លោក កឹម​ សុខា​ ជួបឯកអគ្គរាជទូតមហាអំណាចអង់គ្លេស​នៅថ្ងៃព្រហស្បតិ៍នេះ

កម្ពុជា
14 វិច្ឆិកា 2019
សុខ ខេមរា
វីអូអេខ្មែរ

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy នៅគេហដ្ឋានរបស់លោក នៅរាជធានីភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy នៅគេហដ្ឋានរបស់លោក នៅរាជធានីភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក​កឹម​ សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​តុលាការ​រំលាយ បន្ត​ទទួល​ជួបឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា គឺលោកស្រី ទីណា​ រេដស័រ​ (Tina Redshaw)​ នៅថ្ងៃនេះ ក្រោយ​ពេល​តុលាការ​បាន​ដោះលែង​លោក ដោយ​មាន​ភ្ជាប់​លក្ខខណ្ឌ ឬ​បន្ធូរបន្ថយ​លក្ខខណ្ឌ​នៃ​ការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។

ជំនួប​នេះ​កេីតឡេីង ក្រោយ​ពេល​លោក​បាន​ទទួល​ជួប​ឯកអគ្គរដ្ឋទូតមហាអំណាចនិងប្រទេសធំៗចំនួន៦ប្រទេស ក្នុងរយ:ពេលបីថ្ងៃជាប់គ្នាកន្លងមក។ នេះបេី​តាម​ការ​បញ្ជាក់​របស់​លោក​មុត​ ចន្ថា ​មន្ត្រី​អតីត​នាយក​ឧទ្ទកាល័យ​លោក​ កឹម សុខា និង​ជា​អ្នក​នាំពាក្យ​នៃ​កិច្ចប្រជុំ។

ជំនួបជាមួយចក្រភពអង់គ្លេសដែលជាប្រទេសមហា​អំណាចលេីពិភពលោកក្នុងចំណោម៥នោះ នឹងប្រព្រឹត្តទៅនៅឯគេហដ្ឋានរបស់លោក កឹម​ ​សុខា នៅម៉ោង១០ព្រឹក​ ជាកន្លែងដែលលោកទទួលជួបសវនាការជាមួយមន្ត្រីការទូតនានាចាប់ផ្តេីមពីថ្ងៃទី១ ​គឺថ្ងៃទី១១​ ខែវិច្ឆិកា ឆ្នាំ២០១៩​ បន្ទាប់ពីលោក កឹម​ សុខា​ ត្រូវតុលាការដោះលែងដោយបន្ធូរបន្ថយលក្ខខណ្ឌនៃការដាក់ឲ្យត្រួតពិនិត្យរបស់តុលាការ កាលពីថ្ងៃទី១០ ខែវិច្ឆិកា។ កាលពីថ្ងៃទី១៣ វិច្ឆិកា លោក កឹម ​សុខា បានជួបអគ្គរដ្ឋទូតប្រទេសចំនួនពីរ។

ឯកអគ្គរដ្ឋទូត​ទាំងពីរ​នោះ ​គឺ​ឯកអគ្គរដ្ឋទូត​សហភាពអឺរ៉ុប​ ខាមិន​ ​ម៉រីណូ (Carmen Moreno) ​និង​ឯកអគ្គរាជទូត​ជប៉ុន ម៉ាសាហ៊ីរូ​ មីកាមិ​ (Masahiro Mikami) ប្រចាំកម្ពុជា។

ការជួប​ទូត​សហភាព​អឺរ៉ុប​បានកើតឡើង​ចំ​ពេល​ដែល​សហភាព​អឺរ៉ុប ទេីប​បាន​បញ្ជូន​របាយការណ៍​បឋម​របស់​ខ្លួន​ទៅ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ ស្ដីពី​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ទៅ​លើ​ការ​ចោទប្រកាន់​អំពី​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​កម្ពុជា ក្រោម​លក្ខខណ្ឌ​ EBA។

