សមត្ថកិច្ច​ខេត្ត​ស្ទឹងត្រែង​ ព័ទ្ធ​ផ្ទះ​មេឃុំ​ស្រែគរ​ លោក​ សៀក​ មេគង្គ

ដោយ វ៉ែន សុមេធ
2019-10-22
RFA

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦។ RFA


ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ​ ស្រុក​សេសាន​ ខេត្ត​ស្ទឹងត្រែង​អះអាង​ សមត្ថកិច្ច​ចម្រុះ​ប្រដាប់​អាវុធ​ជាច្រើន​នាក់​ បាន​ឡោម​ព័ទ្ធ​ផ្ទះ​​លោក​ សៀក​ មេគង្គ​ មេឃុំ​ស្រែគរ​ជាប់​ឆ្នោត​កូតា​ពី​គណបក្ស​សង្គ្រោះ​ នៅ​ថ្ងៃ​ទី២១ ខែ​តុលា។ ពលរដ្ឋ​ភ្ញាក់ផ្អើល​ និង​ចាត់​ទុក​ថា នេះ​ជា​រឿង​អយុត្តិធម៌​ថ្មី​មួយ​ទៀត​ ដែល​របប​ក្រុងភ្នំពេញ​ ធ្វើបាប​ស​កម្ម​ជន​គណបក្ស​ប្រឆាំង។

ប្អូនប្រុស​បង្កើត​របស់​លោក​ សៀក​ មេគង្គ​ គឺ​លោក​ សៀក​ ខាន់​ ប្រាប់​អាស៊ី​សេរី​ថា នគរបាល​ និង​មន្ត្រី​អាវុធហត្ថ​ ប្រដាប់ដោយ​អាវុធ​ជាច្រើន​នាក់​ ប្រើប្រាស់​រថយន្ត​ជិត​ ១០គ្រឿង​ បាន​ឡោម​ព័ទ្ធ​ផ្ទះ​ លោក​ សៀក​ មេគង្គ​ ដែល​​ទំនងជា​ចង់​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ។ លោក​ថា​ សមត្ថកិច្ច​បាន​ដាក់​ពង្រាយ​កម្លាំង​ឃ្លាំមើល​ គ្រប់​ច្រក​ទាំងអស់​ ដើម្បី​តាម​ចាប់​ខ្លួន​បង​ប្រុស​របស់​លោក ក៏​ប៉ុន្តែ​លោក​បញ្ជាក់​ថា លោក សៀក មេគង្គ បាន​ភៀស​ខ្លួន​ទៅ​រក​ទីកន្លែង​មាន​សុវត្ថិភាព​រួច​ហើយ៖ «ឡាន​ចូល​ផ្ទះ​គាត់ (សៀក មេគង្គ១០គ្រឿង ព្រឹក​មិញ។ ប៉ូលិស​ប៉េអិម​ពេញ​ឡាន​ចូល​ទៅ​ផ្ទះ​គាត់។ គេ​តាម​គ្រប់​ច្រក​អស់​ហើយ »

មេឃុំ​ស្រែគរ​ថ្មី​ ដែល​របប​ក្រុងភ្នំពេញ​លើក​បន្តុប​ លោក​ ហ្វឿន ជឿន បដិសេធ​ថា ពុំ​មាន​ការ​ឡោម​ព័ទ្ធ​ផ្ទះ លោក សៀក មេគង្គ​ ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក​បញ្ជាក់​ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ឃុំ​ ប្រសិនបើ​មានរឿង​ដូច្នេះ​ មេភូមិ​នឹង​ផ្ដល់​ដំណឹង​ជូន​លោក​ហើយ៖ «បើ​ខ្ញុំ​អាជ្ញាធរ​ឃុំ​នៅ​ហ្នឹង អត់​ដឹង​រឿង​អី​សោះ ហើយ​ពលរដ្ឋ​ណា​រឿង​មិន​ពិត ចេះ​តែ​ប្រាប់​សារព័ត៌មាន។ បើ​ខ្ញុំ​អាជ្ញាធរ​នៅ​ហ្នឹង​អត់​ដឹង​រឿង​អី​មួយ​តំណក់»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ស្នងការ​ខេត្ត​ស្ទឹងត្រែង​ លោក ម៉ៅ តារា ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​រឿង​នេះ​ តែ​ទូរស័ព្ទ​ហៅ​ចូល​ លោក​បាន​ចុច​ផ្ដាច់​ នៅ​ថ្ងៃ​ទី២១ តុលា។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ខេត្ត​ស្ទឹងត្រែង​បង្ហើប​ថា អាជ្ញាធរ​ខេត្ត​នេះ​ បាន​បញ្ជូន​សមត្ថកិច្ច​ឃ្លាំមើល​ និង​តាមដាន​ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ គ្រប់​កាលៈទេសៈ​ ធ្វើ​ឱ្យ​​សកម្មជន​ខ្លះ បាន​រត់​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស។

មន្ត្រី​នាំ​ពាក្យ​សមាគម អាដហុក លោក ស៊ឹង សែនករុណា  ចាត់​ទុក​ករណី​នេះ​ថា ជា​រឿង​នយោបាយ និង​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​សកម្មជន​គណបក្ស​ប្រឆាំង នៅ​តាម​មូលដ្ឋាន៖ «កើត​ឡើង​ដោយសារ​តែ​បញ្ហា​ជម្លោះ​នយោបាយ វា​មិន​មែន​ជា​រឿង ដែល​កើត​ឡើង ដោយសារ​អំពើ​ល្មើស​ច្បាប់​ទាំង​អស់​ហ្នឹង​ទេ។ យើង​នៅ​តែ​ប្រកាន់​ជំហរ​យើង​ចង់​បាន ឲ្យ​មាន​ដំណោះ​ស្រាយ​នយោបាយ​មួយ ដើម្បី​បញ្ចប់​ភាព​តាម​តឹង​កាន់​តែ​កើន​ឡើង។ នៅ​ថ្ងៃ​ខាង​មុខ អាច​នឹង​មាន​ការ​ប្រឈម​ទៅ​ហ្នឹង​ហិង្សា​ផ្សេងៗ អាច​នឹង​កើត​មាន​ឡើង រវៀង​គណបក្ស​ធំៗ ទាំង​ពីរ។ អ៊ីចឹង​យើង​មាន​ការ​ព្រួយ​បារម្ភ​រឿង​ហ្នឹង​ណាស់»

លោក​ សៀក​ មេគង្គ​ បាន​ជាប់​ឆ្នោត​ជា​មេឃុំ​ស្រែគរ​ចំនួន​ ២អាណត្តិ​ជាប់គ្នា​ គឺ​ក្នុង​អាណត្តិ​ទី៣​ លោក​ឈរ​ឈ្មោះ​កូតា​ពី​គណបក្ស​ សម​ រង្ស៊ី​ ហើយ​ជា​លទ្ធផល​គណបក្ស​របស់​​លោក​ទទួល​បាន​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​ចំនួន​ ៣អាសនៈ ក្នុង​ចំណោម ៥អាសនៈ។ ក្រោយ​មក​នៅ អាណត្តិ​ទី​ ៤ លោក​បាន​ឈរ​ឈ្មោះ​បេក្ខភាព​មេឃុំ​ កូតា​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​លោក​​បាន​ជាប់ឆ្នោត​ជា​មេឃុំ​ម្ដង​ទៀត ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ ៣អាសនៈ​ ក្នុងចំណោម​ ៥អាសនៈ​ដូចគ្នា​។ ទោះ​ជា​យ៉ាង​ណា នៅ​អាណត្តិទី៤ នេះ លោក​កាន់​តំណែង​បាន​តែមួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដោយ​សារ​របប​លោក ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ឱ្យ​លោក​បាត់​បង់​តួនាទី​ដែល​ពលរដ្ឋ​ខំ​​បោះឆ្នោត​ឱ្យ។ របប​នេះ​បាន​លើក​​បន្តុប​មេឃុំ​ថ្មី​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ការ​គាំទ្រ​តិច​តួច​ពី​ប្រជាពលរដ្ឋ។ ក្រោយ​អស់​តំណែង​នៅ​ចុង​ឆ្នាំ២០១៧ លោក សៀក មេគង្គ បាន​ជ្រើសរើស​មុខ​របរ​ដើរ​រើស​ខ្យង​តាម​បឹង និង​ត្រពាំង ដើម្បី​ចិញ្ចឹម​ជីវិត ដោយ​លោក​មិន​សុខ​ចិត្ត​ទៅចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច​នោះ​ឡើយ ទោះជា​រង​ការ​គំរាម​កំហែង ឬ​អូស​ទាញ​យ៉ាងណា​ក៏ដោយ។ ទីលំនៅ​បច្ចុប្បន្ន​របស់​លោក​ សៀក​ មេគង្គ​ ឋិតនៅ​ភូមិ​ស្រែគរ១​ នៃ​ឃុំ​ស្រែគរ (ថ្មី) ស្រុក​សេសាន​ ខេត្ត​ស្ទឹងត្រែង​ ជាប់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។

មក​ទល់​ពេល​នេះ​ មិនទាន់​មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​​ណា​ម្នាក់​នៅ​ខេត្ត​ស្ទឹងត្រែង​ ត្រូវ​បាន​ឃាត់​ខ្លួន​ និង​ឃុំខ្លួន​នៅ​ឡើយ​ទេ ស្រប​ពេល​ដែល​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​ដទៃ​ទៀត ត្រូវ​អាជ្ញាធរ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ ក្រោម​បទ​ចោទ​រួម​គំនិត​ក្បត់​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles