លោក កឹម សុខា បន្ត​ជួប​ជាមួយ​ឯក​អគ្គ​រដ្ឋ​ទូត​អាល្លឺម៉ង់ និង​អូស្ត្រាលី

ដោយ ខែ សុណង
2019-11-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ពេល​ទទួល​ជួប​ឯកអគ្គរាជទូត​អូស្រ្តាលី អ្នកស្រី អេនជេឡា ខូខូរេន (Angela Corcoran) នៅ​គេហដ្ឋាន​របស់​លោក នា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ពេល​ទទួល​ជួប​ឯកអគ្គរាជទូត​អូស្រ្តាលី អ្នកស្រី អេនជេឡា ខូខូរេន (Angela Corcoran) នៅ​គេហដ្ឋាន​របស់​លោក នា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

 រូប៖ ហ្វេសប៊ុក Chantha Muth


ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បន្ត​ជួប​ជា​មួយ​ឯក​អគ្គ​រដ្ឋ​ទូត​អាល្លឺម៉ង់ និង អូស្ត្រាលី ដោយ​ពិភាក្សាផ្តោតលើការកសាងប្រជាធិបតេយ្យនៅកម្ពុជា និង​ការ​ជួយ​ជំរុញ​ឲ្យ​លោក កឹម សុខា ទទួលបានសិទ្ធិសេរីភាពពេញលេញឡើងវិញ។ ជំនួបរវាងលោក កឹម សុខា ជាមួយ​ឯក​អគ្គ​រដ្ឋ​ទូត​ប្រទេស​សេរី​ធំៗ ទាំង​ពីរ​នេះ​ គឺ​បន្ទាប់​ពី​តុលាការ​របប​ក្រុង​ភ្នំពេញ បាន​បន្ធួរ​បន្ថយ​លក្ខខណ្ឌ​មួយ​ចំនួន​ដល់​រូប​លោក។

នេះជាថ្ងៃទី២ហើយដែលឯកអគ្គរដ្ឋទូតបរទេស បានចូលសួរសុខទុក្ខលោក កឹម សុខាដល់ផ្ទះរបស់ លោក ស្ថិតនៅ​ខណ្ឌ​ទួល​គោក ក្រុង​ភ្នំពេញ​។ ក្នុង​ជំនួប​ជាមួយ​ឯក​អគ្គរដ្ឋទូត​អាល្លឺម៉ង់ និង​ឯក​អគ្គ​រដ្ឋ​ទូតអូស្ត្រាលីនៅថ្ងៃទី១២ ខែវិច្ឆិកា លោក កឹម សុខា ពុំបានថ្លែងសារឬនិយាយអ្វីប្រាប់អ្នកសារ ព័ត៌មាន​នោះ​ទេ។មេបក្សប្រឆាំងរូបនេះ គ្រាន់តែឈរឲ្យអ្នកសារព័ត៌មានថតរូបមួយភ្លែតហើយ បាន​ចូលទៅក្នុងផ្ទះវិញ។

ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា អ្នកស្រី អេនជេឡា ខូខូរេន (Angela Corcoran) បានថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មានយ៉ាងខ្លីក្រោយ​បញ្ចប់​ការសួរសុខទុក្ខ​គ្នា ជាង​១​ម៉ោង​នោះថា  ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ករណី​លោក កឹម សុខា គឺជាការវិវឌ្ឍន៍តិចតូចមួយ។ អ្នកស្រី​បញ្ជាក់​ថា ប្រទេសអូស្ត្រាលី សង្ឃឹមថា រដ្ឋាភិបាលកម្ពុជា នឹងទម្លាក់បទចោទលើលោក កឹម សុខា និង​ផ្តល់សិទ្ធិសេរី ភាពពេញលេញជូនលោកឡើងវិញក្នុងការធ្វើនយោបាយ។

ចំណែកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា លោក គ្រីស្ទាន ប៊ឺហ្គ័រ (Christan Berger ) វិញ ពុំបាន ធ្វើអត្ថាធិប្បាយអ្វីជាមួយអ្នកសារព័ត៌នោះទេ ក្រោយជំនួបជាមួយលោក កឹម សុខា។

នាយក​ខុទ្ទកាល័យ​លោក​កឹម សុខា គឺ លោក​មុត ចន្ថា ប្រាប់អ្នកសារព័ត៌មានថា ក្នុង​ជំនួប​ទាំង​ពីរ​នេះ គឺជាការសួរសុខទុក្ខគ្នា ការពិភាក្សាគ្នាជាលក្ខណៈឯកជន និងផ្តោតលើការ ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​ពី​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យឲ្យបានរឹងមាំនៅក្នុងប្រទេសកម្ពុជា៖ «គាត់​បាន​សម្តែង​ការ​គួរ​សម សួរសុខទុក្ខ និង​ពិភាក្សា​អំពី​បញ្ហា​សុខភាព ហើយ​ក៏​បាន​ផ្លាស់ប្តូរ​យោបល់​គ្នា​អំពី​ទស្សនៈ​វិស័យ​ទៅ​មុខ ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ជួយ​គ្នា ទាំងអស់ដើម្បីកសាងដំណើការប្រជាធិបតេយ្យនៅកម្ពុជា ឲ្យ​កាន់​តែ​រឹងមាំ និង​មាន​គ្រប់​ភាគី​ទាំង​អស់»

លោក មុត ចន្ថា ឲ្យដឹងដែរ​ថា ថ្វី​ដ្បិត​ឯកអគ្គ​រដ្ឋទូត​អាល្លីម៉ង់ មិន​បាន​ថ្លែង​អ្វី​ជាមួយ​អ្នក​សារ​ព័ត៌មាន ក៏​ដោយ ក៏​ក្នុង​ជំនួប​បិទ​ទ្វារ​នោះ លោក គ្រីស្ទាន ប៊ឺហ្គ័រ បាន​លើក​ឡើង​ថា ជំហរ​របស់​អាល្លឺម៉ង់ ដូច​គ្នា​នឹង​សេចក្តី​ថ្លែង​ការណ៍​របស់​សហភាព​អឺរ៉ុប ដែល​បាន​ចេញ​កាល​ពី​ថ្ងៃ​ទី១១ ខែវិច្ឆិកា​ គឺចង់​ឃើញ​អាជ្ញាធរ​កម្ពុជា​ ចាត់​វិធានការណ៍​ជាបន្ទាន់​ បើកចំហ​រលំ​ហរ​នយោបាយ​ បង្កើត​ឲ្យ​មាន​នូវ​លក្ខខណ្ឌ​ចាំបាច់​នានា​ដើម្បីឲ្យ​មាន​គណបក្ស​ប្រឆាំង​តាម​បែប​ប្រជាធិបតេយ្យ​ និង​ជឿ​ទុកចិត្ត​បាន​ ហើយ​ចាប់ផ្តើម​ដំណើរការ​ផ្សះ​ផ្សារ​ជាតិ​តាមរយៈ​កិច្ច​សន្ទនា​ ដោយពិត​ប្រាកដ​ និង​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ សហភាពអឺរ៉ុប ក៏ចង់​ឃើញ​ឲ្យ​មានការ​ដោះលែង​លោក​ កឹម​ សុខា​ ទាំងស្រុង​ និង​មានការ​ផ្តល់​សិទ្ធិ​នយោបាយ​ឲ្យ​លោក​ឡើងវិញ​ ដើម្បីឲ្យ​លោក​ កឹម​ សុខា​ អាច​បំពេញ​តួនាទី​ពេញលេញ​ក្នុង​ជីវិត​នយោបាយ​​របស់​លោក។‍‍‍‍ សហភាព​អឺរ៉ុប​ ក៏​រំពឹង​ចង់​ឃើញ​អាជ្ញាធរ​កម្ពុជា​ ផ្តល់​សិទ្ធិ​នយោបាយ​ដល់​គ្រប់​សមាជិក​គណបក្ស​ប្រឆាំង​ទាំងអស់​ដែល​ត្រូវ​បាន​ហាមប្រាម​មិន​ឲ្យ​ធ្វើនយោបាយ​ និង​ឲ្យ​មានការ​ដោះលែង​ ក្រុម​អ្នកគាំទ្រ​ និង​សកម្មជន​គណបក្ស​ប្រឆាំង​ទាំងអស់​ ដែល​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ និង​ឃុំខ្លួន​ពួកគេ​ជាបន្តបន្ទាប់​នា​រយៈពេល​ចុងក្រោយ​នេះ។

កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឯករដ្ឋទូតអាមេរិក និងបារាំង ក៏បានទៅសួរសុខទុក្ខលោក កឹម សុខាដល់ ផ្ទះដែរ។ ឯកអគ្គរដ្ឋទូតប្រទេសមហាអំណាចទាំងពីរ នៅតែសង្ឃឹមនិងនៅតែស្នើ​យ៉ាង​ទទូច​ដល់​​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​លោក កឹម សុខា និងដោះលែង​ជន​​ទាំង​ឡាយ​​ណា​ ដែល​​ត្រូវ​​បាន​​ឃុំ​ខ្លួន​​តាម​​ទំនើង​ចិត្ត ឬ​​ដោយ​​ខុស​ច្បាប់ ក្នុង​​នោះ​​រួម​មានអ្នក​សារព័ត៌មានសកម្ម ជន​​សង្គម​ស៊ីវិល ព្រម​ទាំង​​អ្នក​គាំទ្រ និង​​សមាជិក​​គណបក្ស​​ប្រឆាំងផងដែរ។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល​លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ក្នុង​ដំណាក់​កាល​នេះ រដ្ឋាភិបាល​មិន​យក​ចិត្ត​ទុក​ដាក់ នឹង​មតិ​ទាំងនេះ​ទេ ព្រោះ​គ្រាន់​តែ​ជា​យោបល់ និង​ជា​ក្តី​បារម្ភ​របស់​ប្រ ទេស​ជា​មិត្ត​ប៉ុណ្ណោះ។ លោក​បន្ត​ថា  ករណី​លោក​ កឹម​ សុខា​ និង​មន្ត្រី​បក្ស​ប្រឆាំង​ដទៃទៀត​ គឺជា​កិច្ចការ​របស់​តុលាការ ហើយរដ្ឋាភិបាលមិនមានអំណាចទៅលូកលាន់បានទេ។ ទោះយ៉ាងណាក្តី លោក​ព្រលយ​ថា រដ្ឋាភិបាល អាចលូកដៃអន្តរាគមន៍បានក្នុងករណីសំណុំរឿងនេះ បន្ទាប់​ពី​មាន​សាលក្រម ស្ថាពរ​ពី​តុលាការ៖ «បើ​សិន​ជា​អង្គហេតុ​ចោទ​ប្រកាន់​ថា លោក កឹម សុខា មានទោស ។ នេះ​គឺ​ចៅក្រម​លោក​បន្ត​ហើយ​លោក កឹម សុខា មាន​សិទ្ធិ​ប្តឹង​ទៅ​ឧទ្ធរណ៍​ហើយ​មាន​សិទ្ធិ​ប្តឹង ទៅ​កំពូល ហើយបើសិនជា​មាន​ទោស​នៅ​តែ​មាន​ទោស​ដដែល។ តើ​មធ្យោបាយ​របៀប​ម៉េចពេល​នោះ​ដល់​រដ្ឋាភិបាល អាច​ប្រើប្រាស់​សិទ្ធិ​នាយក​រដ្ឋមន្ត្រី ដែល​ចែង​ដោយ​ច្បាប់ ដូច្នេះ​នាយក​រដ្ឋមន្ត្រី លោក​ស្នើ​សុំ​ព្រះមហាក្សត្រ​លើក​លែង​ទោស។ នេះ​ជា​ដំណើរ​ការ​យុត្តិធម៌​របស់​កម្ពុជា»

តុលាការ​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ទី១០ វិច្ឆិកា បាន​សម្រេច​កែប្រែ​លក្ខខណ្ឌ​នៃ​កាតព្វកិច្ច​មួយ​ចំនួន​សម្រាប់​លោក កឹម សុខា។ តុលាការ​បាន​អនុញ្ញាត​ឱ្យ​លោក កឹម សុខា អាច​ធ្វើ​ដំណើរ​បាន​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​មិន​ឱ្យ​ហួស​ពី​ព្រំប្រទល់​ដែន​របស់​កម្ពុជា​បាន​ឡើយ ហើយក៏​មិន​លោក​ធ្វើ​សកម្មភាព​នយោបាយ​បាន​នោះ​ដែរ។ ក្រៅ​ពី​នេះ តុលាការ​បាន​តម្រូវ​ឱ្យ​លោក​ឆ្លើយតប​នឹង​ការ​កោះ​ហៅ​ពី​គ្រប់​សមត្ថកិច្ច។ លោក កឹម សុខា សម្តែង​ការ​សោក​ស្តាយ​ដែល​តុលាការ​ហាម​លោក មិន​ឲ្យ​ធ្វើ​នយោ បាយ។ លោក​នៅ​តែ​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទប្រកាន់លើ លោក និង​អ្នក​ទាំង​ឡាយ ដែល​បាត់​បង់​សិទ្ធិ​សេរីភាព​នយោបាយ។

អ្នកតាមដានបញ្ហានយោបាយនៅកម្ពុជា លើក​ឡើង​ថា កាយវិការ​របស់​ឯក​អគ្គ​រដ្ឋ​ទូត​ប្រទេស​សេរី​ធំ ៗទាំងនេះ បង្ហាញថា ប្រទេស​ទាំង​នោះ នៅ​តែ​ទទួល​ស្គាល់និងគាំទ្រលោក កឹម សុខា ជា​មេ​ដឹក​នាំ បក្សប្រឆាំង ហើយ​ក៏​បង្ហាញ​កាន់​តែ​ច្បាស់​ថា ពួក​គេ​មិន​ដក​ដៃ​ឡើយ​ក្នុង​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល ស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ តាមរយៈការដោះលែង និង​បើក​លំហ​សិទ្ធិ សេរីភាពពេញលេញជូនអ្នកទោសនយោបាយទាំងឡាយនៅ​កម្ពុជា។

អ្នកវិភាគ​នយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ បញ្ចេញ​មតិ​នៅ​លើ​ហ្វេសប៊ុក​ថា យោង​តាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ជា​បន្ត​បន្ទាប់ មាន​តែ​តុលាការ​កំពូល​ទេ ដែល​មាន​អំណាច​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោក កឹម សុខា មិន​មែន ចៅក្រម​ស៊ើបសួរ​ទេ។លើសពីនេះ លោក​ថា ដីកា​របស់​ចៅក្រម​ស៊ើបសួរ មិន​បាន​កំណត់​រយ:​ពេល​ដែល លោក កឹម សុខា មិន​ត្រូវ​ធ្វើ​សកម្មភាព​នយោបាយ​នោះ​ឡើយ ។ អ្នក​ជំនាញ​ផ្នែក​ច្បាប់​រូប​នេះ បន្ត​ថា ច្បាប់ មិន​បាន​កំណត់​រយ:​ពេល​ដាក់​ជន​ជាប់​ចោទ ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​នោះ​ទេ បើ​គ្មាន​ការ​កាត់​ទោស​ក្នុង​រយ:​ពេល ១៨ខែ​នៃ​ការ​ឃុំ​ខ្លួន​ក្នុង​គុក។ លោក​ថា បើ​ផុត​រយ:​ពេល​នេះ​ តុលាការ​ត្រូវ​ដោះ​លែង​ជន​ជាប់​ចោទ​ឲ្យ​មាន​សេរីភាព​ពេញលេញ​វិញ។ លោក បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា លោក កឹម សុខា គួរ​តែ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​តាំង​ពី​ថ្ងៃ​ទី៣ ខែ​មីនា ឆ្នាំ២០១៩ មក​ម៉្លេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment