ចិន​សរសើរ​​កម្ពុជា​​ចំពោះ​វិធាន​ការ​ប្រឆាំង​បន​ល្បែង​អនឡាញ

នយោបាយ


រូបឯកសារ៖ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​ លោក Geng Shuang ថ្លែង​ក្នុង​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​មួយ​នៅ​ឯ​ក្រសួង​ការបរទេស​ចិន​ក្នុង​ទីក្រុង ប៉េកាំង។ (AP)


22 សីហា 2019
ហ៊ុល រស្មី
វីអូអេខ្មែរ

ប្រទេស​ចិន​ជា​ថ្មី​ម្តង​ទៀត​បាន​កោត​សរសើរ​ប្រទេស​កម្ពុជា​ចំពោះ​វិធាន​ការ​ប្រឆាំង​នឹង​ល្បែង​ភ្នាល់​តាម​អ៊ីនធឺណែត​​ ដែល​​មន្ត្រី​ផ្លូវ​ការ​ចិន​បាន​ហៅ​វិធាន​ការ​នោះ​ថា​ នឹង​នាំ​មក​នូវ​ផល​ប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ។​ អ្នកវិភាគ ​និង​មន្ត្រី​អតីត​គណបក្ស​ប្រឆាំង​យល់​ថា​ កម្ពុជា​និង​ចិន​ត្រូវ​ការ​ការ​គាំទ្រ​គ្នា​ទៅវិញ​ទៅ​មក។​ ប៉ុន្តែ​ពួកគេ​បារម្ភ​ពី​ការ​ពង្រី​ឥទ្ធិ​​ពល​របស់​ប្រទេស​ចិន​មក​កម្ពុជា។

ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍​ជាប់ៗ​គ្នា​ ​ប្រទេស​ចិន​បាន​លើក​សរសើរ​ប្រទេស​កម្ពុជាជា​ច្រើនទាក់​ទង​នឹងសកម្ម​ភាព​មួយ​ចំនួន​ដែល«បាន​ជះ​ផល​ប្រយោជន៍»​ដល់​ប្រទេស​ចិន។​

កាល​ពី​ថ្ងៃអង្គារ​ម្សិលមិញនេះ​ លោក​ Geng Shuang ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​ ​បាន​ថ្លែង​សរសើរ​ប្រទេស​កម្ពុជា​ដោយ​ត្រង់ៗ​ចំពោះ​ការ​ចាត់​វិធាន​ការរបស់ប្រទេស​កម្ពុជា​ប្រឆាំង​ទៅ​នឹង​បន​ល្បែង​តាម​អ៊ីនធើណែត ​ឬ​បន​ល្បែង​អនឡាញ។​

លោក​ Geng Shuang ​ប្រាប់​សន្និសីទ​ព័ត៌មាន​មួយ​ក្នុង​ទីក្រុង​ប៉េកាំង​ថា​ រដ្ឋាភិបាលក្រុង​ប៉េកាំង​«ពេញ​ចិត្ត​ជា​ទីបំផុត»​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​កម្ពុជា​នេះ។​

លោក​នាយ​ក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​កាល​ពី​ថ្ងៃទី​១៨​ខែ​សីហា​ បាន​ចេញ​សារាចរណ៍​មួយ​ដើម្បីចាត់​វិធាន​ការ​លើ​ល្បែង​ភ្នាល់​តាម​ប្រព័ន្ធ​អនឡាញ ​ឬ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ក្រោយ​ពេល​ដឹង​ថា​ ​ក្រុម​ឧក្រិដ្ឋ​ជន​បរទេស​មួយ​ចំនួន​បាន​ប្រើ​ប្រាស់​ល្បែង​ភ្នាល់នេះ​ដើម្បី​បោក​ប្រាស់​ជម្រិតទារ​ប្រាក់​ពី​ជន​រងគ្រោះ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។​

ល្បែង​ភ្នាល់​តាម​អ៊ីនធើណែត​ ឬ​ហៅថា ​ភ្នាល់​តាម​ប្រព័ន្ធ​អនឡាញភាគ​ច្រើន​ត្រូវ​គេ​ដឹង​ថា​ ​កើត​ឡើង​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ ​និង​វិនិយោគ​ដោយជនជាតិចិន។​

នៅ​ក្នុង​សារាចរណ៍​នោះ​លោក​ ហ៊ុន សែន បាន​ចាត់​ទុក​ថា​ ​សកម្ម​ភាព​របស់​ជន​បរទេស​ទាក់​ទង​នឹង​ល្បែង​ភ្នាល់​នៅ​ប្រទេស​នេះ​បានធ្វើឲ្យ​«ប៉ះពាល់​ដល់​សន្តិសុខ ​សណ្ដាប់ធ្នាប់​សាធារណៈ​ និង​របៀប​រៀប​រយ​សង្គម‍» ​ហើយ​លោក​បាន​ដាក់​បទ​បញ្ជា​ឲ្យ​អាជ្ញាធរ​ចាត់វិធាន​ការ​ឲ្យ​បាន​ «ម៉ឺងម៉ាត់‍»​ និង​មាន‍​«ប្រសិទ្ធ​ភាព​ខ្ពស់‍»​ និង​បញ្ឈប់​ការ​ផ្តល់គោល​ការណ៍​និង ​អាជ្ញា​បណ្ណ​អនុញ្ញាត​ប្រកប​អាជីវកម្ម​ល្បែង​ភ្នាល់​តាម​ម៉ាស៊ីន​អេឡិចត្រូនិក​ ឬ​អនឡាញទាំង​ក្នុង​និង​ក្រៅ​ប្រទេស។​

លោក ​Geng Shuang ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​ បាន​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖

«ការណ៍​នេះនឹង​ជួយ​ការ​ពារ​ផល​ប្រយោជន៍​ដល់​ពលរដ្ឋ​កម្ពុជា​ និង​ចិន» ​ហើយ​វា​ព្រម​ទាំង​បាន​ ពង្រឹង«កិច្ច​សហ​ប្រតិបត្តិការ​ការ​អនុវត្ត​ច្បាប់​ និង​ទំនាក់​ទំនង​មិត្តភាព»។​

លោក​ ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​រាជ​រដ្ឋា​ភិបាល​ បាន​អធិប្បាយ​ថា​ សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បង្ហាញ​ពី​ការ​គោរព​អធិប​តេយ្យ​ភាព​របស់​ប្រទេស​កម្ពុជា។​

«យើង​ធ្វើ​កិច្ច​ស្វាគមន៍ក្នុង​ការ​ផ្តល់​តម្លៃ​នេះ​ដែល​បង្ហាញ​ពី​អ្វី​ទៅ​ ​ដែល​ជា​អធិប​តេយ្យ​ភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជាក្នុង​កិច្ច​សម្រេច​កិច្ច​ការ​នេះ»។​

កាលពី​សប្តាហ៍​មុន​ ​ឯករដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ​លោក​ Wang Wentian​ បាន​ឆ្លៀត​ពេល​វាយប្រហារ​សហ​រដ្ឋ​អាមេរិក​ដោយ​សម្តីធ្ងន់ៗ​ថា ​អាមេរិក​«ធ្វើ​ជា​ខ្នង​បង្អែក»​ដល់​ក្រុម​អ្នក​តវ៉ា​នៅ​តំបន់​រដ្ឋបាល​ពិសេសហុងកុង​ ​ដែល​ក្រុង​ប៉េកាំង​បាន​ហៅ​ថា​«ជា​ក្រុម​សកម្ម​ជន​បង្ក​ហិង្សា​ខុស​ច្បាប់»​នោះ។​ លោក​ Wang​ ក៏​បាន​លើក​សរសើរ​ និង​អរគុណ​ប្រទេស​កម្ពុជា​ថា​ គឺ​ជា ​«មិត្ត»​ ដែល​គាំទ្រ​ជំហរ​របស់​ប្រទេស​ចិន​ពី​ដើម​រៀង​មក។​

ភ្លាមៗនោះ​ កម្ពុជា​ក៏​បានថ្លែង​ការណ៍ប្រកាស​គាំទ្រ​«ចំណាត់​ការ​របស់​ចិន»​លើ​ក្រុម​បាតុករ​ហុងកុង ​ដោយ​ចាត់​ទុក​ថា​ ចំណាត់​ការ​នេះ​គឺ​«ដើម្បី​រក្សា​សន្តិភាព​ សណ្តាប់​ធ្នាប់​សាធារណៈ ​សន្តិសុខ​ជាតិ​ និង​ការ​រួមរស់​នៅ​ជាមួយ​គ្នា​ប្រកប​ដោយ​ភាព​សុខុដុម​រមនា​ក្នុង​សង្គម​ក្នុង​ទីក្រុង​ហុងកុង»។​

លោក​បណ្ឌិត ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ បា្រប់​ VOA​ ថា​ ជំហរ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ពេល​នេះ​បញ្ជាក់​ថា​ ចំណង​ទាក់​ទង​នេះ​មាន​កម្រិត​ខ្ពស់​បំផុត​លើស​ពី​ប្រទេស​ដទៃ​ក្នុង​តំបន់។

