អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ស្នើឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ពីរ​រូប ពី​បទ “ចារកម្ម” ជា​បន្ទាន់

ដោយ ទីន ហ្សាការីយ៉ា
2019-11-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​លោក អ៊ួន ឈិន (ស្ដាំ) និង​លោក យាង សុធារិន្ទ (ឆ្វេង) ក្រោយ​ចេញ​ពី​ស្ដាប់​ការ​ប្រកាស​សាលក្រម នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៣ ខែ​តុលា ឆ្នាំ​២០១៩។

អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​លោក អ៊ួន ឈិន (ស្ដាំ) និង​លោក យាង សុធារិន្ទ (ឆ្វេង) ក្រោយ​ចេញ​ពី​ស្ដាប់​ការ​ប្រកាស​សាលក្រម នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៣ ខែ​តុលា ឆ្នាំ​២០១៩។ RFA


អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) ស្នើ​ឲ្យ​តុលាការ​របប​ក្រុង​ភ្នំពេញ ទម្លាក់​បទ​ចោទ​ប្រកាន់​ពី​បទ “ចារកម្ម” ប្រឆាំង​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ពីរ​រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ជា​បន្ទាន់។

នាយក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​អាស៊ី​អាគ្នេយ៍ លោក នីកូឡាស បេឃឺលីន ( Nicholas Bequelin) មាន​ប្រសាសន៍ នៅ​ក្នុង​សេចក្​ថ្លែង​ការណ៍​ចេញ​ផ្សាយ​កាល​ពី​យប់​ថ្ងៃ​ទី១៣ វិច្ឆិកា​ថា កាល​ពី​ពីរ​ឆ្នាំ​កន្លង​មក ជា​រឿង​គួរ​ឲ្យ​សោក​ស្ដាយ​ជា​ទី​បំផុត ដែល​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប ដែល​ជា​អ្នក​កាសែត​ក្លាហាន នៅ​តែ​ជាប់​ចោទ និងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់​តុលាការ ទាំង​តុលាការ​មិន​មាន​ភស្ដុតាង​គ្រប់គ្រាន់ ដែល​ជា​មូលដ្ឋាន​យក​មក​ចោទ​ប្រកាន់​ប្រឆាំង​អ្នក​ទំាង​ពីរ​ទេ​នោះ។

លោក​បន្ថែម​ថា នេះ​ជា​ការ​ចោទ​ប្រកាន់​ទំាង​អយុត្តិធម៌ ទៅ​លើ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ដែល​ស្ដែង​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់ ចំពោះ​ការ​ប៉ុនប៉ង​ឥត​លាក់លៀម ដើម្បី​រារាំង​សេរីភាព​​បញ្ចេញ​មតិ និង​ការ​ព្រមាន ឬ​ធ្វើ​ទុក្ខ​បុក​ម្នេញ​យ៉ាង​ច្បាស់ ដល់​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អង្គការ​លើក​លែង​ទោស​អន្តរជាតិ បាន​សង្កត់​ធ្ងន់​ថា “ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​នេះ នៅ​ខណៈ អ្នក​កាសែត​គាំទ្រ​រដ្ឋាភិបាល គឺ “ទទួល​បាន​រង្វាន់” ទៅ​វិញ។ ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​ត្រូវ​បាន​កាត់​បន្ថយ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ” ។

តុលាការ​របប​ក្រុងភ្នំពេញ បាន​ចោទ​ប្រកាន់​អតីត​អ្នកយកព័ត៌មាន​អាស៊ី​សេរី​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ពី​បទ “ផ្តល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ” និង​បទ “ផលិត​វីដេអូ​អាសអាភាស”។ តុលាការ​បាន​ឃុំខ្លួន​អ្នក​ទាំងពីរ​ជាង ៩ខែ ទើប​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ប៉ុន្តែ​តុលាការ​បាន​បន្ត​រក្សាទុក​វត្ថុ​ចាប់​យក និង​លិខិត​ឆ្លង​ដែន​របស់​អ្នក​ទាំងពីរ​ដដែល ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​គ្មាន​សេរីភាព​ដើរហើរ​ពេញលេញ​ឡើយ។

ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី៣ ខែ​តុលា ឆ្នាំ២០១៩ បាន​ចាត់​តាំង និង​បង្គាប់​ឱ្យ​ចៅក្រម​ស៊ើបសួរ យក​សំណុំ​រឿង​អ្នក​ទាំង​ពីរ ស៊ើប​អង្កេត​បន្ថែម​ទៀត ដែល​មិន​បាន​កំណត់​ពេល​វេលា​ជាក់លាក់​ក្នុង​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​ទេ ក្រោយ​ពី​តុលាការ​បើក​សវនាការ​ជំនុំ​ជម្រះ​ហើយ​នោះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សំណុំ​រឿង​នេះ​ត្រូវ​អូស​បន្លាយ​តទៅ​មុខ​ទៀត ធ្វើឲ្យប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ។ បញ្ហា​នេះ តុលាការ​ក្រុង​ភ្នំពេញ ក៏​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ អន្តរជាតិ។

នាយក​ប្រចាំ​តំបន់​អាស៊ីបូព៌ា និង​អាស៊ី​អាគ្នេយ៍ លោក នីកូឡាស បេឃឺលីន ( Nicholas Bequelin) អំពាវនាវ​ជា​ថ្មី​ម្ដង​ទៀត “សូម​ឲ្យ​អាជ្ញាធរ​កម្ពុជា ត្រូវ​តែ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ក្លែងក្លាយ​ប្រឆាំង​នឹង​លោក អ៊ួន ឈិន និង លោក យាង សុធា រិន ហើយ​ត្រូវ​ចាត់​វិធានការ​កែ​សំរួល​បន្ថែម​ទៀត ដើម្បី​ស្តារ​សេរីភាព​សារ​ព័ត៌មាន​របស់​ប្រទេស​កម្ពុជា​ឡើង​វិញ“។ បរិយាកាស​នៃ​ការ​ភ័យ​ខ្លាច និង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​អ្នក​សារ​ព័ត៌មាន​ដោយ​ខ្លួនឯង ដោយសារ​តែ​ការ​គាប​សង្កត់​ពី​អាជ្ញាធរ​នោះ ត្រូវ​តែ​បញ្ចប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment