លោក សម រង្ស៊ី នឹង​​យក​​គំរូ​​ម៉ាឡេស៊ី​​បង្រួប​បង្រួម​​​អ្នក​​ប្រជាធិបតេយ្យ ​ដើម្បី​​ឈ្នះ​​មេ​​ដឹកនាំ​​ផ្ដាច់ការ

ដោយ ទីន ហ្សាការីយ៉ា
2019-11-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម រង្ស៊ី និងថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ថតរូប​ជាមួយ​មន្ត្រី​មា៉ឡេស៊ី នា​ទីក្រុង​កូឡាឡាំពួ កាល​ពី​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

លោក សម រង្ស៊ី និងថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ថតរូប​ជាមួយ​មន្ត្រី​មា៉ឡេស៊ី នា​ទីក្រុង​កូឡាឡាំពួ កាល​ពី​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ RFA/Chun Chanboth


លោក សម រង្ស៊ី អះអាង​ថា ម៉ាឡេស៊ី​ជំរុញ​ឱ្យ​លោក​ពង្រឹង​ការ​បង្រួបបង្រួម​កម្លាំង​អ្នក​ប្រជាធិបតេយ្យ ដើម្បី​អាច​ផ្ដួល​មេដឹកនាំ​ផ្ដាច់ការ​បាន ដូច​ដែល​ម៉ាឡេស៊ី​ធ្លាប់​បាន​ធ្វើ​កាល​ពី​ពេល​ថ្មីៗ​ នេះ ដែល​​គណបក្ស​​ប្រឆាំង​​បាន​​ចង​​សម្ព័ន្ធ​គណបក្ស​ផ្សេងៗ ​ទៀត ហើយ​ទទួល​បាន​ជោគជ័យ​លើ​ការ​បោះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន។

ការ​បញ្ជាក់​របស់​លោក សម រង្ស៊ី នេះ នៅ​ក្រោយ​ពេល​លោក បាន​ជួប​ក្រុម​តំណាងរាស្ត្រ​ម៉ាឡេស៊ី​បិទទ្វារ​មួយ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា។

លោក សម រង្ស៊ី ប្រកាស​ជាថ្មី​ម្ដង​ថា សម្ពន្ធភាព​រវាង​លោក និង​លោក កឹម សុខា មិន​បែកបាក់​ឡើយ​។ ហើយ​លោក​គាំទ្រ ចំពោះ​ការ​ទាមទារ​របស់​សហភាព​អឺរ៉ុប ដើម្បី​ឱ្យ​របប​លោក ហ៊ុន សែន គោរព​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស​ឡើងវិញ​នោះ។

លោក សម រង្ស៊ី បញ្ជាក់​ថា លោក មិន​ទាមទារ​អ្វី​ច្រើន​ទេ គឺ​លោក​គាំទ្រ​ទាំងស្រុង​ចំពោះ​ការ​ទាមទារ​របស់​សហភាព​អឺរ៉ុប ដើម្បី​ឈានទៅ​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា​។ នៅ​ទន្ទឹម​នឹង​នេះ លោក​ក៏​បង្ហើប​ឱ្យ​ដឹង​ដែរ​ថា ម៉ាឡេស៊ី​ក៏​គាំទ្រ​ឱ្យ​អ្នក​ប្រជាធិបតេយ្យ​ទាំងអស់​រួបរួម​គ្នា ដើម្បី​យក​ឈ្នះ​លើ​ការ​របប​ផ្ដាច់ការ​បាន៖ «»

លោក សម រង្ស៊ី បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​អន្តរជាតិ​ជាច្រើន​នៅ​ក្រៅ​វិមាន​រដ្ឋសភា​ម៉ាឡេស៊ី ក្រោយពី​ជួប​តំណាងរាស្ត្រ​បិទ​ទ្វារ ដែល​ជជែក​អំពី​មធ្យោបាយ​ឆ្ពោះ​ទៅ​មុខ​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​​ល្អ​បំផុត​សម្រាប់​ប្រទេស​ម៉ាឡេស៊ី (Malaysia) និង​កម្ពុជា នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា។

ចំពោះ​ការរិះគន់​លោក សម រង្ស៊ី ពី​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះជាតិ ដែល​និយម​លោក កឹម សុខា​មួយ​ចំនួន ដែល​មិន​គាំទ្រ​សកម្មភាព​របស់​លោក ប្រកាស​ចូល​កម្ពុជា នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​នោះ ដែល​មតិ​ខ្លះ​លើកឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​អាច​រង្គោះរង្គើ​ឬ​បែកបាក់​នោះ លោក សម រង្ស៊ី សម្ដែង​សុទិដ្ឋិនិយម​ថា សម្ពន្ធភាព​រវាង​លោក និង​លោក កឹម សុខា មិន​បែកបាក់​ឡើយ​។ លោក​អះអាង​ថា សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ច្បាស់​ហើយ ចំពោះ​ជំហរ​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ស្ដារ​លទ្ធិប្រជាធិបតេយ្យ ពិសេស​ទៅលើ​ការ​ទាមទារ​ឱ្យ​ដោះលែង​លោក កឹម សុខា ឱ្យ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ។ លោក សម រង្ស៊ី បន្ថែម​ថា លោក​នៅ​រង់ចាំ​តែ​ថ្ងៃ​លោក កឹម សុខា មាន​សេរីភាព​ពេញលេញ​ឡើងវិញ​នៅ​ពេល​ឆាប់ៗ​នេះ ដើម្បី​ចាប់ដៃ​គ្នា​តស៊ូ​ដើម្បី​ឱ្យ​កម្ពុជា​មានការ​ផ្លាស់ប្ដូរ​ពិតប្រាកដ​មួយ៖ «»

មិន​ខុស​ពី​លោក សម រង្ស៊ី ដែរ លោក កឹម សុខា ក៏​ធ្លាប់​ប្រកាស​ដែរ​ថា កឹម សុខា និង សម រង្ស៊ី គឺជា​មនុស្ស​តែមួយ​។ ទោះបីជា​នៅ​ពេល​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មិន​អាច​ថ្លែង​សារ​នយោបាយ​អ្វី​បាន ដោយសារតែ​ជាប់​បម្រាម​តុលាការ​ក្ដី ប៉ុន្តែ លោក កឹម សុខា ធ្លាប់​អះអាង​កាល​លោក​នៅ​ឃុំខ្លួន​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧​ ថា របប​លោក ហ៊ុន សែន ព្យាយាម​ធ្វើទុក្ខបុកម្នេញ​លោក​ឥត​ឈប់ឈរ ប៉ុន្តែ​លោក​មិន​ចុះ​ញ៉ម​ឡើយ​។ ។ លោក​បញ្ជាក់​ថា ការ​តស៊ូ និង​រួម​កម្លាំង​គ្នា​គឺជា​ការ​ឈាន​ទៅ​រក​ជោគ​ជ័យ​។ លោក​បន្ថែម​ថា សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ​គ្មាន​លើកជើង​ពាន​យក​មក​ថ្វាយ​ជូន​ឡើយ បើ​គ្មាន​ការ​តស៊ូ​រើ​បម្រាស់​នោះ៖ «»

ទោះបីជា​សហភាព​អឺរ៉ុប​មិនបាន​បញ្ចេញ​របាយការណ៍​ដែល​ផ្ញើ​ជូន​ទៅ​របប​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា​នេះ​ក្ដី ប៉ុន្តែ​សហភាព​អឺរ៉ុប​បាន​ចេញ​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​១១ វិច្ឆិកា​លើកឡើង​ថា សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ កែសម្រួល​លក្ខខណ្ឌ​នៃ​ការ​ឃុំខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា នៅ​ពេល​នេះ គឺជា​ជំ​ហ៊ាន​ដំបូង ក្នុង​ទិស​ដៅ​ត្រូវ​មួយ​។ ក៏ប៉ុន្តែ សហភាព​អឺរ៉ុប ចាត់ទុកថា លោក កឹម សុខា នៅតែ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​ដដែល ហើយ​ថា សំណុំរឿង​របស់​លោក មិន​ត្រូវ​បាន​បិទ​បញ្ចប់​នៅឡើយ​ទេ ដោយសារ​លោក​ត្រូវ​បាន​ហាមប្រាម​មិន​ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​នោះ​។ សហភាព​អឺរ៉ុប ចង់​ឃើញ​អាជ្ញាធរ​កម្ពុជា ចាត់​វិធានការណ៍​ជាបន្ទាន់ បើក​ចំហ​លំហ​នយោបាយ បង្កើត​ឱ្យ​មាន​នូវ​លក្ខខណ្ឌ​ចាំបាច់​នានា​ដើម្បី​ឱ្យ​មាន​គណបក្សប្រឆាំង​តាម​បែប​ប្រជាធិបតេយ្យ និង​ជឿ​ទុក​ចិត្ត​បាន ហើយ​ចាប់ផ្ដើម​ដំណើរការ​ផ្សះផ្សា​ជាតិ​តាមរយៈ​កិច្ច​សន្ទនា ដោយ​ពិតប្រាកដ និង​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment