សមត្ថកិច្ច​ដោះលែង​អ្នក​​គ្មាន​ផ្ទុក​សារធាតុ​ញៀន តែ​បន្ត​ស្រាវជ្រាវ​មនុស្ស ៣០នាក់ និង​ត្រៀម​បញ្ជូន​​ទៅ​​សាលា​​ដំបូង​​ខេត្ត​​កំពង់ស្ពឺ

ដោយ អាស៊ីសេរី
2019-12-03
អាស៊ីសេរី

យុវជន​មួយ​ចំនួន​ក្នុង​ចំណោម ១៦៤នាក់ ដែល​នគរបាល​ចាប់​បាន​ក្នុង​ពេល​បង្ក្រាប​បទ​សល្មើស​គ្រឿងញៀន នៅ​ក្នុង​ក្លឹប​កម្សាន្ត​រាត្រី ម៉ាស្ទ័រក្លឹប នៅ​ខេត្ត​កំពង់ស្ពឺ កាល​ពី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី១ ធ្នូ។

យុវជន​មួយ​ចំនួន​ក្នុង​ចំណោម ១៦៤នាក់ ដែល​នគរបាល​ចាប់​បាន​ក្នុង​ពេល​បង្ក្រាប​បទ​សល្មើស​គ្រឿងញៀន នៅ​ក្នុង​ក្លឹប​កម្សាន្ត​រាត្រី ម៉ាស្ទ័រក្លឹប នៅ​ខេត្ត​កំពង់ស្ពឺ កាល​ពី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី១ ធ្នូ។

 រូប៖ ហ្វេសប៊ុក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ


នគរបាល​​បង្ក្រាប​គ្រឿងញៀន បាន​ដោះលែង​អ្នក​គ្មាន​ផ្ទុក​សារធាតុ​ញៀន​ជាង ១០០នាក់ ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្នុង​ករណី​បង្ក្រាប​គ្រឿងញៀន នៅ​ក្នុង​ក្លឹប​កម្សាន្ត​រាត្រី​មួយ​កន្លែង​ នៅ​ខេត្ត​កំពង់ស្ពឺ កាល​ពី​យប់​ឈាន​ចូល​ថ្ងៃ​ទី១ ធ្នូ។ ប៉ុន្តែ​​សមត្ថកិច្ច កំពុង​បន្ត​ស្រាវជ្រាវ​ មនុស្ស​​ប្រុស​ស្រី ចំនួន​៣០​នាក់​ ដែល​មាន​ផ្ទុក​សារធាតុ​ញៀន។

មនុស្ស​ចំនួន ៣០នាក់ ​ក្នុង​ចំណោម​ជាង ១០០នាក់ ដែល​គេ​រក​ឃើញ​ថា មាន​ផ្ទុក​សារធាតុ​ញៀន មិន​ទាន់​ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ​ទេ ដោយ​រង់ចាំ​លទ្ធផល​ការ​ស្រាវជ្រាវ​សិន។

អគ្គស្នងការ​រង​នគរបាល​ជាតិ ទទួល​បន្ទុក​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន លោក ម៉ក់ ជីតូ ប្រាប់​អាស៊ី​សេរី ថា លទ្ធផល​​ នៃ​ការ​បង្ក្រាប​គ្រឿងញៀន ក្នុង​ក្លឹប​កម្សាន្ត​​ម៉ាស្ទ័រក្លឹប មិន​ទាន់​ស្រាវជ្រាវ​ចប់​ទេ ព្រោះ​សមត្ថកិច្ច ត្រូវ​ការ​ស៊ើប​អង្កេត​ជាក់​លាក់ ដើម្បី​ឲ្យ​ដឹង​មេ​ក្លោង និង​ប្រភព​នៃ​ការ​ចែកចាយ​គ្រឿង​ញៀន​ក្នុង​ក្លឹប​កម្សាន្ត​នោះ។ លោក​ ម៉ក់ ជីតូ ពន្យល់​ថា អ្នក​ទៅ​​រាំ​លេង​កម្សាន្ត ដែល​មិន​ពាក់ព័ន្ធ និង​មិន​ផ្ទុក​សារធាតុ​ញៀន ត្រូវ​ដោះលែង។ ឯ​អ្នក​ផ្ទុក​សារធាតុ​ញៀន តែ​មិន​មែន​ជួញដូរ នឹង​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល ឯ​អ្នក​ជាប់​ព័ន្ធ​ពាក់​ករណី​ជួញដូរ នឹង​បញ្ជូន​ទៅ​តុលាការ។ ចំណែក​ម្ចាស់​ក្លឹប​កម្សាន្ត លោក ម៉ក់ ជីតូ ប្រាប់​ថា សមត្ថកិច្ច​កំពុង​ស៊ើប​អង្កេត បើ​រក​ឃើញ​ថា មាន​ការ​ជួយ​​សម្រប​សម្រួល​ផ្ដល់​ទីតាំង ឬ​ពាក់ព័ន្ធ ​ករណី​ជួញដូរ នឹង​ត្រូវ​អនុវត្ត​ច្បាប់​ភ្លាម៖ «គេ​មិន​ទាន់​ធ្វើ​ចប់​ទេ តែ​ម៉ោង​ជិត​៥​នេះ គេ​កំពុង​​ធ្វើការ​ហើយ​ណា។ ប៉ុន្តែ​​ ធម្មតា​ អ៊ីចេះ ចំពោះ​ការ​ចាត់​ចែង កន្លែង​អ៊ីចឹងៗ យើង​ត្រូវ​បែងចែក​ប្រភេទ​ច្បាស់ ព្រោះ​ក្នុង​ហ្នឹង មាន​អ្នក​ទៅ​ចូល​លេង​ អត់​ដឹង​រឿង​ទេ ហើយ​មាន​អ្នក​ទៅ​ចូល​លេង​ប្រើ ហើយ​ក្នុង​នោះ មាន​អ្នក​ចូល​ទៅ​ហ្នឹង មាន​ការ​ចែកចាយ ឬ​ក៏​លក់ដូរ​អ៊ីចឹង​ទៅ​ណា ហើយ​មួយ​ទៀត គឺ​យើង​ត្រូវ​ពិចារណា​ថែម​ទៀត មិន​មែន​ចេះ​តែ​ដាក់​ទោស​ គេ​បាន​ទេ ត្រូវ​ពិចារណា​ថា ក្លឹប​កម្សាន្ត​ហ្នឹង ​ជា​ក្លឹប​កម្សាន្ត​ ដែល​ម្ចាស់​ទីតាំង​ហ្នឹង គេ​រៀបចំ​សម្រួល​ឲ្យ​ប្រើប្រាស់​ ឬ​ក៏​ចាត់​តាំង​ឲ្យ​ប្រើប្រាស់។ អា​ហ្នឹង បាន​វា​មាន​ទោស។ បើ​សិន​ជា​ភ្ញៀវ​ ចូល​ទៅ​លេង​ខ្លួន​គាត់ អា​ហ្នឹង​រឿង​ផ្សេងអ៊ីចឹង​ណា។ អ៊ីចឹង​ ឥឡូវ​នេះ យើង​ត្រូវ​ចែក​ប្រភេទ​ឲ្យ​ច្បាស់ ​​ហើយ​នៅ​ក្នុង​អ្នក​ ដែល​មាន​សារធាតុ​ញៀន​ហ្នឹង ប្រើ​ដែរ ឬ​ក៏​មាន​អ្នក​ម្ចាស់​ថ្នាំ​ចែក​ចាយ ជួញ​ដូរ​ហ្នឹង។ អ៊ីចឹង​ ការងារ​ហ្នឹង ត្រូវ​បន្ត​ទៀត​ណា»

ចំណែក​អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ឲ្យ​ដឹង​ដែរ​ថា អ្នក​អាយុ​ ១៨ឆ្នាំ ​ហើយ​គ្មាន​ផ្ទុក ឬ​ពាក់ព័ន្ធ​សារធាតុ​​ញៀន ត្រូវ​ដោះ​លែង ឯ​អ្នក​អាយុ​ក្រោម​ ១៨ឆ្នាំ ត្រូវ​ឲ្យ​អាណា​ព្យាបាល មក​ធ្វើ​កិច្ច​សន្យា​ធានា។

សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ កាលពី​​​​យប់​រំលង​អាធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១ ខែ​ធ្នូ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន ​ក្នុង​ក្លឹប​កម្សាន្ត​យីហោ«ម៉ាស្ទ័រក្លឹប​» ស្ថិត​នៅ​ភូមិ​សំណង់ សង្កាត់​រកាធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​។ ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​មនុស្ស ១៦៤​នាក់ ក្នុង​នោះ​មាន​ស្រី ៦២​នាក់។​ ក្រោយ​ធ្វើតេស្ត​ទឹកនោម​រក​សារ​ធាតុ​ញៀន ក្នុង​ចំណោម​មនុស្ស​ចំនួន ១៦៤​នាក់ មាន​មនុស្ស​ប្រុស​ស្រី ចំនួន ៣០​នាក់ មាន​ផ្ទុក​សារធាតុ​ញៀន​។ មនុស្ស​ទាំង ៣០នាក់ មាន​ផ្ទុក​សារធាតុ​ញៀន​ភាគ​ច្រើន គឺ​ជា​យុវជន។

ពាក់ព័ន្ធ​ករណី​វិធានការ​របស់​សមត្ថកិច្ច​លើ​ក្លឹប​កម្សាន្ត​រាត្រី​ម៉ាស្ទ័រ​ក្លឹប អ្នក​​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ នៃ​អង្គការ​លីកាដូ ខេត្ត​កំពង់ស្ពឺ លោក ខុន ខូយ អបអរ​សាទរ​ចំពោះ​វិធានការ​នេះ។ ប៉ុន្តែ​ទាមទារ​ឲ្យ​នគរបាល​ ចាប់​មេ​ក្លោង និង​អ្នក​ចែកចាយ ព្រម​ទាំង​អ្នក​កាង​ពី​ក្រោយ​ខ្នង ក្នុង​ករណី គ្រឿង​ញៀន​នេះ​ឲ្យ​បាន។ លោក​ ជំរុញ​ឲ្យ​សមត្ថកិច្ច​អនុវត្ត​វិធានការ​ឲ្យ​តឹងរ៉ឹង ចំពោះ​មេ​ក្លោង​គ្រឿង​ញៀន នៅ​ក្លឹប​កម្សាន្ត​ម៉ាស្ទ័រ​ក្លឹប​នេះ និង​ជំរុញ​ឲ្យ​ឃាត់​ខ្លួន ម្ចាស់​ក្លឹប​កម្សាន្ត​នេះ ព្រោះ​អាច​ពាក់ព័ន្ធ​ដល់​ការ​ជួយ​សម្រួល​ឲ្យ​ទីតាំង​ប្រើប្រាស់​គ្រឿង​ញៀន៖ «យើង​មិន​ត្រូវ​តែ​អនុវត្ត​លើ​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ហ្នឹង​ទេ។ អាជ្ញាធរ​ ត្រូវ​ធ្វើ​យ៉ាង​ណា ចាប់​មេ​ក្លោង អ្នក​នៅ​ពី​ក្រោយ មក​ផ្ដន្ទាទោស​ ទៅ​តាម​ផ្លូវ​ច្បាប់ ហើយ​មួយ​វិញ​ទៀត ម្ចាស់​ទីតាំង។ ម្ចាស់​ទី​តាំង​ ក៏​ត្រូវ​​ធ្វើ​ការ​ឃាត់​ខ្លួន គាត់​ដែរ ពីព្រោះ គាត់​អាច​ជាប់​ពាក់ព័ន្ធ​ដល់​ការ​ជួយ​សម្រួល ឬ​ក៏​ការ​​ផ្ដល់​កន្លែង​ ដល់​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ហ្នឹង។ គាត់​ក៏​ត្រូវ​មាន​ទោស​ដែរ»

ចាប់​តាំង​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក ស ខេង ចេញ​បញ្ជា​ឱ្យ​កម្លាំង​​​ប៉ូលិស​គ្រប់​រាជធានី​ ខេត្ត​​បង្ក្រាប​គ្រឿង​ញៀន​ នៅ​តាម​ខារ៉ាអូខេ រង្គសាល​ និង​ក្លឹប​កម្សាន្ត​រាត្រី ​ឱ្យ​អស់​ត្រឹម​ឆ្នាំ២០១៩ មក​ សមត្ថកិច្ច បាន​បង្ក្រាប​ករណី​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ ជា​បន្ត​បន្ទាប់​ ដូចជា​បង្ក្រាប​នៅ​ក្លឹប​កម្សាន្ត​រ៉ក់​(Rock) នៅ​រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​មនុស្ស​ជាង ៣០០​នាក់។ បង្ក្រាប​គ្រឿង​ញៀន​នៅ​ក្លឹប​កម្សាន្ត​ម៉ៃអាមី (MIAMINight Club & Dance Party) នៅ​ភ្នំពេញ ឃាត់ខ្លួន​មនុស្ស ៥០នាក់។ បន្ទាប់មក​គឺ​បង្ក្រាប​គ្រឿងញៀន នៅ​ក្នុង​​ក្លឹប​កម្សាន្ត​លុច្សសារី(Luxurious) នៅ​រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​មនុស្ស​ជាង ៤០០​នាក់។ ការ​បង្ក្រាប​គ្រឿង​ញៀន នៅ​កាស៊ីណូ​ ឡាក់គី ក្នុង​ក្រុង​បោយ​ប៉ែត ឃាត់​ខ្លួន មនុស្ស ១៥៥នាក់ និង​ការ​បង្ក្រាប​គ្រឿង​ញៀន នៅ​ក្នុង​​ក្លឹប​កម្សាន្ត​ យីហោ អូបាម៉ា ខេធីវី (Obama KTV) នៅ​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​មនុស្ស ១៥០នាក់ ដោយ​ក្នុង​នោះ​ភាគ​ច្រើន ជា​ជន​ជាតិ​ចិន។

ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​គ្រឿង​ញៀន​ទាំង​នេះ សមត្ថកិច្ច​ចាប់​ខ្លួន​ម្ចាស់​ក្លឹប​កម្សាន្ត បាន​តែ​ម្នាក់​ប៉ុណ្ណោះ​ គឺ​ឧកញ៉ា គិត ធាង ម្ចាស់​ក្លឹប​កម្សាន្ត​រ៉ក់(ROCK) ដោយសារ ​មាន​បទបញ្ជា​ផ្ទាល់​ពី​លោក ហ៊ុន សែន ក្រោយ​មាន​កា​រិះគន់​ខ្លាំងៗ ពី​សាធារណជន​។ ចំណែក​ម្ចាស់​ទីតាំង ​ដែល​មាន​ការចែក​ចាយ​គ្រឿង​ញៀន​ដទៃ​ទៀត មិន​ទាន់​ត្រូវ​បាន​ចាប់ខ្លួន​នៅឡើយ ហើយ​សមត្ថកិច្ច​ថែម​ទាំង​លាក់​អត្តសញ្ញាណ ជន​ទាំងនោះ​ថែមទៀត​។ ចំពោះ​ករណី​ឧកញ៉ា គិត ធាង វិញ ថ្វីត្បិតតែ​ត្រូវ​បាន​ឃាត់​ខ្លួន​ក្តី ប៉ុន្តែ​លោក​មិនបាន​ស្ថិត​ក្នុង​ពន្ធនាគារ​ទេ គឺ​លោក​កំពុង​រស់នៅ​ក្នុង​បន្ទប់​ពិសេស (VIP) នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត រយៈ​ពេល ៨ខែ​មក​ហើយ តាំង​ពី​ចាប់​ខ្លួន​មក ក្រោម​ហេតុផល​​ព្យាបាល​សុខ​ភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment