អ្នកវិភាគ​និង​មន្ត្រី​បក្ស​ប្រឆាំង​ថា ព្រឹត្តិការណ៍​ព្រំដែន​ខ្មែរ​-​ឡាវ​អាច​ជា​ការ​បង្កើត​របស់​របប​ភ្នំពេញ

ដោយ មួង​ ណារ៉េត
2019-08-24
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ប្រទេស​ឡាវ លោក ថងលួង ស៊ីស៊ូលីត (Thongloun Sisoulith) (ស្ដាំ) ក្នុង​ជំនួប​ផ្លូវការ នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៧ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo AFP
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ប្រទេស​ឡាវ លោក ថងលួង ស៊ីស៊ូលីត (Thongloun Sisoulith) (ស្ដាំ) ក្នុង​ជំនួប​ផ្លូវការ នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៧ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo AFP


អ្នកវិភាគ​នយោបាយ និង​សង្គម និង​មន្ត្រី​បក្ស​ប្រឆាំង​ថា របប​ក្រុង​ភ្នំពេញ អាច​បង្កើត​ព្រឹត្តិការណ៍​តាម​ព្រំដែន​ខ្មែរ​-​ឡាវ ដើម្បី​បង្វែរ​ស្ថានការណ៍​នយោបាយ រឿង​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA និង ដំណើរ​វិលត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ របស់​លោក សម រង្ស៊ី។

អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ ថា ជា​ទម្លាប់​ទៅ​ហើយ​ដែល​របប​លោក ហ៊ុន សែន ធ្វើ​អ្វីៗ​គ្រប់យ៉ាង​តាម​បែប​កុម្មុយនិស្ត និង​មេដឹកនាំ​ផ្ដាច់ការ​ដើម្បី​តែ​បន្ត​ក្រាញ​អំណាច​លោក និង គ្រួសារ​ត្រកូល​ហ៊ុន ដែល​ចុង​ក្រោយនេះ របប​នេះ​បង្កើត​ព្រឹត្តិការណ៍​នៅ​តាម​ព្រំដែន​ខ្មែរ​-​ឡាវ ដែល​ស្ងប់ស្ងាត់​សោះ ឱ្យ​កក្រើក​ឡើង ដើម្បី​បង្វែរ​ខួរក្បាល​យុវជន ឱ្យ​ភ្លេច​គិត​ពី​រឿង​បាត់​ការ​អនុគ្រោះ​ពន្ធ ដែល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ធ្ងន់ធ្ងរ និង​រឿង​លោក សម រង្ស៊ី វិល​ចូល​ស្រុក​ខ្មែរ​វិញ នៅ ៧៧ ថ្ងៃ​ទៀត​នោះ៖ «ហ្នឹង​ជា​ល្បែង​នយោបាយ​មួយ ដែល​ពួក​កុម្មុយនិស្ត​គេ​ច្រើនតែ​ធ្វើ ហើយ​ឱ្យ​ហែល​តាម​ខ្លឹមសារ​នយោបាយ​របស់​គេ គ្រាន់តែ​លើក​ទង់ជាតិ​ស្រែក​ជយោ។ ដូច្នេះ​ហើយ យុវជន​មួយ​ចំនួន គ្រាន់តែ​ឃើញ​ពី​ការ​ការពារ​ទឹកដី អាច​ឈូ​ចុះ​ឈូ​ឡើង ឈូឆរ​អាច​យល់​ច្រឡំ អាច​យល់​ច្រឡំ​ថា​ជា​ការ​ការពារ​ទឹកដី​មែន ដែល​យើង​ត្រូវតែ​ទៅ​តាម​ដំណើរ​នយោបាយ​របស់​ក្រុម​លោក ហ៊ុន សែន»

