ពលរដ្ឋ​មួយ​ចំនួន​បន្ត​តាម​ដាន​យ៉ាង​ដិតដល់​រឿង​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ

ដោយ ទីន ហ្សាការីយ៉ា
2019-08-25
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត បន្ទាប់​ពី​កិច្ច​ប្រជុំ​សម្ងាត់​ជាមួយ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ RFA/Tin Zakariya
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត បន្ទាប់​ពី​កិច្ច​ប្រជុំ​សម្ងាត់​ជាមួយ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ RFA/Tin Zakariya


គិតមកដល់ថ្ងៃទី ២៥ ខែសីហា​នេះ នៅ​សល់​តែ ៧៦ ​ថ្ងៃ​ទៀត​ទេ ដល់​ពេល​កំណត់ ដែល​លោក សម រង្ស៊ី ថា នឹង​វិល​ចូល​ស្រុក​វិញ តាម​ការ​សន្យា ដែល​គណបក្ស​សង្រ្គោះ​ជាតិ បាន​កំណត់​យក​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ។ រីឯ​ក្រុម ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ស្រឡាញ់​ប្រជាធិបតេយ្យ​នាំ​គ្នា​តាមដាន​បញ្ហា​នយោបាយ ​របស់​ស្រុក​ទេស ជា​ពិសេស​តាម​ដាន​យ៉ាង​ដិតដល់​អំពី​ការ​វិល​ត្រឡប់​មក​កម្ពុជា​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី​នេះ។ ពួក​គាត់​សង្ឃឹម​​ថា​ លោក សម រង្ស៊ី វិល​ចូល​ស្រុក នឹង​មាន​មាន​ដំណោះ​ស្រាយ​នយោបាយ​នៅ​កម្ពុជា​ជា​មិន​ខាន។

ប្រជាពលរដ្ឋ​ដែល​ស្រលាញ់​ប្រជាធិបតេយ្យ​នៅ​ខេត្ត​សៀមរាប លោក ជា តុង​ហាន់ ​អះអាង​នៅ​រសៀល​ថ្ងៃ​ទី២៥ សីហា​ថា ចាប់​តាំង​ពី​​គណបក្ស​សង្គ្រោះ​ជាតិ កំណត់​ថ្ងៃ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​មក ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្រុង​សៀមរាប​សប្បាយ​ចិត្ត ហើយ​តែងតែ​ជួប​ប្រជុំ​គ្នា​ពិភាក្សា ​រឿង​នយោបាយ​នៅ​កម្ពុជា​ជា​បន្ត​បន្ទាប់។

ពលរដ្ឋ​រូប​នេះ​បន្ត​ថា ទី​កន្លែង​ដែល​ពួក​គាត់​ជួប​ជុំ​គ្នា​ញឹកញាប់​ មាន​ដូច​ជា ​នៅ​ហាង​លក់​កាហ្វេ សួន​ហាក់​ប្រាណ​តាម​ហាង​គុយទាវ​ និង​ជជែក​គ្នា​នៅ​លើ​រថយន្ត​ពេលធ្វើ​ដំណើរ​ជា​ដើម៖ «អ្នក​ខ្លះ​ថា​សុខ​ចិត្ត​ទម្លាក់​ការងារ​ចោល​ដើម្បី​ចូល​គាំទ្រ​លោក​ សម រង្ស៊ី​ ត្រឡប់​មក​វិញ​។ខ្ញុំ​គិត​ថា​ អ្នក​ចូល​រួម​មិន​តិច​ទេ​ ច្រើន​ណាស់​ពី​ខេត្ត​សៀមរាប​ទៅ​ អាច​រាប់​ម៉ឺន​នាក់​ដូច​កាល​បុណ្យ​សព​លោក បណ្ឌិត​ កែម ឡី​ អីចឹង​ហ្វេសប៊ុក​ជួយ​យើង​បាន​ច្រើន​ មាន​អ្នក​ខ្លះ​ថា​សុខ​ចិត្ត​ទៅ​នៅ​ធ្វើ​បាតុកម្ម​រហូត​ក៏​មាន​ដែរ»

លោក​បន្ត​ថា​ មូលហេតុ​ដែល​ប្រជាពលរដ្ឋ​តាម ដោយសារ​ជំនឿ​ថា នៅ​ពេល​ដែល​លោក សម រង្ស៊ី មក​ដល់​កម្ពុជា​វិញ​នោះ លោក​សង្ឃឹម​ថា ស្ថានការណ៍​នយោបាយ​នឹង​មាន​ការ​ប្រែប្រួល​ពី​ស្ថានការណ៍​អាក្រក់​ទៅ​ល្អ និង​មាន​ប្រជាធិបតេយ្យ​ពេញលេញ​ឡើង​វិញ​ជា​មិន​ខាន។

ចំណែក​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង​ឯណោះ​វិញ​ លោក ខាន់ ប៊ុនផែង អះអាង​ថា នៅ​តំបន់​ពួកគាត់​រស់​នៅ​ក៏​មិន​ខុស​ពី​ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ដែរ គឺ​ប្រជាពលរដ្ឋ​ហាក់​ចាប់​ផ្ដើម​ពុះកញ្ជ្រោល ទន្ទឹងរង់ចាំ​​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ ជាង​ពេល​ណា​ៗ​ទាំង​អស់។ ពលរដ្ឋ​រូប​នេះ បន្ថែម​ថា សព្វ​ថ្ងៃ​ពលរដ្ឋ​ខ្លះ​អន្ទះសា​ រហូត​ដល់​នាំ​គ្នា​រាប់​ថយ​ក្រោយ​ម្ដង​ហើយ​ម្ដង​ទៀត បន់​ឱ្យ​ដល់​ថ្ងៃ​កំណត់​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ស្រុក​វិញ។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​ត្រៀម​ទៅ​ចូល​រួម​អម​ដំណើរ​លោក សម រង្ស៊ី នៅ​គ្រប់​ទីកន្លែង​ដែល​លោក​ឈាន​ជើង​ជាន់​ដី​កម្ពុជា៖ «អារម្មណ៍​បោះ​ខ្ញុំ​ក៏​សប្បាយ​ដូច​គ្នា​ សប្បាយ​ត្រង់​ថា​នឹង​មាន​ដំណោះ​ស្រាយ​នយោបាយ​មិន​មែន​គាត់​មក​ដោយ​ឆៅ​ៗ​ទេ​។ គាត់​សប្បាយ​ចិត្ត​ត្រង់​ថា​ បើ​សិន​ជា​ថ្នាក់​ដឹក​បក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ក្រៅ​វា​អត់​មាន​ដំណោះស្រាយ​ទេ​ គាត់​ចូល​មក​ស្រុក​ពិត​ជា​មាន​ដំណោះស្រាយ​។ខ្ញុំ​ព្រឹក​ឡើង​ជុំ​គ្នា​តែង​តែ​នាំ គ្នា​និយាយ​ថា​នៅ​សល់​ប៉ុន្មាន​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​កំណត់​លោក​ ប្រធាន​ចូល​ស្រុក»

គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា លោក សម រង្ស៊ី នឹង​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាងមុខ ដែល​ចំ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ។ ហើយ​គិត​មក​ដល់​ថ្ងៃ​ទី២៥ សីហា គឺ​នៅសល់​ជាង​ពីរ​ខែ ឬ ៧៦ថ្ងៃ​ទៀត​ទេ នឹង​ដល់​ថ្ងៃ​កំណត់។ គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ថា ដំណើរ​វិលត្រឡប់​របស់​លោក​សម រង្ស៊ីនេះ ​ដើម្បី​ទៅ​ដោះ​ស្រាយ​ការ​ជាប់​គាំង​នយោបាយ​ និង​បញ្ហា​ប្រឈម​ទាំង​ឡាយ​របស់​ជាតិ ដែល​របប​លោក ហ៊ុន សែន មិន​អាច​ដោះ​ស្រាយ​បាន។ ទន្ទឹម​គ្នា​នេះ​មន្ត្រី​របប​លោក​ហ៊ុន សែន ស្ទើរ​គ្រប់​ស្ថាប័ន​ ក៏​បាន​ត្រៀម​ចាត់​វិធាន​មក​លើ​​លោក សម រង្ស៊ី នឹង​អ្នក​អម​ដំណើរ​ផង​ដែរ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន​ មាន​ប្រសាសន៍​ថា លោក​គ្មាន​ជំនឿ​ថា​នឹង​លោក​សម រង្ស៊ី នឹង​វិល​ត្រលប់​មក​ស្រុក​ខ្មែរ​វិញ​ទេ។ អ្នក​នាំ​ពាក្យ​រូប​នេះ​​ហៅ​លោក​ សម​ រង្ស៊ី ថា​​​ជា​មាន់​សម្ល​និយាយ​បាន​តែ​មាត់ ​ដើម្បី​ទាញ​យក​ប្រជាប្រិយ​របស់​ខ្លួន​ពី​ប្រជាពលរដ្ឋ​ទៅ​វិញ។ លោក​បន្ថែម​ថា​ កន្លង​មក​ប្រធាន​ស្ដី​ទី​គណបក្ស​ប្រឆាំង​រូប​នេះ ប្រកូកប្រកាស​ជា​ច្រើន​ដង​រួច​មក​ហើយ​ តែ​លោក​​មិន​បាន​ចូល​ស្រុក​ដូច​ការ​សន្យា​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​លោក​គំរាមថា ពលរដ្ឋ​ដែល​ទៅ​អម​ដំណើរ​​នោះ​ អាច​ប្រឈម​​បញ្ហា​ផ្លូវ​ច្បាប់ ព្រោះ​លោក សម រង្ស៊ី ជា​ទណ្ឌិត​មាន​ដីកា​ចាប់​ខ្លួន​ពី​តុលាការ៖ «ហើយ​ទី២ ទណ្ឌិត​ដែល​ទៅ​នឹង​ក្នុង​នាម​ខ្លួន​ឯង​ជា​ប្រធាន​ស្ដី​​ទី​គណបក្ស​ អីចឹង​គណបក្ស​នឹង​ត្រូវ​រំលាយ​រួច​ហើយ វា​អត់​មាន​ត្រូវ​ច្បាប់​ទេ ពី​ព្រោះ​យើង​ដឹង​ថា​សាលដីកា​របស់​តុលាការ​កំពូល​ជា​សាលដីកា​ស្ថាពរ​និង​បិទ​ផ្លូវ​តវ៉ា ដូច្នេះ​រាល់​អ្នក​ណា​គាំទ្រ​​ជន​ណា​ដែល​មាន​ដីកា​ពី​តុលាការ​ជន​នោះ​គឺ ផ្ទុយ​ពី​សាលដីកា​តុលាការ​ហើយ»

អ្នក​សម្រប​សម្រួល ​និង​អង្កេត​​អង្គការ​ ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស លើក​ឡើង​ថា​ ការ​ចូល​រួម​កិច្ចការ​នយោបាយ​ និង​ការ​ចូល​រួម​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ គឺ​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ម្នាក់ៗ​ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ទោះ​ជា​យ៉ាង​ណា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​ ទទូច​ឱ្យ​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​រក​ផ្លូវ​​ចរចា​ត្រូវ​រ៉ូវ​គ្នា​ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​​ឡើង​វិញ ប្រសើរ​ជាង​​ទាស់ទែង​គ្នា​នាំ​ឱ្យ​ខាត​បង់​ប្រយោជន៍​ជាតិ៖ «គឺ​មាន​តែ​អ្នក​នយោបាយ​ទេ​ដែល​លោក​អាច​ធ្វើ​ការ​ជជែក​ ជា​ពិសេស​យើង​មើល​ឃើញ​ហើយ​ការ​ទាមទារ​របស់​សហគមន៍​ជាតិ​និង​អន្តរជាតិ ទាក់​ទង​លើ​ការងារ​រឿង​សិទ្ធិមនុស្ស និង​រឿង​សិទ្ធិ​នយោបាយ​អី​ជា​ដើម​នឹង​ដែល​ត្រូវ​គិត​ពិចារណា​ឡើង​វិញ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​បន្ត​ថា ជម្លោះ​នយោបាយ​​របស់​កម្ពុជា​បាន​​អូស​បន្លាយ​ពេល​ប្រមាណ ២ឆ្នាំ​មក​នេះ​ បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ជា​បន្ត​បន្ទាប់ និង​មាន​ឈ្មោះ​មិន​ល្អ​នៅ​លើ​ឆាក​អន្តរជាតិ​​ ហើយ​កម្ពុជា​អាច​ប៉ះពាល់​កាន់​តែ​ខ្លាំង​នៅ​ពេល​សហគមន៍​អឺរ៉ុប​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធEBA ជា​ផ្លូវ​ការ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "ពលរដ្ឋ​មួយ​ចំនួន​បន្ត​តាម​ដាន​យ៉ាង​ដិតដល់​រឿង​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ"

  1. Anonymous says:

    Makr sure mr SY’ you must respect or obey your words ‘ this is the last time that people trust you ‘ if you change your mind ‘ that finish your lie politic’

Leave a Reply

Submit Comment