ពលរដ្ឋ​រស់នៅ​ក្បែរ​ជម្លោះព្រំដែន​ខេត្ត​ព្រះវិហារ​ពុំ​ទាន់​ជម្លៀស​ចេញ​ពី​លំនៅឋាន​នៅ​ឡើយ​ទេ

ដោយ យន់ សាមៀន
2019-08-24
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​និង​បោះ​បង្គោល​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ថ្លែង​ទៅ​កាន់​អ្នក​កាសែត ក្នុង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី២៩ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Sorn Chanratha
ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​និង​បោះ​បង្គោល​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ថ្លែង​ទៅ​កាន់​អ្នក​កាសែត ក្នុង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី២៩ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Sorn Chanratha


ពលរដ្ឋ​រស់នៅ​កៀក​តំបន់​មុំ​បី របស់​ខេត្ត​ព្រះវិហារ ដែល​ជា​ចំណុច​ព្រំដែន​ប្រសព្វ​គ្នា រវាង​ប្រទេស​កម្ពុជា ថៃ និង​ឡាវ ហើយ​កំពុង​មាន​ជម្លោះ​នោះ នៅ​មិនទាន់​ចាក​ចេញពី​ភូមិកំណើត ឬ​លំនៅឋាន​នៅឡើយ​ទេ គិត​ត្រឹម​រសៀល​ថ្ងៃទី២៤ ខែ​សីហា​នេះ​។ អ្នកភូមិ​អះអាង​ថា ពួកគេ​ហាក់​មិន​បារម្ភ​រឿង​ជម្លោះ​ព្រំដែន​ទេ។

ពលរដ្ឋ​រាប់​រយ​គ្រួសារ រស់នៅ​តំបន់​មាន​ជម្លោះព្រំដែន ក្នុង​ឃុំ​មរកត និង​ឃុំ​ទឹក​ក្រហម នៃ​ស្រុក​ជាំ​ក្សាន្ត ហាក់​មិន​ភ្ញាក់ផ្អើល និង​ភ័យ​ព្រួយ ចំពោះ​សេចក្ដី​ប្រកាស​របស់​អាជ្ញាធរ​ឱ្យ​ពួកគេ​ត្រៀមលក្ខណៈ​ជម្លៀស​ចេញពី​លំនៅឋាន ក្នុង​ករណី​មាន​ផ្ទុះ​អាវុធ​កើតឡើង​មែន​នោះ​។​

គ្រួសារ​កងទ័ព​រស់នៅ ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ដោយ​បារម្ភ​ពី​សុវត្ថិភាព ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៤ សីហា​ថា បើ​ទោះ​បី​ជា​យោធា​ប្រទេស​ទាំងពីរ មក​ទល់​ពេល​នេះ​មាន​ពលរដ្ឋ​ជាង ១០​គ្រួសារ​បណ្ដោះ មាន​ស្រែចម្ការ នៅ​កៀក​ព្រំដែន បាន​ផ្អាក​ធ្វើស្រែ​ចម្ការ និង​វិល​មក​លំនៅឋាន​វិញ បន្ទាប់ពី​អាជ្ញាធរ​ប្រកាស​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​។ លើស​ពី​នេះ​ អ្នកភូមិ​ភាគច្រើន នៅ​មិនទាន់​ត្រៀម​សម្ភារៈ និង​ស្បៀងអាហារ ដើម្បី​ចាកចេញ​ពី លំនៅឋាន​នោះ​ទេ៖ «វា​អត់​កើត​អី​ទេ បើ​ទាហាន​ឡាវ និង​ខ្មែរ​ផឹក​ជាមួយគ្នា ព្រឹក​មិញ​ផឹក​ស្រា​ជាមួយគ្នា​។ ខាងយើង​ដាក់​ទ័ព ខាងគេ​ក៏​ដាក់ ធម្មតា​រឿង​ព្រំដែន ទោះបី​មិន​វ៉ៃ​គ្នា​ក៏​យើង​ត្រូវតែ​បម្រុង​។ នេះ​អត់​មាន​រត់​ទេ នៅ​ភូមិ​ខ្ញុំ​នេះ»

ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ឃុំ​ទឹក​ក្រហម លោក សៅ សារី ប្រាប់​អាស៊ីសេរី​ថា ទីតាំង​ប្រឈមមុខ​ដាក់គ្នា ជា​តំបន់​ប្រជាជន​ប្រទេស​ទាំងពីរ ធ្វើដំណើរ​ឆ្លង​ព្រំដែន​ចេញចូល ទំនាក់ទំនង​រកស៊ី និង​ទិញ​ទំនិញ ដោយ​ពុំ​ចាំបាច់​មាន​លិខិតឆ្លងដែន​។ លោក​ថា បន្ទាប់ពី​កើតមាន​ភាព​តានតឹង​នេះ ពលរដ្ឋ​បាន​ផ្អាក​ធ្វើដំណើរ​ឆ្លងដែន​ទៅ​ប្រទេស​ឡាវ​ជាង ២​សប្ដាហ៍​មក​ហើយ​៖ «ខ្ញុំ​ធ្លាប់​ឆ្លងកាត់​ទៅ​រក​ស៊ី​នៅ​ឡាវ​ដឹក​ស្វាយ ទៅ​លក់​ឱ្យ​ប្រជាជន​ឡាវ។ ឆ្លង​ទៅ​បាន​តើ មិនបាច់​ធ្វើ​ប៉ាស្ព័រ​(​លិខិតឆ្លងដែន​) ដូច​មុន គ្រាន់​ទៅដល់​មាន​ទាហាន​ព្រំដែន​ស៊ីញ៉េ។ ឥឡូវ​ទៅ​មិន​បានទេ សកម្មភាព​អ៊ីចឹង​ហើយ»

តំបន់​មុំ​បី ជា​ចំណុចប្រសព្វ​គ្នា រវាង​ខេត្ត​ព្រះវិហារ ប្រទេស​កម្ពុជា ជាប់​ខេត្ត​ឧប៊ុន ប្រទេស​ថៃ និង​ជាប់​ខេត្ត​ចម្ប៉ាសាក់​ប្រទេស​ឡាវ​។ តំបន់​នោះ នៅ​មិនទាន់​បោះ​បង្គោល​ព្រំដែន ជា​ផ្លូវការ​នៅឡើយ​ទេ​។ រីឯ​ភាគី​កម្ពុជា និង​ប្រទេស​ឡាវ កំពុង​ចរចា​ទ្វេ​ភាគី ដោយ​ស្នើ​ទៅ​រដ្ឋាភិបាល​បារាំង​ផ្ដល់​បច្ចេកទេស បំប្លែង​ផែនទី​ខ្នាត ១/១០០​ពាន់ មក​ជា​ផែនទី​ខ្នាត ១/៥០ ពាន់​វិញ ដើម្បី​បោះ​បង្គោល​ព្រំដែន​ឱ្យ​ចប់​សព្វគ្រប់។

ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ឱ្យ​ដឹង​ថា កន្លងទៅ​ភាគី​កម្ពុជា និង​ឡាវ បានស្នើ​ឱ្យ​រដ្ឋាភិបាល​បារាំង​ផ្តល់​លក្ខណៈ​បច្ចេកទេស​ផែនទី កំណត់​បង្គោល​ព្រំដែន​។ លោក​បញ្ជាក់​ថា បង្គោល​ព្រំដែន​ផ្លូវការ ដែល​បាន​បោះ​រួច​ចំនួន ១២១​បង្គោល ផ្អែក​តាម​ផែនទី ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ខ្នាត ១/១០០​ពាន់ របស់​បារាំង អនុលោម​តាមច្បាប់​អន្តរជាតិ​ស្ដីពី​ខ្សែ​ព្រំដែន​មិន​កែប្រែ។ លោក​ថា ចំណុច​ដែល​នៅ​សេសសល់ មិនទាន់​បោះ​រួច​មាន​ប្រវែង​ជាង ១០០​គីឡូម៉ែត្រ​ឬ​ស្មើ ១៦​ភាគរយ ៖ «ជា​គោលការណ៍​គេ​ព្រម​ជួយ​ហើយ (​បារាំង​) តាម​សេចក្ដីស្នើ​របស់​នាយករដ្ឋមន្ត្រី​ទាំងពីរ​។ ប្រធានាធិបតេយ្យ​បារាំង គេ​ព្រម​ឱ្យ​អ្នក​ជំនាញ​គេ​មក​ជួយ​ធ្វើ​កិច្ចការ​ហ្នឹង ប៉ុន្តែ​លុះត្រាតែ​ភាគី​កម្ពុជា និង​ឡាវ​ឯកភាពគ្នា​លើ បែបបទ​បច្ចេកទេស ។ ឯកភាពគ្នា​ទៅ បាន​គេ​បញ្ជូន​អ្នកបច្ចេកទេស​មក​ធ្វើ​កិច្ច​ការងារ​ហ្នឹង​។ ចាប់ពី​ចំណុច បង្គោល​លេខ ២៤ នៅ​ទន្លេ​ល្ពៅ រហូតដល់​ច្រក​ព្រះ​ចំ​បុក​ហ្នឹង គឺ​យើង​មិនទាន់​ឯកភាព​គ្នា​នៅឡើយ​ទេ​»​។​

យ៉ាងណា លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងប្រាប់​កាសែត​ក្នុងស្រុក​ថា លោក​បាន​ទូរស័ព្ទ​ផ្ទាល់មាត់ ជួយ​ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ លោក ថង លួន ស៊ីសូលីត (Thongloun Sisoulith ) ដើម្បី​ចរចា កងទ័ព​ចេញពី​តំបន់​មុំ​បី​។ លោក​ថា តំបន់​នោះ​ពុំ​មាន​ភាព​តានតឹង​នោះ​ទេ និង​អំពាវនាវ​សូម​ឱ្យ​ពលរដ្ឋ​កុំ​បារម្ភ​។ លោក ទៀ បាញ់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រាប់​អាស៊ីសេរី​ថា ជម្លោះព្រំដែន​ដែល​បណ្ដាល​ឱ្យ​ប្រទេស​បញ្ជូន​កងទ័ព​ទៅ​តំបន់​មាន​ជម្លោះ​នោះ កើតឡើង​ដោយសារតែ​យល់​ច្រឡំ​ជុំវិញ ការ​អាង​ផែនទី​។ មន្ត្រី​យោធា​ឡាវ ក៏​ប្រាប់​អាស៊ីសេរី​ថា ការ​បង្កើន​កងទ័ព​នៅ​តំបន់​មាន​ជម្លោះ​នោះ ដោយ​តែ​ជម្លោះ​ពាក្យ​សម្តី​រវាង យោធា​នៃ​ប្រទេស​ទាំងពីរ ប៉ុន្តែ​គ្មាន​ភាព​តានតឹង​យោធា​នោះ​ទេ។

អ្នកវិភាគ​សង្គម និង​អ្នកនយោបាយ​យល់ថា ភាព​តានតឹង​នៅ​ពេលនេះ អាច​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​របប​លោក ហ៊ុន សែន ដើម្បី​ទាញអារម្មណ៍​កុំ​ឱ្យ​ចាប់អារម្មណ៍​នឹង​បំពាន​​លុបចោល EBA របស់​អឺរ៉ុប និង ការ​វិលត្រឡប់​របស់​លោក សម រង្ស៊ី​នៅ​ខែ វិច្ឆិកា​ខាងមុខនេះ​។

តំណាងរាស្ត្រ គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់ថា ភាព​តានតឹង​ផ្នែក​ព្រំដែន​នេះ អាច​ជា​ការរៀបចំ​ទុក ដើម្បី​លង​បន្លាច​ពលរដ្ឋ កុំ​ឱ្យ​ទៅ​ទទួល​លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះជាតិ។ លោក​ថា ប្រសិនបើ​លោក ហ៊ុន សែន ស្នេហា​ជាតិ​មែន​នោះ កុំ​ហាន​តែ​ជាមួយ​ឡាវ ត្រូវតែ​ក្លាហាន​ជាមួយ​វៀតណាម​ផង​៖ «បើ​ចង់​ការពារ​ទឹកដី ឱ្យ​ក្លាហាន ហាន​ប្រឈមមុខ​ជាមួយ យួន អ៊ីចឹង​ដែរ​មើល បើសិនជា​គាត់​ស្នេហា​ជាតិ​មែន​។ ដូច​កន្លងមក គាត់​និយាយ​ថា បើ​នរណា​និយាយ​ចង់​យក​ទឹកដី​កម្ពុជា​ក្រោម គាត់​ឱ្យ​ក្ដារមឈូស អត់​មាន​លើកទឹកចិត្ត​ទេ​ជាមួយ​យួន​។ អ្នក​ដែល​ទៅ​មើល​បង្គោល​ព្រំដែន ជាមួយ​យួន​មានការ​រារាំង ហាមឃាត់​រហូតដល់ ចាប់​ដាក់គុក ដូច​ខ្ញុំគេ​ចាប់​ដាក់គុក​។ ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន តវ៉ា​រឿង​ទឹកដី​គេ​ហាមឃាត់ គំរាមកំហែង »​។​

កម្ពុជា​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ឡាវ ប្រវែង ៥៤០​គីឡូម៉ែត្រ ដែល​ត្រូវ​បោះ​បង្គោល​ព្រំដែន​សរុប​ចំនួន ១៤៥​បង្គោល​។ បច្ចុប្បន្ន​ប្រទេស​ទាំងពីរ​បោះ​បង្គោល​បាន​ចំនួន ១២១​បង្គោល​រួចហើយ ស្មើ​និង ៨៤​ភាគរយ​។ ចំណុច​ដែល​នៅ​សេសសល់​មិនទាន់​បោះ​រួច គឺ​ឋិត​ក្នុង​ខែត្រ​ព្រះវិហារ និង​ខែត្រ​ស្ទឹងត្រែង។

កាល​ពី​ឆ្នាំ ២០១៧ កម្ពុជា និង​ឡាវ ធ្លាប់​មាន​ជម្លោះព្រំដែន​ម្តង​ហើយ នៅ​ចំណុច​អូរ​អាឡៃ និង​តំបន់​អូរ​តា​ង៉ាវ ឃុំ​សន្តិភាព ស្រុក សៀម​ប៉ាង ខែត្រ​ស្ទឹងត្រែង​។ លោក ហ៊ុន សែន អះអាង​ថា នាយករដ្ឋមន្ត្រី​ឡាវ​នឹង​មក​កម្ពុជា​នៅ​ពាក់កណ្ដាល ខែ​កញ្ញា ខាងមុខ​ដើម្បី​បន្ត​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment