
កីឡាករកម្ពុជា@សហការី
ប្រទេសកម្ពុជានឹងបញ្ចូនកីឡាករ កីឡាការិនីរបស់ខ្លួន ទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី១ខែធ្នូទៅ យោងទៅតាមកាលវិភាគកំណត់នៃប្រភេទកីឡា ដែលត្រូវប្រកួត។ ក៏ប៉ុន្តែវិញ្ញាសារកីឡាបាល់ទាត់ដែលត្រូវប្រកួតជម្រុះមុនការបើកកម្មវិធី ត្រូវបានបញ្ជូនទៅកាលពីចុងសប្តាហ៍មុន ខណៈប្រទេសម្ចាស់ផ្ទះហ្វីលីពីន បានជួបប្រទះប្រព័ន្ធការងាររអាក់រអួល និងមិនដំណើរការនៅថ្ងៃដំបូង។ បញ្ហានេះ ធ្វើឲ្យកីឡាករបាល់ទាត់កម្ពុជា និងប្រទេសអាស៊ានផ្សេងទៀត ប្រឈមនឹងភាពយឺតយ៉ាវ ក្នុងការទទួលបានការសម្រាកយកកម្លាំងអស់ជាច្រើនម៉ោង។ ក៏ប៉ុន្តែប្រទេសម្ចាស់ផ្ទះបានសុំទោស និងសម្រួលស្ថានភាពវិលមករកភាពប្រក្រតីវិញហើយនៅពេលនេះ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការជាតិអូឡាំពិកកម្ពុជា និងជាប្រធានបេសកកម្មប្រតិភូកីឡាកម្ពុជាសម្រាប់ស៊ីហ្គេមលើកទី៣០នៅហ្វីលីពីននេះ បានលើកឡើងថា កម្ពុជាមានការបារម្ភចំណុចមួយចំនួនដែរ ដូចជាអត្តពលិករបស់ខ្លួនទាំងអស់ត្រូវចេញដំណើរពេលយប់ ដែលធ្វើឲ្យប៉ះពាល់ដល់ម៉ោងសម្រាក ហើយក្រៅពីនេះ អុកស៊ីសែន នៅហ្វីលីពីន ដែលមានទឹកព័ទ្ធជុំវិញ មិនសូវពេញលេញ។
សូមស្ដាប់ប្រសាសន៍របស់ លោក វ៉ាត់ ចំរើន ដែលរៀបចំដោយ ញឹម សុផល៖
25/11/2019
ស្តាប់
សូមបញ្ជាក់ថា កម្ពុជាបានត្រៀមប្រភេទកីឡាចំនួន៣០ប្រភេទ និងអត្តពលិក រួមតាំងប្រតិភូសរុប៤០០នាក់ ក្នុងនោះមានកីឡាករ ១៨៨នាក់ និងកីឡាការិនី ៧១នាក់ ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន។ សម្រាប់កីឡាទាំង ៣០ប្រភេទ ដែលកម្ពុជាត្រៀមបញ្ជូនទៅចូលរួមព្រឹត្តិការណ៍កីឡាប្រចាំតំបន់ ២ឆ្នាំម្ដងនេះ នឹងត្រូវប្រកួតលើ ១៧៦វិញ្ញាសា ។ ក៏ប៉ុន្ដែក្នុងនោះមានកីឡា ៩ប្រភេទ ត្រូវបានចាត់ទុកជាកីឡាមានសក្ដានុពល ក្នុងការប្រជែងយកមេដាយ ដូចជាកីឡាករតេក្វាន់ដូ WTF ប៉េតង់ ជឺជិតស៊ូ ប្រដាល់គុនខ្មែរ សីដក់ ប្រដាល់សកល វាយកូនបាល់ ល្បុក្កតោ និងកីឡាចំបាប់។