តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ លោក សម រង្ស៊ី ​ករណី​ប្រមាថ​ព្រះ​មហា​ក្សត្រ​

ដោយ ញឹម សុផល
16/09/2019
RFI

media
លោក សម រង្ស៊ី ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កុំ​ទៅ​បោះឆ្នោត​នា​ពេល​ខាងមុខ​ដោយសារ​តែ​មិនមាន​វត្តមាន​បក្ស​ប្រឆាំង​
@ Sam Rainsy’s Facebook page


ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៦ ខែកញ្ញា ឆ្នាំ​២០១៩​នេះ បាន​ចេញ​ដីកា​មួយ​បង្គាប់​ឱ្យ​សមត្ថកិច្ច​នាំ​ខ្លួន លោក សម រង្ស៉ី ប្រធាន​ស្តី​ទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​យក​មក​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​។ ការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី នៅ​ពេល​នេះ គឺ​បន្ទាប់​ពី លោក សម រង្ស៊ី រង​នូវ​បណ្តឹង ទាក់​ទង​ទៅ​នឹង​ករណី​ប្រមាថ​ព្រះ​មហាក្សត្រ​។

ដីកា​តុលាការ​ដែល​បណ្តាញ​ផ្សព្វ​ផ្សាយ​ទទួល​បាន​នៅ​ថ្ងៃ​នេះ គឺ​ព្រះ​រាជ​អាជ្ញា​បាន​ចោទ​លោក សម រង្ស៊ី ពី​បទ ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហាក្សត្រ​ប្រព្រឹត្ត​នៅ​រាជ​ធានី​ភ្នំពេញ ប្រទេស​កម្ពុជា និង​ទី​កន្លែង​ផ្សេង​ទៀត កាល​ពី​ថ្ងៃទី១២​ខែ​កញ្ញា​ឆ្នាំ​២០១៩ តាម​បញ្ញត្តិ​មាត្រា​៤៣៧​ស្ទួន នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។

ដីកា ដែល​មាន​វាយ​ត្រា និង​ចុះ​ហត្ថ​លេខា​ដោយ​លោក ចៅ​ក្រម ស៊ើបសួរ កូយ សៅ បញ្ជាក់​ថា បង្គាប់​ឲ្យ​ចាប់​ខ្លួន និង​បញ្ជា​ដល់​កង​កម្លាំង​សាធារណៈ ឲ្យ​ស្រាវ​ជ្រាវ​ចាប់ និង​នាំ​ខ្លួន លោក សម រង្ស៊ី មក​ប្រគល់​ឲ្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ព្រម​ទាំង​បញ្ជា​ដល់​ពន្ធនា​គារ ឬ​មណ្ឌល​ឃុំ​ខ្លួន​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​ក្រសួង​មហា​ផ្ទៃ ឲ្យ​ទទួល និង​ឃុំ​ខ្លួន​លោក សម រង្ស៊ី ផង​ដែរ​។

សូម​រំលឹក​ថា កាល​ពីថ្ងៃទី១២ ខែកញ្ញា កន្លង​ទៅ​នេះ លោក សម រង្ស៉ី ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី បាន​លើក​ឡើង​ថា ព្រះ​មហាក្សត្រ គឺ​ជា «ចំណាប់​ខ្មាំង» និង​ជា «អា​យ៉ង» របស់ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ចំណុច​នេះ ត្រូវ​បាន រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិ​ធម៌ ចេញ​អធិ​បញ្ជា​ឱ្យ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ជា​បន្ទាន់ និង​តឹង​រឹង​បំផុត​ប្រឆាំង​លោក សម រង្ស៉ី រួម​នឹង​បណ្ដឹង​របស់​ក្រុម​មេធាវី​រដ្ឋា​ភិបាល​ផង​ដែរ​។

ការ​ចេញ​អធិ​បញ្ជា​របស់​ក្រសួង​យុត្តិ​ធម៌ និង​ការ​ប្តឹង​ពី​សំណាក់​មេធាវី​រដ្ឋា​ភិបាល គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​ព្រះ​បរម​រាជ​វាំង បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស​ខ្លាំងៗ​ទៅ​លើ​លោក សម រង្ស៉ី ដែល​រង​ការ​ចោទ​ថា បាន​ប្រមាថ​ដល់​អង្គ​ព្រះ​មហា​ក្សត្រ​។

សូម​បញ្ជាក់​ដែរ​ថា រដ្ឋ​ធម្មនុញ្ញ ប្រទេស​កម្ពុជា បាន​ចាត់​ទុក អង្គ​ព្រះ​មហា​ក្សត្រ គឺ​ជា​បុគ្គល មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ​៕

What Next?

Recent Articles