សមត្ថកិច្ច​​ខេត្ត​​សៀមរាប ត្រៀម​បណ្ដេញ​ជនជាតិ​អង់គ្លេស​ម្នាក់​ចេញ​ពី​កម្ពុជា ដោយ​សារ​ ហួស​ទិដ្ឋាការ ​ជាង​កន្លះ​ឆ្នាំ

ដោយ វ៉ែន សុមេធ
2019-08-22
RFA

លោក ផាសាន់ ថូម៉ាស់ (PARSONS THOMAS) ជនជាតិ​អង់គ្លេស ដែល​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ ផុត​ទិដ្ឋាការ ឬ​ផុត​វីសា (Visa) ជាង​កន្លះ​ឆ្នាំ។ រូប៖ ហ្វេសប៊ុក​នគរបាល​ជាតិ
លោក ផាសាន់ ថូម៉ាស់ (PARSONS THOMAS) ជនជាតិ​អង់គ្លេស ដែល​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ ផុត​ទិដ្ឋាការ ឬ​ផុត​វីសា (Visa) ជាង​កន្លះ​ឆ្នាំ។ រូប៖ ហ្វេសប៊ុក​នគរបាល​ជាតិ


សមត្ថកិច្ច​ខេត្ត​សៀមរាប​ ចាប់​ខ្លួន​ជនជាតិ​អង់គ្លេស​ម្នាក់ ដែល​ស្នាក់​នៅ​ប្រទេស​​កម្ពុជា​ ផុត​ទិដ្ឋាការ​ ឬ​ផុត​វីសា (Visa)​ ជាង​កន្លះ​ឆ្នាំ​។ គេហទំព័រ​អគ្គ​ស្នងការ​នគរបាល​ជាតិ ចុះ​ផ្សាយ​ថា សមត្ថកិច្ច​កំពុង​ត្រៀម​បណ្ដេញ​ជនជាតិ​អង់គ្លេស​ម្នាក់​នោះ ចេញ​ពី​ប្រទេស​កម្ពុជា​។

ជន​ជាតិ​អង់គ្លេស​នោះ ​ឈ្មោះ ផាសាន់ ថូម៉ាស់ (PARSONS​ THOMAS)​ ភេទ​ប្រុស​ អាយុ​៦៤​ឆ្នាំ​ មុខរបរ​ចូល​និវត្តន៍។ ជនជាតិ​អង់គ្លេស​រូប​នេះ បាន​ផុត​ទិដ្ឋាការ​ស្នាក់​នៅ​​ប្រទេស​កម្ពុជា តាំង​ពី​ថ្ងៃ​ទី២១​ ខែ​ធ្នូ ឆ្នាំ២០១៨។ តែ​បន្ត​ស្នាក់​នៅ​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​គ្រួ​ស​ សង្កាត់​ស្វាយ​ដង្គុំ​ ក្រុង​សៀមរាប។ គេហទំព័រ​ប៉ូលិស​បន្ត​ថា ​ជនបរទេស​រូប​នេះ មាន​ជំងឺលើសឈាម​ គឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន ដូច្នេះ​សមត្ថកិច្ច​មិន​អាច​សាកសួរ​លំអិត​បាន​ទេ។ បច្ចុប្បន្ន​ ជនជាតិ​អង់គ្លេស​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ស្នាក់​ការ​ត្រៀម​បណ្ដេញ​ចេញ នៅ​ខេត្ត​សៀមរាប​ហើយ ដើម្បី​បន្ត​នីតិវិធី​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា។

រយៈ​ពេល ៤​ឆ្នាំ គឺ​ចាប់​ពី​ឆ្នាំ២០១៤ រហូត​ដល់ ខែ​សីហា ឆ្នាំ២០១៨ ជនបរទេស ​ជាង​ ១ម៉ឺន ៥ពាន់​ (១៥.០០០) នាក់ ៩១សញ្ជាតិ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា។ ក្នុង​នោះ ជន​ជាតិ​វៀតណាម​​ ត្រូវ​បាន​បញ្ជូន​ចេញ​ច្រើន​ជាង​គេ គឺ​ជាង ១ម៉ឺន (១១.១៩៥) នាក់ ភាគ​ច្រើន​គ្មាន​ទិដ្ឋាការ​ស្នាក់​នៅ​ និង​ប័ណ្ណ​ការ​ងារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment