សង្គម​ស៊ីវិល រិះគន់​ក្រសួង​ព័ត៌មាន ដែល​បន្ត​តែងតាំង​ទីប្រឹក្សា​ទ្រង់ទ្រាយ​ធំ

ដោយ ខែ សុណង
2019-09-17
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ រូប៖ ក្រសួងព័ត៌មាន
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ រូប៖ ក្រសួងព័ត៌មាន


សង្គម​ស៊ីវិល​រិះគន់​ក្រសួង​ព័ត៌មាន ដែល​បន្ត​តែងតាំង​រដ្ឋ​លេខាធិការ អនុ​រដ្ឋ​លេខាធិការ និង​ទីប្រឹក្សា​ទ្រង់ទ្រាយ​ធំ​បន្ថែម​ទៀត។ ពួក​គេ​យល់​ថា ការ​តែងតាំង​នេះ គឺ​ជា​ការ​ខ្ជះខ្ជាយ​ថវិកា​ជាតិ និង​នៅតែ​មិន​អាច​ជំរុញ​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​បាន​ដដែល។ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ព័ត៌មាន ឆ្លើយ​តប​ថា ការ​តែងតាំង​នេះ ដោយសារ​មាន​តម្រូវ​ការ​ជាក់​ស្ដែង និង​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​ចូល​និវត្តន៍​ដែល​មាន​ស្នាដៃ​ជួយ​ដល់​ក្រសួង​កន្លង​មក និង​អ្នក​ជំនាញ​ផ្នែក​សារ​ព័ត៌មាន។

សង្គម​ស៊ីវិល​មើល​ឃើញ​ថា ​ក្រសួង​ព័ត៌មាន គ្មាន​ភាព​ចាំបាច់​ក្នុង​ការ​បង្កើន​រដ្ឋ​លេខាធិការ អនុ​រដ្ឋ​លេខាធិការ និង​ទីប្រឹក្សា​ក្រសួង​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នោះ​ទេ ហើយ​ពួក​គេ​ក៏​ព្រួយ​បារម្ភ​ដល់​វិជ្ជាជីវៈ សារព័ត៌មាន​នៅ​កម្ពុជា​ផង​ដែរ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ លើក​ឡើង​ថា ទោះបី​ជា​ក្រសួង​ព័ត៌មាន​ខំ​បង្កើន​បរិមាណ​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ក្រសួង​ច្រើន​បែប​ណា​ក្តី ​ប៉ុន្តែ​នៅ​តែ​មាន​ការ​ចោទ​សួរ អំពី​​​ប្រសិទ្ធិ​ភាព​ការងារ​ និង​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដដែល។ លោក​ បន្ថែម​ថា អ្វី​ដែល​លោក​ចង់​ឃើញ​នោះ គឺ​សិទ្ធិ​ទទួល​ព័ត៌មាន ត្រូវ​បាន​គោរព​ពេញ​លេញ និង​បើក​ឲ្យ​បណ្ដាញ​ព័ត៌មាន​ឯករាជ្យ​ដំណើរការ​ដោយ​ស្រប​ច្បាប់៖ «ធម្មតា​​មាន​មន្ត្រី​ច្រើន បន្ទុក​នៃ​ការ​ចំណាយ វា​ច្បាស់​​ជា​បន្ទុក​របស់​ក្រសួង ហើយ​ជា​ការ​ចំណាយ ដែល​វា​ចេះ​តែ​កើន​ទៅៗ ប៉ុន្តែ​រឿង​ទាំង​អស់​នេះ វា​នឹង​មិន​មែន​ការ​ចោទ​សួរ​ទេ បើ​សិន​ឧទាហរណ៍​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នោះ វា​មាន​លក្ខណៈ​ទូលំទូលាយ ហើយ​គ្រប់​គ្នា​ធ្វើ​ការ​រួម​ចំណែក ធ្វើ​ម៉េច​ឲ្យ​ទម្រង់​នៃ​វិស័យ​សារព័ត៌មាន​នេះ​វា​ចេះ​តែ​ធំធាត់ និង​មាន​ការ​សាទរ​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ»

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក សាយ ឈុំ ក្នុង​តួនាទី​ជា​ប្រមុខ​រដ្ឋ​ស្តីទី បានចេញព្រះរាជក្រឹត្យតែងតាំងអនុរដ្ឋលេខាធិការក្រសួងព័តមាន ២រូបនិងទីប្រឹក្សា​ចំនួន ១៧នាក់បន្ថែមទៀត កាល​ពី​ថ្ងៃ​ទី១៤ ខែ​កញ្ញា។ ក្នុងចំណោមអនុរដ្ឋលេខាធិការ ២រូបនោះ មាន​លោក ឆាយ សុផល ជា​គ្រូ​បង្រៀន​ផ្នែក​ព័ត៌មាន និង​ជា​អ្នក​និពន្ធ​សៀវភៅ ដែល​មាន​ខ្លឹមសារ​សរសើរ​អ្នក​នយោបាយ​បក្ស​កាន់​អំណាច។ នៅមុននេះ ៣ថ្ងៃ លោក សាយ ឈុំ ក៏​បាន​ចេញ​ព្រះរាជក្រឹត្យតែងតាំងរដ្ឋលេខាធិការក្រសួងព័ត៌មានចំនួន ៣រួបផងដែរ រួមមាន លោក អ៊ុក សម្រេច លោក សុខ ប្រសិទ្ធិ និង​លោក មុន រ៉ាម៉ាឌី ដែល​ជា​អគ្គនាយក​ទូរទស្សន៍ ស៊ី.អ៊ិន.ស៊ី របស់​ឧកញ៉ា គិត ម៉េង។

មាត្រា៣៥ នៃ​ច្បាប់​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល​ចែង​ថា មន្ត្រី​រាជការ​ត្រូវ​ហាម​ដាច់​ខាត​មិន​ឲ្យ​ចូល​ជា​សមាជិក​ក្នុង​ក្រុមប្រឹក្សាភិបាល ឬ​គ្រប់គ្រង​ក្រុមហ៊ុន​ឯកជន​ដោយ​ផ្ទាល់ ឬ​ប្រយោល​នោះ​ទេ។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​មានការ​​តែងតាំង​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ក្នុង​​ទ្រង់ទ្រាយ​ធំ​បែប​នេះ។ កាល​ពី​ចុង​ឆ្នាំ២០១៨ កន្លងទៅ របប​ក្រុង​ភ្នំពេញ​បាន​តែង​តាំង​​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ជិត៥០ នាក់ និង​បន្ត​តែង​តាំង ៦៧នាក់​ទៀត​នៅ​ពាក់​កណ្ដាល​ខែ​មិថុនា ឆ្នាំ២០១៩ ហើយ​ជាង​មួយ​ខែក្រោយ​មក មាន​ការ​តែងតាំង​បន្ថែម​ជាង ១០០នាក់​ទៀត (១០៦)

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ មាន​ប្រសាសន៍​ដូច​ពេល​កន្លង​មក​ដែរ​ថា មូលហេតុ ដែល​ក្រសួង​បន្ត​ស្នើសុំ​តែងតាំង​ទីប្រឹក្សា​បន្ថែម​នេះ គឺ​ផ្អែក​លើ​តម្រូវ​ការ​ជាក់​ស្តែង​សម្រាប់ ជួយ​ផ្ដល់​យោបល់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សារ​ព័ត៌មាន​នៅ​កម្ពុជា។ លោក​បន្ថែម​ថា មន្ត្រី​ដែល​ទទួល​បាន​ការ​តែងតាំង​នោះ ភាគ​ច្រើន​ជា​មន្ត្រី​ចូល​និវត្តន៍ ដែល​មាន​ស្នាដៃ និង​ជា​បុគ្គល​មាន​បទ​ពិសោធ និង​អ្នក​មាន​ជំនាញ​ផ្នែក​វិស័យ​នេះ ដើម្បី​មក​ជួយ​ជំរុញ​ការងារ​ក្រសួង​បន្ថែម​ទៀត៖ «ទី១ គាត់​នឹង​បំពេញ​នូវ​ជំនាញ​បច្ចេកទេស ដែល​គាត់​មាន​កន្លង​មក ហើយ​គាត់​នឹង​ជួយ​ផ្ដល់​ប្រឹក្សា​យោបល់​ទៅ​អ្នក​បច្ចេកទេស​វ័យ​ក្មេង​របស់​យើង ទី២ គឺ​គាត់​នឹង​ចូលរួម​ពង្រឹង​នូវ​ផ្នែក​បណ្ដុះបណ្ដាល​ចែក​រំលែក​បទ​ពិសោធន៍​ជូន​ទៅ​ដល់​មន្ត្រី​វ័យ​ក្មេង ឬ​អ្នក​សារ​ព័ត៌មាន​វ័យ​ក្មេង​របស់​យើង​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​បច្ចេកទេស ក្នុង​ការ​រៀបចំ​ការ​ដឹក​នាំ​ធ្វើ​យ៉ាង​ណា​ឲ្យ​វិស័យ​សារ​ព័ត៌មាន​កាន់​តែ​រីក​ចម្រើន​បន្ថែម​ទៀត​ផង​ដែរ។ តី៣ គឺ​គាត់​នឹង​ចូលរួម​ផ្ដល់​ប្រឹក្សា​យោបល់​តាក់តែង​គោល​នយោបាយ ឬ​ក៏​ច្បាប់​នានា ដើម្បី​ធ្វើ​យ៉ាង​ណា​ជួយ​ដល់​ការ​អនុវត្ត ឬ​ក៏​បំពេញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន ឬ​ក៏​ការ​លើក​កម្ពស់​វិស័យ​សារ​ព័ត៌មាន​នៅ​កម្ពុជា​យើង​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ»

ទោះ​ជា​អ្នក​នាំ​ពាក្យ​​ក្រសួង​​អះអាង​បែប​នេះ​ក្តី ក៏​គេ​សង្កេត​ឃើញ​ថា ​មន្ត្រី​ដែល​ត្រូវ​បាន​តែង​តាំង​មួយ​ចំនួន​​ គឺ​ជា​មនុស្ស​ជិតស្និទ្ធ និង​​តែង​ដើរ​ផឹក​ស៊ី​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ ​កាញារីទ្ធ និង​ជា​មួយ​ថ្នាក់​ដឹក​នាំ​ដទៃ​ទៀត​នៃ​ក្រសួង​ព័ត៌មាន​។ ក្រៅ​ពី​នេះ ទីប្រឹក្សា​ខ្លះ​ គឺ​ជា​អ្នក​សារព័ត៌មាន​នៃ​ស្ថាប័ន​គាំទ្រ​រដ្ឋាភិបាល មាន​ជា​អាទិ៍ ទូរទស្សន៍​​បាយ័ន​​​ដែល​គ្រប់គ្រង​ដោយ​កូន​ស្រី​លោក ហ៊ុន សែន ទូរទស្សន៍ ស៊ីធីអិន (CTN) របស់​ឧកញ៉ា គិត ម៉េង និង​ទូរទស្សន៍​ ហង្ស​មាស​ជាដើម ស្រប​​ពេល​ទីប្រឹក្សា​ខ្លះ​ទៀត​មក​​ពី​កាសែត ខ្មែរ ថាមស៍ និង​​កាសែត ​ភ្នំពេញ ប៉ុស្តិ៍។ អ្នក​ជំនាញ​វាយ​តម្លៃ​ថា និន្នាការ​បែបនេះ នឹង​ធ្វើ​ឱ្យ​ស្ថាប័ន​ព័ត៌មាន​ទាំងនោះ មិន​អាច​បំពេញ​តួនាទី និង​វិជ្ជាជីវៈ​ត្រឹម​ត្រូវ​បាន​នោះ​ទេ ព្រោះ​ពួក​គេ​នឹង​មិន​​ហ៊ាន​​សរសេរ​អត្ថបទ​ដែល​ប៉ះពាល់​ដល់​រដ្ឋាភិបាល​ឡើយ។

ប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ លោក ទឹម ម៉ាឡៃ មានប្រសាសន៍ថា នៅ​កម្ពុជា​សព្វថ្ងៃ​នេះ គឺ​ក្រសួង​ស្ថាប័ន​រដ្ឋ និង​មន្ត្រី​រាជការ​មាន​ច្រើន​ហួសហេតុ រហូត​ដល់​មន្ត្រី​រាជការ និង​ក្រសួង​ខ្លះ ធ្វើ​ការងារ​ជាន់​គ្នា​ទៀត​ផង។ លោក យល់ថា ការ​បង្កើន​ទីប្រឹក្សា និង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ក្រសួង​ព័ត៌មាន​នេះ គ្មាន​ភាព​ចាំបាច់​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​ជា​ការ​ខ្ជះខ្ជាយ​ថវិកា​ជាតិ​ប៉ុណ្ណោះ៖ «បើ​ជា​តម្រូវ​ការ​ពិត​ប្រាកដ​សម្រាប់​បច្ចេកទេស ធ្វើ​ការងារ ដើម្បី​ប្រកួត​ប្រជែង​ទៅ​លើ​បច្ចេកទេស និង​គោល​នយោបាយ​ប្រហែល​ជា​មាន​ភាព​ចាំបាច់ ប៉ុន្តែ​បើ​សិន​ជា​ជ្រើសរើស​សម្រាប់​ដាក់​ឲ្យ​មាន​តួនាទី​ ហើយ​បំពេញ​ការងារ​មន្ត្រី​រាជការ ឬ​ក្រសួង​គេ​អាច​និយាយ​បាន​ថា ជា​ការ​ប្រើ​ធនធាន​ខ្ជះខ្ជាយ​ចំណាយ​ប្រាក់​ខែ​រដ្ឋ​យក​ពន្ធ​ពី​ប្រជាពលរដ្ឋ​ហ្នឹង​អាច​ថា ខាត​បង់​ច្រើន។

កាល​ពី​ខែ​ឧសភា កន្លងទៅ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ទម្លាយ​នៅ​លើ​ហ្វេសប៊ុក​ថា​ មន្ត្រី​មួយ​ចំនួន​​ក្នុង​ក្រសួង​របស់​លោក​​ មិន​ដែល​ឃើញ​ទៅ​ធ្វើ​ការ​ឡើយ ប៉ុន្តែ​បង្ហាញ​​មុខ​​នៅ​ពេល​បើក​​ប្រាក់​ខែ។ លោក​​បាន​ព្រមាន​បង្ហោះ​រូប​មន្ត្រី​អសកម្ម​ទាំងនោះ​លើ​ហ្វេសប៊ុក​ទៀត​ផង។ ក្រោយ​មក​នៅ​ខែ​សីហា មន្ត្រី​ក្រសួង​ព័ត៌មាន​ម្នាក់​ដែល​សុំ​លាក់​អត្តសញ្ញាណ បាន​ទម្លាយ​​ប្រាប់​អាស៊ី​សេរី​ថា ក្រសួងព័ត៌មាន កំពុង​ញាំញី​ដោយ​អំពើ​ពុករលួយ និង​គ្រួសារ​និយម ជាពិសេស ការ​តែងតាំង​តួនាទី​ក្នុង​ក្រសួង ដែល​សុទ្ធតែ​ពូជពង្ស​អ្នក​ធំ​ក្នុង​ក្រសួង​ព័ត៌មាន ក្នុង​នោះ​ដូចជា សែស្រឡាយ លោក ឈុំ សុជាតិ ដែល​ជា​រដ្ឋលេខាធិការ និង​ជា​នាយ​ខុទ្ទកាល័យ​នៃ​ក្រសួង​ព័ត៌មាន និង​លោក កែវ សោភ័ណ ដែល​ជា​អនុ​រដ្ឋ​លេខាធិការ​នៃ​ក្រសួង​ព័ត៌មាន។ មន្រ្តី​ដដែល​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​អំពើពុករលួយ​ជា​លក្ខណៈ​ប្រព័ន្ធ​នេះ បាន​ធ្វើ​ឱ្យ​ក្រសួង​ព័ត៌មាន​មាន​ទីប្រឹក្សា​ក្រសួង​រហូត​ដល់​ជាង ៥០០​នាក់។ ទោះ​យ៉ាង​នេះ​ក្តី ក្រសួង​ព័ត៌មាន​មិន​បាន​បើក​ការ​ស៊ើប​អង្កេត និង​ចាត់​វិធានការ​លើ​រឿង​នេះ​ឡើយ ដោយ​ក្រសួង​ចាត់ទុកថា ជា​រឿង​សាមញ្ញ​ធម្មតា។

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​​ លោក មាស សុភ័ណ្ឌ ថ្លែង​ថា ក្រសួង​សម្រេច​បាន​នូវ​សមិទ្ធផល​លេច​ធ្លោ​មួយ​ចំនួន​នា​ពេល​កន្លង​មក មាន​ដូចជា​ធ្វើ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​កាន់​តែ​ទំនើប និង​មាន​វិសាលភាព​ផ្សព្វផ្សាយ​កាន់​តែ​ធំ​ទូលាយ​ទាំង​ក្នុង​ប្រទេស និង​ដល់​ពិភព​លោក។ ចំពោះ​សេរីភាព​សារ​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​វិញ លោក​អះអាង​ថា កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្រោម​ហេតុផល​ថា កម្ពុជា​មាន​ច្បាប់​សម្រាប់​ការពារ​សិទ្ធិ​សេរីភាព​អ្នក​សារព័ត៌មាន និង​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​រាប់​រយ​ស្ថាប័ន៖ «នៅ​កម្ពុជា​អង្គភាព​សារព័ត៌មាន​ទាំង​អស់​សុទ្ធតែ​មាន​ឯករាជ​ភាព​ទាំង​អស់ ពី​ឯករាជ​ភាព​សារ​ព័ត៌មាន គឺ​ការពារ​ដោយ​ច្បាប់​របប​សារ​ព័ត៌មាន។ អង្គភាព​សារ​ព័ត៌មាន​ទាំង​អស់ ដែល​បំពេញ​វិជ្ជាជីវៈ​នៅ​កម្ពុជា​ក៏​ត្រូវ​តែ​គោរព​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដែរ ហើយ​បច្ចុប្បន្ន​នេះ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​របស់​យើង គឺ​មាន​ភាព​ល្អ​ប្រសើរ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ទី១​ គឺ​យើង​មាន​ទាំង​ផ្លូវ​ច្បាប់​ក្នុង​ការ​ការពារ សិទ្ធិ​សេរីភាព​របស់​សារ​ព័ត៌មាន ហើយចំណុចទី២ គឺ​មធ្យោបាយ​នៃ​ការ​ផ្សព្វផ្សាយ ក៏​ដូច​ជា ការ​បំពេញ​នូវ​វិជ្ជាជីវៈ​របស់​អ្នក​សារ​ព័ត៌មាន​ទូលំទូលាយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា»

ផ្នែក​សេរីភាព​សារព័ត៌មាន​ក្នុង​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយនេះ​។ សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០១៩ ដែល​ចេញផ្សាយ​ដោយ​អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន (Reporters Without Border) បង្ហាញ​ថា កម្ពុជា​ជាប់​លេខ ១៤៣ ដែល​មាន​ន័យ​ថា ចំណាត់ថ្នាក់​នេះ​ កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ចំណោម​ប្រទេស ​ដែល​មាន​ស្ថានភាព​លំបាក​ផ្នែក​សេរីភាព​សារព័ត៌មាន។ រីឯ​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍ កាល​ពី​ខែ​កក្កដា​ថា របប​លោក ហ៊ុន សែន នៅតែ​ចាត់​ទុក​អ្នកសារព័ត៌មាន​ជា​ចំណាប់ខ្មាំង ដើម្បី​ដាក់​ទណ្ឌកម្ម​អ្នក​ដែល​ហ៊ាន​រិះគន់​របប​របស់​លោក។ អង្គការ​អន្តរជាតិ​នេះ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បរទេស និង​ម្ចាស់​ជំនួយ ចាត់​ទុក​សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា​ថា បាន​ស្លាប់​ដូចគ្នា​នឹង​លទ្ធិប្រជាធិបតេយ្យ​ដែរ ហើយ​ជំរុញ​របប​ក្រុងភ្នំពេញ ឱ្យ​ទម្លាក់​ចោល​ការ​ចោទ ប្រកាន់​មិន​សម​ទំនង​នេះ​លើ​អ្នកសារព័ត៌មាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment