ពលរដ្ឋ​នៅ​ក្នុង​ភូមិ​មួយ​នៅ​ខេត្ត​បាត់ដំបង​បង្កើត​សហគមន៍​​ចិញ្ចឹម​ឃ្មុំ​ដើម្បី​រក​ប្រាក់​ចំណូល

ដោយ សេក បណ្ឌិត
2019-12-03
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រជាពលរដ្ឋ​នៅ​ស្រុក​សំឡូត​ខេត្ត​បាត់ដំបង ទទួល​យក​កេស​ពី​អង្គការ MJP និង​ប្រមូល​ផល​ទឹក​ឃ្មុំ​នៅ​ឃុំ​សំឡូត កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

ប្រជាពលរដ្ឋ​នៅ​ស្រុក​សំឡូត​ខេត្ត​បាត់ដំបង ទទួល​យក​កេស​ពី​អង្គការ MJP និង​ប្រមូល​ផល​ទឹក​ឃ្មុំ​នៅ​ឃុំ​សំឡូត កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

 រូប៖ ដោយ​ប្រជាពលរដ្ឋ


ប្រជាពលរដ្ឋ​ជាង​១០​គ្រួសារ​នៅ​ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង​​នាំ​គ្នា​បង្កើត​សហគមន៍​ចិញ្ចឹម​ឃ្មុំ​​យក​ទឹក​លក់​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​ និង​ដើម្បី​រួម​គ្នា​ការពារ​ព្រៃឈើ​នៅ​ក្នុង​សហគមន៍​​នៅ​តំបន់​ព្រំដែន​កម្ពុជា​ថៃ​ឱ្យ​បាន​គង់វង្ស​។ ​អង្គការ​ អឹម.ជេ.ភី (M.J.P) របស់​តារា​ភាពយន្ត​ហូលីវូដ Hollywood អ្នក​ស្រី​អែន​ជេលីណា ជូលី Angelina Jolie ជា​អ្នក​បង្រៀន​ពួកគាត់​ឱ្យ​ចេះ​ចិញ្ចឹម​ឃ្មុំ​នេះ។

តើ​​អ្នក​ភូមិ​​រួម​គ្នា​​ចិញ្ចឹម​ឃ្មុំ​បាន​ដោយ​របៀបណា?

ការ​រៀន​ចិញ្ចឹម​ឃ្មុំ​មិន​ចំណាយ​ពេល​យូរ​ឡើយ។ ប្រជាពលរដ្ឋ​នៅ​ស្រុក​សំឡូត​លើក​ឡើង​ថា​ ​ពួកគាត់​​ឆ្លង​ការ​បណ្ដុះបណ្ដាល​ពី​របៀប​ចិញ្ចឹម​ឃ្មុំ​បាន​ប្រហែល ១ខែ​ ក៏​អាច​ចាប់​ផ្ដើម​​ចិញ្ចឹម​ឃ្មុំ​សាក​ល្បង​​បាន។ ក៏​ប៉ុន្តែ​ការ​ចិញ្ចឹម​សាក​ល្បង​ចំណាយ​ពេល​អស់ជិត ១ឆ្នាំ ទើប​ពួកគាត់​ចាប់​​​​​​​ចិញ្ចឹម​ឃ្មុំ​ជា​មុខ​របរ​ចិញ្ចឹម​ជីវិត​បាន​ដោយ​មាន​គ្រូ​បង្គោល​ម្នាក់​ពី​អង្គការ អឹម.ជេ.ភី (M.J.P) ជួយ​ផ្ដល់​គំនិត​ក្នុង​ចិញ្ចឹម។

ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ស្រុក​សំឡូត​ លោក​ ឌុក ម៉េង​ ថ្លែង​ថា​ សព្វ​ថ្ងៃ​ពួកគាត់​ចិញ្ចឹម​ឃ្មុំ​ប្រមាណ​២០ កេស ដោយ​ក្នុង​មួយ​កេស​មាន​ពី ៨ ទៅ ១២បង្គង។ លោក​បន្ត​ថា អំឡុង​ពេល​ពួកគាត់​ចិញ្ចឹម​ឃ្មុំ​សាកល្បង​នោះ​មិន​​បាន​ទឹក​ឃ្មុំ​លក់​នោះ​ទេ ដោយសារ​​មិន​ទាន់​ចេះ​ពី​​របៀប​ចិញ្ចឹម​ច្បាស់​លាស់​ និង​ជា​រដូវ​ដើមឈើ​មិន​សូវ​មាន​ផ្កា​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​ចិញ្ចឹម។ ពលរដ្ឋ​រូប​នេះ​បន្ត​ថា ​ចាប់​ពី​ចិញ្ចឹម​ឃ្មុំ​ជា​ផ្លូវ​ការ​មក​ពួកគាត់​ទើប​តែ​ប្រមូល​ផល​បាន​ម្ដង​កាល​ពី​ចុង​ខែ​វិច្ឆិកា​ និង​បាន​ទឹក​ឃុំ​ប្រមាណ​៣០​លីត្រ ប៉ុន្តែ​ទឹក​ឃ្មុំ​ទាំង​នេះ​ទុក​ប្រើប្រាស់​នៅ​ក្នុង​សហគមន៍​មិន​បាន​លក់​ចេញ​​​ទៅ​ខាង​ក្រៅ​នៅ​ឡើយ​ទេ៖ «វិធីសាស្ត្រ​ធ្វើ​នៅ​ក្នុង​វា​មាន​មេ​មាន​ផ្លិត​ស្រេច​ហើយ​មាន​តុ​មួយ​ តុ​គ្រាន់​តែ​កល់​ឱ្យ​ផុត​ពី​ដី​ដាក់​ជើង​វា​ដាក់​ពិនតូ​ធ្វើ​ជើង​ចាក់​ទឹក​កុំ​ឱ្យ​ស្រមោច​ឡើង​ ហើយ​ទុក​ចោល​ពី​បួន​ថ្ងៃ​ទៅ​មើល​ម្ដង​។បើ​វា​កើន​ផ្លិត​ច្រើន​យើង​ថែម​ផ្លិត​ឱ្យ​វា​ទៀត​ ។សំខាន់​យើង​ដាក់​ទឹក​ពី​លើ​ហ្នឹង​មួយ​ហើយ​គ្រប់​វា​ទៅ​​ឱ្យ​វា​ផឹក​វា​ចូល​ផឹក​ទឹក​ណាស់។យើង​ត្រូវ​មើល​វា​រហូត​ខ្លាច​វា​បង្កើត​ស្ដេច​ខ្លួន​​វា​បាន ក្នុង​មួយ​ធុង​មាន​ស្ដេច​តែ​មួយ​ទេ​ បើ​មាន​ស្ដេច​ឃ្មុំ​ពីរ​វា​ហ្នឹង​ចេញ​ពី​សំបុក​អស់​ ស្ដេច​វា​មាន​តួនាទី​បង្កើត​កូន​នៅ​ក្នុង​នោះ​ ហើយ​កម្មករ​វា​មិន​មែន​អ្នក​ពង​ទេ»

លោក​បន្ត​ថា ​ទឹក​ឃ្មុំ​ដែល​ពួក​គាត់​ផលិត​បាន​ជា​ទឹក​ឃ្មុំ​សុទ្ធ​ល្អ​​​ដូច​ទឹក​ឃ្មុំ​ធម្មជាតិ​ដែរ​ និង​មាន​តម្រូវ​ការ​ខ្ពស់​នៅ​លើ​ទីផ្សារ។

ប្រជាពលរដ្ឋ​នៅ​ស្រុក​សំឡូត​ម្នាក់​ទៀត លោក អ៊ុំ សារី មាន​ប្រសាសន៍​ថា ពួក​គាត់​ជា​ក្រុម​អ្នក​ថែ​រក្សា​ព្រៃឈើ​នៅ​តំបន់​ព្រំដែន​ស្រុក​សំឡូត​មាន​គ្នា ​១៥​នាក់ ​​បាន​បង្កើត​ជា​សហគមន៍​ចិញ្ចឹម​ឃ្មុំ​នេះ​ឡើង​ ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម​ដោះ​ស្រាយ​ជីវភាព​ក្នុង​សហគមន៍​ ក្រោយ​ពី​ពេល​ទំនេរ​ពី​ការងារ​ការពារ​ព្រៃ​ឈើ។ លោក​រៀបរាប់​ទៀត​ថា សំបុក​ឃ្មុំ​ជាង ២០កេស ដែល​ពួក​គាត់​ចិញ្ចឹម​នោះ បែង​​ចែក​ជា​ពីរ​ក្រុម​ គឺ​មួយ​កន្លែង​មាន​ឃ្មុំ ១០កេស យក​ទៅ​ដាក់​នៅ​តាម​ដី​ចម្ការ​របស់​អ្នក​ស្រុក ដែល​មាន​ដើម​ឈើ​​ដំណាំ​មាន​ផ្កា​ច្រើន ដើម្បី​ឱ្យ​ឃ្មុំ​​ទៅ​ក្រេម​លំអង​ផ្កា។ លោក​បន្ត​ថា នៅ​​ពាក់​កណ្ដាល​​ខែ​ធ្នូ​ខាង​មុខ​នេះ ​ពួកគាត់​នឹង​ប្រមូល​ផល​ទឹក​ឃ្មុំ​ជា​លើក​ទី២ ហើយ​រំពឹង​ថា បាន​ទឹក​ឃ្មុំ​ច្រើន​ជាង​​ពេល​មុន ព្រោះ​​ជា​រដូវ​សំបូរ​ផ្កាឈើ ​​ធ្វើ​ឱ្យ​ឃ្មុំ​មាន​ចំណីអាហារ​គ្រប់​គ្រាន់​ក្នុង​ការ​​ផលិត​ទឹកឃ្មុំ៖ «ដាក់​វា​ក្នុង​ចម្ការ​តាង៉ែន​ ចម្ការ​ស្វាយ​ និង​ចម្ការ​ដំឡូងមី​។ ​បាន​របរ​​មួយ​មុខ​ទៀត​ធ្វើ​ឱ្យ​បង្កើន​ចំណូល​ជា​ថវិកា​មួយ​មុខ​ទៀត​ក្រៅ​ពី​ដំណាំ​កសិករ​របស់​យើង​។ទឹក​ឃ្មុំ​ឥឡូវ​នេះ​យើង​លក់​នៅ​ក្នុង​ស្រុក​មិន​គ្រប់​ឱ្យ​គេ​ផង​ ដោយសារ​គេ​ឃើញ​ទឹក​ឃ្មុំ​យើង​សុទ្ធ​ល្អ​ហើយ​ប្រៀប​ធៀប​ទឹក​ឃ្មុំ​ដែល​គេ​ដើរ​លក់​មិន​សូវ​ល្អ​ ដូច្នេះ​ហើយ​បាន​ជា​គេ​មក​ទិញ​ទឹក​ឃ្មុំ​ពួក​ខ្ញុំ»

អ្នក​ការពារ​ព្រៃឈើ​ទាំង​ ១៥​នាក់​នេះ ​ជា​ប្រជាពលរដ្ឋ​​រស់​នៅ​ឃុំ​សំឡូត ឃុំ​តាសាញ និង​ឃុំ​ស៊ុង​ ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង​ ក្នុង​នោះ​ទីតាំង​ដែល​អ្នក​ភូមិ​ចិញ្ចឹម​ឃ្មុំ​ច្រើន​ជាង​គេ គឺ​​នៅ​ភូមិ​រុន​ ឃុំ​សំឡូត។ លោក​ អ៊ុំ សារី​ ថ្លែង​ថា​ អង្គការ អឹម.ជេ.ភី (M.J.P) របស់​តារា​ភាពយន្ត​ហូលីវូដHollywood អ្នក​ស្រី​អែន​ជេលីណា ជូលី (Angelina Jolie)​ បាន​បណ្ដុះបណ្ដាល​ដល់​ពួកគាត់​ឱ្យ​ចេះ​ពី​របៀប​ចិញ្ចឹម​ឃ្មុំ ដើម្បី​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ ដោយសារ​នៅ​តំបន់​ពួកគាត់​សំបូរ​ព្រៃឈើ និង​ដំណាំ​ឈើ​ហូប​ផ្សារ​របស់​កសិករ​មាន​ផ្កា​ច្រើន។ លោក​បន្ត​ថា របប​ចិញ្ចឹម​ឃ្មុំ​នេះ​ក៏​ត្រូវ​ចំណាយ​ដើម​ទុន​ទិញ​កេះ​ចិញ្ចឹម​ឃ្មុំ ​ដោយ​កេះ​មួយ​តម្លៃ ១៤០ដុល្លារ​អាមេរិក ហើយ​ខាង​អង្គការ អឹម.ជេ.ភី (M.J.P) ជួយ​រក​ពូជ​ឃ្មុំ​ឱ្យ​ពួកគាត់​​ចិញ្ចឹម។

គ្រូបង្គោល​និង​ជា​បុគ្គលិក​អង្គការ អឹម.ជេ.ភី (M.J.P) ម្នាក់ លោក កែវ សុធន់ ប្រាប់​អាស៊ី​សេរី​ថា លោក​បង្រៀន​ពលរដ្ឋ​ទាំង​នោះ​ជា​រៀង​រាល់​ខែ​ ដើម្បី​ឱ្យ​ពួកគាត់​ចេះ​ចិញ្ចឹម​ឃ្មុំ​ផលិត​ទឹក​បាន​ច្រើន។ លោក​បន្ត​ថា ពូជ​ឃ្មុំ​ដែល​ប្រជាពលរដ្ឋ​យក​ទៅ​ចិញ្ចឹម​នោះ​នាំ​ចូល​ពី​​ក្រៅ​ប្រទេស​ ហើយ​យក​មក​បង្កាត់​ជា​មួយ​ឃ្មុំ​ព្រៃ។ លោក​បន្ថែម​ថា​ នៅ​រដូវ​​ប្រាំង​សំបូរ​ផ្កា​ឈើ​ប្រមូល​ផល​ទឹក​ឃ្មុំ​ម្ដង​​រយៈ​​ពេល​ពី​ ១៥ថ្ងៃ​ទៅ ១ខែ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា គោល​បំណង​នៃ​ការ​បង្រៀន​ពលរដ្ឋ​នេះ ដោយសារ​ចង់​ឱ្យ​សហគមន៍​ការពារ​ព្រៃ​ឈើ​ទាំង​នោះ​មាន​ការងារ​ធ្វើ​រក​ប្រាក់​ចំណូល​ក្នុង​ព្រៃ​តំបន់​ពួក​គាត់​គ្រប់គ្រង​ ដើម្បី​ឱ្យ​ពួកគាត់​នៅ​ការពារ​ព្រៃ​ជាប់​លាប់ ដោយ​មិន​បាច់​ធ្វើ​ចំណាក​ស្រុក​ផង​និង​ ដើម្បី​ឱ្យ​ដើម​ឈើ​ដំណាំ​ហូប​ផ្លែ​របស់​កសិករ​នៅ​តំបន់​នោះ​ហុច​ផល​បាន​ច្រើន​ផង។ លោក​បញ្ជាក់​ថា កាល​ណា​ឃ្មុំ​ទៅ​ក្រេប​លំអង​ផ្កា​ធ្វើ​ឱ្យ​ដើម​ឈើ​កាន់​ផ្លែ​បាន​ល្អ៖ «មួយ​វិញ​ទៀត​ការ​ចិញ្ចឹម​ឃ្មុំ​វា​ចូល​រួម​ចំណែក​សម្រាប់​គ្រួសារ​ដែល​គាត់​អត់​មាន​មុខ​របរ​ ដោយសារ​ពី​មុខ​គាត់​ធ្លាប់​អាស្រ័យ​ផល​ព្រៃឈើ​អីចឹង​ទៅ​ ហើយ​ឃ្មុំ​ព្រៃ​កាន់​តែ​ខ្សត់​។អីចឹង​នៅ​ពេល​ពួកគាត់​ចេះ​ចិញ្ចឹម​មិន​បាច់​ត្រូវ​ឡើង​ទៅ​ព្រៃ​ទៅ​ភ្នំ​ទៀត​ទេ។​មួយ​ទៀត​ឃ្មុំ​បើ​ដាក់​នៅ​ចម្ការ​ទីណា​​ធ្វើ​ឱ្យ​ការ​រោយ​លំអង​របស់​រុក្ខ​ជាតិ​បាន​ល្អ​ច្រើន​ ដោយ​មិន​បាច់​ប្រើ​អ័រម៉ូន​មិន​បាច់​ប្រើ​អី​ជួយ​ទៅ​លើ​ផ្កា​ទេ​។​ការ​បង្កាត់​យើង​ដាក់​ឃ្មុំ​លាយ​គ្នា​ជា​មួយ​ឃ្មុំ​ពូជ​ដែល​យើង​ទិញ​មក​ជា​មួយ​ឃ្មុំ​ព្រៃ»

លោក​បន្ត​ថា ​ទឹក​ឃ្មុំ​ដែល​ប្រជាពលរដ្ឋ​​ចិញ្ចឹម​លក់​តម្លៃ​បោះ​ដុំ​ ៧ម៉ឺន​រៀល (៧០.០០០) ​ក្នុង​មួយ​លីត្រ ហើយ​ងាយ​ស្រួល​រក​ទីផ្សារ​លក់​ទឹក​ឃុំ​ ព្រោះ​នៅ​ស្រុក​ខ្មែរ​មិន​សូវ​មាន​អ្នក​ប្រកប​របរ​នេះ​​ច្រើន​នៅ​ឡើយ​ទេ​ ស្រប​ពេល​ដែល​ទីផ្សារ​មាន​ត្រូវ​ការ​ខ្ពស់។ លោក​បន្ថែម​ថា​ ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង​ជា​ច្រើន​នាក់​ចាប់​អារម្មណ៍​ចិញ្ចឹម​ឃ្មុំ ហើយ​បាន​ទូរស័ព្ទ​សុំ​ឱ្យ​លោក​ជួយ​បង្រៀន​ពី​របៀប​ចិញ្ចឹម​ឃ្មុំ​នេះ៖ «យើង​ធ្វើ​ការ​យើង​ធ្វើ​តាម​ផែនការណ៍​ដែល​យើង​មាន ដូច​ជា​ឆ្នាំ​នេះ​គួរ​ជួយ​ប៉ុន្មាន​គ្រួសារ​ហើយ​ឆ្នាំ​ក្រោយ​មាន​ប៉ុន្មាន​អីចឹង។ ប៉ុន្តែ​បើ​ឃុំ​ផ្សេង​ចាប់​អារម្មណ៍​ក៏​យើង​មិន​ថា​អី​ដែរ គាត់​ទូរស័ព្ទ​មក​សួរ​ដោយ​ស្គាល់​ខ្ញុំ​តាម​ហ្វេសប៊ុក។ មាន​កសិដ្ឋាន​ជា​ច្រើន​កន្លែង​ដែល​ធ្វើ​ឃ្មុំ​ ប៉ុន្តែ​គេ​ធ្វើ​ដើម្បី​អាជីវកម្ម​របស់​គេ​ តែ​ខ្ញុំ​អត់​ទេ គឺ​ធ្វើ​ដើម្បី​​ឱ្យ​មាន​ការ​រីក​​សហគមន៍​រីក​ចម្រើន​​នៅ​ក្នុង​សហគមន៍»

លោក​បន្ត​ថា រដូវ​សំបូរ​ផ្កា​ឈើ​ ប្រសិន​បើ​ឃ្មុំ​កើត​ល្អ​នៅ​ក្នុង​រដូវ​ប្រាំង​ គឺ​ចិញ្ចឹម​ឃ្មុំ​មួយ​កេស ប្រមូល​ផល​ម្ដង​បាន​ទឹក​ឃ្មុំ​ពី ៣ ទៅ ៥លីត្រ។

អ្នក​ស្រុក​សំឡូត គ្រោង​ពង្រីក​ការ​ចិញ្ចឹម​ឃ្មុំ​របស់​ខ្លួន​ឱ្យ​បាន​ច្រើន​កេស​បន្ថែម​ទៀត ដើម្បី​លក់​ទឹក​ឃ្មុំ​​រក​ប្រាក់​ចំណូល​ឱ្យ​បាន​ច្រើន ដោះ​ស្រាយ​ជីវភាព​គ្រួសារ ដោយ​មិន​បាច់​ធ្វើ​ចំណាក​ស្រុក​ចោល​ផ្ទះ​សម្បែង និង​អាច​ជួយ​ឱ្យ​ពួកគាត់​មាន​លទ្ធភាព​នៅ​ការពារ​ព្រៃឈើ​នៅ​ក្នុង​សហគមន៍​ឱ្យ​បាន​គង់វង្ស​ជាង​មុន៕

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment