គ្រួសារ​ ស្នើសុំ​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង ៣នាក់​នៅ​ខេត្ត​កណ្តាល​

ដោយ សេក បណ្ឌិត
2019-09-17
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​គណបក្ស​សង្គ្រោះជាតិ នៅ​ស្រុក​កោះធំ ខេត្តកណ្ដាល ៣រូប ដែល​ត្រូវ​អាជ្ញធរ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី១៤ ខែ​កញ្ញា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុកលោក ឃិន ជំរឿន
សកម្មជន​គណបក្ស​សង្គ្រោះជាតិ នៅ​ស្រុក​កោះធំ ខេត្តកណ្ដាល ៣រូប ដែល​ត្រូវ​អាជ្ញធរ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី១៤ ខែ​កញ្ញា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុកលោក ឃិន ជំរឿន


គ្រួសារ​របស់​សកម្មជន​បក្ស​ប្រឆាំង៣នាក់​នៅ​ខេត្ត​កណ្ដាល​ ស្នើសុំ​ឲ្យ​តុលាការ​ដោះលែង​វិញ​ បន្ទាប់ពី​សកម្មជន​ទាំង ៣នាក់​នោះ​ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ ពន្ធ​នាគា​ខេត្ត​កណ្តាល​ កាល​ពី​រសៀល​ថ្ងៃ​ទី១៦​ ខែ​កញ្ញា។ ក្រុម​គ្រួសារ​ និង​មន្ត្រី​សិទ្ធិមនុស្ស​ ចាត់ទុកថា​ ការ​ចាប់​ឃុំខ្លួន​នេះ​ មិន មែន​ជា​ការអនុវត្ត​ច្បាប់​ទេ​ គឺជា​រឿង​នយោបាយ​សុទ្ធសាធ។

ក្រុម​គ្រួសារ​របស់​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​កណ្ដាល​អះអាង​ថា ចំណាត់​ការ​របស់​អាជ្ញាធរ​ និង​តុលាការ​ គឺ​អយុត្តិធម៌​បំផុត​ មិន​អាច​ទទួលយក​បានទេ។

សាលាដំបូង​ខេត្ត​កណ្ដាល​ កាល​ពី​រសៀល​ថ្ងៃទី១៥​ ខែកញ្ញា​ បាន​សម្រេច​ឃុំខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​កណ្ដាល ៣នាក់​ នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្ដាល​ បន្ទាប់​សមត្ថកិច្ច​ចាប់​ខ្លួន​ពួក​គេ​ ដាច់​ដោយ​ឡែក​ពី​គ្នា​ជា​បន្តបន្ទាប់​ កាលពី​ថ្ងៃ​ទី១៤​ កញ្ញា​។ សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​កណ្ដាល​ ទាំង ៣នាក់​នោះ រួមមាន សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ស្រុក​ស្អាង​ លោក លី ម៉េងឃាង មេឃុំ​ជាប់ឆ្នោត​ឃុំ​សំរោងធំ​ ស្រុក​កៀនស្វាយ លោក លី លីន និង​ជំទប់​ទី១ ជាប់​ឆ្នោត​នៅ​ឃុំ​ព្រែក​ស្ដី​ ស្រុក​កោះធំ​ លោក ឈុន ថៃ​យុទ្ធ​។

កូនប្រុស​របស់​មេឃុំ​សំ​ជាប់ឆ្នោត​ឃុំ​រោង​ធំ​លោក លី លីន គឺ​យុវជន លាថ រដ្ឋា ប្រាប់​អាស៊ី​សេរី​ថា​ តុលាការ​ និង​អាជ្ញាធរ​ មិនបាន​ប្រាប់​អំពី​មូលហេតុ​នៃ​ការ​ចាប់ខ្លួន​ឪពុក​របស់​លោក​នោះ​ទេ​ ហើយ​ថែម​មិន​មាន​ដីកា​ចាប់ខ្លួន​ទៀត​ផង។ យុវជន លាថ រដ្ឋា ចាត់ទុកថា​ ការ​ឃុំខ្លួន​ឪពុក​របស់​លោក​ក្នុង​ពន្ធនាគារ​ គឺជា​រឿង​អយុត្តិធម៌​បំផុត​ ពីព្រោះ​ ឪពុក​របស់​លោក​ជា​មនុស្ស​ស្អាតស្អំ។ លោក​អះអាង​ថា​ ក្រោយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ឪពុក​របស់​លោក​នៅតែ​ផ្ទះ​ និង​រកស៊ី​ចិញ្ចឹម​គ្រួសារ​ធម្មតា​ មិនបាន​ប្រព្រឹត្ត​អ្វី​ខុសច្បាប់​នោះ​ទេ៖ «គេ​អត់​ប្រាប់​មូលហេតុ​ហើយ​ពេល​គេ​ចាប់​ក៏​អត់មាន​ដីកា​ ចាប់​ខ្លួន​ ហើយ​គេ​បញ្ជូន​ទៅ​សាលាដំបូង​ដោយ​ស្ងប់​ស្ងាត់​ដូចជា​គេ​បិទ​បាំង​មែនទែន។ ខ្ញុំ​ទៅ​ ពន្ធនាគារ​គឺ​គេ​ឲ្យ​ពួក​ខ្ញុំ​ជួប​សកម្មជន​ទាំង ៣នាក់​នេះ​ទេ​ សូម្បី​តែ​បាយ​ ម្ហូប​ ថ្នាំពេទ្យ ក៏​គេ​មិន​ឲ្យ​យើង​ យក​ទៅ​ឲ្យ​គាត់​ដែរ​ គឺ​ដាច​ខាត​ហ្មង»

មាន​វ័យ​ ១៦​ ឆ្នាំ​ យុវជន​ លាថ​ រដ្ឋា​ រៀបរាប់​ថា​ នៅ​ថ្ងៃ​ឃាត់ខ្លួន​នោះ​ គឺ​ឪពុក​របស់​លោក​ កំពុង​រៀបចំ​ដាក់​លូ​បង្ហូរ​ទឹក​តាម​ផ្លូវ​នៅ​ភូមិ​ជ្រោយ​ដង​ពីរ​ ឃុំ​សំរោងធំ​ ដែល​ឪពុក​របស់​លោក​បាន​ដឹក​នាំ​អ្នក​ភូមិ​ កសាង​ជា​ប្រយោជន៍​រួម។ ក្នុង​ពេលនោះ​ មេ​ប៉ុស្តិ៍​ឃុំ​សំរោងធំ​ បាន​ហៅ​ឪពុក​របស់​លោក ដែល​ស្លៀក​ តែ​ខោខ្លី​ត្រឹម​ជង្គង់​ថា​ ទៅ​ផឹក​កាហ្វេ​ ប៉ុន្តែ​ពេល​ទៅដល់​ ស្រាប់​តែ​ប៉ូលិស​នាំ​គ្នា​ចាប់​ក្រៀក​ឪពុក​លោក​ ឡើងឡាន​តែ​ម្ដង។ ក្នុង​ពេល​ចាប់ខ្លួន​នោះ​ អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​គ្រួសារ​ជួប​នោះ​ទេ ទាល់​តែ​ជិត​ បញ្ជូន​ចូល​ពន្ធនាគារ​ ទើប​អនុញ្ញាត​ឲ្យ​ជួប​បាន ៥នាទី៖ «ខ្ញុំ​មានតែ​ម្រាមដៃ​ដប់​ សូម​អង្គការ​សហ​ប្រជាជាតិ អង្គការ​ សង្គម​ស៊ីវិល​ជួយ​ពុក​ខ្ញុំ​ផង​ ព្រោះអី​គ្រួសារ​ខ្ញុំ​ទី​ទល់​ក្រ​ណាស់​ ហើយ​ជំពាក់​អង្គការ​(ធនាគារ)។កន្លងមក​មាន​ តែ​គាត់​ទេ​ដែល​ជួយ​គ្រួសារ​។បងប្អូន​ខ្ញុំ​នៅ​តូចៗ។ ម្ដាយ​ខ្ញុំ​ធ្វើ​ការងារ​រោងចក្រ​ ពេល​ បើកប្រាក់ខែ​មក​ បាន​ត្រឹមតែ​បង់​អង្គការ (ធនាគារ) ប៉ុណ្ណោះ»

មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ​ កូនប្រុស​របស់​ជំទប់​ទី១ ជាប់ឆ្នោត​នៅ​ឃុំ​ព្រែក​ស្ដី​ លោក​ ឈុន​ ថៃ​យុទ្ធ​ គឺ​លោក​ ថៃ​ សែន​កុសល​ រៀបរាប់​ថា​ តុលាការ​សង្ស័យ​ថា​ ឪពុក​របស់​លោក​បាន​ទៅ​ជួប​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រង្ស៊ី​ នៅ​ប្រទេស​ម៉ាឡេស៊ី​ កាលពី​ខែ​សីហា។ លោក​ ថៃ​ សែន​ កុសល​ អះអាង​ថា​ ឪពុក​របស់​លោក​ មិន​បាន​ពាក់ព័ន្ធ​ជាមួយ​ថ្នាក់​ដឹក​នាំ ឬ​គណបក្ស​សង្គ្រោះ​ជាតិ​ បន្ទាប់ពី​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​មិន​ដឹង​ថា តុលាការ​ និង​អាជ្ញាធរ​ ផ្អែក​លើ​មូលហេតុ និង​ភស្តុ​តាំង​អ្វី​នោះ​ទេ​ ទើប​ចាប់ និង​ឃុំខ្លួន​ឪពុក​របស់​លោក៖ «និយាយ​ម្ដាយ​ខ្ញុំ​ពិការ​នៅផ្ទះ​ដោយសារ​គាត់​ស្លាប់​មួយ​ចំហៀង​ខ្លួន ហើយ​ពឹង​ទៅ​លើ​ប៉ា​របស់ខ្ញុំ​ដែល​ជួយ​ដោះដូរ​ខោអាវ​ដូច្នេះ​គាត់​មិនដែល​បាន​ដើរ​ទៅ​ណា​ទាំង​អស់។ គាត់​នៅ​តែ​ផ្ទះនៅ​ស្រុក​ ហើយ​ខ្ញុំ​នៅ​ឯ​ភ្នំពេញ​នេះ​ទេ​។ អ៊ីចឹង​ឥឡូវ​នេះ​កំពុងតែ​លំបាក​ អត់​មាន​អ្នក​មើល​ថែ​ម្ដាយ​ទេ​ ហើយ​ម្ដាយ​ខ្ញុំ​អត់​ទាន់​ដឹងរឿង​គេ​ឃាត់​ខ្លួន​ប៉ា​ទេ​ ព្រោះ​ខ្លាច​គាត់​ដឹង​ទៅ​ ធ្វើឲ្យ​គាត់​មាន​បញ្ហា​ឡើងឈាម​ម្ដង​ទៀត​ គឺ​មិន​អាច​ជួយសង្គ្រោះ​គាត់​បានទេ។ ម្ដាយ​ខ្ញុំ​ស្លាប់​មួយ​ ចំហៀង​ខ្លួន​នេះ​ជិត ១ឆ្នាំ​ហើយ»

លោក​ ថៃ​ សែន​កុសល​ ស្នើសុំ​ឲ្យ​តុលាការ​ដោះលែង​ឪពុក​របស់​លោក​វិញ​ ព្រោះ​ឪពុក​របស់​លោក​ គ្មាន​កំហុស​នោះ​ទេ​ និង​ត្រូវ​មើលថែ​ភរិយា​ដែល​កំពុង​ពិការ៖ «សំណូម​ពរ​ឲ្យ​គេ​ឆាប់​ដោះ​លែង​ឲ្យ​គាត់​មាន​សេរីភាព​ ឡើងវិញ​ដើម្បី​មើល​ម៉ែ​នៅផ្ទះ​ ដែល​ពិការ​ទៅ​ណា​ក៏​មិន​កើត។ សូម្បី​តែ​ប៉ា​ខ្ញុំ​ក៏​មាន​ជំងឺ​ប្រចាំ​កាយ​ដែរ​ ហើយ​ជើង​របស់​គាត់​ទើប​តែ​វះ​ថែម​ទៀត»

អាស៊ី​សេរី​ មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​កណ្តាល​ លោក​ សូ​ សារិ​ន និង​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​លោក​ អ៊ា​វ ចំរើន​ បានទេ​ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។

ចំណែក​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ លោក​ ឆាយ​ គឹមឃឿន​ មានប្រសាសន៍​ថា​ លោក​ មិន​ដឹង​ថា​ តុលាការ​ ចោទប្រកាន់​សកម្មជន​ទាំង ៣នាក់​ពី​បទ​អ្វី​នោះ​ទេ​ ប៉ុន្តែ​លោក​អះអាង​ថា ការ​ចាប់​នោះ​ មាន​ដីកា​ និង​ភស្តុ​តាំង​ត្រឹមត្រូវ។ លោក​បន្ថែម​ថា ប្រសិនបើ​អ្នក​ទាំង ៣នាក់​នោះ​មិន​ ប្រព្រឹត្ត​អ្វី​ខុសច្បាប់​ គឺ​គ្មាន​ការ​ឃាត់ខ្លួន​ឃុំខ្លួន​ឡើយ៖ «ធម្មតា​គ្រួសារ​ គឺ​គាត់​ការពារ​កំហុស​របស់​គ្រួសារ​គាត់​អ៊ីចឹង​ហើយ។ បើ​ខ្ញុំ​ជា​គ្រួសារ​ក៏​ខ្ញុំ​ថា​ ដូច​គាត់​ដែរ។ បើ​អត់​ឯកសារ​ភស្តុតាង ហើយ​គាត់​អត់​ធ្វើ​សកម្មភាព​ស្អី​ ដែល​ប៉ះពាល់​សុវត្ថិភាព​សន្តិសុខ​សង្គម​ទេ និង​ប៉ះពាល់​នឹង​ច្បាប់​ទេ​ គឺ​យើង​អត់​ធ្វើ​អី​គាត់​ទេ»

មន្ត្រី​សិទ្ធិមនុស្ស​កត់​សម្គាល់​ថា អាជ្ញាធរ​បាន​បង្កើន​ការ​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​លើ​ក្រុម​អ្នក​គាំទ្រ​ និង​សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​ បន្ទាប់​ពី​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កំណត់​ថ្ងៃ​ជាក់​លាក់​ក្នុង​ការ​វិលត្រឡប់​មក​កម្ពុជា​វិញ​។ ក្នុងរយៈពេល​ ៩ខែ​ នៃ​ឆ្នាំ២០១៩​ នេះ​ អាជ្ញាធរ​របប​ ក្រុង​ភ្នំពេញ​ បាន​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​សរុប ២៧នាក់ ដាក់​ក្នុង​ពន្ធនាគារ​ និង​បាន​កោះហៅ​សកម្មជន​បក្ស​ប្រឆាំង​ទៅ​សាកសួរ​ កើន​ដល់ ១៥៦នាក់​។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត​ មាន​ប្រសាសន៍​ថា​ យោង​តាម​ផ្លូវ​ច្បាប់​ ការ​ចាប់ខ្លួន​ដោយ​គ្មាន​ដីកា​គឺ​លុះត្រាតែ​បទល្មើស​ជាក់​ស្តែង​ ប៉ុន្តែ​ប្រសិន​បើ​មិនមែន​ជា​បទ​ល្មើស​ជាក់​ស្តែង​ទេ គឺ​អាជ្ញាធរ​ត្រូវ​បង្ហាញ​ដីកា​ ដើម្បីឲ្យ​អ្នក​ដែល​ត្រូវ​ ចាប់ខ្លួន​នោះ​បាន​ដឹង​អំពី​កំហុស​របស់​ខ្លួន។ ក្នុង​ករណី​នេះ​អាជ្ញាធរ​មិនបាន​អនុវត្ត​តាម​នីតិវិធី​នេះ​ គឺ​ អាជ្ញាធរ​អនុវត្ត​ច្បាប់​មិនបាន​ត្រឹមត្រូវ៖ «បើសិនជា​ការ​ចាប់ខ្លួន​នេះ​វា​មិន​ដឹង​បទល្មើស​ហើយ​មិន​ មាន​បង្ហាញ​ដីកា គឺ​ករណី​នេះ​ហើយដែល​ធ្វើឲ្យ​គ្រួសារ​របស់​គេ​មិនអស់ចិត្ត​ហើយ​មិន​ដឹង​ថា​ ចាប់ខ្លួន​ រឿង​អី​ ដែលគេ​ទាមទារ​ឲ្យ​មានការ​ដោះលែង​វិញ​ ដោយសារតែ​កំហុស​នីតិវិធី​នេះ។ ទាក់ទង​នឹង​បញ្ហា​ នេះ​ យើង​គិត​ថា​ រាល់​ការ​ចាប់​នេះ​បើសិនជា​មិន​មាន​ដីកា​គឺ​ការ​ចាប់ខ្លួន​នេះ​មិន​ត្រឹមត្រូវ​តាម​នីតិវិធី​ទេ»

លោក​ អំ​ សំអាត​ ពិនិត្យ​ឃើញ​ថា​ ក្រោយ​ពី​លោក​ សម​ រង្ស៊ី​ កំណត់​ពេល​វិល​កម្ពុជា​វិញ​ គឺ​រដ្ឋាភិបាល​ បាន​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន​ជា​បន្ត​បន្ទាប់។ លោក​វាយ​តម្លៃ​ថា ករណី​ទាំង​អស់​នេះ​ ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​សុទ្ធសាធ​ មិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​នោះ​ទេ។ លោក​អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ទាំង​ពី​ភាគី​ ជា​ពិសេស​ គណបក្ស​កាន់​អំណាច​ វិល​ទៅ​រក​ការ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ​ ដោយ​គិត​អំពី​ឧត្ដម​ប្រយោជន៍​ជាតិ​ និង​ប្រជាពលរដ្ឋ៖ «បើ​យើង​មើល​ស្ថានភាព​បច្ចុប្បន្ន​ គឺ​អ្នក​ដែល​រងគ្រោះ​គឺ​ ពលរដ្ឋ​តូចតាច​ដែល​ត្រូវ​បាន​គំរាម​គំ​ហែង​ បំភិតបំភ័យ​និង​ការ​ចាប់​ខ្លួន​ជា​ហូរហែ​អ៊ីចឹង​ទៅ។ យើង​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ទៅ​ទៀត​ ព្រោះ​ថ្មីៗ នេះ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ក៏​ដូច​ជា​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស គឺ​គេ​សុំ​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​អតីត​គណបក្ស​ប្រឆាំង ​និង​សកម្មជន​បក្ស​នៅ​តាម​មូលដ្ឋាន។បើសិនជា​ទិដ្ឋភាព​នេះ​កើត​មាន​ត​ទៅ​ទៀត យើង​បារម្ភ​ថា វា​នឹង​ទាក់ទង​ដល់​បញ្ហា EBA របស់​សហភាព​អឺរ៉ុប និង GSP របស់​សហរដ្ឋ​អាមេរិក ដែល​គេ​ដាក់​លក្ខខណ្ឌ​ឲ្យ​កម្ពុជា​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស»

កាលពី​ថ្ងៃ​ទី១៤​ ខែ​កញ្ញា​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថ្កោលទោស​របប​ក្រុង​ភ្នំពេញ​ ចំពោះ​ការ​បន្ត​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ឥត​ឈប់ឈរ​នេះ។ គណបក្ស​ប្រឆាំង​ហៅ​ការ​ចាប់​ខ្លួន​សកម្មជន​បន្ថែម​ទៀត​នេះ​ ជា​ទង្វើ​រំលោភបំពាន​ច្បាប់​យ៉ាង​កំរោល​ និង​ជា​សកម្ម​ភាព​ព្រៃផ្សៃ​ ដូច​របប​ខ្មែរ​ក្រហម​ ដែល​ប្រើប្រាស់​វិធី​បង្ក្រាប​លើ​មនុស្ស​ស្លូត​ត្រង់​គ្មាន​កំហុស​ឱ្យ​បាក់​ស្បាត លែង​ហ៊ាន​ងើប​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ និង​សិទ្ធិ​សេរីភាព​របស់​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "គ្រួសារ​ ស្នើសុំ​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង ៣នាក់​នៅ​ខេត្ត​កណ្តាល​"

  1. so socheath says:

    Send to facebook
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
    ដែលនឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦
    គឺសំដៅដាច់ខាត ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា
    គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ
    ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និង
    របបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បី
    ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត
    តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សម្រាប់ឆន្ទះប្រជាពលរដ្ឋ
    ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយទម្រង់ណាមួយក៏ដោយ
    គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