ជំនួបនេះដូចលេីកមុនៗដែរ ​មិនត្រូវបានគេបញ្ជាក់ឲ្យដឹងអំពីខ្លឹមសារស៊ីជម្រៅទេ​ គ្រាន់តែអ្នកនាំពាក្យនៃកិច្ចប្រជុំគឺលោក មុត ចន្ថា អះអាងថា អ្នកការទូតទាំងពីរដែលតំណាងឲ្យប្រទេសផ្តល់ជំនួយធំជាងគេបង្អស់មួយ និងជាប្រទេសផ្តល់ការអនុគ្រោះពន្ធដល់ទំនិញកម្ពុជា លេីកលែងតែអាវុធនោះ គឺជាការជួបសម្តែងការគួរសម​ និងសួរសុខទុក្ខអំពីបញ្ហាសុខភាពរបស់លោក ​កឹម ​សុខា។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប​ ខាមិន​ ​ម៉រីណូ​វ (Carmen Moreno) ​និងឯកអគ្គរាជទូតជប៉ុន ម៉ាសាហ៊ីរូ​ មីកាមិ ​(Masahiro Mikami)​ ប្រចាំកម្ពុជា មិនបានបញ្ជាក់ពីខ្លឹមសារនៃជំនួបនោះភ្លាមៗទេ។ តែ​បេីតាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបស្តីពីលោក​កឹម ​សុខា​ ចេញផ្សាយក្រោយពីជំនួប​អ្នកនាំពាក្យសហភាពអឺរ៉ុប​ដែលប្លុកមានប្រទេសចំនួន២៨នោះ បានបញ្ជាក់ថា​ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានជួបជាមួយលោក​ កឹម​ សុខា នៅពេលព្រឹក បន្ទាប់ពីតុលាការរាជធានីភ្នំពេញ ​បានដោះលែងដោយបន្ធូរបន្ថយលក្ខខណ្ឌដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ​ ដោយហេតុផលសុខភាព។

អ្នកនាំពាក្យបានអះអាងថា​ នេះគឺជាជំហានវិជ្ជមានមួយទៅតាមទិសដៅត្រឹមត្រូវ​តែ«យេីងរំពឹងថាលោក កឹម ​សុខា នឹងត្រូវបានដោះលែង ​ហេីយផ្តល់សិទ្ធិធ្វេីនយោបាយជូនលោកវិញ​ ដូចនេះ​លោក​ កឹម ​សុខា អាចចូលរួមក្នុងជីវភាពនយោបាយបានពេញលេញ»។

ដោយឡែកលោកឯកអគ្គរដ្ឋទូតជប៉ុនបានសរសេីរលោក​ កឹម ​សុខា អំពីការអត់ធ្មត់របស់លោក​ ដេីម្បីប្រជាធិបតេយ្យនិងផលប្រយោជន៍ជាតិ។

កាលពី​ថ្ងៃអង្គារ​លោក​ កឹម​ សុខា​ បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋ​ទូត​ទាំងពីរ​រូប​ដែល​ក្នុងនោះ​មានលោក ​Christian Berger នៃ​ប្រទេស​អាល្លឺម៉ង់​ដែល​ជា​សមាជិក​សំខាន់​បំផុត​មួយ​របស់​សហភាពអឺរ៉ុប​ និង​លោកស្រី​ Angela Corcoran ​នៃ​ប្រទេស​អូស្ត្រាលី។

កាលពី​ថ្ងៃចន្ទ លោក ​កឹ​ម ​សុខា បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋ​ទូត​ចំនួន​ពីររូប​ដែរ​គឺ​លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា ដែល​ជា​សមាជិក​សំខាន់​បំផុតមួយ និង​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ Patrick Murphy ប្រចាំ​កម្ពុជា។

អ្នក​កាទូត​នានា​ដែល​បាន​ជួប រួម​ទាំង​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក ​Patrick Murphy បាន​ជំរុញ​ឲ្យ​មាន​ការ​ទម្លាក់បទចោទ​ទាំងអស់​ប្រឆាំង​នឹង​លោក​ កឹម ​សុខា​ និង​មន្ត្រី​របស់​លោក​ទាំង​ក្នុង​និង​ក្រៅប្រទេស ពាក់ព័ន្ធ​នឹង​អ្វីមួយ​ដែល​ថា​លោកត្រូវបាន​ចោទ​ថា​បាន​ឃុបឃិត​ជាមួយ​ជនបរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន។

លោក​កឹម ​សុខា​ ត្រូវបាន​ដោះលែង​និង​បន្ធូរបន្ថយ​លក្ខខណ្ឌ​នៃ​ការដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ ក្រោយពី​ក្រុម​មេធាវី​បាន​ស្នេីសុំ​ឲ្យ​មាន​ការ​ដោះលែង​លោក​ កឹម ​សុខា ​ដោយ​យោង​ថា​ថិរវេលា​នៃ​ការ​ឃុំខ្លួន​ដោយ​គ្មាន​ការ​កាត់ទោស​បាន​លេីស​កំណត់​ជាង​ពីរឆ្នាំ​ ហេីយ​មិន​មាន​ភស្តុតាង​ដាក់​បន្ទុក​លេី​លោក​កឹម ​សុខា។

ប៉ុន្តែ​តុលាការ​បាន​បន្ធូរបន្ថយ​លក្ខខណ្ឌ​ដោយ​ផ្អែក​លើ​ហេតុផល​សុខភាព​និង​ការ​សហការ​ល្អ​របស់​លោក​ កឹម ​សុខា ជាមួយ​តុលាការ។ នេះបេី​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក​ កឹម​ សុខា​ បាន​បញ្ជាក់​ថា​ កាលពី​ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩​នេះ សហ​មេធាវី​ការពារ​សិទ្ធិ​របស់​លោក​បាន​ដាក់​ពាក្យ​ស្នើសុំ​ឲ្យ​ចៅក្រម​ស៊ើបសួរ​ លើកលែង​បទ​ចោទ​មក​លើ​រូប​លោក​ តែ​លោក​ថា «ប៉ុន្តែ​សេចក្តី​សម្រេច​របស់​ចៅក្រម​ក្នុង​ថ្ងៃនេះ (អាទិត្យ) មិនមែន​ជា​ការ​លើកលែង​ការ​ចោទប្រកាន់​ឡើយ គឺ​ត្រឹមតែ​ជា​ការ​កែប្រែ​លក្ខខណ្ឌ​នៃ​កាតព្វកិច្ច​មួយ​ចំនួន​តែ​ប៉ុណ្ណោះ»។

ពេលនេះ​លោក​ កឹម ​សុខា ត្រូវ​តុលាការ​ហាម​មិន​ឲ្យ​ធ្វេី​នយោបាយ មិន​ឲ្យ​ចេញ​ក្រៅ​ប្រទេស និង​ត្រូវ​សហការ​ជាមួយ​តុលាការ។ ប៉ុន្តែ​លោក​អាច​ដេីរ​ចេញ​ពី​ផ្ទះ និង​ជួប​ជុំ​ពលរដ្ឋ​ ក្រុមគ្រួសារ​បាន​លេីកលែង​តែ​សកម្មភាពនយោបាយ​ដែល​គ្មាន​ការ​បញ្ជាក់​ថា​ជា​អ្វី​ពិតប្រាកដ​ដែល​ជា​សកម្មភាព​នយោបាយ បេី​មិន​ដូច្នោះ​ទេ​តុលាការ​អាច​ឃុំ​លោក​វិញ។

លោក​ កឹម​ សុខា ​បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​បារាំង​និង​អាមេរិក កាលពី​ថ្ងៃចន្ទ​ ហេីយ​បញ្ជាក់​ថា សេរីភាព​របស់​លោក​នៅរង​ការ​រឹតត្បិត​ មិនអាច​និយាយ​អ្វី​បាន​ ដោយសារ​ថា​ការ​ហាម​មិន​ឲ្យ​ធ្វេី​នយោបាយ​របស់​តុលាការ​នោះ​មិនបញ្ជាក់​ឲ្យ​បាន​ច្បាស់ថា​ជា​សម្មភាពអ្វី ហើយ​បទចោទ​មក​លើ​រូប​លោក​ក៏​មិន​ទាន់​ត្រូវបាន​ទម្លាក់​ចោល។

នៅ​លេី​ហ្វេសប៊ុក​របស់​លោក លោក ​កឹម ​សុខា បាន​សរសេរ​ថា «ក្នុងនាម​ជា​បុគ្គល​ស្អាតស្អំ​ម្នាក់​ដែល​ត្រូវបាន​រង​ការ​ឃុំខ្លួន​ទាំង​គ្មាន​កំហុស​២ឆ្នាំ​មក​ហើយ ខ្ញុំ​នៅតែ​បន្ត​ទាមទារ​ឲ្យ​ទម្លាក់​ចោល​បទចោទ​ប្រកាន់​មក​លើ​រូបខ្ញុំ។ ខ្ញុំ​រំពឹង​ថា​សេចក្តី​សម្រេច​ក្នុង​ថ្ងៃនេះ​គឺជា​ជំហាន​ទី១ ប៉ុន្តែ​រូបខ្ញុំ​ក៏​ដូចជា​ពលរដ្ឋ​ខ្មែរ​ដទៃទៀត​ដែល​បាន​បាត់បង់​សិទ្ធិ​សេរីភាព​នយោបាយ​នៅតែ​ត្រូវការ​ដំណោះស្រាយ​និងយុត្តិធម៌​ពិត​ប្រាកដ»៕

What Next?

Recent Articles

Leave a Reply

Submit Comment