សកម្មជន​បក្ស​ប្រឆាំង​មួយ​រូប​ទៀត​នៅ​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ប្រមាថ​ថ្នាក់​ដឹកនាំ

ដោយ សុជីវី
2019-08-23
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​បរិស្ថាន កញ្ញា សៅ ឧសភា ដែល​ជា​ម្ចាស់​ហ្វេសប៊ុក​ឈ្មោះ សភា មយូរ៉ា។ រូប​ពី​ហ្វេសប៊ុក សភា មយូរ៉ា
សកម្មជន​បរិស្ថាន កញ្ញា សៅ ឧសភា ដែល​ជា​ម្ចាស់​ហ្វេសប៊ុក​ឈ្មោះ សភា មយូរ៉ា។ រូប​ពី​ហ្វេសប៊ុក សភា មយូរ៉ា


អាជ្ញាធរ​​ខេត្ត​ព្រះសីហនុ ​ឃាត់​​ខ្លួនសកម្មជន​បក្ស​ប្រឆាំងពីបទបង្ហោះ​សារ​ប្រមាថ


សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ឃាត់​ខ្លួន សកម្មជន​បក្ស​ប្រឆាំង​ម្នាក់ និង​ជា​សកម្មជន​បរិស្ថាន នៅ​ពេល​នាង​កំពុង​ជិះ​ម៉ូតូ ទៅ​ធ្វើការ​រោងចក្រ នៅ​ព្រឹក​ថ្ងៃទី២៣ សីហា​។ សមត្ថកិច្ច​ថា ការ​ឃាត់ខ្លួន​សមាជិក​បក្ស​ប្រឆាំង​ស្រុក​ព្រៃនប់​នេះ ជា​ការ​អញ្ជើញ​សាមីខ្លួន ឱ្យ​មក​បំភ្លឺ​ករណី​ហ្វេសប៊ុក (facebook) បង្ហោះ​សារ​ជេរប្រមាថ​មេដឹកនាំ​របប​ក្រុងភ្នំពេញ។

សាច់ញាតិ​ម្នាក់ របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​ជា​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ កញ្ញា សៅ ឧសភា ឱ្យ​ដឹង​ថា សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​ជន​ស្លៀកពាក់​ស៊ីវិល​ច្រើន​នាក់ ចាប់ខ្លួន​នៅ ម៉ោងជាង​៦​ព្រឹក ពេល​នាង កំពុង​ជិះ​ម៉ូតូ​ជាមួយ​បងប្រុស​ទៅ​ធ្វើ​ការ​រោងចក្រ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ។

ប្អូនស្រី​របស់ កញ្ញា សៅ ឧសភា គឺ​កញ្ញា សៅ ពិសី រៀបរាប់​ថា មនុស្ស​មួយ​ក្រុម​ស្លៀកពាក់​ស៊ីវិល ចុះ​ពីលើ​ឡាន​ស៊េរី​ទំនើប​មួយ​គ្រឿង ដើរ​សួរ​គេឯង​ថា នរណា​ឈ្មោះ សៅ ឧសភា នៅ​កណ្ដាល​ផ្លូវ ចំ​ពេល​ស្ទះ​ចរាចរណ៍ នៅ​ចំណុច​អូរ​ឧកញ៉ា​ហេង។ នៅ​ពេល​កញ្ញា សៅ ឧសភា ប្រាប់​ថា គឺ​ជា​រូប​នាង ជន​ស៊ីវិល​ទាំងនោះ បាន​ប្រាប់​វិញ​ថា ពួកគេ​ជា​ប៉ូលិស ហើយ​នាំ​ខ្លួន​នាង ឡើង​ឡាន​ទៅ​ស្នងការ​ខេត្ត​ព្រះសីហនុ។ កញ្ញា សៅ ពិសី ប្រាប់​ថា មនុស្ស​ទាំងនោះ មិន​បាន​បញ្ជាក់​ហេតុផល ឬ ប្រាប់​ថា កញ្ញា សៅ ឧសភា ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​អ្វី​ទេ។

កញ្ញា សៅ ពិសី រៀបរាប់​បន្ត​ថា ក្នុង​ពេល​ចាប់ខ្លួន​នោះ គឺ​ពេល​បងស្រី​នាង កញ្ញា សៅ ឧសភា កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ជាមួយ បងប្រុស​ឈ្មោះ សៅ វិច្ឆិកា ទៅ​ធ្វើ​ការ​នៅ​រោងចក្រ​។ លោក សៅ វិច្ឆិកា បាន​ត្រលប់​មក​ផ្ទះ ប្រាប់​ម្ដាយ ហើយ​បន្តិចក្រោយមក​មាន​សមត្ថកិច្ច​មួយ​ឡាន បាន​មកដល់​មុខ​ផ្ទះ និង​នាំ​ខ្លួន លោក សៅ វិច្ឆិកា ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ឃុំ​អូរឧកញ៉ាហេង​។ កញ្ញា សៅ ពិសី ប្រាប់​ថា ប៉ូលិស​ប៉ុស្តិ៍​មិនបាន​សួរនាំ លោក សៅ វិច្ឆិកា ទេ​។ តែ​បាន​ដកហូត​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង និង​ដោះលែង លោក សៅ វិច្ឆិកា ឱ្យ​ត្រលប់​មក​ផ្ទះ​វិញ។

ចំណែក កញ្ញា សៅ ឧសភា ត្រូវ​បាន​សាកសួរ​ដោយ​តំណាង​អយ្យការ​នៅ​ក្នុង​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​។ កញ្ញា សៅ ពិសី ប្រាប់​ថា សមត្ថកិច្ច​បាន​ដេញ​កញ្ញា ចេញពី​ក្នុង​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ ដោយ​មិន​ឱ្យ​ជួប កញ្ញា សៅ ឧសភា ហើយ​មិនបាន​ប្រាប់​ពី​បទ​ចោទ ឬ​មូលហេតុ នៃ​ការ​ចាប់ខ្លួន​ឱ្យ​គ្រួសារ​បាន​ដឹង​ទេ៖ «គាត់​អត់​មាន​កោះហៅ​យើង​ទៅ​ទេ​បង។ មកដល់​ចាប់​យើង​ហ្មង​។ ចុះ​ចាប់ពី​ម៉ូតូ​ឡើង​ឡាន​។ ពី​ព្រឹក​មិញ រាជអាជ្ញា​គេ​សួរ​គាត់​។ ដល់ពេល​ខ្ញុំ​ចូល​ទៅ​គេ​ដេញ​ខ្ញុំ​មកវិញ គេ​អត់​ឱ្យ​ចូល​ទេ​។ នៅ​ស្នងការ នៅ​ស្នងការ​។ គាត់ (សៅ ឧសភា​) កំពុង​អង្គុយ​និយាយ ដល់​ពេល​ខ្ញុំ​ទៅ​ដល់ គេ​ដេញ​ខ្ញុំ​មកវិញ​។ តាំងពី​ម៉ោង​ប្រហែល​១១(​ព្រឹក​) គេ​ដេញ​ខ្ញុំ​ចេញ​មក រហូតដល់​ឥឡូវ​អត់​ទាន់​មាន​ការ​ទាក់ទង ហៅ​យើង​ឱ្យ​ចូល​ទៅ និយាយ​គ្នា គឺ​អត់​ទេ​បង​។ អត់​មាន​ប្រាប់​ដំណឹង​ថា គេ​និយាយ​ជាមួយ​គាត់​ហ្នឹង​ម្ដេចៗ គេ​អត់​មាន​និយាយ​ទេ»

កញ្ញា សៅ ឧសភា គឺជា​សមាជិក​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ស្រុក​ព្រៃនប់ និង​ជា​សកម្មជន​បរិស្ថាន នៃ​ចលនា​មាតា​ធម្មជាតិ​។ ក្រោយ​របប​ក្រុងភ្នំពេញ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា សៅ ឧសភា បាន​មក​ធ្វើការ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​។ កញ្ញា សៅ ឧសភា ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឈ្មោះ សភា មយូរ៉ា ដើម្បី​រិះគន់​របប​ក្រុងភ្នំពេញ និង​ការ​បំពុល​បរិស្ថាន នៅ​ខេត្ត​ព្រះសីហនុ។

កាលពី​ខែ​មិថុនា សកម្មជន​បរិស្ថាន កញ្ញា សៅ ឧសភា បាន​បង្ហោះ​វីដេអូ​លាតត្រដាង​ពី​ទ្រព្យ​របស់​កូនប្រុស​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា ឈ្មោះ ផារ៉ា មង្គល ដែល​មាន​លុយ​រាប់​លាន​ដុល្លារ​ទិញ​ផ្ទះ​វីឡា នៅ​ប្រទេស​អូស្ត្រាលី​។ បន្ទាប់មក កញ្ញា បាន​បង្ហោះ​សារ​រិះគន់​អតីត​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន អសមត្ថភាព​ក្នុង​ការ​ទប់ស្កាត់​សំណង់​ខុសច្បាប់ របស់​ឈ្មួញ​ចិន​បណ្ដាល​ឱ្យ​បាក់​រលំ​អគារ ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ ស្លាប់ និង​របួស ជាង​៥០​នាក់។

ក្រោយមក អ្នក​ប្រើ​ហ្វេសប៊ុក​ឈ្មោះ គង់ ម៉េង (Kong Meng) ដែល​ដាក់​រូប​ខ្លួន ជា​មន្ត្រី​ប៉ូលិស​ពាក់​ស័ក្ដិ​បី បាន​ជេរប្រមាថ ក្នុង​ខ្ទង់​បញ្ចេញមតិ (Comment) លើ​ហ្វេសប៊ុក កញ្ញា សៅ ឧសភា និង​គំរាម​ចាប់​សកម្មជន​រូប​នេះ ដាក់​ពន្ធនាគារ ឱ្យ​ទាល់តែ​បាន​។ ចំណែក​ហ្វេសប៊ុក​មួយទៀត​ឈ្មោះ យ៉េន ចាន់ហៀ (Yen Chanhea ) ដែល​ដាក់​រូប​ខ្លួន ជា​មន្ត្រី​ប៉ូលិស​ពាក់​ស័ក្ដិ​ប្រាំ បាន​កាត់ត​រូបភាព​កញ្ញា សៅ ឧសភា ដោយ​បំភ្លៃ​ថា កញ្ញា​ប្រកាស​លក់ខ្លួន និង​ប្រើ​ពាក្យ​ជេរប្រមាថ​បន្ថែម​ទៀត​។ បន្ទាប់​រង​ការ​ជេរ​ប្រមាថ និង​គំរាម កញ្ញា បាន​ដាក់​ពាក្យ​ប្ដឹង តែ​ស្ថាប័ន​អគ្គស្នងការ​នគរបាល​ជាតិ​រក​មិន​ឃើញ បទល្មើស​របស់​មន្ត្រី​ប៉ូលិស​ទាំងពីរ​នាក់​នោះ​ទេ​។ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមហឿន ប្រាប់​អាស៊ីសេរី នៅ​កាលណោះ​ថា ជន​អនាមិក ឬ​ក្រុម​ចោរ​ព័ត៌មានវិទ្យា​លួច​ហ្វេសប៊ុក​របស់​មន្ត្រី​នគរបាល យក​ទៅ​បង្ហោះ​សារ ដើម្បី​វាយប្រហារ និង​គំរាមកំហែង​លើ​សកម្មជន​បរិស្ថាន កញ្ញា សៅ ឧសភា។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ប្រាប់​អាស៊ីសេរី​ថា សមត្ថកិច្ច​ប៉ុស្តិ៍​មូលដ្ឋាន​បាន​ទៅ​ឃាត់ខ្លួន​កញ្ញា សៅ ឧសភា មែន គឺ​ទទួល​បញ្ជា​ឱ្យ​ទៅ​អញ្ជើញ កញ្ញា សៅ ឧសភា មក​បំភ្លឺ រឿង គេហទំព័រ​ហ្វេសប៊ុក និង​គណនី​ហ្វេសប៊ុក ឈ្មោះ សភា មយូរ៉ា ដែល​មាន​រូប​កញ្ញា បាន​បង្ហោះ​សារ​ជេរប្រមាថ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល។ លោក​ថា ក្នុង​ដំណាក់កាល​សាកសួរ កញ្ញា សៅ ឧសភា ប្រាប់​ថា គណនី​ហ្វេសប៊ុក​របស់​កញ្ញា មាន​តែ​មួយ​ទេ។ ស្នងការ​ខេត្ត​រូប​នេះ មិន​បញ្ជាក់​ថា នឹង​ដោះលែង កញ្ញា សៅ ឧសភា វិញ ឬ​អត់​ទេ? តែ លោក​ប្រាប់​ថា កញ្ញា សៅ ឧសភា បាន​សហការ​ល្អ ជាមួយ​សមត្ថកិច្ច៖ «តែ​អ្វី​ដែល​យើង​ឃើញ​គាត់ ដូចជា​នៅ​ក្នុង​ផេក យក​ផេក​រូបភាព អាខោនផេក​វាយប្រហារ​ហើយ ឃើញ​គាត់​ចេញ​វីដេអូ​ឃ្លីប ដូចជា​បដិសេធ​អ៊ីចឹង​ណា​។ អ៊ីចឹង​ហើយ គាត់​មិនបាន​ប្ដឹង​សមត្ថកិច្ច។ អ៊ីចឹង​កុំ​ឱ្យ​វា​ប៉ាតណា​ប៉ាតណី អ៊ីចឹង​ទៅ យើង​សម្រេចចិត្ត​សុំ​គោលការណ៍​ទៅ​ព្រះរាជអាជ្ញា​សុំ​អញ្ជើញ​គាត់​មក​បំភ្លឺ​។ ឥឡូវ​គាត់​មក​បំភ្លឺ​បាន​យើង​ដឹង​សាច់រឿង ដូច​ខ្ញុំ​បាន​ប្រាប់​អ៊ីចឹង​។ ជា​គោលការណ៍​យើង​ពិនិត្យមើល បើសិនជា​គាត់​អត់​មាន​ចេតនា​អ្វី​ទេ អាហ្នឹង​យើង​អត់​មាន​ត្រូវ​ដោះលែង​អ្វី​ទេ ត្រូវ​ឱ្យ​គាត់​ទៅវិញ​។ មិនមែន​ឃាត់ ឬមួយ​ចាប់​ឯណា​។ នីតិវិធី​របស់​យើង វា​មាន​។ ឥឡូវនេះ យើង​កំពុង​បំភ្លឺ​គាត់ អា​ខោ​នទី ២ ទី​៣ បន្ត​ទៀត ហើយ​អ៊ីចឹង​បាន​ស៊ី ជម្រៅ។ ខ្ញុំ​កំពុងតែ​ទទួល​ព័ត៌មាន​អំបាញ់មិញ ជំនាញ​កំពុង​បន្ត​សួរ​គាត់»

ប្អូនស្រី របស់​កញ្ញា សៅ ឧសភា គឺ​កញ្ញា សៅ ពិសី មិន​ពេញ​ចិត្តនឹង​ការ​កោះ​អញ្ជើញ ទៅ​បំភ្លឺ​ដោយ​ប្រើប្រាស់​របៀប​នេះ​ទេ​។ កញ្ញា ថា សមត្ថកិច្ច​បាន​ចាប់ខ្លួន កញ្ញា សៅ ឧសភា ដោយ​គ្មាន​បង្ហាញ​ដីកា​ត្រឹមត្រូវ និង​ក្រោម​ស្ថានភាព​បង្ខំ ជាហេតុ​ធ្វើ​ឱ្យ ក្រុម​គ្រួសារ​ព្រួយ​បារម្ភ និង​ត្រូវ​រង​ការ​កាត់​លុយ​ឈ្នួល​ពី​រោងចក្រ​ថែម​ទៀត។

អ្នក​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ឱ្យ​ដឹង​ថា ក្រុម​សង្គម​ស៊ីវិល​មានការ​ព្រួយបារម្ភ​ខ្លាំង ចំពោះ​ការ​បង្កើន​វិធានការ​រឹត​បន្តឹង សិទ្ធិ សេរីភាព និង​ការ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​កាន់តែ​ច្រើន​ឡើង​។ អ្នកស្រី​សង្ឃឹម​ថា សមត្ថកិច្ច​នឹង​ដោះលែង កញ្ញា សៅ ឧសភា ឱ្យ​មាន​សេរីភាព​វិញ ក្រោយ​ការ​សាកសួរ ព្រោះ​សកម្មជន​បក្ស​ប្រឆាំង និង​ជា​សកម្មជន​ធ្លាប់​ប្រាប់​ថា ហ្វេសប៊ុក​របស់​កញ្ញា ធ្លាប់​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​យក​ទៅ​ប្រើប្រាស់ និង​បង្កើត​គណនី​ក្លែងក្លាយ អាច​ជា​ព្រមាន​ឱ្យ​កញ្ញា ឈប់​រិះគន់​សង្គម៖ «សង្ឃឹម​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់​ហ្នឹង មានការ​យោគយល់​អធ្យាស្រ័យ ព្រោះ​អ្វី​ក្រុម​គ្រួសារ​គាត់​ហ្នឹង ក៏​ក្រីក្រ​ដែរ​។ ម្ដាយ​ចាស់​អស់ហើយ ហើយ​រាល់ថ្ងៃ​ពឹង​ជីវភាព​រស់នៅ​ដោយសារ​កូន​ធ្វើការ​រោងចក្រ​នេះឯង​។ គ្រួសារ​គាត់​ក្រ អត់​មាន​អ្វី​ទេ​។ កូន​ធ្វើ​ការ​រោងចក្រ ហើយ​មនុស្ស ឧសភា​ហ្នឹង​សកម្ម​ខ្លាំង​ដែរ ក្នុង​រឿង​ការងារ​សង្គម​ហ្នឹង​ណា​។ ប៉ុន្តែ​បើ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ ធ្វើ​អ្វី​ខុសច្បាប់​ផ្សេងទៀត មិន​មាន​ទេ​។ គាត់​ចូលចិត្ត​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ហ្នឹង​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​គាត់​និយាយ​ហ្នឹង ភាគច្រើន​គាត់​និយាយ​ពី​រឿង​ក្នុង​សង្គម​ច្រើន រិះគន់​ក្នុង​ន័យ​ស្ថាបនា»

ចំណែក​ក្រុម​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ជា​មិត្តភ័ក្ដិ​របស់​កញ្ញា សៅ ឧសភា បាន​អះអាង​ថា មាន​ជនខិលខូច​ចង់​ធ្វើបាប​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ ទើប បង្កើត​គណនី​ហ្វេសប៊ុក (Account Facebook) ក្លែងក្លាយ​ផ្សព្វផ្សាយ​រឿង​ផ្ដេសផ្ដាស ជេរប្រមាថ​របប​ក្រុងភ្នំពេញ ហើយ​ទម្លាក់កំហុស​ដាក់​កញ្ញា សៅ ឧសភា។

កញ្ញា សៅ ឧសភា គឺជា​សកម្មជន​បក្ស​ប្រឆាំង ទី​១៦ ដែល​ត្រូវ​បាន​របប​ក្រុងភ្នំពេញ បង្ក្រាប​ក្នុង​ឆ្នាំ​២០១៩ មុន​ពេល​ដំណើរ​វិល​ត្រលប់​ចូល​ប្រទេស​កម្ពុជា​វិញ របស់​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ។ ចំណែក​សកម្មជន​បក្ស​ប្រឆាំង ប្រហែល​២០០​នាក់​ផ្សេងទៀត ត្រូវ​បាន​សមត្ថកិច្ច និង​តុលាការ​នៃ​របប​ក្រុងភ្នំពេញ ចេញ​ដីកា​កោះហៅ និង​បំភិតបំភ័យ ជា​បន្តបន្ទាប់​។ សមាជិក​បក្ស​ប្រឆាំង​ច្រើន​នាក់​ផ្សេងទៀត ក៏​កំពុង​រត់គេច​ខ្លួន​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "សកម្មជន​បក្ស​ប្រឆាំង​មួយ​រូប​ទៀត​នៅ​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ប្រមាថ​ថ្នាក់​ដឹកនាំ"

  1. so socheath says:

    ហាស ! ហាស ឲ្យតែមានរឿងជាប់គុក សុទ្ធតែគេធ្វើបាប ?
    បង្កើតអាខោនក្លែងក្លាយធ្វើបាប ?
    អីពូកែដោះសារម្លេះ ?
    តែដោះសារយ៉ាងណាក៏ទៅមិនរួចដែរ ។
    មានតែគុកទេដែលបំភ្លឺរឿងនេះជូនបាន

  2. Anonymous says:

    that is good ……just like HUN SEN speak AH …….KUK…… right now it going to …ME…..KUK………… every thing in Cambodia is very creasy no one can say any thing to Mr …HAS……..HAS…..HA……………….

Leave a Reply

Submit Comment