ដោយ ហេង រស្មី
2019-11-13
RFA

លោក ប៉ាទ្រីក មើរហ៊្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងលោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា ក្នុងជំនួបគ្នាមួយ នៅរាជធានីភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

រូប៖ ហ្វេសប៊ុកលោក ទៀ បាញ់
សហរដ្ឋអាមេរិកជំរុញឱ្យរបបក្រុងភ្នំពេញចាត់វិធានការស្តារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបេតយ្យឡើងវិញដើម្បីអាចស្តារទំនាក់ទំនងផ្នែកយោធារវាងប្រទេសទាំងពីរ។
ការលើកឡើងរបស់សហរដ្ឋអាមេរិកនេះ បានកើតមានឡើងក្រោយពេលជំនួបមួយរវាងលោកឯកអគ្គរដ្ឋទូត ប៉ាទ្រិច ម៊ើហ្វី (W. Patrick Murphy) ជាមួយលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការយោធារវាងអាមេរិក-កម្ពុជានៅឯទីស្តីការក្រសួងការពារជាតិ។
លោកឯកអគ្គរដ្ឋទូត ប៉ាទ្រិច ម៊ើហ្វី W. Patrick Murphyបានបង្ហោះសារនៅលើបណ្តាញសង្គមTwitter របស់លោកថា នៅក្នុងជំនួបនោះ ពួកគេក៏បានពិភាក្សាគ្នាជុំវិញជំហាននានា ដែលកម្ពុជាអាចចាត់វិធានការដោះស្រាយបញ្ហាលទ្ធិប្រជាធិបេតយ្យ និងសិទ្ធិមនុស្ស ដើម្បីអាចធ្វើឲ្យកិច្ចសហប្រតិបត្តិវិស័យយោធានៃប្រទេសទាំងពីរល្អប្រសើរឡើងវិញ។
អាស៊ីសេរីមិនអាចស្នើសុំសេចក្តីអត្ថាធិប្បាយបំភ្លឺពីលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានទេ ដោយសារតែលោកមិនលើកទូរស័ព្ទ។
គេហទំព័ររបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាក៏បានបញ្ជាក់ ក្នុងទំព័រ ហ្វេសប៊ុកស្ថានទូតថា ក្រៅពីការពិភាក្សារឿងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ជំនួប ឯកអគ្គរដ្ឋទូត និងលោក ទៀ បាញ់ ក៏បានពិភាក្សាការថែរក្សាសន្តិភាព ការដោះមីនប្រកបដោយមនុស្សធម៌ និងការស្វែងរកអដ្ឋិធាតុឈ្លើយសឹក និងអ្នកបាត់ខ្លួនក្នុងសង្គ្រាមផងដែរ។ លោកMurphy បានកត់សម្គាល់ថា ជំហានជាបន្ថែមទៀត ក្នុងការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងផ្តល់សិទ្ធិពេញលេញ ចំពោះបុគ្គលនយោបាយ នឹងរួមចំណែកដល់ស្ថិរភាព និងភាពរុងរឿងរបស់ប្រទេសកម្ពុជា ពង្រឹងនូវទំនាក់ទំនងជាទូទៅរវាងអាមេរិក កម្ពុជា និងជួយការពារនូវអធិបតេយ្យ និងឯករាជ្យរបស់កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក សម រង្ស៊ី នឹងធ្វើដំណើរទៅកាន់ទីក្រុង ហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅព្រឹកស្អែក
- លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជួបទូតសហភាពអឺរ៉ុប និងជប៉ុន ប្រចាំនៅកម្ពុជា
- លោក កឹម សុខា បន្តជួបជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងអូស្ត្រាលី
- ពលករខ្មែរមួយចំនួននៅថៃបន្តតាមដានស្ថានការណ៍នយោបាយ ដើម្បីចូលរួមស្ដារប្រជាធិបតេយ្យនៅកម្ពុជា
- បទសម្ភាសន៍លោក សម រង្ស៊ី អំពីលទ្ធផលក្រោយជំនួបជាមួយសមាជិករដ្ឋសភាម៉ាឡេស៊ី
- នីតិវិធីតំណាក់កាលទី ២ ក្នុងការព្យួរការអនុគ្រោះពន្ធ EBA បិទបញ្ចប់ថ្ងៃនេះ
- អ្នកគាំទ្រទៅពីក្រៅប្រទេស កំពុងធ្វើសកម្មភាពដើរប្រមូលពលករខ្មែរនៅប្រទេសថៃបន្ថែមទៀត ដើម្បីអមដំណើរលោក សម រង្ស៊ី
- លោក សម រង្ស៊ី អះអាងថា ម៉ាឡេស៊ីគាំទ្រលោក ក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស
- សហភាពអឺរ៉ុប ចង់ឃើញកម្ពុជាបើកចំហលំហនយោបាយជាបន្ទាន់ និងចាប់ផ្តើមដំណើរការផ្សះផ្សារជាតិតាមរយៈកិច្ចសន្ទនាពិតប្រាកដមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ
- របបក្រុងភ្នំពេញគោរពការសម្រេចចិត្តរបស់ម៉ាឡេស៊ីដែលអនុញ្ញាតឱ្យលោក សម រង្ស៊ី ចូលក្នុងប្រទេស