្រជា​កសិករ​កម្ពុជា​ជាង​កន្លះ​លាន​គ្រួសារ​ និង​បន្ត​ជួយ​រក្សា​ការងារ​ដែល​បាន​និង​កំពុង​ធ្វើ​កន្លង​មក»។​

យោង​តាម​សហព័ន្ធស្រូវ​អង្ករ​កម្ពុជា​ ​ការ​នាំ​អង្ករ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទ្វីប​អឺរ៉ុបក្នុង​ឆមា​ស​ទី​១​ឆ្នាំ​២០១៩ត្រឹម​តែ​ជិត​៩៣.០០០​តោន​តែ​ប៉ុណ្ណោះពោល​គឺ​ធ្លាក់​ចុះ​ពាក់​កណ្តាល​បើ​ធៀបនឹង​រយៈ​ពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៨។ ​មូល​ហេតុ​គឺ​ដោយ​សារ​ការ​កំណត់​យក​ពន្ធ​លើ​ការ​នាំ​អង្ករ​កម្ពុជា​ចូលទៅ​កាន់​ទីផ្សារ​អឺរ៉ុប។​

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាបន្ថែម​ថា​ ​ដោយ​សារ​ការ​កំណត់​ពន្ធ​នេះ ​ប្រជាកសិករ​កម្ពុជា​ជាង​៥០០.០០០​គ្រួសារទទួល​រង​«ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ»។ ​ហើយ​បញ្ហា​ទាំង​នេះ​«ធ្វើ​ឲ្យ​ពួក​គេឈឺ​ចាប់» ​ស្រប​ពេល​ដែល​សហគមន៍​អឺរ៉ុប​កំពុង​ពិចារណា​ដក​នូវ​ប្រព័ន្ធ​កម្មវិធី​អនុគ្រោះ​ពន្ធ​អ្វីៗ​ទាំង​អស់​លើកលែង​តែ​អាវុធ​(EBA)​នោះ។​

ប្រទេស​កម្ពុជា​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ(EBA)​ សម្រាប់​ការ​នាំ​ទំនិញ​ទៅ​កាន់​សហ​ភាព​អឺរ៉ុប​ចាប់​តាំង​ពី​ឆ្នាំ​២០០១​មក។ EBA ​នេះ​បាន​ផ្តល់​ផល​ចំណេញ​ដល់​កម្ពុជា​ចន្លោះ​ពី​៦០០​ទៅ​៧០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។ ​ប៉ុន្តែ​ក្រោយ​ពី​ប្រទេស​កម្ពុជា​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​ដើម្បី​កៀស​គណបក្ស​នេះ​ចេញ​ពី​ការបោះ​ឆ្នោត ​សហភាព​អឺរ៉ុបបាន​ព្រមាន​ដក​ហូត ​EBA ​នេះ​ពី​កម្ពុជា​ដោយ​ដាក់​លក្ខខណ្ឌ​ឲ្យ​កម្ពុជា​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​បើក​សិទ្ធិ​សេរីភាព​ផ្នែក​អង្គការ​សង្គម និង​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ​ឡើង​វិញ។​

សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ​កម្ពុជា ​ហៅ​កាត់​ថា​ GMAC ​កាល​ពី​ពីរ​សប្តាហ៍​មុន ​បាន​អំពាវនាវ​ឲ្យ​សហភាព​អឺរ៉ុប​ពិចារណា​ជា​ថ្មី​ម្តង​ទៀត​ចំពោះ​ការ​ព្យួរ​ EBA ដល់​កម្ពុជា​ដោយ​លើក​ឡើងថា ​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះនឹង​ធ្វើ​ឲ្យ​កម្មករ​រោង​ចក្រ​រាប់​សែន​នាក់​បាត់​បង់​ការងារ​ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ប្រមាណ​បី​លាន​នាក់​ត្រូវ​រង​ផល​ប៉ះពាល់។​

សហភាព​អឺរ៉ុប​ទើប​តែ​បញ្ចប់​ការ​ពិនិត្យ​លទ្ធភាព​ព្យួរ ​EBA ​ដល់​កម្ពុជានៅ​ថ្ងៃទី​១២​ ខែសីហា​ ក្រោយ​ពី​ធ្វើ​ការ​សិក្សា​លើ​លទ្ធភាព​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ពី​កម្ពុជា​ចូល​សហភាព​អឺរ៉ុប​នេះ​អស់​រយៈ​ពេល​ប្រាំ​មួយ​ខែ។​

ក្រោយ​ការ​បិទ​បញ្ចប់​បន្តិច​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ញើ​របាយ​ការណ៍​លម្អិត​ស្តីពី​លទ្ធផល​នៃ​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ ​ទៅ​កាន់​គណៈ​កម្មការ​អឺរ៉ុប ​ដែល​មន្ត្រី​ផ្លូវ​ការ​អះអាង​ថា​ ដើម្បី​តស៊ូ​មតិ​ទាក់​ទង​នឹង​គម្រោង​ព្យួរ​ «ការ​អនុ​គ្រោះ​ពន្ធ​លើ​អ្វីគ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ​ (EBA)»។​

លោក​ George Edgar ​ឯក​អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ​ប្រាប់ ​VOA ​តាម​សារ​អេឡិច​ត្រូនិក ​ឬ​អ៊ីមែល ​កាលពី​សប្តាហ៍​មុន​ថា ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​ថា​ តើ​ត្រូវ​ដក​ ឬ​មិន​ត្រូវ​ដក ​EBA ​ពី​កម្ពុជា​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២​ខែ​កុម្ភៈ​ឆ្នាំ​២០២០។​

លោក​សរសេរ​តាម​ន័យ​ដើម​ថា៖

«ការ​សម្រេច​ចិត្តនឹង​ពឹង​ផ្អែក​ទៅ​លើ​ការ​វិភាគ​ពី​សកម្ម​ភាព​របស់​រដ្ឋាភិបាលកម្ពុជា​ ក្នុង​ការដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស ​និង​សិទ្ធិ​ការងារ​ ដែល​ជា​មូលដ្ឋាន​នៃ​ការ​សម្រេច​បង្កើត​នីតិវិធី EBA»។​

លោក​បណ្ឌិតឡៅ ម៉ុងហៃ ​អ្នក​វិភាគនយោបាយ​កម្ពុជា​មួយ​រូប​ លើក​ឡើង​ថា ​ក្រុម​អ្នក​ជំនួញ​កម្ពុជា​បារម្ភ​អំពី​ការ​បាត់​បង់ ​EBA។​ ដោយ​ឡែក​រដ្ឋាភិបាល​មានកង្វល់​ដូច​គ្នា​ដែរ ​ គ្រាន់​តែ​រដ្ឋា​ភិបាល​មិន​បង្ហាញ​ជំហរ​បែ​បនេះ​ឲ្យ​ច្បាស់​តែ​ប៉ុណ្ណោះ។​

​«រដ្ឋាភិបាល​មាន​គោល​ជំហរ​ថា​ ឲ្យ​គេ​កាត់​ក៏​កាត់​ទៅ ​ប៉ុន្តែ​ក្រោម​តុ​ហ្នឹង​ក៏​ដូចជា​មាន​ខំ​ប្រឹង​ប្រែងពន្យល់​គេ ​ហើយ​ក៏​ដូចជា​បាន​ដាក់​សារណា​អី​ទៅ​សហភាព​អឺរ៉ុប​ដែរ ​ពី​ស្ថានភាព​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដែលពាក់​ព័ន្ធ​នឹង​គោល​ការណ៍ ​ឬ​ក៏​លក្ខខណ្ឌ​នៃ​ការ​ផ្តល់​នូវ​របប​រួច​ពន្ធ EBA ​ហ្នឹង»។​

ទោះជា​យ៉ាង​ណា​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​បាន​បញ្ជាក់​ឡើង​វិញក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​នៅថ្ងៃ​នេះ​ថា កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ចំពោះ​ការ​សម្រេច​ណាមួយ​របស់​សហភាព​អឺរ៉ុប​ទាក់​ទង​នឹង​បញ្ហា​ EBA ។ ​នេះ​បើ​តាមលោក​សុខ ឥសាន​ ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា៕

What Next?

Recent Articles

Leave a Reply

Submit Comment