អាជីវករ​តាម​ដង​ផ្លូវ​នៅ​ម្ដុំ​ផ្សារ​សិនជូរី ផ្លាហ្សា តវ៉ា​នឹង​ការ​ឈូសឆាយ​កន្លែង​លក់ដូរ

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ដោយ សុ ជីវី
2019-11-27
RFA

សកម្មភាព​តវ៉ារបស់​​ក្រុម​អាជីវករ​លក់ដូរ​តាម​ចិញ្ចើមថ្នល់ និង​ដងផ្លូវ នៅ​ម្ដុំ​ផ្សារ​សិនជូរី ផ្លាហ្សា (Century Plaza) ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ បាន​នាំ​គ្នា​តវ៉ា កាល​ពី​ព្រឹក​ថ្ងៃទី​២៧ វិច្ឆិកា ២០១៩។

សកម្មភាព​តវ៉ារបស់​​ក្រុម​អាជីវករ​លក់ដូរ​តាម​ចិញ្ចើមថ្នល់ និង​ដងផ្លូវ នៅ​ម្ដុំ​ផ្សារ​សិនជូរី ផ្លាហ្សា (Century Plaza) ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ បាន​នាំ​គ្នា​តវ៉ា កាល​ពី​ព្រឹក​ថ្ងៃទី​២៧ វិច្ឆិកា ២០១៩។ Photo Provided


ក្រុម​អាជីវករ​លក់ដូរ​តាម​ចិញ្ចើមថ្នល់ និង​ដងផ្លូវ នៅ​ម្ដុំ​ផ្សារ​សិនជូរី ផ្លាហ្សា (Century Plaza) ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ បាន​នាំ​គ្នា​តវ៉ា កាល​ពី​ព្រឹក​ថ្ងៃទី​២៦ វិច្ឆិកា ដោយសារ​តែ​ទីតាំង​ដាក់​គ្រែ និង​ចត​រទេះ​លក់ដូរ​របស់​ពួកគេ ត្រូវ​ម្ចាស់​ផ្សារ​ឈូស​ឆាយ​កម្ទេច​ចោល។ តំណាង​ផ្សារ​ប្រាប់ថា បាន​សម្រួល​ឱ្យ​អាជីវករ​ទាំងអស់ រើ​ទៅ​លក់​កន្លែង​ក្បែរ​នោះ​បណ្ដោះអាសន្ន​សិន ដើម្បី​ធ្វើ​ផ្សារ​ទំនើប

អាជីវករ​លក់ដូរ​តាម​ដង​ផ្លូវ ចាប់​ពី​មុខ​ផ្សារ ដល់​ម្ដុំ​ស្ថានីយ​ប្រេង​ឥន្ធនៈ ស្រឡាំងកាំង នៅ​ពេល​ឃើញ​ទីតាំង​លក់ដូរ​ចិញ្ចឹម​ជីវិត តាម​ដងផ្លូវ រង​ការ​ឈូសឆាយ កណ្ដាល​យប់ ដោយ​គ្មាន​ជូនដំណឹង​ជាមុន។ ពួកគេ​ជាង ២​រយ​នាក់ បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា ភ្លាមៗ​លើ​បញ្ហា​នេះ។

ស្ត្រី​វ័យ​ចំណាស់ អាយុ​ជាង ៧០​ឆ្នាំ ជា​អ្នកលក់​ស្លា​ម្លូ តាម​ដងផ្លូវ​នៅ​ម្ដុំ​មុខ​ផ្សារ​សិនជូរី ផ្លាហ្សា លោកស្រី ហួន សឿន ប្រាប់ថា ក្រោយ​ការ​តវ៉ា​ភ្លាមៗ អាជ្ញាធរ​ខណ្ឌ និង​តំណាង​ផ្សារ បាន​សម្របសម្រួល​ឱ្យ​អាជីវករ​ទាំងអស់ រើ​ទៅ​លក់​នៅ​ម្ខាង​ផ្លូវ ម្ដុំ​សួរ​កុមារ​ពោធិ៍ចិនតុង បណ្ដោះអាសន្ន ដោយ​យក​ទីតាំង​កសាង​ផ្សារ​ទំនើប។ អ្នកលក់​រូបនេះ បន្តថា ពួកគេ​មាន​កង្វល់​ខ្លាំងណាស់ ដោយសារ​ពួកគេ​គ្មាន​ជម្រើស​អ្វី ក្រៅពី​ធ្វើ​តាម​ទេ ព្រោះ​គេ​បានដាក់​គ្រឿងចក្រ​ឈូសឆាយ​កន្លែង​ចាស់​ចោល​អស់​ហើយ​។ តែ​សំខាន់ គឺ​កន្លែង​លក់​បណ្ដោះអាសន្ន​នោះ មាន​ទំហំ​តូចចង្អៀត​ជាង​កន្លែង​ធ្លាប់​លក់​រាល់ថ្ងៃ ហើយ​អតិថិជន នឹង​ពិបាក​ទៅ​រក​ទិញ៖ «ខ្ញុំ​គ្មាន​កន្លែង​ទេ។ ខ្ញុំ​ជួល​កន្លែង​គេ​ទេ​អូន។ តែ​ឥឡូវ​អុំ ចង់​បាន​កន្លែង​ហ្នឹងចង់​បាន​កន្លែង​ខ្លួន​ឯង​។ មិនដឹង​ទៅ​តវ៉ា​ជាមួយ​អ្នកណា ទៅសុំ​ឯណា អត់​ស្គាល់​ប្រធាន​ផ្សារ ប្រធាន​អ្វី​អ៊ីចឹង​ណា​អូន​ណា។ មាន​ទៅ​ប្រជុំ​អ្វី គេ​គ្រាន់តែ​ហៅ​ទៅ​ដោះស្រាយ សួរ​មតិ​យើង​ថា ប៉ិន​ហ្នឹង​អាច​ទទួលបាន​ឬ​អត់​កន្លែង​ដែល​គេ​ឱ្យ​នោះ​ណា​។ រួច​អ្នក​ម្ចាស់​ដើម​គេ​ចេះតែ​ទទួលបាន​ហើយ គេ​អត់​លក់​ផង គេ​ជួល​ឱ្យ​យើង​។ ប៉ុន្តែ​យើង​នេះ អ្នក​ជួល​នេះ យើង​ដូចជា​វា​ដោះស្រាយ​យ៉ាប់ ដូច​ថា ចំណូល​វា​បាន​តិច តែ​ចំណាយ​វា​ច្រើន»។

ស្ត្រី​វ័យ​ចំណាស់​លក់​ស្លា និង​ម្លូ​រូប​នេះ រៀបរាប់​ថា លោកស្រី​ធ្លា​ប់រង​ការ​បណ្ដេញ​ចេញ​ម្ដង​ហើយ កាលពី​២៣ ឆ្នាំមុន គឺ​គេ​បណ្ដេញ​ឈប់​ឱ្យ​លក់​នៅ​ម្ដុំ​ផ្សារ​ពោធិចិនតុង ឱ្យ​មក​ជួល​ទីតាំង​លើ​ចិញ្ចើមផ្លូវ​លក់​នៅ​ម្ដុំ​ផ្សារ​សិនជូរី នេះ ហើយ​ឥឡូវ​គេ​បណ្ដេញ​ម្ដង​ទៀត ឱ្យ​ទៅ​ជួល​លក់​នៅ​ទីតាំង​ម្ខាង​នៃ​ផ្លូវ​វិញ។ លោកស្រី​កំពុង​ពិចារណា​ថា គួរ​បន្ត​អាជីព​លក់​ស្លា​ម្លូ ចិញ្ចឹម​ឆាកជីវិត​វ័យ​ជរា​ត​ទៀត ឬ​អត់​ទេ ព្រោះ​លោកស្រី​មិន​មាន​កន្លែង​លក់​បណ្ដោះអាសន្ន​ផ្ទាល់ខ្លួន​ទេ គឺ​ត្រូវ​ជួល​គេ​បន្ត។

អ្នកស្រី​បន្តថា ការ​លក់ដូរ​លើ​ដងផ្លូវ​នៅ​ម្ដុំ​ផ្សារ​សិនជូរី និង​កន្លែង​ថ្មី ដែល​គេ​រៀបចំ​បណ្ដោះអាសន្ន​ឱ្យ គឺ​លោកស្រី ត្រូវ​ជួល​កន្លែង​គេ ក្នុង​តម្លៃ៣០​ម៉ឺន (៣០០ ០០០)​រៀល ក្នុង​មួយ​ខែ និង​ក្រុម​អាជ្ញាធរ ច្រើន​ក្រុម មក​ទារលុយ​ថ្លៃ​ភាស៊ី ថ្លៃ​អនាម័យ ក្នុង​មួយក្រុម​ចាប់ពី ២​រយ​រៀល ៤​រយ​រៀល ១​ពាន់ ១​ពាន់​ប្រាំ​រយ ដល់​៤​ពាន់​រៀល សរុប​ប្រហែល​ជិត​១​ម៉ឺន​រៀល​ទៀត លើ​ថ្លៃ​ភាស៊ី៖ «ជួល​គេ​ឯកជន ដូច​ថា គេ​ម្ចាស់​ដើម គេ​បាន​កន្លែង​ម្នា​ក់មួយៗ​អ៊ីចឹង​ទៅណា ដល់ពេល​គេ​អត់​មក​លក់​អ៊ីចឹងទៅ គេ​ជួល​ឱ្យ​យើង​មួយខែ​៣០​ម៉ឺន។ ដល់​អ៊ីចឹង អ៊ំ​ដូចជា​មិន​អាចមាន​សមត្ថភាព​ត​ស៊ូ នៅ​លក់​តទៅ​ទៀត​បាន​អ៊ីចឹង​ទៅណា​អូន ក្រែងលោ វា​មិនសូវ​ដាច់ មិនសូវ​អ្វី កន្លែង​ដូរ​ថ្មី​។ អ៊ំ ចង់​បាន​ថា ឱ្យ​អ្នក​ប្រធាន​ផ្សារ​អ្វី​ហ្នឹង គេ​ជួយ​ដោះស្រាយបាន​មួយកន្លែង​តូច​អ៊ីចឹង​មក អ៊ំ​អាច​ដោះស្រាយ​ខ្លួនឯង​អ៊ីចឹងទៅ»។

ការ​ឈូសឆាយ​កន្លែង​លក់ដូរ​របស់​ក្រុម​អាជីវករ​នេះ ធ្វើ​ឡើង ១​ថ្ងៃ មុន​អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​ធ្វើ​ពិធី​កាត់​ខ្សែបូ​បើក​សម្ពោធ​ការដ្ឋាន ធ្វើ​ផ្សារ​ទំនើប នៅលើ​ទីតាំង​ផ្សារ​សិនជូរី ផ្លាហ្សា នៅ​ថ្ងៃទី​២៧ វិច្ឆិកា​។ គម្រោង​ធ្វើ​ផ្សារ​ទំនើប​នៅ​ផ្សារ​សិនជូរី នេះ ត្រូវ​បាន​អភិបាលរង​រាជធានី​ភ្នំពេញ លោក នួន ផារ័ត្ន ប្រជុំ​ប្រាប់​អាជីវករ កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា។ ក្រុម​អ្នកលក់ដូរ​នៅ​ផ្សារ​សិនជូរី ចែកជា​៣​ផ្នែក គឺ​នៅ​ផ្នែក​ផ្សារ​របស់​រដ្ឋ ផ្នែក​ផ្សារ​ឯកជន និង​ផ្នែក​លក់ដូរ​តាម​ដងផ្លូវ​។ ក្នុង​កិច្ច​ប្រជុំ​នោះ ពួកគេ បង្ហាញ​ការមិន​ពេញចិត្ត ចំពោះ​ការ​សាងសង់ ទៅ​ជា​ផ្សារ​ទំនើប​ទេ ដោយសារ ខ្លាច​រង​ការ​បណ្ដេញ​ចេញ និង​ប៉ះពាល់​ដល់​អាជីព។ តែ​ប្រធាន​ផ្នែក​ទីផ្សារ នៃ​ក្រុមហ៊ុន​សិនជូរី ផ្លាហ្សា លោក កែវ ជឺឃាង សន្យា​ឱ្យ​តូប ទៅ​អ្នកលក់​នៅក្នុង​ផ្សារ​ផ្នែក​រដ្ឋ និង​ឯកជន ដែល​កំពុង​លក់ តែ​មិន​និយាយ​ចំពោះ​អ្នក​លក់​តាម​ដងផ្លូវ​ទេ។

ក្រុមអាជីវករ លក់ដូរ​តាម​ដងផ្លូវ​ម្ដុំ និង​ជុំវិញ​ផ្សារ​សេនជូរី អះអាង​ថា មាន​អ្នក​កំពុង​លក់​ជាង ៧​រយ (៧០០)​ទីតាំង ដោយ​ដាក់​ជា​គ្រែ និង​រទេះ​។ អាជីវករ​ខ្លះ ជា​ម្ចាស់​នៃ​ទីតាំង​លើ​ដងផ្លូវ​នោះ តែ​អ្នកខ្លះ ជួល​ទីតាំង​នោះ ដើម្បី​លក់​បន្ត។ ពួកគេ​អះអាងថា បាន​លក់​នៅលើ​ទីតាំង​នោះ មិន​ក្រោម​១០​ឆ្នាំ​មក​ហើយ​ទេ។

អ្នកលក់​នៅជាប់​ជញ្ជាំង​ផ្សារ​សេន​ជូ​រី ផ្លា​ហ្សា​ម្នាក់ លោកស្រី ណុប សំអុល និយាយ​ថា ទីតាំង​របស់​ពួកគាត់​លក់ដូរ​មិនទាន់​រង​ការ​ឈូសឆាយ ឬ​បណ្ដេញចេញ​ទេ ដូច្នេះ​ពួកគាត់​នៅ​បន្ត​តស៊ូ​លក់​កន្លែងចាស់​ត​ទៀត​។ អាជីវករ​លក់​ផ្លែឈើ​រូបនេះ ក៏​បារម្ភ​ថា ខ្លា​ចរង​ការបណ្ដេញចេញ នៅពេល​បន្ទាប់ ឬ​នៅពេល​ផ្សារ​ទំនើប​ធ្វើ​រួចរាល់​ហើយ​ទេ​។ លោកស្រី ណុប សំអុល ចង់​ឱ្យ​អាជ្ញាធរ​រក​ទីតាំង​ផ្សេង​ម្ដុំ​នោះ ធ្វើ​ផ្សារ​ទំនើប​ទៅ កុំ​បណ្ដេញ​ពួកគាត់ ដើម្បី​ធ្វើ​ផ្សារ​ទំនើប ព្រោះ​ប៉ះពាល់​ខ្លាំងណាស់ ដល់​ជីវភាព​គ្រួសារ​លោកស្រី​ទាំងមូល៖ «យើង​តស៊ូ​លក់​ជាប់​ជញ្ជាំង​ហ្នឹង ព្រោះ​យើង​វា​អត់​មាន​កន្លែង​លក់ដូរ​ផង​ហ្នឹង បើ​គេ​អត់​រៀបចំ​កន្លែង​ឱ្យ​យើង​ទៅ​លក់​កន្លែង​ណា​ផង​។ គេ​ដេញ​ចោល​ទទេ ហើយ​អ៊ីចឹង យើង​មាន​កន្លែង​ហ្នឹង យើង​ចេះតែ​តស៊ូ​តវ៉ា​គេ​ទៅ គេ​ថា អាច​នៅ​លក់បាន​។ អ៊ីចឹង​យើង​អាច​នៅ​លក់​ហ្នឹង យើង​តស៊ូ​លក់​ទៀត​ទៅ​។ ដល់ពេល​គេ​ធ្វើ​ផ្សារ​ទំនើប​ហើយ មិនដឹងថា យើង​អាច​ចូល​លក់​ខាងក្នុង​បាន ឬ​មិនបាន​។ ធ្វើ (ផ្សារ​ទំនើបហ្នឹង ប៉ះពាល់​តែ​ទាំងអស់​ហ្នឹង បើ​ម្នាក់ៗ លក់​មួយថ្ងៃ​ស៊ី​មួយថ្ងៃ​ហ្នឹង ហើយ​បើ​ត្រូវ​ផ្អាក​លក់​ទៅបាន​អ្វី​ហូប​ទៅ បាន​អ្វី​ឱ្យ​កូន​រៀន ប៉ះពាល់ ហ្នឹង​វា​ប៉ះពាល់​ពេក​តែម្ដង​ណា»។

ទោះយ៉ាងណា អនុប្រធាន​គណៈកម្មការ​ផ្សារ​សេនជូរី ផ្លាហ្សា លោក វ៉ែន វណ្ណា ប្រាប់ថា លោក​ជា​អ្នក​អញ្ជើញ​ក្រុមអាជីវករ​ជាង ២​រយ​នាក់ នៅ​ម្ដុំ​ស្ថានីយ​ប្រេង​ឥន្ធនៈ​មក​ជួប​ប្រជុំ ដើម្បី​បែងចែក​ទីតាំង​លក់​បណ្ដោះអាសន្ន តែដោយសារ​លោក​ជាប់រ​វល់​មក​មិនទាន់ ទើប​មានការ​ឆោឡោ​តវ៉ា។ លោក​ថា ខាង​ផ្សារ បាន​ដោះស្រាយ ជាមួយ​ក្រុមអាជីវករ​តវ៉ា​រួចរាល់​អស់ហើយ ដោយ​បែងចែក​ទីតាំង​ថ្មី ឱ្យ​លក់​បណ្ដោះអាសន្ន​នៅ​ម្ដុំ​សួន​កុមារ​ពោធិចិនតុង ហើយ​អាជីវករ​ទទួលយក និង​ឈប់​តវ៉ា​ហើយ៖ «ពួកគាត់​ស្នើសុំ​ឱ្យ​មាន​កន្លែង​ទីតាំង​លក់ដូរ ទោះ​តូចធំ ក៏​គាត់​ព្រម​ដែរ ហើយ​ចំនួន​ដែល​ត្រូវ​ប្រគល់ជូន​សរុប​២១៨​ហ្នឹង យើង​បានទទួល​គាត់​ទាំង​អស់ហើយ​។ យើង​កំពុងធ្វើការ​ងារ​ហ្នឹង ដើម្បី​ឱ្យ​គាត់​ស្អែក​មក​ចូល​លក់​ធម្មតា​។ ប្ដូរ​មក​ទីតាំង មក​កន្លែង​ផ្សេង​បង ដោយសារ​យក​កន្លែង​ហ្នឹង​ធ្វើ​ផ្សារ ដើម្បី​ឱ្យ​ពួកគាត់​បន្ត​លក់​នៅ​ហ្នឹង​ទៀត ក៏ប៉ុន្តែ​យើង​ធ្វើ​ថ្មី ដោយសារ​ផ្សារ​យើង​វាចា​ស់​ហើយ​។ ព្រម​អស់ហើយ​បង ព្រម​ហើយ គាត់​ព្រម​ទៅផ្ទះ​អស់ហើយ​។ ស្អែក​ម៉ោង​៨ ឬ​៩ ហ្នឹង គាត់​មក​ដើម្បី​ទទួលយក​តូប​អស់ហ្នឹង»។

សង្គម​ស៊ីវិល​ចុះ​អង្កេត​ករណីនេះ ប្រាប់ថា អាជ្ញាធរ និង​ភាគី​ម្ចាស់​គម្រោង​សាងសង់​ផ្សារ​ទំនើប​មិន​គោរព​កិច្ចសន្យា​ជាមួយ​អាជីវករ​តាម​ដងផ្លូវ ដែល​បាន​សន្យាថា រក​ទីតាំង​បណ្ដោះអាសន្ន​ឱ្យ​លក់ដូរ​សិន ទើប​បណ្ដេញ​ចេញ។ អ្នក​ចុះ​អង្កេត​ផ្ទាល់​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ អះអាងថា ក្រុមអាជីវករ​ខ្លះ មិន​ពេញ​ចិត្តនឹង​ទង្វើ​ឈូស​កម្ទេច ដោយ​គ្មាន​ជូនដំណឹង ហើយ​បង្ខំ​ឱ្យ​ផ្លាស់ប្ដូរ​ទៅ​ទីតាំង​ថ្មី ទាំង​បង្ខំ​បែបនេះ​ទេ តែ​គ្មាន​ជម្រើស​ពួកគេ ត្រូវតែ​ទទួលយក​ការរៀប​ចំនេះ​។ អ្នកស្រី ថា អាជីវករ​ខ្លះ រអ៊ូ​ថា ជីវភាព​នឹង​ដុនដាប​ជាង​មុន ប្រឈម​ការបាត់​ម៉ូយ លក់​មិន​ដាច់​ដូច​មុន ជាដើម នៅពេល​ផ្លាស់ប្ដូរ​ទៅ​ទីតាំង​ថ្មី ដែលមាន​ទំហំ​តូចចង្អៀត​ជាង​ទីតាំង​ចាស់៖ «យើង​មើលឃើញថា ពិបាក​មែនទែន​ទី​១។ ទី២ ចំណូល​របស់គាត់ គឺ​អត់​មាន​តទៅទៀត​ទេ ព្រោះ​ចំណូល​របស់គាត់ គឺ​អស់ហើយ ព្រោះ​ធម្មតា​នៅពេលដែល​ពួកគេ​នៅ​លក់​កន្លែង​នេះ(ទំហំ២​ម៉ែត្រ ៣​ម៉ែត្រ ៤​ម៉ែត្រ ដល់ពេល​គាត់​ទៅនោះ គាត់​មានតែ​១​ម៉ែត្រ ១​ម៉ែត្រ​កន្លះ ឬ​១​ម៉ែត្រ​៨​តឹក​ទេ ទី​១។ ទី​២ទៀត យើង​ឃើញ​ថាកាត់​បន្ថយ​ការ​លក់​របស់​គាត់ គឺ​អស់​តែម្ដង ដោយសារ​អ្វី​គេ គឺ​ភ្ញៀវ​គាត់ រក​គាត់​អត់​ឃើញ​។ អ៊ីចឹង មិនអាច​ទៅ​ទិញ គាត់​តទៅទៀត អ៊ីចឹង​ណា​។ យើង​សរុប​ការងារ​អស់នេះ​មក ក្រសួង​ពាក់ព័ន្ធ​ក៏ដូចជា​សាលា​រាជធានី​ភ្នំពេញ គួរ​សុំ​តែ​អភិវឌ្ឍន៍ ឬក៏​ធ្វើ​អ្វីមួយ សុំ​ឱ្យ​មានការ​ពិភាក្សា​ជាមួយ​អាជីវករ និង​ផ្ដោត​យក​អារម្មណ៍​របស់​អាជីវករ​ដាក់​នៅ​ក្នុង​បេះដូង​របស់​គាត់​ផង»។

ចំណែក​អគ្គលេខាធិការ​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក កៅ ពឿន យល់ថា ប្រសិនបើ​មាន​ចំណុច​មិន​ត្រូវរ៉ូវ​គ្នា គឺ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវតែ​ទទួលខុសត្រូវ លើ​រឿង​ទីតាំង​របស់​ក្រុមអាជីវករ​តាម​ដងផ្លូវ​នេះ​។ លោក ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ យក​អនុក្រឹត្យ​របស់​រដ្ឋាភិបាល ចេញ​ឆ្នាំ​២០១៦ សម្រេច​ផ្ដល់​កម្មសិទ្ធិ​តូប និង​ទីតាំង​ឱ្យ​អាជីវករ ទើប​ជា​ប្រការ​ដោះស្រាយ​ល្អ៖ «ទោះបី​ផ្សារ​ហ្នឹង វិនិយោគ​ពី​ណាក៏ដោយ កាលណា​ចង់​វិនិយោគ​វា​ក្លាយជា​របស់​អាជីវករ​ហើយ​។ អ៊ីចឹង សុំ​ឱ្យ​គាត់​អនុវត្ត​អាហ្នឹង​ទៅ បើ​អនុវត្ត​អាហ្នឹង ជម្លោះ​វា​មិនកើត​ឡើង​ទេ​។ ក៏ប៉ុន្តែ​រឿង​ដែល​សំខាន់ គឺ​អត់​អនុវត្ត​អាហ្នឹង​ទេ ចេញ​តែ​ប្រកាស​ហ្នឹង យកតែ​ប្រកាស​ហ្នឹង ឱ្យ​តែមាន​អ៊ីចឹងទៅ តែ​ការអនុវត្ត​គឺ​អត់​មាន​ទេ»។

ក្រុមអាជីវករ​រង​ផលប៉ះពាល់ និង​សង្គម​ស៊ីវិល ឃ្លាំមើល​ករណីនេះ ស្នើសុំ​ឱ្យ​អាជ្ញាធរ និង​តំណាង​ក្រុមហ៊ុន​គម្រោង​វិនិយោគ​ផ្សារ​ទំនើប លើ​ទីតាំង​ផ្សារ​សិន​ជូ​រី ផ្លា​ហ្សា កុំ​ធ្វើ​សកម្មភាព ដោយ​មិន​ពន្យល់​ប្រាប់​អាជីវករ​ជាមុន​នោះ​។ ពួកគេ​ចង់​ឱ្យ​មានការ​កោះហៅ​ប្រជុំ និង​ពន្យល់ ប្រាប់ អាជីវករ​ឱ្យ​ច្បា​ស់សិន មុននឹង​ឈូសឆាយ​កម្ទេច ឬ​ចង់​ឱ្យ​ពួកគាត់​ផ្លាស់ប្ដូរ​កន្លែង​លក់​ទៅ​ទីតាំង​ថ្មី​ណាមួយ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles