៤៨​ម៉ោង​ក្រោយ​ពី​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​៖ លោក កឹម សុខា ​បាន​ជួប​អ្នក​ការ​ទូត​បរទេស​ឥត​ដាច់​

ដោយ វ៉ា សំណព្វ
13/11/2019
RFI

media

 លោក កឹម សុខា កាលពីពេលថ្មីៗនេះ (@REUTERS)


៤៨​ម៉ោង ក្រោយ​ពី​ការ​បន្ធូរ​បន្ថយ​លក្ខ​ខ័ណ្ឌ​ក្នុង​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលា​ការ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ជាមួយ​អ្នក​ការ​ទូត​បរទេស​មក​ពី​ប្រទេស​បស្ចឹម​លោក​ឥត​ដាច់​។ គិត​ត្រឹម​រសៀល​ថ្ងៃទី ១៣ វិច្ឆិកា​នេះ មាន​អ្នក​ការ​ទូត​បរទេស​ធំៗ​សរុប​ចំនួន​៥ប្រទេស​ហើយ ដែល​បាន​ចូល​ជួប​សួរ​សុខ​ទុក្ខ​លោក កឹម សុខា នៅ​ឯ​គេហ​ដ្ឋាន​របស់​លោក ស្ថិត​នៅ​ក្នុង​ខណ្ឌ​ទួល​គោក​។ អ្នក​ការ​ទូត​ខ្លះ បាន​សម្តែង​ការ​អប​អរ​សាទរ​ជាមួយ​នឹង​ការ​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា ទាំង​ស្រុង​។ 

ក្នុង​ចំណោម​អ្នក​កាទូត​ទាំង​នោះ រួម​មាន ឯក​អគ្គ​រដ្ឋ​ទូត​បារាំ​ងប្រចាំ​នៅ​កម្ពុជា ឯក​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក អាល្លឺម៉ង់ និង​អូស្ត្រាលី ដែល​បាន​ដាក់​វេណ​ត​កន្ទុយ​គ្នា​ចូល​ជួប​លោក កឹម សុខា ចាប់​តាំង​ពី​ថ្ងៃទី ១១ វិច្ឆិកា​មក​។ ពោល​គឺ​មួយ​ថ្ងៃ​ក្រោយ​ពី​លោក កឹម សុខា ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ប្រកាស​ពី​ការ​បន្ធូរ​បន្ថយ​ល័ក្ខ​ខ័ណ្ឌ​នៃ​ការ​ដាក់​លោក កឹម សុខា ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលា​ការ​។ ក្នុង​ចំណោម​អង្គ​ទូត ដែល​បាន​ជួប​សួរ​សុខ​ទុក្ខ​លោក កឹម សុខា រួច​មក ខ្លះ​បាន​សម្តែង​ការ​អប​អរ​សាទរ ប៉ុន្តែ​បាន​អំពាវ​នាវ​បន្ថែម​ទៀត ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​មក​លើ​លោក កឹម សុខា តែ​ម្តង​។

សម្រាប់​ស្ថាន​ទូត​បារាំង បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេស​បុក​របស់​ខ្លួន​កាល​ពីថ្ងៃ​ទី ១១ វិច្ឆិកា​ថា លោក​ស្រី​ឯក​អគ្គ​រដ្ឋ​ទូត​របស់​ខ្លួន​គឺ​លោក​ស្រី អេវ៉ា ង្វៀន​ប៊ិញ (Eva Nguyen BINH) បាន​ជួប​ពិភាក្សា​ជាមួយ​លោក កឹម សុខា កាល​ពី​ព្រឹក​ថ្ងៃទី ១១ វិច្ឆិកា។ ស្ថាន​ទូត​បារាំង​បាន​បន្ត​សំណេរ​របស់​ខ្លួន​ដោយ​សុទ្ទិដ្ឋិ​និយម​ថា អំណឹះ​ត​ទៅ លោក កឹម សុខា មាន​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា​។ សម្រាប់​បារាំង នេះ​គឺ​ជា​កាយ​វិការ​វិជ្ជ​មាន​មួយ​។ ហើយ​ប្រទេស​បារាំង​សង្ឃឹម​ថា លោក កឹម សុខា នឹង​ទទួល​បាន​នីតិ​សម្បទា​ឡើង​វិញ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។

ចំណែក​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក ក៏​មិន​ចាញ់​ស្ថាន​ទូត​បារាំង​ប៉ុន្មាន​ដែរ​។ ឯក​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក Patrick Murphy បាន​សរសេរ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ថា ពេល​នេះ គឺ​ជា​ពេល​និយាយ​ពី​លោក កឹម សុខា ហើយ​មិន​មែន​និយាយ​ពី​លោក និង​ប្រទេស​របស់​លោក​នោះ​ទេ​។ ប៉ុន្តែ​លោក​នឹង​ធ្វើ​ការ​អង្កេត​មួយ​។ លោក Murphy បាន​លើក​ឡើង​ថា លោក​មាន​ការ​សោក​ស្តាយ ដែល​សេរី​ភាព​របស់​លោក កឹម សុខា ត្រូវ​បាន​គេ​បដិសេធ​ក្នុង​រយៈ​ពេល​២ឆ្នាំ​ចុង​ក្រោយ​នេះ​។ យ៉ាង​ណា​ក្តី លោក​បាន​ទទួល​ស្គាល់​ថា នេះ​គឺ​ជា​ការ​បោះ​ជំហាន​មួយ​ឆ្ពោះ​ទៅ​មុខ ហើយ​យោបល់​របស់​លោក​ក្នុង​នាម​ជា​មិត្ត​ភ័ក្ត្រ​របស់​កម្ពុជា គឺ​ចង់​ឲ្យ​អាជ្ញាធរ​ស្វែង​រក​មធ្យោ​បាយ​ក្នុង​ការ​ផ្តល់​ឡើង​វិញ​នូវ​សិទ្ធិ និង​សេរី​ភាព​របស់​លោក កឹម សុខា និង​ទម្លាក់​បទ​ចោទ​ប្រកាន់​ប្រឆាំង​និង​លោក កឹម សុខា តែ​ម្តង​។

សម្រាប់​ឯក​អគ្គ​រដ្ឋ​ទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​វិញ លោក​ស្រី Angela Corcoran នេះ​គឺ​ជា​ជំហាន​វិជ្ជមាន​មួយ ក៏​ប៉ុន្តែ​ថា លោក កឹម សុខា នៅ​តែ​មិន​អាច​ចូល​រួម​នៅ​ក្នុង​សកម្មភាព​នយោបាយ​បាន​នៅ​ឡើយ​ទេ​។ ក្នុង​នាម​រដ្ឋា​ភិបាល​អូស្ត្រាលី លោក​ស្រី​បាន​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា ប្រញ៉ាប់​ដោះ​ស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​លឿន​បំផុត ហើយ​ចាប់​យក​ជំហាន​ពិត​ប្រាកដ​មួយ ដើម្បី​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំង​អស់​ចូល​រួម​ដោយ​សេរី​និង​ទូលំ​ទូលាយ នៅ​ក្នុង​សកម្មភាព​នយោ​បាយ​។

ដោយ​ឡែក​នៅ​ក្នុង​ជំនួប​ជាមួយ​លោក Christian Berger ឯក​អគ្គ​រដ្ឋ​ទូត​អាល្លឺម៉ង់​វិញ លោក​មិន​ធ្វើ​អត្ថា​ធិប្បាយ​អ្វី​ទៅ​កាន់​អ្នក​សារព័ត៌មាន​ឡើយ​។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក មុត ចន្ថា អ្នក​នាំ​ពាក្យ​ក្នុង​កិច្ច​ប្រជុំ​នេះ​បាន​លើក​ឡើង​ថា អាល្លឺម៉ង់ មិន​មាន​ជំហរ​ផ្សេង​ពី​សេចក្តី​ថ្លែង​ការណ៍​របស់​សហភាព​អឺរ៉ុប​ឡើយ​។ ដោយ​ឡែក​សម្រាប់​ជំនួប​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​វិញ លោក កឹម សុខា បាន​បន្ត​ជួប​ឯក​អគ្គ​រដ្ឋ​ទូត​នៃ​គណ:​ប្រតិ​ភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​លោក​ស្រី Carmen Moreno ហើយ​នៅ​វេលា​ម៉ោង​៤​រសៀល​ដដែល​នេះ លោក​បន្ត​ជួប​ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បន្ថែម​ទៀត​។ ក្នុង​រយៈ​ពេល​៤៨​ម៉ោង​ចុង​ក្រោយ​នេះ លោក កឹម សុខា បាន​ជួប​ជាមួយ​អ្នក​ការ​ទូត​បរទេស​មិន​តិច​ជាង​៦នោះ​ទេ បន្ទាប់​ពី​លោក​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ឃុំ​ខ្លួន​រយៈ​ពេល​២ឆ្នាំ​មក​នេះ​។ លោក មុត ចន្ថា ជំនួយ​ការ​លោក កឹម សុខា បាន​អះ​អាង​ថា ជំនួប​នេះ គឺ​ជា​ការ​ជួប​សំណេះ​សំណាល និង​សួរ​សុខ​ទុក្ខ​លោក កឹម សុខា ធម្មតា​តែ​ប៉ុណ្ណោះ​។

គួរ​ជំរាប​ជូន​ថា លោក កឹម សុខា ត្រូវ​បាន​តុលា​ការ​ក្រុង​ភ្នំពេញ ចេញ​ដី​ការ​បន្ធូរ​បន្ថយ​លក្ខ​ខ័ណ្ឌ​ក្នុង​ការ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ កាល​ពី​ថ្ងៃ​អាទិត្យ ទី១០ វិច្ឆិកា​។ នៅ​ក្នុង​លក្ខ​ខ័ណ្ឌ​ថ្មី​នេះ លោក កឹម សុខា មាន​សិទ្ធិ​ដើរ​ហើរ​គ្រប់​ទី​កន្លែង​នៃ​ប្រទេស​កម្ពុជា ប៉ុន្តែ​ហាម​មិន​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ឬ ធ្វើ​សកម្មភាព​នយោបាយ​នោះ​ទេ​។ ជុំវិញ​ការ​លើក​ឡើង​របស់​អ្នក​ការ​ទូត​នា​នា ដែល​បាន​ជួប​លោក កឹម សុខា ជា​បន្ត​បន្ទាប់​មក​នេះ ត្រូវ​បាន​លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​ចាត់​ទុក​ថា គឺ​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​សំដែង​មតិ​និង​ការ​យល់​ឃើញ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​បើ​តាម​លោក ជិន ម៉ាលីន អ្វីៗ​ត្រូវ​អនុ​លោម​តាម​បញ្ញត្តិ​ច្បាប់​ជាតិ​របស់​កម្ពុជា​ដែល​មាន​ជា​ធរ​មាន និង​ជៀស​វាង​ការ​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​រដ្ឋ​អធិប​តេយ្យ ដែល​ត្រូវ​បាន​ហាម​ប្រាម​ដោយ​ច្បាប់​អន្តរ​ជាតិ​៕

What Next?

Recent Articles

Leave a Reply

Submit Comment