ប្រតិកម្ម​របស់​លោក គឹម សុខ ធ្វើឡើង​ក្រោយ​មន្ត្រី​របប​លោក ហ៊ុន សែន រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ផង ផ្សព្វផ្សាយ​ព័ត៌មាន ថា​កងទ័ព​កម្ពុជា និង​ឡាវ កំពុង​ប្រឈមមុខ​ដាក់គ្នា​នៅ​តំបន់​ព្រំដែន​មុំ​បី នៃ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ។ មិនតែប៉ុណ្ណោះ អាជ្ញាធរ​មូលដ្ឋាន អះអាង​ថា កម្ពុជា​ត្រៀមលក្ខណៈ​ជម្លៀស​ប្រជាជន​ពីរ​ឃុំ ចេញពី​លំនៅឋាន ក្នុង​ករណី​មានការ​ផ្ទុះ​អាវុធ​ណាមួយ​កើតឡើង​ជាយថាហេតុ​។ ការ​ត្រៀម​ទប់ទល់​នឹង​ស្ថានការណ៍​អាក្រក់​នេះ ត្រូវ​បាន​មេឃុំ​មរកត លោក ដៀប វាយ ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​២៣ សីហា ថា អាជ្ញាធរ​ថ្នាក់លើ​បាន​ប្រាប់​ព័ត៌មាន​នេះ​មក​លោក​រួចហើយ ក៏ប៉ុន្តែ​លោក​មិន​ទាន់​បាន​ជូនដំណឹង​នេះ​ទៅ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​នៅឡើយ​ទេ ដោយ​រង់ចាំ​បញ្ជា​ពី​ថ្នាក់លើ​ជា​មុន​សិន។

អាជ្ញាធរ​មូលដ្ឋាន​រូប​នេះ​បញ្ជាក់​ថា នេះ​ជា​លើកទីមួយ​ហើយ ដែល​មាន​ការប្រឈម​មុខ​ដាក់គ្នា​តានតឹង​រវាង​ទាហាន​ខ្មែរ និង​ទាហាន​ឡាវ នៅ​ចំណុច​មុំ​បី។ លោក​មិន​បានដឹង​ពី​មូលហេតុ​ពិតប្រាកដ​ដែល​នាំ​ឱ្យ​កើតមាន​បញ្ហា​នេះ​ទេ ក៏ប៉ុន្តែ​លោក​ថា កាលពី​ថ្ងៃទី១៤ ខែ​សីហា ទាហាន​ខ្មែរ​បាន​ដើរ​ល្បាត​នៅ​តាម​ព្រំដែន រួច​ខាង​ភាគី​ឡាវ ស្រាប់តែ​បញ្ជូន​កម្លាំង​របស់​ខ្លួន មក​កាន់តែ​ច្រើន បង្កើត​ឱ្យ​មាន​ស្ថានភាព​ប្រឈមមុខ​ដាក់គ្នា​រវាង​កង​ទ័ព​ទាំងពីរ៖ «ខ្ញុំ​អត់​ទាន់​ហ៊ាន​ផ្សព្វផ្សាយ​ទេ​ការងារ​ហ្នឹង ពីព្រោះថា វា​មិនទាន់​កើត​អី​។ បើសិនជា​បញ្ហា​ហ្នឹង​វា​អាច​ប្រឈម​នឹង​ការ​ផ្ទុះ​អាវុធ អាហ្នឹង​បាន​ខ្ញុំ មាន​បទបញ្ជា​ពី​ថ្នាក់លើ​ថា ឱ្យ​ត្រូវ​ចេញ ឧទាហរណ៍​ អ៊ីចឹង​បាន​ខ្ញុំ​ចេញ​តាម​គេ។ បើ​ខាង​នោះ​មិនទាន់​បញ្ជា​ទេ ចេញ​ទៅ​មាន​អ្នកណា​គ្រប់គ្រង»

ព័ត៌មាន​ដែល​ថា មានការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​យោធា​ខ្មែរ និង​ឡាវ​នេះ ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ សរសេរ​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក កាលពី​ថ្ងៃទី​២៣ ខែ សីហា ដោយ​ដកស្រង់​សេចក្តី​រាយការណ៍​របស់​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះវិហារ ដែល​រាយការណ៍​បន្ត​ពី​អធិការ​ស្រុក​ជាំ​ក្សាន្ត និង​កម្លាំង​ជួរមុខ​ថា យោធា​ឡាវ​កំពុង​បង្កើន​កម្លាំង​ឈរជើង​នៅ​ចំណុច​នោះ ឯ​ខាង​កម្លាំង​យោធា​ខាង​កម្ពុជា​វិញ ក៏​បាន​បន្ថែម​កម្លាំង​នៅ​គ្រប់​គោលដៅ ត្រៀម​ចាំ​បញ្ជា​ដែរ។

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ ក៏​បាន​អះអាង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី​២៣ ខែ​សីហា​ដែរ​ថា ពិត​ជា​មាន​បញ្ហា​នេះ​មែន ព្រោះ​ភាគី​ខ្មែរ​និង​ឡាវ នៅតែ​ខ្វែង​យោបល់​គ្នា ជុំវិញ​ទីតាំង​ក្នុង​តំបន់​ជម្លោះ​នោះ៖ «វា​មាន​បញ្ហា​ខ្លះ ដោយសារ​ការ​មិន​ត្រូវ​គ្នា​បន្តិច រឿង​ពន្យល់​បកស្រាយ​លើ​ផែនទី​អី​មួយ​ចំនួន។ អ៊ីចឹង​នៅ​កន្លែង​ក្បែរៗ​គ្នា​ហ្នឹង មាន​មនុស្សម្នា​ចេញ​ចូល ក៏​មានការ​ប្រកែ​ប្រកាន់​គ្នា​បន្តិច​បន្តួច»

ប៉ុន្តែ ការ​ប្រកែ​ប្រកាន់​គ្នា​បន្តិចបន្តួច​នេះ ខាង​ភាគី​ឡាវ​អះអាង​ថា ភាគី​កម្ពុជា​ជា​អ្នក​ផ្ដើម​មុន ដោយ​កាលពី​ថ្ងៃ​ទី១១ ខែ សីហា ទាហាន​ខ្មែរ​ស្រវឹង​ស្រា​បាន​ស្រែក​ឡូឡា បញ្ជា​ឱ្យ​ទាហាន​ឡាវ ដក​ចេញពី​តំបន់​ជម្លោះ​ជា​បន្ទាន់។ ប្រភព​ស្និទ្ធ​នឹង​មន្ត្រី​យោធា​ជាន់ខ្ពស់​ឡាវ បាន​ប្រាប់​អាស៊ីសេរី ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ថា ទាហាន​ខ្មែរ​ដែល​ស្រវឹង​ស្រា​ទាំងនោះ ដាក់​ឱសានវាទ​ឱ្យ​ទាហាន​ឡាវ ដក​ចេញ​ក្នុង​រយៈពេល​បី​ថ្ងៃ បើ​មិន​ដូច្នេះ​ទេ ខាង​កម្ពុជា​នឹង​ប្រើ​កម្លាំង​ទ័ព​បង្ខំ​ឱ្យ​ចេញ។

ទោះជា​យ៉ាង​នេះ​ក្ដី មន្ត្រី​យោធា​ជាន់ខ្ពស់​ឡាវ អះអាង​ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃទី ២៣ ខែ សីហា ថា​គ្មាន​សភាពការណ៍​តានតឹង នៅ​ព្រំដែន​កម្ពុជា​-​ឡាវ នោះ​ឡើយ។ ឧត្ដមសេនីយ៍​ទោ​នៃ​ក្រសួង​ការពារ​ជាតិ​ឡាវ លោក ចាន់ថុង សុន្ថាអាត (Chanthong Sontha-At) បញ្ជាក់​ថា សភាពការណ៍​តាម​ព្រំដែន ស្ងប់ស្ងាត់​ដូច​ធម្មតា គ្មាន​បញ្ហា​អ្វី​កើតឡើង​ធ្ងន់ធ្ងរ​នោះ​ឡើយ។

ប៉ុន្តែ អត្ថបទ​ព័ត៌មាន​អំពី​ព្រំដែន​ខ្មែរ​-​ឡាវ​នេះ ក៏​ត្រូវ​បាន​ក្រសួង​ព័ត៌មាន​កម្ពុជា ផ្សព្វផ្សាយ​ដែរ កាលពី​ថ្ងៃ​ទី២៣ ខែ សីហា​នោះ ដោយ លោក ខៀវ កាញារីទ្ធ ផ្សព្វផ្សាយ​បន្ត នៅ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​លោក​។ ប៉ុន្តែ ក្រោយ​មក​អត្ថបទ​នេះ ត្រូវ​បាន​ដកចេញ​ពី​គេហទំព័រ​របស់​ក្រសួង​ព័ត៌មាន​បាត់​ទៅ​ហើយ។

ចំណែក​ឯ​សំណេរ​អំពី​របាយការណ៍ ពី​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះវិហារ រឿង​យោធា​ខ្មែរ និង ឡាវ​ប្រឈម​មុខ​គ្នា ដែល​លោក ខៀវ កាញារីទ្ធ យក​មក​ផ្សព្វផ្សាយ​លើ​គណនី​ហ្វេសប៊ុក​លោក​នោះ ក៏​ត្រូវ​បាន​លុបចោល​ទៅ​វិញ​ដែរ កាលពី​ថ្ងៃ​ទី​២៣ ខែ​សីហា ដដែល​នោះ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​របប​លោក ហ៊ុន សែន ចាប់​ដាក់​ពន្ធនាគារ​អស់​រយៈពេល ២​ឆ្នាំ​កន្លះ ដោយ​ចោទ​ថា ផ្សព្វផ្សាយ​ឯកសារ​ផែនទី​ក្លែងក្លាយ រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម គឺ​លោក អ៊ំ សំអាន ថា ព្រឹត្តិការណ៍​នៅ​ព្រំដែន​ខ្មែរ​-​ឡាវ​នេះ អាច​មិនមែន​ជា​ការ​ឈឺឆ្អាល​រឿង​ជាតិ​ពិតប្រាកដ​នោះ​ទេ តែ​ជា​ល្បិច​កេង​ចំណេញ​នយោបាយ ព្រោះ​លោក ហ៊ុន សែន ធ្លាប់​ធ្វើ​បាន​ជោគជ័យ កាល​មាន​ជម្លោះ​ជាមួយ​ភាគី​ថៃ។ ប៉ុន្តែ បើ​រឿង​ជម្លោះព្រំដែន​ជាមួយ​វៀតណាម​វិញ គឺ​លោក ហ៊ុន សែន មិនដែល​ហ៊ាន​ក្អក​ទេ មានតែ​ព្រមាន​ធ្វើ​ក្ដារមឈូស​ឱ្យ​អ្នក​ដែល​ចង់​ទាមទារ​ទឹកដី​ខ្មែរ​ពី​វៀតណាម​វិញ ថែម​ទៀត​ផង​។ លោក​បន្ត​ថា ព្រឹត្តិការណ៍​លើក​នេះ គឺ​មិនមែន​ជា​រឿង​ចៃដន្យ​ទេ តែ​ជា​ការ​ធ្វើឡើង ដើម្បី​បន្សាប​ប្រជាប្រិយ​លោក សម រង្ស៊ី៖ «ជាមួយ​យួន​អត់​ដែល​ឃើញ​ហ៊ាន​ទេ ព្រោះ​ហេតុអ្វី ព្រោះ​យួន​គឺជា​បងធំ គឺជា​មេ។ បើ​ឡាវ ធ្វើខ្លួន​ដូចជា​បង្ហាញ​ភាព​ជាតិនិយម​។ ដូច្នេះ គាត់​ចង់​បង្ហាញ​ថា នៅ​ពេល​លោក សម រង្ស៊ី ចូល​ទៅ​ហ្នឹង អាច​នឹង​មាន​ការ​ផ្លាស់​ប្តូរ​នៅ​កម្ពុជា​ធំ​ណាស់។ ដូច្នេះ​គាត់​យក​ឱកាស​ហ្នឹង ដើម្បី​យក​ប្រជាប្រិយភាព ទាញ​ទឹកចិត្ត​ប្រជាពលរដ្ឋ​ថា គាត់​ស្នេហា​ជាតិ​ណាស់ ដូច​គាត់​ទាញ​មាន​ជម្លោះព្រំដែន​នៅ​ប្រាសាទ​ព្រះវិហារ​ជាមួយ​ថៃ​ដែរ។ គាត់​ចង់​បង្ហាញ​ដូចគ្នា​អ៊ីចឹង ព្រោះ​គាត់​ធ្វើ​បាន​ជោគជ័យ កាល​រឿង​ប្រាសាទ​ព្រះវិហារ​ហើយ។ ក្រោយ​ជម្លោះ​នោះ​ហើយ គាត់​បាន ៩០ កៅអី ដូច្នេះ​គាត់​ចង់​យក​ប្រជាប្រិយភាព​ដូច​ឆ្នាំ​២០០៨ ហ្នឹង​មក​អនុវត្ត​ជាមួយ​ឡាវ​ដែរ ដើម្បី​ឱ្យ​មាន​ប្រជាប្រិយភាព ថា ពេល​ហ្នឹង​គាត់​ស្នេហា​ជាតិ កុំ​គាំទ្រ​លោក សម រង្ស៊ី​ចូល​ស្រុក​វិញ​អី គាំទ្រ​គាត់ គាត់​អ្នកស្នេហាជាតិ»

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ ពី​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ​កាលពី​ថ្ងៃសុក្រ ទី​២៣ ខែ​សីហា។

ទោះជា​យ៉ាង​នេះ​ក្តី ទាំង​លោក គឹម សុខ និង លោក អ៊ំ សំអាន យល់​ថា ល្បិច​បែបនេះ នឹង​គ្មាន​ប្រសិទ្ធភាព​នោះ​ឡើយ ដោយសារតែ​សម័យ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នេះ ពលរដ្ឋ​មានការ​យល់ដឹង​ច្រើន អំពី​ល្បិច​អ្នកនយោបាយ​។ ជាង​នេះ​ទៅ​ទៀត ពួកគាត់​បន្ថែម​ថា បើ​កម្ពុជា​ពិតជា​ចង់​ដោះស្រាយ​បញ្ហា​ព្រំដែន ដោយ​ស្មោះ​ស​មែន​នោះ របប​លោក ហ៊ុន សែន មិន​ចាំបាច់​ធ្វើជា​ចល័ត​ទ័ព​ទៅ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ នាំ​ឱ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​នោះ​ទេ ប៉ុន្តែ ត្រូវ​រក​យន្តការ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​ប្ដឹង​ឱ្យ​គេ​ជួយ​ដោះស្រាយ​រឿង​នេះ ដោយ​សន្តិវិធី​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "អ្នកវិភាគ​និង​មន្ត្រី​បក្ស​ប្រឆាំង​ថា ព្រឹត្តិការណ៍​ព្រំដែន​ខ្មែរ​-​ឡាវ​អាច​ជា​ការ​បង្កើត​របស់​របប​ភ្នំពេញ"

  1. so chết says:

    hun sen set up this case
    for the trolls of hun sen they will swallow but for free and patriotic Khmer knew in advance the next 3 or 4 shots that hun sen will play
    hun sen can move his pawns by playing chess with himself as the world considers hun hun as a loquat, a kind of vegetable

  2. Anonymous says:

    KI-LOURNG of ho chi ming dog