«ប្រហែល​នៅ​ក្នុង​ចំណោម​ប្រទេស​អាស៊ី​ហ្នឹង​ បាទ​ ប្រហែល​ចិនមាន​មិត្ត​ខ្មែរ​តែ​មួយ​ទេ​ ​បាទ ដែល​ចិន​ចាត់​ទុក​ជាមិត្ត​ភាព​ដែក​ថែប​នោះ»។​

លោក ​ប៉ូ សូវីនដា​ និស្សិត​ថ្នាក់​បណ្ឌិត​នៅ​សាកល​វិទ្យាល័យ​ Griffith​ ប្រទេស​អូស្ត្រាលី​ និង​ជា​អ្នក​ស្រាវជ្រាវ​មួយ​រូប​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ និង​សន្តិភាព​ ឬ​ CICP​ ព្រួយ​បារម្ភ​អំពី​ឥទ្ធិពល​របស់​ប្រទេស​ចិន​លាត​សន្ធឹង​ពី​ផ្នែក​សេដ្ឋកិច្ច​រហូត​ដល់​ប្រព័ន្ធ​រដ្ឋ​បាល​របស់​កម្ពុជា។​

«អ្វី​ដែល​យើង​កង្វល់​ហ្នឹងគឺ​ត្រង់​ថា​ បើ​សិន​ជា​ឥទ្ធិពល​ហ្នឹងនៅតែ​បន្ត​ បន្ត​ខ្លាំង​ទៅ​អ៊ីចឹង​ទៀត​ ថា​ តើអនាគត​កម្ពុជា​ទៅ​ជា​យ៉ាង​ណា។​ ចិន​អាច​ គេ​ហៅ​ថា ​អាច​មាន​សិទ្ធិ​រហូត​ទៅ​ដល់​គ្រប់​គ្រង​ប្រព័ន្ធ​រដ្ឋបាល​គឺ​ថា​ មាន​ឥទ្ធិពល​រហូត​ទៅដល់​អាចបញ្ជា​លើ​ប្រព័ន្ធ​រដ្ឋបាល​របស់​ស្រុក​ខ្មែរ​ក្នុង​កម្រិត​ណា​មួយ»។​

ដោយ​ឡែក​លោក​ស្រី​ មូរ សុខហ៊ួរ​ អនុ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោលយល់​ថា​ ​កម្ពុជា​ត្រូវ​ការ​ការ​លើក​សរសើរ​គ្នា​ទៅវិញ​ទៅ​មកពី​ភាគី​ចិន​ដើម្បីការពារនិង​រក្សា​អំណាច​របស់គណបក្ស​កាន់​អំណាច។​

«យើង​ឃើញ​ថា លោក​ ហ៊ុន សែន​ ឥឡូវ​នេះ​ កំពុងតែ​ត្រូវ​ការ​ការ​គាំទ្រ​ពី​ប្រទេស​ចិន។​ ទោះបីជា​បាត់​បង់​ផល​ប្រយោជន៍សម្រាប់​ប្រទេស​កម្ពុជា​ក៏ដោយ​ ក៏ត្រូវ​តែ​រដ្ឋាភិបាល​ប្រទេស​ចិន​ និង​របប​លោក​ ហ៊ុន សែន​ ត្រូវ​តែ​ការពារ​គ្នា​ទៅវិញ​ទៅមក។​ ដូច្នេះ​គ្មាន​អ្វី​អស្ចារ្យ​ទេ»។​

យ៉ាង​ណាក៏ដោយ​ ​លោក ​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​រដ្ឋា​ភិបាល​បានឆ្លើយតប​វិញ​ថា​ ​ការ​វិភាគ​វែក​ញែក​ខាង​លើ​មិន​អាច​យក​ជា​ការ​បាន​នោះ​ទេ ​ដោយ​លោក​ថ្លែង​សង្កត់​ធ្ងន់​ថា​ ទំនាក់​ទំនង​កម្ពុជា​ចិន​មិន​បាន​បង្ហាញ​ពី​វិបត្តិ​ណាមួយ​នៅ​ឡើយ។

ដំណាល​គ្នា​នេះ​ លោក​ ជិន ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ប្រទេស​កម្ពុជា បានជួយ​បន្ថែម​ថា​ កម្ពុជា​មាន​ទំនាក់​ទំនង​គ្រប់​បណ្តា​ប្រទេស​ទាំង​អស់​ដោយ​បាន​តម្កល់​អធិប​តេយ្យ​ភាព​របស់​ប្រទេស​ជា​ធំ៕

What Next?

Recent Articles

Leave a Reply

Submit Comment