លោក សម រង្ស៊ី បន្ត​ជួប​សមាជិក​សភា​នូវែលហ្សេឡង់ តែ​មន្ត្រី​របប​ភ្នំពេញ​ថា មិន​ចាប់​អារម្មណ៍

ដោយ សេក បណ្ឌិត
2019-08-22
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។ RFA
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។ RFA


ការ​បំពេញ​បេសកកម្ម​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ នៅ​ប្រទេស​នូវែលហ្សេឡង់ (New Zealand) ថ្ងៃ​ទី​២២ ខែ​សីហា​នេះ លោក សម រង្ស៊ី បាន​ជួប​សមាជិក​រដ្ឋ​សភាគ​ណ​បក្ស​កាន់អំណាច​ពីរ​រូប​នៃ​ប្រទេស​នេះ និង​អ្នកគាំទ្រ​ជាង​២០០​នាក់។

អ្នកវិភាគ​ថា ការ​ធ្វើ​នយោបាយ​ការបរទេស​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ គឺជា​ការ​ព្យាយាម​បង្កើន​ឥទ្ធិពល​ការទូត​ដើម្បី​វែកផ្លូវ​ចូល​ស្រុក​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ខាងមុខ។

ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​នូវែលហ្សេឡង់ លោក ម៉េង លី ឱ្យ​អាស៊ីសេរី​ដឹង​ថា លោក សម រង្ស៊ី បាន​ជួប​សមាជិកសភា​ពីរ​រូប​មកពី​គណបក្ស​កាន់អំណាច​នៃ​ប្រទេស​នូវែលហ្សេឡង់ ដើម្បី​បញ្ជាក់​ជំហរ​នយោបាយ​នៃ​ការ​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ​។ ប៉ុន្តែ​លោក​ថា លោក សម រង្ស៊ី មិនបាន​ជួប រដ្ឋមន្ត្រី​ក្រសួង​នគរូបនីយកម្ម អ្នកស្រី​បណ្ឌិត មេហ្គេន វូដ (Megan Wood) ដូច​ការ​គ្រោងទុក​ទេ ព្រោះ​អ្នកស្រី​រដ្ឋមន្ត្រី មាន​ការងារ​បន្ទាន់​ត្រូវ​ទៅ​បំភ្លឺ​នៅ​ក្នុង​រដ្ឋសភា​។ ទោះ​បែបនេះ លោក ម៉េង លី ប្រាប់​ថា រដ្ឋមន្ត្រី​ក្រសួង​នគរូបនីយកម្ម បាន​ផ្តាំ​ផ្ញើ​ពាក្យសំដី​តាម​សមាជិកសភា​ដែល​បាន​ជួប​លោក សម រង្ស៊ី ថា ពួកគេ​គាំ​ជំហរ​នយោបាយ​របស់​លោក សម រង្ស៊ី​៖ «គាត់​(​អ្នកស្រី​បណ្ឌិត Dr. Megan Wood)​អត់​បាន​ជួប​ប៉ុន្តែ​គាត់​ផ្តាំ​ផ្ញើ​តំណាងរាស្ត្រ​ទាំងពីរ​រូប​ដែល​មក​ចូលរួម​នេះ​នូវ​ការ​សោកស្ដាយ​របស់​គាត់ និង​គាំទ្រ​ការ​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី»

ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​នូវែលហ្សេឡង់ រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា សមាជិកសភា ប្រទេស​នូវែលហ្សេឡង់ បង្ហាញ​ការ​ព្រួយបារម្ភ​ពី​ការរំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ លោក​បន្ត​ថា សមាជិកសភា​ប្រទេស​នូវែលហ្សេឡង់ ទាំង​ពីរ​រូប​គាំទ្រ​ជំហរ​នៃ​ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី និង​អះអាង​ថា ពួកគេ​នឹង​ឃ្លាំមើល​ព្រឹត្តិការណ៍​ដោយ​យកចិត្តទុកដាក់៖ «គេ​បាន​លើកឡើង​ពី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ណា ហើយ​គេ​គាំទ្រ​ដើម្បី​ឱ្យ​ខ្មែរ​យើង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ»

លោក ម៉េង លី ឱ្យ​ដឹង​ទៀត​ថា ក្រៅពី​ជួប​សមាជិក​សភា​ប្រទេស​នូវែលហ្សេឡង់ លោក សម រង្ស៊ី បាន​ជួប​សំណេះសំណាល និង​ថ្លែង​សារ​នយោបាយ​ទៅកាន់​អ្នកគាំទ្រ​របស់​លោក នៅ​ប្រទេស​នេះ​ជាង​២០០​នាក់​។ ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​នូវែលហ្សេឡង់ លោក ម៉េង ប្រាប់​ទៀត​ថា ថ្ងៃ​ទី​២៣ ខែ​សីហា ខាងមុខ លោក សម រង្ស៊ី គ្រោង​ជួប​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​នូវែលហ្សេឡង់ និង​ពលរដ្ឋ​រាប់​រយ​នាក់​នៅ​ប្រទេស​នេះ។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ យល់ថា ពេលនេះ​ការ​ធ្វើ​នយោបាយ​ការទូត​របស់​លោក សម រង្ស៊ី ទទួល​បាន​លទ្ធ​ផល​កម្រិត​ខ្ពស់។ ប៉ុន្តែ​លោក​យល់ថា នៅ​ពេល​នេះ នៅ​សល់​តែ​ការ​ប្តេជ្ញាចិត្ត​ចុងក្រោយ​របស់​លោក សម រង្ស៊ី ប៉ុណ្ណោះ ថា​វិល​ចូល​ស្រុក​វិញ​ឬ​មិន​ចូល​ស្រុក៖ «មានន័យ​ថា បើ​គាត់​ចូល​ស្រុក​ចូល​ដោយ​របៀប​ណា​ហើយ​ចូល​គេ​ចាប់​តែ​មាន​យុទ្ធសាស្ត្រ​អ្វី​បន្ត​ទៀត​នៅ​ក្នុង​ការ​ដែល​សហគមន៍​អន្តរជាតិ​គេ​លើក​ចិត្តជា​ជំនួយ​របៀប​លើក​តម្កើង​លទ្ធិប្រជាធិបតេយ្យ​តាម​បែប​ចូលរួម​និយម»

ទាក់ទង​ការ​ធ្វើ​សកម្មភាព​របស់​លោក សម រង្ស៊ី នេះ​អ្នកនាំពាក្យ​រដ្ឋាភិបាល​នៃ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន និយាយ​ថា លោក​មិន​ឆ្លងឆ្លើយ​នៃ​សកម្មភាព​របស់​លោក សម រង្ស៊ី ទេ ដោយ​លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា លោក​មិន​ឱ្យ​តម្លៃ និង​មិន​ចាប់អារម្មណ៍។

កាល​ពី​ថ្ងៃ​ទី​១៧ សីហា កន្លងទៅ លោក សម រង្ស៊ី បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ថា គោលដៅ​ក្នុង​ការ​ធ្វើ​មាតុភូមិនិវត្តន៍ ថ្ងៃ​ទី៩ វិច្ឆិកា ខាងមុខ ដើម្បី​ទាមទារ​ឱ្យ​មានការ​ដោះលែង​លោក កឹម សុខា និង​បើកផ្លូវ​ឱ្យ​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ។

ក្រៅ​ពី​នេះ ក៏​មាន​ការ​ទាមទារ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការពារ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប ដើម្បី​រក្សា​ឆ្នាំងបាយ​កម្មករ ប្រគល់​សង​ដីធ្លី និង​ផ្ទះសម្បែង​ជូន​ជនរងគ្រោះ ដែល​បាន​បាត់បង់​ទ្រព្យសម្បត្តិ ដោយសារ​អំពើ​អយុត្តិធម៌ ពី​សំណាក់​រដ្ឋ អំណាច និង​ជនខិលខូច និង​ដោះស្រាយ​បញ្ហា​បំណុល​របស់​ប្រជាពលរដ្ឋ​ក្រីក្រ ដោយ​រឹបអូស​លុយ​ពុករលួយ​ពី​ថ្នាក់ដឹកនាំ​ប្រទេស​សព្វថ្ងៃ ដើម្បី​យក​មក​សងបំណុល​ជំនួស​ប្រជាពលរដ្ឋ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment