បក្ស​សង្គ្រោះ​ជាតិ​អំពាវនាវ​ឲ្យ​គណៈ​កម្មការ​សិទ្ធិ​មនុស្ស ​អ.ស.ប.​ ជំរុញ​ឲ្យ​មាន​ការដោះ​លែង​សកម្ម​ជន​របស់​ខ្លួន

សិទ្ធិ​មនុស្ស


រូប​ឯកសារ៖ បាតុករ​កាន់​បដា​រូប​លោក កឹម សុខា និងលោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​មួយ នៅ​ក្បែរ​រដ្ឋ​សភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)


22 សីហា 2019
ពិន ស៊ីសុវណ្ណ
វីអូអេខ្មែរ

ការ​ចាប់​ខ្លួន​និង​ការ​កោះ​ហៅ​សាកសួរអតីត​សកម្មជន​គណបក្ស​សង្គ្រោះជាតិបាន​រើប​ឡើង​វិញ រួម​មាន​ការ​ចាប់​ខ្លួន​លោក ​នុត ពេជ ​នៅ​ចុង​សប្តាហ៍​នេះ​ផង​ដែរ។ គណបក្ស​សង្គ្រោះជាតិនិង​អង្គការ​សិទ្ធិមនុស្ស​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ដោះលែង​និង​ទម្លាក់​ការ​ចោទ​ប្រកាន់​មន្ត្រី​គណបក្ស​ប្រឆាំង​នេះ។​

គណបក្ស​សង្គ្រោះជាតិ​បាន​អំពាវនាវ​ឲ្យ​គណៈ​កម្មការ​សិទ្ធិ​មនុស្ស​អ.ស.ប.​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក ​នុត ពេជ អាយុ​៦៣​ឆ្នាំ សកម្មជន​របស់​គណបក្ស​នេះ ​ដែល​ត្រូវ​អាជ្ញាធរ​ខេត្ត​កំពត​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៧​ ខែ​សីហា​ នៅ​ពេល​លោក​កំពុង​ស្ទូងស្រូវ។​ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ចេញ​នៅ​ថ្ងៃ​ពុធ​នេះ។

សេចក្តីថ្លែង​ការណ៍​នេះ​និយាយ​ថា ​ការ​ចាប់​ខ្លួន​លោក ​នុត ពេជ​ ធ្វើឡើង​តាម​អំពើចិត្ត​ ហើយ​ប៉ូលិស​មិន​បាន​បង្ហាញ​ដីកា​របស់​តុលាការ​ទេ​។ នេះ​បើតាម​ការ​អះអាង​របស់​ភរិយា​លោក​សកម្មជន​ដែល​ជា​អនុប្រធាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ស្រុក​ឈូក ​ខេត្ត​កំពុង។​ លោក​ត្រូវបាន​ចោទ​ប្រកាន់​ពីបទ​បំពាន​សាលក្រម​របស់​តុលាការ​កំពូល​ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិកាលពី​ឆ្នាំ​២០១៧។​ លោក​អាច​ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់​៣០​ឆ្នាំ។

ការ​ចាប់​ខ្លួន​នេះ​ធ្វើឡើង​នៅ​ពេល​មាន​ភាព​តាន​តឹង ក្រោយ​ពី​លោក​ សម រង្ស៊ី​ ប្រកាស​ថា ​លោក​នឹង​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​៩ ​ខែ​វិច្ឆិកា ហើយ​លោក ហ៊ុន សែន ​ព្រមាន​ថា​នឹងចាប់​ខ្លួន​លោក​សម រង្ស៊ី។

ពីរ​ថ្ងៃ​ក្រោយ​ពី​អាជ្ញាធរ​ខេត្ត​កំពត​ចាប់​ឃុំ​ខ្លួន​លោក ​នុត ពេជ ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ប្រឆាំងអតីត​មន្ត្រីនយោបាយ​មូល​ដ្ឋាន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នេះ។​ ប៉ុន្តែ​មន្ត្រី​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​និយាយ​ថា​ ការ​អំពាវនាវ​របស់​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​នេះ​មិន​មាន​អត្ថ​ន័យ​គួរ​ពិចារណា​នោះ​ទេ៕​

What Next?

Recent Articles

Leave a Reply

Submit Comment