ក្រុម​ហ៊ុន​សុំ​ពន្យារ​ពេល​បញ្ជួន​សំរាម​៦៩​កុង​តឺន័រទៅ​កាន់​ប្រទេស​ដើម​វិញ​

ដោយ អ៊ឹង ប៊ុនថន
24/08/2019
RFI

media
សំរាមប្លាស្ទិកដែលចាប់នៅកំពង់​ផែខេត្តព្រះសីហនុ
@សហការី


នៅថ្ងៃ​សៅរ៍​ទី​២៤​ខែ​សីហានេះ​ គឺ​ដល់​ពេល​កំណត់​ដែល​ប្រទេស​កម្ពុជា​ត្រូវ​បញ្ជួន​សំរាម​ថង់​ប្លាស្ទិក​ចំនួន​៨៣​កុង​តឺន័រ​ទៅ​កាន់​ប្រទេស​ដើម​វិញ​។​ ប៉ុន្តែ​អគ្គនាយ​កដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា​ បាន​ប្រកាស​ថា​ដោយ​មូល​ហេតុ​អាកាស​ធាតុ និង​ការ​កក​ស្ទះ​ទំនិញ​ច្រើន​ពេក​ សំរាម​កាក​សំណល់​ប្លាស្ទិក​ដែល​នៅ​សល់​៦៩​កុង​តឺន័រ​ទៀត ត្រូវ​ពន្យារ​ពេល​បញ្ជួន​ទៅ​ប្រទេស​ដើម​វិញ​រហូត​ដល់​ថ្ងៃ​ទី​២៥​ខែ​តុលា​ខាង​មុខ​។​

សេចក្តី​ប្រកាស​ព័ត៌​មាន​កាល​ពី​ម្សិល​មិញ អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បញ្ជាក់ថា ក្រុម​ហ៊ុន​ឈ្មោះ Chungyuen Plastic Manufacture​ បាន​ដឹក​សំរាម​ថង់​ប្លាស្ទិក​របស់​ខ្លួន​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​អស់​ចំនួន​១៤​កុង​តឺន័រ​ហើយ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា ដឹក​ទៅ​ប្រទេស​ណា​មួយ​នោះ​ទេ​។

ចំណែក​សំរាម​ដែល​នៅ​សល់​ចំនួន​៦៩​កុង​តឺន័រ​ទៀត ក្រុម​ហ៊ុន​នេះ​សុំ​ពន្យារពេល​ដឹក​ទៅវិញរហូត​ដល់​ថ្ងៃ​ទី២៥​ខែតុលា​ខាងមុខ ដោយ​សំអាង​លើ​អាកាស​ធាតុ​មិន​ល្អ និង​ការ​កក​ស្ទះទំនិញ​ច្រើន​ពេក​។​ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

យ៉ាងណាក៏ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ក្រុម​ហ៊ុន​ដែល​នាំចូល​សំរាម​ខុស​ច្បាប់​ចំនួន​៨៣​កុងតឺន័រនោះ បានបង់​ប្រាក់​ផាក​ពិន័យ​ចូល​រដ្ឋគ្រប់​ចំនួនអសហើយ រាប់​ទាំង​ថ្លៃ​កំពង់​ផែរផងដែរ។

បើតាម​ក្រសួង​បរិស្ថាន កាក​សំណល់​សំរាម​ថង់ប្លាស្ទិក​ទាំង​នេះ គឺ​នាំចូល​ពី​សហរដ្ឋ​អាមេរិក និង កាណាដា។​​

​លោក សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន បាន​ថ្លែងបន្ថែម​ថា កាកសំណល់​ប្លាស្ទិក​គឺជាមុខ​ទំនិញហាម​ចូល​កម្ពុជា ប៉ុន្តែកម្ពុជា​លើកទឹក​ចិត្តឲ្យមានការ​កែ​ច្នៃ​កាក​សំណល់​ផ្លាស្ទិក​ដែល​ប្រើប្រាស់​នៅក្នុង​ស្រុក។

កាល​ពី​ខែ​ឧសភា ប្រទេស​ជាង ១៨០ បាន​ព្រម​ព្រៀង​គ្នា​ធ្វើ​វិសោធន​កម្ម យន្ត​ការ​ច្បាប់​ដើម្បី​ចាត់​ចែង​សំរាម​ប្លាស្ទិក​។ ចិន​ដែល​គេ ធ្លាប់​ស្គាល់​ថា ជា​ទិស​ដៅ​នាំ​ចូល​សំរាម​បា្លស្ទិក​សម្រាប់​កែ​ច្នៃ​ឡើង​វិញ លំដាប់​លេខ​មួយ បាន​បញ្ឈប់​ការ​នាំ​ចូល​សំរាម​ប្លាស្ទិក តាំង​ពីដើមឆ្នាំ២០១៨ ហើយ​ពេល​នេះ សំរាម​ប្លាស្ទិក​របស់​ប្រទេស​ជឿន​លឿន (អាមេរិក និងកាណាដា ជាដើម) បាន​តម្រង់​ទិស​មក​អាស៊ី​អាគ្នេយ៍ ជាពិសេស​ម៉ាឡេស៊ី​៕

What Next?

Recent Articles

Leave a Reply

Submit Comment