សង្គម​ស៊ីវិល​ស្នើ​សាលាឧទ្ធរណ៍​លើកលែង​ការ​ចោទ​ប្រកាន់​ប្រឆាំង​លោក រ៉ាត់ រត្នមុនី

ដោយ សុ ជីវី
2019-11-14
RFA

​សកម្មជន​សិទ្ធិ​ការងារ លោក រ៉ាត់ រត្នមុនី ពេលមកសវនាការ​នៅ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី២៦ មិថុនា ២០១៩។

​សកម្មជន​សិទ្ធិ​ការងារ លោក រ៉ាត់ រត្នមុនី ពេលមកសវនាការ​នៅ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី២៦ មិថុនា ២០១៩។ Reuters


អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​ស្នើ​ឱ្យ​សាលាឧទ្ធរណ៍​ទម្លាក់​ចោល​បទចោទប្រកាន់​ប្រឆាំង​នឹង​សកម្មជន​សិទ្ធិ​ការងារ លោក រ៉ាត់ រត្នមុនី ដែល​ជាប់ទោស​ដោយសារ​ជួយ​ផលិត​វីដេអូ​ស្ដីពី​ការ​ជួញដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា​។ សាលាឧទ្ធរណ៍​នឹង​លើក​យក​សំណុំរឿង​សកម្មជន​សិទ្ធិ​ការងារ​លោក រ៉ាត់ រត្នមុនី ទៅ​ជំនុំជម្រះ​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា រំពឹង​ថា សាលាឧទ្ធរណ៍​នឹង​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​លោក រ៉ាត់ រត្នមុនី ពីព្រោះ​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​ឡើយ​។ លោក​កត់សម្គាល់​ថា សវនាការ​សំណុំរឿង​លោក រ៉ាត់ រត្នមុនី នា​ពេល​កន្លងទៅ មិន​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ ព្រោះ​ខ្វះ​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​។ លោក​បន្ថែម​ថា សាលាឧទ្ធរណ៍​គួរតែ​ទម្លាក់​ចោល​ករណី​នេះ ដើម្បី​កុំ​ឱ្យ​សាធារណជន​រិះគន់​ប្រព័ន្ធ​យុត្តិធម៌​តទៅ​ទៀត៖ «ស្ថាប័ន​ហ្នឹង​ទេ ដែល​ជា​អ្នកទទួលខុសត្រូវ មិន​គួរ​ណា​ទម្លាក់​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​នេះ​មក​ខាង​លោក រ៉ាត់ រត្នមុនី ទេ ហើយ​យើង​ទទូច​សុំ​ឱ្យ​មានការ​ពិចារណា​ទៅលើ​សំណុំរឿង​លោក រ៉ាត់ រត្នមុនី នេះ ដើម្បី​រក​យុត្តិធម៌​ជូន​គាត់ ហើយ​ទម្លាក់​ការ​ចោទប្រកាន់​ចំពោះ​រូប​គាត់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ»។

មេធាវី​ការពារ​ក្តី​ឱ្យ​លោក រ៉ាត់ រត្នមុនី លោក សំ ទិត្យសីហា ថ្លែង​ថា លោក និង​សហការី​ម្នាក់ទៀត នឹង​ចូលរួម​ក្នុង​សវនាការ​នេះ ដើម្បី​ជួយ​ដោះ​បន្ទុក​កូន​ក្តី​។ លោក​សង្ឃឹមថា សាលាឧទ្ធរណ៍​អាច​កោះហៅ​សហ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទាំងអស់​មក​ចូលរួម​ក្នុង​សវនាការ​នេះ ដើម្បី​តទល់​គ្នា​ចំពោះ​មុខ​ច្បាប់ ពីព្រោះ​ពួកគេ​ជា​អ្នក​ប្ដឹង​កូន​ក្ដី​របស់​លោក។

តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់ទោស លោក រ៉ាត់ រត្នមុនី ឱ្យ​ជាប់ពន្ធនាគារ ២​ឆ្នាំ ពី​បទ “​ញុះញង់​ឱ្យ​មាន​ការរើសអើង​” និង​បង្គាប់​ឱ្យ​បង់​សំណង​ដល់​ដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន ៧០​លាន​រៀល ឬ​ស្មើនឹង​ជិត​២ ម៉ឺន​ដុល្លារ​អាមេរិក​។ លោក រ៉ាត់ រត្នមុនី ជាប់ទោស​ក្នុង​សំណុំ​រឿង​នេះ ដោយសារ​លោក​បាន​ជួយ​ផលិតភាព​យន្ត​ឯកសារ​ស្ដីពី​ការ​ជួញដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា ក្រោម​ចំណងជើង​ថា “​ម្ដាយ​ខ្ញុំ លក់​ខ្ញុំ​” ឱ្យ​សារព័ត៌មាន​រុស្ស៊ី (RT) Russia Today។ របប​ក្រុងភ្នំពេញ​ចាត់​ទុក​វីដេអូ​នោះ​ថា ជា​រឿង​ប្រឌិត ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ និង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​កម្ពុជា។

ប្រធាន​សហភាព​សហជីព​កម្ពុជា (CCU) លោក រ៉ុង ឈុន ថ្លែង​ថា សហការី​របស់​លោក គឺ​លោក រ៉ាត់ រត្នមុនី គ្មាន​កំហុស​អ្វី​នោះ​ឡើយ ព្រោះ​គាត់​ត្រឹមតែ​ជា​អ្នកបកប្រែ​ឱ្យ​កាសែត​រុស្ស៊ី​ប៉ុណ្ណោះ​។ លោក​យល់ថា ការ​សម្រេច​សេចក្ដី​របស់​តុលាការ​ក្នុង​សំណុំរឿង​លោក រ៉ាត់ រត្នមុនី នា​ពេល​កន្លង​ទៅ មិន​ឈរ​លើ​គោលការណ៍​វិជ្ជាជីវៈ និង​យុត្តិធម៌​នោះ​ឡើយ៖ «គាត់​ពុំ​មាន​កំហុស​ខុសឆ្គង​អ្វី​ទេ គាត់​គ្រាន់តែ​ជា​អ្នកបកប្រែ​ឱ្យ​កាសែត​រុស្ស៊ី​តែ​ប៉ុណ្ណឹង ហើយ​អ្វី​ដែល​តុលាការ​ដំបូង​បាន​ផ្ដន្ទាទោស​គាត់​នោះ វា​ជា​រឿង​មួយ​អយុត្តិធម៌​សម្រាប់​គាត់ និង​ក្រុម​គ្រួសារ​គាត់ ហើយ​ចង់​ឱ្យ​សាលាឧទ្ធរណ៍​ហ្នឹង​ត្រូវតែ​ពិនិត្យមើល​ឡើងវិញ ហើយ​ទម្លាក់​ចោល​ការចោទប្រកាន់ ឱ្យ​គាត់​មាន​សេរីភាព​ឡើងវិញ»។

គិត​ត្រឹម​ពេលនេះ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក រ៉ាត់ រត្នមុនី បាន​ជាប់ឃុំ​អស់​រយៈពេល​ជិត ១​ឆ្នាំ​មក​ហើយ ហើយ​ភរិយា និង​កូន​របស់​លោក​ក៏​បាន​រត់​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស​ផង​ដែរ ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ផ្សេងៗ។ អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ រួម​ទាំង​ស្ថានទូត​អាមេរិក​ផង បាន​ស្នើ​យ៉ាង​ទទូច​ឱ្យ​តុលាការ​លើកលែង​ការ​ចោទប្រកាន់ និង​ដោះលែង​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ​ឱ្យ​មាន​សេរីភាព​វិញ បន្ទាប់ពី​ពិនិត្យ​ឃើញ​ថា លោក​មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​ឡើយ ជាពិសេស​លោក រ៉ាត់ រត្នមុនី មិន​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment