សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​កំពង់ស្ពឺ​ម្នាក់​ទៀត​ត្រូវ​ចាប់​ខ្លួន ខណៈ​២​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ

ដោយ សុ ជីវី
2019-10-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​កំពង់ស្ពឺ លោក ពុយ តាក់ (ស្ដាំ) និង​លោក អ៊ុំ យ៉ុន (ឆ្វេង)។ Photo courtesy
សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​កំពង់ស្ពឺ លោក ពុយ តាក់ (ស្ដាំ) និង​លោក អ៊ុំ យ៉ុន (ឆ្វេង)។ Photo courtesy


របប​ក្រុងភ្នំពេញ ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​កំពង់ស្ពឺ​ម្នាក់ទៀត នៅ​ថ្ងៃ​ទី​១០ តុលា ខណៈ​សមត្ថកិច្ច​បាន​បញ្ជូន​សកម្មជន​បក្ស​ប្រឆាំង ២​នាក់ ដែល​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​៩ តុលា ទៅ​ឃុំ នៅ​ពន្ធនាគារ​ខេត្ត​។ សង្គម​ស៊ីវិល​ថា ការ​បង្កើន​យុទ្ធនាការ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង កើតឡើង​ដោយសារ​វិវាទ​នយោបាយ។

សមត្ថកិច្ច​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់ទៀត នៅ​ស្រុក​ភ្នំស្រួច គឺ​លោក ឈឹម ម៉ារឌី អាយុ ៤០ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ទី​៣ ឃុំ​ត្រែងត្រយឹង តាម​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ លោក តុប ឈុនសុង។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ស្នងការ​ខេត្ត​កំពង់ស្ពឺ លោក សម សាមួន និង​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត លោក សីន វីរៈ បានទេ ដោយសារ​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នកទទួល នៅ​ថ្ងៃ​ទី​១០ តុលា​។ ប៉ុន្តែ​ប្រព័ន្ធ​ឃោសនា​ស្និទ្ធ​របប​ក្រុងភ្នំពេញ (Freshnews) ចុះផ្សាយ​បង្ហាញ​រូបថត លោក ឈឹម ម៉ារឌី ត្រូវ​បាន​ចាប់ខ្លួន​ហើយ ដោយមាន​ជន​ស៊ីវិល ២​នាក់ អង្គុយ​អម​លោក​នៅ​ក្នុង​ឡាន។

រីឯ​អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​កំពង់ស្ពឺ លោក អាន ភិន ប្រាប់ ថា លោក​មិនទាន់​ទទួល​បាន​ព័ត៌មាន​អំពី​ការ​ចាប់ខ្លួន​លោក ឈឹម ម៉ារឌី នៅ​ឡើយ​ទេ​។ ប៉ុន្តែ​សកម្មជន​បក្ស​ប្រឆាំង ២​នាក់ នៅ​ស្រុក​បរសេដ្ឋ គឺ​លោក ពុយ តាក់ និង​លោក អ៊ុំ យ៉ុន ដែល​អាជ្ញាធរ​ចាប់ កាល​ពី​ថ្ងៃ​ទី​៩ តុលា ត្រូវ​បញ្ជូន​ទៅ​ឃុំខ្លួន នៅ​ពន្ធនាគារ​ខេត្ត​ហើយ។

សមត្ថកិច្ច​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ស្រុក​បរសេដ្ឋ លោក ពុយ តាក់ និង​លោក អ៊ុំ យ៉ុន កាល​ថ្ងៃ​ទី​៩ តុលា ក្នុង​បទ​ចោទ​ថា ធ្វើ​ឱ្យ​បាត់​ជំនឿ​លើ​ការសម្រេច​របស់​តុលាការ និង​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជា​អាទិ​។ សកម្មជន​ទាំង​២ ត្រូវ​បាន​ចាប់ខ្លួន​នៅ​កន្លែង​ផ្សេងគ្នា​។ ប៉ុន្តែ​នៅ​ពេល​សមត្ថកិច្ច​ចាប់​លោក ពុយ តាក់ សមត្ថកិច្ច ក៏បាន​ចាប់ខ្លួន​ប្អូនប្រុស​បង្កើត​លោក ពុយ តាក់ ម្នាក់ ឈ្មោះ ហ៊ុន ទីន ដោយសារ​លោក​ចូល​ទៅ​សួរនាំ​ករណី​ចាប់ខ្លួន​បងប្រុស។

ភរិយា​របស់​លោក ពុយ តាក់ គឺ​លោកស្រី ស ស្រីអូន ប្រាប់​ថា លោកស្រី​បាន​ទៅ​សួររក​ប្ដី នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃ​ទី​១០ តុលា តែ​ប៉ូលិស​យាម​នៅ​ច្រក​ទ្វារ​ប្រាប់​ថា លោក​ទាំងពីរ ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ហើយ តែ​មិនទាន់​អនុញ្ញាត​ឱ្យ​សាច់ញាតិ ធ្វើ​លិខិត​សុំ​ចូល​ជួប​បានទេ ព្រោះ​ទើប​ឃុំខ្លួន​ថ្មីថ្មោង៖ «ទៅ​សួរ​គេ​កន្លែង​ស្នងការ គេ​ថា​បញ្ជូន​ចូល​ពន្ធនាគារ អ៊ីចឹង​ទៅ​ណា​បង​។ តែ​យើង​ចង់​ធ្វើ​សំបុត្រ​ចង់​ជួប​ទៅ គេ​អត់​ទាន់​ធ្វើ​ឱ្យ អត់​មាន​ទាន់​បាន​ជួប​ទេ មេ​គេ​អត់​ទាន់​ឱ្យ​ច្បាប់ ឱ្យ​ជួប​អ៊ីចឹង​ណា ថា​យើង​ទើប​ថ្មីៗ​អ៊ីចឹង​ហើយ អ្នកធ្វើការ​ក្នុង​ហ្នឹង ថា ចាំ​ដល់​មេ​គេ​មក។ និយាយ​រួម គេ​មិន​ប្រាកដ​ថា ឱ្យ​យើង​ជួប​ទេ ខ្ញុំ​ក៏​មិន​រង់ចាំ​ដែរ យើង​មក​ផ្ទះ​គិតគូរ​រកស៊ី អ៊ីចឹង​ទៅ​ណា»

ចំណែក លោក ហ៊ុន ទីន ប្អូនប្រុស​របស់ លោក ពុយ តាក់ មិនមែន​ជា​សកម្មជន​បក្ស​ប្រឆាំង​ឡើយ តែ​លោក​ត្រូវ​បាន​ចាប់ខ្លួន ដោយ​ចោទ​ពី​បទ​រារាំង សមត្ថកិច្ច​អនុវត្ត​សាលដីកា​ចាប់ខ្លួន​លោក ពុយ តាក់​។ លោកស្រី ស ស្រីអូន ថា លោក ហ៊ុន ទីន កំពុង​ឃុំខ្លួន ក្នុង​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត ហើយ​ប៉ូលិស​ប្រាប់​ថា ត្រៀម​បញ្ជូន​ទៅ​តុលាការ។

ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ចាប់ខ្លួន​សកម្មជន​បក្សប្រឆាំង​រាល់ថ្ងៃ​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា យល់ថា កើត​ពី​ជម្លោះ​នយោបាយ​នៅ​កម្ពុជា​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ សង្កេត​ឃើញ​ថា មេដឹកនាំ​នយោបាយ​ជា​អ្នកបង្កើត​វិបត្តិ​នយោបាយ ហើយ​នាំ​ឱ្យ​មានការ​ចាប់ខ្លួន​ពលរដ្ឋ៖ «ការចោទប្រកាន់​គ្នា ទៅវិញទៅមក ហើយ​ដាក់​សារ​គ្នា​ទៅវិញ ទៅមក​អ៊ីចឹង​ទៅ ហើយ​រហូតដល់​មានការ​ចាប់ខ្លួន នៅ​ពេល​កន្លងមក ទាំងអស់​ហ្នឹង រហូត​មក​ពេល​ហ្នឹង យើង​ចាត់ទុកថា ជា​ការ​ចាប់ខ្លួន​មួយ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ជម្លោះ​នយោបាយ​រវាង​គណបក្ស​ធំ​ទាំង​២​ហ្នឹង ជាជាង​នូវ​ការ​អនុវត្ត​ច្បាប់»

គិត​ត្រឹម​ថ្ងៃ​ទី​១០ តុលា របប​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ចំនួន ៣៩​នាក់​ដាក់​ពន្ធនាគារ។ ចំណែក​សកម្មជន​បក្ស​ប្រឆាំង ១៧៩​នាក់​ផ្សេងទៀត ត្រូវ​បាន​សមត្ថកិច្ច និង​តុលាការ ក្នុង​របប​លោក ហ៊ុន សែន ចេញ​ដីកា​កោះហៅ​ទៅ​សួរនាំ ខណៈ​សកម្មជន​បក្ស​ប្រឆាំង​ច្រើន​នាក់​ផ្សេងទៀត រត់​ភៀសខ្លួន ទី​រក​កន្លែង​សុវត្ថិភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​កំពង់ស្ពឺ​ម្នាក់​ទៀត​ត្រូវ​ចាប់​ខ្លួន ខណៈ​២​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ"

  1. so socheath says:

    អាពូជឆ្កែ ស៊ឹង សែនករុណា !
    អ្ហែងមើលឲ្យច្បាស់ តើការចោទប្រកាន់់ផ្តោតលើអ្វី
    ដែលនាំឲ្យជាប់គុក !
    តុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់និងផ្ដន្ទាទោសម៉ៃ ហុងស្រៀង អតីតសកម្មជនបក្សប្រឆាំងខេត្តព្រះសីហនុ ​ឱ្យជាប់ពន្ធនាគារ ១ ឆ្នាំកន្លះ ពីបទញុះញង់ឱ្យមានអំពើឧក្រិដ្ឋជាអាទិ៍ ។
    យល់ទេ ! ប៉ុណ្ណឹងអាពូជឆ្កែ

Leave a Reply

Submit Comment