តុលាការ​គ្រោង​ប្រកាស​សាល​ក្រម​អតីត​អ្នក​រាយការណ៍​វិទ្យុ ​RFA​ នៅ​ថ្ងៃទី៣​ ខែតុលា

សិទ្ធិ​មនុស្ស

រូបឯកសារ៖ អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ប្រចាំ​រាជធានី​ភ្នំពេញ លោក យាង សុធារិន្ទ (ស្តាំ) និង​លោក អ៊ួន ឈិន (ឆេ្វង) ថ្លែង​ទៅ​កាន់​អ្នកយក​ព័ត៌មាន​ខាង​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩។ (ទុំ ម្លិះ/VOA Khmer)


16 កញ្ញា 2019
ទុំ ម្លិះ
វីអូអេខ្មែរ

លោក យាង សុធារិន្ទ​ និង​លោក ​អ៊ួន ឈិន ត្រូវ​ចាប់​និង​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃទី​១៤​ខែ​វិច្ឆិកា ឆ្នាំ​២០១៧​ ក្រោម​ការ​ចោទប្រកាន់​ដូចគ្នា​ពី​បទ ​«​ផ្តល់​ព័ត៌មាន​ដល់​រដ្ឋ​បរទេស​ដែល​អាច​ធ្វើឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​»​ ដែល​ស្មើ​នឹង​បទ​​អំពើ​ចារកម្ម​និង​បទផលិតនិង​កាន់កាប់​រូបភាព​អាសអាភាស។

តុលាការ​ក្រុង​ភ្នំពេញ​គ្រោង​នឹង​ប្រកាស​សាល​ក្រម​ករណី​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​ គឺ​លោក​ អ៊ួន ឈិន ​និង​លោក​យាង សុធារិន្ទ ​នៅថ្ងៃ​ទី៣​ខែតុលា​ខាង​មុខ។ នេះ​បើ​យោង​តាម​លោក អ៊ី រិន្ទ ​អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ដែល​បាន​ប្រាប់​VOA​នៅថ្ងៃ​ច័ន្ទនេះ។

«ថ្ងៃទី​៣ ខែ១០។ […]គេ​ដាក់​ប្រកាស គេចេញ​អស់​ហើយ​តើ គេ​ជូន​មើល​ភាគីពាក់ព័ន្ធ​អស់​ហើយ​តើស៍»។

កាល​ពី​ថ្ងៃទី ៣០​ខែសីហា សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​លើក​ពេល​ប្រកាស​សាល​ក្រម​ករណី​អតីត​អ្នក​កាសែត​ទាំង​ពីរ​ដោយមិន​បាន​ប្រកាស​ឲ្យ​ដឹង​ជាមុន។​ ការ​លើក​ពេល​ដោយ​សារមូល​ហេតុ​ចៅ​ក្រម​ប្រធាន​ជំនុំ​ជម្រះដែល​ត្រូវ​ប្រកាស​សាល​ក្រម​ត្រូវ​ទៅ​ចូល​រួម​សិក្ខា​សាលា​តាម​ការ​អញ្ជើញ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌។​

លោក យាង សុធារិន្ទ​ និង​លោក ​អ៊ួន ឈិន ត្រូវ​ចាប់​និង​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃទី​១៤​ខែ​វិច្ឆិកា ឆ្នាំ​២០១៧​ ក្រោម​ការ​ចោទប្រកាន់​ដូចគ្នា​ពី​បទ ​«​ផ្តល់​ព័ត៌មាន​ដល់​រដ្ឋ​បរទេស​ដែល​អាច​ធ្វើឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​»​ ដែល​ស្មើ​នឹង​បទអំពើ​ចារកម្ម​និង​បទផលិតនិង​កាន់កាប់​រូបភាព​អាសអាភាស។​ អតីត​អ្នកកាសែត​ទាំងពីរអាច​ប្រឈម​នឹង​ទោស​ជាប់ពន្ធ​នា​គារ​ពី​ ​៧​ ​ដល់​ ​១៥​ ​ឆ្នាំ​ ​ប្រសិនបើ​តុលាការ​រក​ឃើញថា​ ពួកគេ​មាន​ទោស​នោះ​។​

អតីត​អ្នក​រាយការណ៍​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីររូប​ បាន​ចំណាយ​ពេ​ល​ក្នុង​មន្ទីរ​ឃុំ​ឃាំងអស់រយៈ​ពេល​ជិត​ដប់​ខែ ​មុន​នឹង​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​បណ្តោះ​អាសន្ន​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ។

​លោក សំ ចំរើន ​មេធាវី​ការពារ​ក្តី​របស់​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ​មាន​ប្រសាសន៍​ថាលោក​បានទទួលសេចក្តី​ជូន​ដំណឹងអំពី​ការ​ប្រកាស​សាល​ក្រម​កូន​ក្តី​របស់​លោក​នៅ​ថ្ងៃ​ច័ន្ទ​នេះផង​ដែរ។ លោកអបអរការ​កំណត់ពេល​ប្រកាស​សាល​ក្រម​ជា​ថ្មី​នេះ​។ ចំណែក​លោក យាង សុធារិន្ទ ​ចាត់​ទុក​ថានេះ​ជា​ដំណឹងវិជ្ជមាន​និង​ជា​ដំណឹងរីករាយមួយ។​

«ហើយ​ខ្ញុំ​នឹង​ចាំ​មើល​ការ​ប្រកាស​លទ្ធផលនៃ​ប្រកាសនៅ​ថ្ងៃទី​បី​ ហ្នឹង​ហើយ​សង្ឃឹម​ថា តុលាការ​នឹង​ប្រកាស​ដោយ​ឈរទៅ​លើ​គោល​ការណ៍​យុត្តិធម៌​ហើយ​សង្ឃឹម​ថា នៅ​ថ្ងៃទី​បី​ខាង​មុខ​ហ្នឹង​ពួកខ្ញុំ​ទាំង​ពីរនាក់​នឹង​ទទួល​បាន​នូវ​យុត្តិធម៌​បាទ»។

រីឯ​លោក អ៊ួន ឈិន ធ្លាប់​បាន​លើក​ឡើង​ថា​ ការ​ពន្យារ​ការ​ប្រកាស​សាលក្រម​ធ្វើ​ឲ្យ​លោក​ប្រឈម​ជាមួយ​បញ្ហា​ជីវភាព។

​កាល​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះក្រុមអ្នកកាសែត​កម្ពុជា​ដែល​មាន​គ្នា​ប្រមាណ​ជាង​២០​នាក់ បាន​ជំរុញ​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ​ពន្លឿនការប្រកាស​សាលក្រម​ករណីអ្នកសារព័ត៌មាន​ទាំងពីរ​និង​ស្នើឱ្យ​តុលាការ​ទម្លាក់ចោល​បទ​ចោទប្រកាន់​មកលើ​ពួក​គេ​ទាំងពីរ។

ក្រុមអ្នកកាសែត​កម្ពុជា ​យល់​ថាបទចោទ​នេះ​មាន​លក្ខណៈ​«​ធ្ងន់ធ្ងរ​»និងបង្កឲ្យ​មានភាព​ភ័យ​ខ្លាច​ដល់​អ្នកកា​សែត​ដទៃទៀត ​ព្រមទាំង​ធ្វើឱ្យ​ធ្លាក់ចុះ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា៕

What Next?

Recent Articles